ជំពូក ១
1
នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ ថ្លែងមកកាន់លោកយ៉ូអែល ជាកូនរបស់លោកពេធូអែល។
2
ពួកព្រឹទ្ធាចារ្យទាំងឡាយអើយ សូមស្តាប់ការនេះចុះ ពួកអ្នកស្រុកអើយ ចូរផ្ទៀងត្រចៀកស្ដាប់។ តើហេតុការណ៍បែបនេះដែលកើតមាន ក្នុងគ្រារបស់អ្នករាល់គ្នា ឬក្នុងជំនាន់ដូនតាអ្នករាល់គ្នាឬទេ?
3
សូមប្រាប់ការទាំងនេះដល់កូនរបស់អ្នក និងឲ្យកូនរបស់អ្នក ប្រាប់ដល់ចៅ រួចឲ្យចៅប្រាប់ដល់ជំនាន់ក្រោយៗទៀតផង។
4
អ្វីៗដែលដង្កូវទុកឲ្យនៅសល់ នោះមានកណ្ដូបស៊ីបង្ហិន
អ្វីៗដែលកណ្ដូបទុកឲ្យនៅសល់ នោះមានចង្រិតស៊ីបង្ហិន
ហើយអ្វីៗដែលចង្រិតទុកឲ្យនៅសល់
នោះមានក្រាស៊ីបង្ហិន។
5
ពួកអ្នកប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយយំផង ពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរទាំងឡាយ ទ្រហោយំចុះ ដោយព្រោះតែស្រាទំពាំងបាយជូរផ្អែម គឺបានកាត់ចេញពីអ្នកទាំងអស់គ្នាហើយ។
6
ត្បិត ជនជាតិមួយនឹងមករស់នៅលើទឹកដីរបស់ខ្ញុំ ពួកគេរឹងមាំហើយចំនួនរាប់មិនអស់។ ធ្មេញរបស់ពួកគេគឺជាធេញនៃសត្វសិង្ហ ក៏មានថ្គាមដូចថ្គាមរបស់សិង្ហញី។
7
វាបានបំផ្លាញដើមទំពាំងបាយជូររបស់យើង ក៏បានស៊ីកម្ទេចដើមឧទម្ពររបស់យើង វាហែកសម្បកហើយគ្រវែងចោល វាធ្វើឲ្យមែកទាំងអស់ប្រែទៅជាពណ៌ស។
8
ចូរកាន់ទុក្ខ ដូចស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃ
យំសោកនឹងគូដណ្ដឹងរបស់នាងស្លាប់។
9
ចំណែកតង្វាយម្សៅ និងតង្វាយច្រួច នោះបានផ្តាច់ចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ហើយ។ ពួកសង្ឃដែលបម្រើការងារថ្វាយព្រះអម្ចាស់ នាំគ្នាកាន់ទុក្ខដែរ។
10
ស្រែចម្ការត្រូវខូចបង់ ហើយស្រុកកំពុងសោយសោក ដ្បិតស្រូវត្រូវបំផ្លាញ។ ស្រាទំពាំងបាយជូរថ្មីក៏រីងហួត និងប្រេងក៏ខ្វះទៅដែរ។
11
ពួកអ្នកធ្វើស្រែចម្ការអើយ ចូរស្រងាកចិត្តទៅ ពួកអ្នកធ្វើចម្ការទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយព្រោះស្រូវសាលី និងស្រូវឱក។ ដ្បិតចម្រូតនៅស្រែចម្ការខូចអស់ហើយ។
12
ដើមទំពាំងបាយជូរស្វិតក្រៀម ហើយដើមល្វាស្វិតស្រពោនអស់ហើយ ហើយដើមទទឹម ដើមលម៉ើ និងដើមសារី គឺអស់ទាំងដើមឈើនៅចម្ការ ក៏ស្វិតក្រៀមទៅដែរ។ អំណរក៏ស្ងួតពីមនុស្សលោកដែរ។
13
ពួកសង្ឃអើយ! ចូរស្លៀកសំពត់ធ្មៃ ហើយពួកអ្នកដែលបម្រើនៅលើអាសនាអើយ ចូរទ្រហោរយំចុះ។ ពួកអ្នកបម្រើព្រះជាម្ចាស់អើយ ចូរនាំគ្នាចូលមក ចូរដេកឃ្លុំខ្លួនដោយសំពត់ធ្មៃពេញមួយយប់ចុះ។ ដ្បិតតង្វាយម្សៅ និងតង្វាយច្រួច ត្រូវដកហូតចេញពីព្រះដំណាក់ នៃព្រះរបស់អ្នករាល់គ្នាហើយ។
14
ចូរតមអាហារឲ្យបានបរិសុទ្ធ ចូរប្រកាសឲ្យមានការប្រជុំក្នុងចំណោមអ្នកបរិសុទ្ធ។ ត្រូវប្រមូលពួកចាស់ទុំ និងពួកអ្នកស្រុកទាំងអស់ ឲ្យមកព្រះដំណាក់នៃព្រះអម្ចាស់ជាព្រះអង្គរបស់អ្នក ហើយស្រែកអំពាវនាវរកព្រះអម្ចាស់ផង។
15
វេទនាហើយថ្ងៃនោះ ដ្បិតជាថ្ងៃនៃព្រះអម្វាស់ ជិតមកដល់ហើយ។ ថ្ងៃនោះនឹងមកដល់ដូចជាការបំផ្លាញ មកពីព្រះអង្គពេញដោយអំណាច។
16
តើអាហារមិនបានរលាយបាត់ពីភ្នែករបស់យើង ហើយអំណរនិងការសប្បាយរីករាយ ពីព្រះដំណាក់របស់ព្រះជាម្ចាស់នៃយើងឬទេ?
17
គ្រាប់ពូជពង្រោះរលួយអស់នៅក្នុងដី ឃ្លាំងនៅទទេហើយជង្រុកស្រូវក៏រលំអស់ ព្រោះស្រូវស្វិតក្រៀមអស់ហើយ។
18
សត្វទាំងប៉ុន្មានស្រែកយំ ហ្វូងគោស្រឡាំងកាំង ដ្បិតគ្មានស្មៅស៊ីសោះ ទាំងហ្វូងចៀមក៏ត្រូវរីងរៃដែរ។
19
ព្រះអម្ចាស់អើយ ទូលបង្គំទូលអង្វរព្រះអង្គ។ ដ្បិតភ្លើងបានឆេះវាលស្មៅនៅទីរហោស្ថាន ហើយអណ្ដាតភ្លើងបានឆេះអស់ទាំងដើមឈើនៅវាលដែរ។
20
សូម្បីតែសត្វនៅដីទាំងប៉ុន្មាន ក៏ដង្ហក់រកព្រះអង្គដែរ ព្រោះប្រភពទឹកទាំងប៉ុន្មានរីងស្ងួតទៅ ហើយភ្លើងក៏បានឆេះវាលស្មៅ នៅទីរហោស្ថានអស់ដែរ។