ជំពូក ១

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ថ្លែង​មក​កាន់​លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​ពេធូ‌អែល។ 2 ​ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង‌ឡាយ​អើយ សូម​ស្តាប់ការនេះចុះ ​ពួក​អ្នក​ស្រុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់។ តើ​ហេតុ‌ការណ៍​បែប​នេះ​ដែល​កើត​មាន ក្នុង​គ្រា​របស់​អ្នក​រាល់​គ្នា ឬ​ក្នុង​ជំនាន់​ដូន​តា​អ្នក​រាល់​គ្នា​ឬទេ? 3 សូម​ប្រាប់​ការទាំងនេះ​ដល់​កូន​របស់​អ្នក​ និងឲ្យ​កូន​របស់​អ្នក​ ប្រាប់​ដល់​ចៅ រួច​ឲ្យ​ចៅ​ប្រាប់​ដល់​ជំនាន់​ក្រោយៗ​ទៀតផង។ 4 អ្វីៗ​ដែល​ដង្កូវ​ទុក​ឲ្យ​នៅ​សល់ នោះ​មាន​កណ្ដូប​ស៊ី​បង្ហិន អ្វីៗ​ដែល​កណ្ដូប​ទុក​ឲ្យ​នៅ​សល់ នោះ​មាន​ចង្រិត​ស៊ី​បង្ហិន ហើយ​អ្វីៗ​ដែល​ចង្រិត​ទុក​ឲ្យ​នៅ​សល់ នោះ​មាន​ក្រា​ស៊ី​បង្ហិន។ 5 ​ពួកអ្នក​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​យំ​ផង ​ពួក​អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរទាំងឡាយ ទ្រហោយំចុះ ដោយព្រោះតែស្រាទំពាំងបាយជូរផ្អែម គឺបានកាត់ចេញពីអ្នកទាំងអស់គ្នាហើយ។ 6 ត្បិត ជនជាតិមួយនឹងមករស់នៅលើទឹកដីរបស់ខ្ញុំ ពួកគេរឹងមាំហើយចំនួនរាប់មិនអស់។ ធ្មេញរបស់ពួកគេគឺជាធេញនៃសត្វសិង្ហ ក៏​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។ 7 វា​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​របស់​យើង ក៏​បាន​ស៊ី​កម្ទេច​ដើម​ឧទម្ពរ​របស់​យើង វា​ហែក​សម្បកហើយ​គ្រវែង​ចោល វា​ធ្វើ​ឲ្យ​មែក​ទាំង​អស់​ប្រែ​ទៅ​ជា​ពណ៌ស។ 8 ចូរ​កាន់ទុក្ខ ដូច​ស្រី​ក្រមុំ​ដែល​ស្លៀក‌ពាក់​សំពត់​ធ្មៃ យំ​សោកនឹង​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។ 9 ចំណែកតង្វាយ​ម្សៅ និង​តង្វាយ​ច្រួច នោះ​បាន​ផ្តាច់​ចេញ​ពី​ព្រះ‌ដំណាក់របស់​ព្រះ‌អម្ចាស់ហើយ។ ពួក​សង្ឃ​ដែល​បម្រើ​ការ‌ងារ​ថ្វាយ​ព្រះ‌អម្ចាស់ នាំ​គ្នា​កាន់ទុក្ខដែរ។ 10 ស្រែ​ចម្ការ​ត្រូវ​ខូច‌បង់ ហើយ​ស្រុក​កំពុង​សោយ‌សោក ដ្បិត​ស្រូវ​ត្រូវ​បំផ្លាញ​។ ស្រា​ទំពាំង‌បាយ​ជូរ​ថ្មី​ក៏​រីង​ហួត និង​ប្រេង​ក៏​ខ្វះ​ទៅដែរ។ 11 ពួក​អ្នក​ធ្វើ​ស្រែ​ចម្ការ​អើយ ចូរ​ស្រ​ងាក​ចិត្ត​ទៅ ពួក​អ្នក​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដោយ​ព្រោះ​ស្រូវ​សាលី និង​ស្រូវ​ឱក។ ដ្បិត​ចម្រូត​នៅ​ស្រែ​ចម្ការ​ខូច​អស់​ហើយ។ 12 ដើម​ទំពាំង‌បាយ‌ជូរ​ស្វិត​ក្រៀម ហើយដើម​ល្វា​ស្វិតស្រពោនអស់ហើយ ហើយដើម​ទទឹម ដើម​លម៉ើ និង​ដើម​សារី គឺ​អស់​ទាំង​ដើម​ឈើ​នៅ​ចម្ការ ក៏​ស្វិត​ក្រៀម​ទៅដែរ។ អំណរ​ក៏​ស្ងួត​ពី​មនុស្ស​លោក​ដែរ។ 13 ពួក​សង្ឃ​អើយ! ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយពួក​អ្នក​ដែល​បម្រើនៅលើ​អាសនា​អើយ ចូរ​ទ្រហោរ​យំ​ចុះ។ ​ពួក​អ្នក​បម្រើ​ព្រះជាម្ចាស់អើយ ចូរ​នាំ​គ្នា​ចូល​មក ចូរ​ដេក​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​ពេញ​មួយ​យប់ចុះ។ ដ្បិត​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ដក​ហូត​ចេញ​ពី​ព្រះ‌ដំណាក់ នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។ 14 ចូរ​​តម​អាហារ​ឲ្យ​បាន​បរិសុទ្ធ ចូរ​ប្រកាស​ឲ្យ​មាន​ការ​ប្រជុំ​ក្នុងចំណោមអ្នកបរិសុទ្ធ។ ត្រូវ​ប្រមូល​ពួក​ចាស់ទុំ និង​ពួក​អ្នក​ស្រុក​ទាំង​អស់ ឲ្យ​មក​ព្រះ‌ដំណាក់​នៃ​ព្រះ‌អម្ចាស់ជាព្រះអង្គរបស់អ្នក ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ផង។ 15 វេទនា​ហើយ​ថ្ងៃ​នោះ ដ្បិត​ជាថ្ងៃ​នៃ​ព្រះ‌អម្វាស់ ជិត​មក​ដល់​ហើយ។ ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ជា​ការ​បំផ្លាញ មកពីព្រះអង្គពេញដោយអំណាច។ 16 តើ​អាហារ​មិន​បាន​រលាយ​បាត់​ពី​ភ្នែក​របស់​យើង ហើយ​អំណរនិង​ការ​សប្បាយ​រីក‌រាយ ពី​ព្រះ‌ដំណាក់​របស់​ព្រះជាម្ចាស់​នៃ​យើងឬទេ? 17 គ្រាប់​ពូជ​ពង្រោះ​រលួយ​អស់​នៅ​ក្នុង​ដី ឃ្លាំង​នៅ​ទទេហើយ​ជង្រុក​ស្រូវ​ក៏​រលំ​អស់ ព្រោះ​ស្រូវ​ស្វិត​ក្រៀម​អស់​ហើយ។ 18 សត្វ​ទាំង​ប៉ុន្មាន​ស្រែក​យំ ហ្វូង​គោ​ស្រឡាំង‌កាំង ដ្បិត​គ្មាន​ស្មៅ​ស៊ី​សោះ ទាំង​ហ្វូង​ចៀម​ក៏​ត្រូវ​រីង​រៃ​ដែរ។ 19 ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ទូល​អង្វរ​ព្រះ‌អង្គ។ ដ្បិត​ភ្លើង​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន ហើយ​អណ្ដាត​ភ្លើង​បាន​ឆេះអស់​ទាំង​ដើម​ឈើ​នៅ​វាល​ដែរ។ 20 សូម្បី​តែ​សត្វ​នៅ​ដី​ទាំង​ប៉ុន្មាន ក៏​ដង្ហក់​រក​ព្រះ‌អង្គ​ដែរ ព្រោះ​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ទៅ ហើយ​ភ្លើង​ក៏​បាន​ឆេះ​វាល​ស្មៅ នៅ​ទី​រហោ‌ស្ថាន​អស់​ដែរ។