ជំពូក ២

1 ចូរ​ផ្លុំ​ត្រែ​នៅ​ក្រុង​ស៊ីយ៉ូន ហើយចូរ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង! ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រនឹងភ័យខ្លាចផង ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់កំពុង​តែ​មកហើយ ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ។ 2 គឺ​ជា​ថ្ងៃ​ងងឹត ហើយ​មេឃ​ស្រទំ ជា​ថ្ងៃ​មាន​ពពក ហើយ​ងងឹត​យ៉ាង​ក្រាស់។ មានជនជាតិមួយ​យ៉ាងធំ ហើយ​ខ្លាំង​ពូកែចូល​មក ដូច​ពន្លឺ​ថ្ងៃ​ដែល​ទើប​នឹង​រះ​លាតត្រដាង​លើ​ភ្នំ តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ឡើយ ហើយ​នៅ​ពេល​ខាង​មុខ គ្រប់​ជំនាន់​ត​រៀង​ទៅក៏មិនមានទៀតដែរ។ 3 មាន​ភ្លើង​ឆេះ​បន្សុស​នៅ​ពី​មុខ​វា ហើយ​ខាង​ក្រោយ​វាក៏​មាន​អណ្ដាត​ភ្លើង​ឆេះ​ដែរ។ នៅ​ពីមុខវា​ ផែន‌ដី​ប្រៀប​ដូច​ជា សួន‌អេដែន តែ​ខាង​ក្រោយ​វា ប្រៀប​ដូច​ជា ទីរហោ‌ស្ថានហួតហែង គ្មាន​របស់អ្វី​គេច​ផុត​ពី​វាបានឡើយ។ 4 រូប​រាង​របស់​វា​មើល​ទៅ​ដូច​ជា​សេះ ហើយពួក​វាក៏​រត់​ដូច​ជា​សេះ​ចម្បាំងផងដែរ។ 5 ពួកវា​កញ្ឆល​ឮ​សន្ធឹកដូច​រទេះ​ចម្បាំង​នៅ​លើ​កំពូល​ភ្នំ គឺ​ដូច​សន្ធឹក​អណ្ដាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ ដែល​រួចរាល់ក្នុងការ​ចូលទៅ​ច្បាំង។ 6 មនុស្សមាន​សេចក្ដី​ថប់​ព្រួយ​នៅ​មុខ​គេ ហើយមុខ​អ្នកទាំង​អស់នោះ​ទៅ​ជា​ស្លេក‌ស្លាំង។ 7 ពួកគេ​សម្រុក​ទៅ​មុខ​ដូច​មនុស្ស​ខ្លាំង​ពូកែ ក៏​ឡើង​កំផែង​ដូច​មនុស្ស​ថ្នឹក​ច្បាំង ម្នាក់ៗ​សម្រុក​ទៅ​មុខ ឥត​ងាក​ចេញ​ពីផ្លូវ​របស់​ខ្លួន​ឡើយ។ 8 ម្យ៉ាងវិញទៀត ពួកគេ​មិន​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ គឺ​ម្នាក់ៗ​ដើរ​តាម​ជួរ​រៀង​ខ្លួនជានិច្ច ពួកគេ​វាយលុកទៅមុខបំបែកអ្នកការពារ ដោយរក្សាជួររបស់គេដ៏ដែរ។ 9 ពួកគេគំហុកចូលទៅ​​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​គេតោងឡើងទៅក្នុងផ្ទះ​ទាំង​ប៉ុន្មាន ដោយគេ​ចូល​តាម​បង្អួច​ដូចជា​ចោរ។ 10 ផែន‌ដី​កក្រើក​នៅ​មុខ​គេ ​ផ្ទៃ​មេឃ​ក៏​ញ័រ​រន្ធត់ ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ប្រែ​ជា​ងងឹត ហើយ​ផ្កាយ​ទាំង​ប៉ុន្មានក៏​លែង​បញ្ចេញ​ពន្លឺ។ 11 ព្រះ‌អម្ចាស់​បញ្ចេញ​ព្រះ‌សូរ‌សៀង នៅ​មុខ​កង​ទ័ព​របស់​ព្រះ‌អង្គ ដ្បិត​ជំរំ​ទ័ព​របស់​ព្រះ‌អង្គ​ធំ​ណាស់ អស់​អ្នក​ដែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ នោះ​មាន​ច្រើន​ឥត​គណនា ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជា​ថ្ងៃ​ដ៏​អស្ចារ្យ ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់។ តើ​អ្នក​ណា​អាច​រួចជីវិតពីវាបាន? 12 ព្រះ‌អម្ចាស់​បាន​មាន​ព្រះ‌បន្ទូល​ថា៖ ឥឡូវ​នេះ ចូរ​នាំ​គ្នា​បែរ​មក​រក​យើង​ឲ្យអស់​ពី​ចិត្ត ទាំង​តម​អត់ទាំង​យំ​សោក ហើយ​កាន់​ទុក្ខផង។ 13 មិនគ្រាន់តែហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​យំក្នុងចិត្ត ហើយ​បែរមក​រក​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌គុណ និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​បរិបូរ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹងការជំនុំជម្រះទេ។ 14 តើនរណានឹងដឹង? ប្រហែល​ជា​ព្រះ‌អង្គ​នឹងលើក​លែង​ទោស ហើយ​ចាត់​ព្រះ​ទានពរ​មក​ដល់អ្នក​រាល់​គ្នា ជំនួស​ឲ្យ​បណ្ដា​សា​។ គឺ​ឲ្យ​មាន​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច សម្រាប់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​។ 15 ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ញែក​ពេល​ចេញ​សម្រាប់​តម​អត់ ចូរ​ហៅអ្នកបរិសុទ្ធមកប្រជុំគ្នា។ 16 ចូរ​ប្រមូល​ប្រជា‌ជន ចូរ​ញែក​ក្រុម​ជំនុំ​ចេញ​ជា​បរិសុទ្ធ ចូរ​ប្រជុំ​ពួក​ចាស់ទុំ ចូរ​ប្រមូល​កូន​ក្មេង ព្រម​ទាំង​កូន​ដែល​នៅ​បៅ​ដោះ​មក​ផង។ ត្រូវ​ឲ្យ​ប្តី​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់​មក ហើយ​ប្រពន្ធ​ថ្មោង‌ថ្មី​ចេញ​ពី​វាំង‌នន​មក​ដែរ។ 17 ចូរ​ឲ្យ​ពួក​បូជាចារ្យ ជា​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ យំ​នៅ​ចន្លោះ​ច្រក​ចូល និង​អាសនា។ ត្រូវ​ឲ្យ​គេ​ពោល​ថា «ព្រះ‌អម្ចាស់អើយ សូម​មេត្តដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង សូម​កុំ​ឲ្យ​គេ​មាក់​ងាយ​មរតក​របស់​ព្រះ‌អង្គ ឲ្យ​ពួក​ជនជាតិ​ដទៃ​បាន​គ្រប់‌គ្រង​លើ​គេ​ឡើយ។ តើ​មាន​ទំនង​អ្វី​ឲ្យ​គេ​និយាយ​គ្នា នៅ​កណ្ដាល​ជនជាតិ​ទាំង​ឡាយ​ថា តើ​ព្រះ​របស់​គេ​នៅ​ឯ​ណាវិញ?» 18 ដ្បិត ព្រះ‌អម្ចាស់​ប្រ‌ចណ្ឌ ចំពោះ​ទឹកដី​របស់​ព្រះ‌អង្គហើយ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ ដល់ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ 19 ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ថា «មើល៍ យើង​នឹង​ផ្ញើ​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង​មក​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​បាន​ស្កប់​ចិត្ត យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នកទៅ​ជា​ទី​ត្មះ‌តិះ​ដៀល ក្នុង​ចំណោម​ជនជាតិ​ទាំង​ផ្រេងៗ។ 20 យើង​នឹង​ដក​យក​កង‌ទ័ព​នៅ​ទិស​ខាង​ជើង ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា យើង​នឹង​បណ្តេញ​គេ​ទៅ​ទឹកដី​មួយ​ដែល​ហួត‌ហែង ហើយ​ស្ងាត់‌ច្រៀប ក៏​បោះ​ទ័ព​ជួរ​មុខ​របស់​គេ​ទៅ​ក្នុង​សមុទ្រ​ខាង​កើត ហើយ​ទ័ព​ជួរ​ក្រោយ ទៅ​ក្នុង​សមុទ្រ​ខាង​លិច។ ​ក្លិន​ស្អុយ​អសោច​របស់​គេ​នឹង​សាយ​ឡើង»។ ដ្បិត​គេ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ។ 21 ​ទឹក​ដី​អើយ កុំ​ភ័យ​ខ្លាច! ចូរ​ត្រេក‌អរ ហើយ​សប្បាយ​រីក‌រាយ​ឡើង ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ។ 22 ​សត្វ​ទាំង​ឡាយ​នៅ​ទី‌វាល​អើយ កុំ​ភ័យ​ខ្លាច! ដ្បិត​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​កំពុង​លាស់​ខៀវ​ខ្ចី ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក៏​មាន​ផ្លែ ​ដើម​ឧទម្ពរ និង​ដើម​ទំពាំង‌បាយ‌ជូរ ក៏ចេញ​ផ្លែ​ជា​បរិបូរ​ដែរ។ 23 ពួក​កូន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរសប្បាយ ចូរ​ត្រេក​អរ​ក្នុង​ព្រះ‌អម្ចាស់ ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ដ្បិត​ព្រះ‌អង្គ​ប្រទាន​ភ្លៀង​ដំបូង​មក​តាម​ខ្នាត​ត្រឹម​ត្រូវ ព្រះ‌អង្គ​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​ភ្លៀង​ដើម​រដូវ និង​ភ្លៀង​ចុង​រដូវដូច​កាល​ពី​មុន។ 24 ក្នុងទីលានបោកស្រូវ ​នឹង​មាន​ពេញ​ដោយ​ស្រូវ​សាលី ហើយ​ធុង​ទាំង​ប៉ុន្មាន​នឹង​ពេញ​ហូរ​ហៀរ ដោយ​ស្រាទំពាំង‌បាយ‌ជូរ និង​ប្រេងផងដែរ។ 25 យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ នូវ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កណ្តូបចង្រិត ដង្កូវនិង​ក្រាស៊ី​បង្ខូច គឺ​ជា​កង‌ទ័ព​ធំ​របស់​យើង ដែល​យើង​បាន​ចាត់​មក ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ 26 អ្នក​រាល់​គ្នា​នឹង​បរិភោគ​ជា​បរិបូរ ហើយ​ឆ្អែត​ស្កប់​ស្កល់ រួច​សរ‌សើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​នឹង​អ្នក​យ៉ាង​អស្ចារ្យ។ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ។ 27 អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​គង់​នៅ​កណ្ដាល​ជនជាតិអីុស្រា‌អែល ហើយ​ថា យើង​នេះ គឺ​ព្រះអម្ចាស់ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គ្មាន​ព្រះ​ណា​ទៀតឡើយ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ដែរ។ 28 ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ ព្រះ​វិញ្ញាណ​របស់​យើងទៅ​លើ​មនុស្ស​ទាំង​អស់ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​នឹង​ថ្លែង​ព្រះបន្ទូល ពួក​ចាស់ៗ​របស់​អ្នក​នឹង​យល់‌សប្តិ​ឃើញ ហើយ​ពួក​កំលោះ​ៗ​របស់​អ្នក​នឹង​ឃើញ​និមិត្ត។ 29 សូម្បី​តែ​ពួក​អ្នក​បម្រើ​ប្រុស​ស្រី ក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ របស់​យើង​ទៅ​លើ​ពួក​គេ​ដែរ។ 30 យើង​នឹង​សម្ដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី គឺ​ជា​ឈាម ភ្លើងនិង​កម្សួល​ផ្សែង។ 31 ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ព្រះ‌ចន្ទ​នឹង​ទៅ​ជា​ឈាម គឺមុន​​ថ្ងៃ​ដ៏​អស្ចារ្យ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌អម្ចាស់មក​ដល់។ 32 ការ​នោះនឹងកើតឡើង អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​អស់​អ្នក​ដែល​រត់​គេច ដូច​ព្រះ‌អម្ចាស់​បាន​មាន​ព្រះ‌បន្ទូល​ហើយ ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​រួច​ជីវិត គឺ​ជា​អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ត្រាស់​ហៅ។