ជំពូក ៤១

1 តើ​អ្នក​អាច​យក​សន្ទូច​ទៅ​ស្ទូច​ស្ដេចក្រពើបានទេ? ហើយ​យក​ខ្សែ​ទៅ​ចង​អណ្ដាត របស់​វា​បាន​ឬ? 2 តើ​អ្នក​អាច​យក​កន្លុះ​ទៅ​ដាក់​ច្រមុះ​វា ហើយ​យក​ដែក​សន្ទូច ​ចោះ​ថ្គាម​របស់​វា​បាន​ទេ? 3 តើ​​វា​នឹង​​អង្វរ​ដល់អ្នកឬ? តើ​វានឹងនិយាយ​មក​អ្នក​ដោយ​ទន់‌ភ្លន់​ឬ? 4 តើ​វា​ចេះ​ចុះ​ខ​សន្យា​ជា​មួយ​អ្នកដោយសន្តិភាព ហើយ​អ្នក​អាចប្រើ​ប្រាស់វា​បានជារៀង​រហូត​ឬទេ? 5 តើ​អ្នក​អាច​លេង​ជា​មួយ​វា ដូច​លេងសត្វ​ចាបបានទេ? 6 តើអ្នកអាច​ចង​វា ទុក​ឲ្យ​កូនអ្នកបម្រើ​ស្រី​របស់​អ្នកបានទេ? តើ​ពួក​អ្នក​នេសាទអាច​ចាប់​វា​បានទេ? ហើយ​អ្នក​លក់​អាច​យក​វា​ដាក់ដេញថ្លៃបានទែ? 7 តើ​អ្នក​អាច​យក​ជន្លួញ​មក​ចាក់​ទម្លុះ​ស្បែក​វា ហើយ​យក​ស្ន​ចាក់​ត្រី​មក​ចាក់​ក្បាល​វា​បាន​ឬ? 8 ចូរ​លូក​ដៃ​ពាល់​វា​មើល៍ ពេល​អ្នក​គិត​ដល់​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​វា នោះ​អ្នក​មុខ​ជា​លែង​ហ៊ាន​ពាល់​វា​ជាប់ទៀត​មិន​ខាន។ 9 មើល៍! អ្នក​ណា​ប្រាថ្នា​ចង់​ចាប់​វា អ្នក​នោះ​កុហកហើយ តើធ្លាប់មានអ្នកណាអាចចាប់វាឲ្យនៅស្ងៀមនៅដីបានទេ? 10 បើ​គ្មាន​នរណា​ម្នាក់​ហ៊ាន​តទល់​នឹង​វា​ដូច្នេះ តើ​នរណា​អាច​ប្រឈម​មុខ​នឹង​យើង​បាន? 11 គ្មាន​នរណា​ឲ្យ​របស់​មក​យើង​ខ្ចី ហើយ​យើង​ត្រូវ​សង​ទៅ​គេ​វិញ​នោះ​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង។ 12 មក​ដល់​ត្រឹម​ពេលនេះ យើង​មិន​ទាន់​បាន​ថ្លែង អំពី​អវ‌យវៈ កម្លាំង និង​សរីរាង្គ​ដ៏​ល្អ របស់​ក្រពើ​នៅ​ឡើយ​ទេ។ 13 តើ​នរណា​អាច​ពន្លាត់​ស្បែក​វា​បាន? តើ​នរណា​ហ៊ាន​ប៉ះ‌ពាល់​ចង្កូម​របស់​វា? 14 តើ​នរណា​ហ៊ាន​បើក​មាត់​របស់​វា? ដ្បិត​វា​មាន​ធ្មេញ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់មែនទេ? 15 ស្រកា​ដ៏​សង្ហា ហើយ​មាំ​របស់​វា ត‌ភ្ជាប់​គ្នា ទៅ​វិញ​ទៅ​មក​យ៉ាង​ស្អិត‌ល្មួត។ 16 ស្រកា​របស់​វា​នៅ​ភ្ជាប់​គ្នា​យ៉ាង​ជិត សូម្បី​តែ​ខ្យល់​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ផង។ 17 ស្រកា​នីមួយៗ​ត‌ភ្ជាប់​គ្នា​យ៉ាង​មាំ ដែល​ពុំ​អាច​បំបែក​ចេញ​ពី​គ្នា​បាន​ឡើយ។ 18 កាល​ណា​វា​ព្រួស​ទឹក​ចេញ​មក នោះ​មាន​បែក​ជា​ពន្លឺ ភ្នែក​របស់​វា​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​រះ។ 19 មាន​ភ្លើង​ចេញ​ពី​មាត់​របស់​វា ហើយ​ផ្កា​ភ្លើង​ក៏​ហើរ​ចេញ​មក​ដែរ។ 20 មាន​ផ្សែង​ហុយ​ចេញ​តាម​ច្រមុះ​របស់​វា ដូច​ផ្សែង​ហុយ​ចេញ​ពី​ថ្លាង​ដែល​កំពុង​ពុះ។ 21 ខ្យល់​ដង្ហើម​របស់​វា​អាច​បង្កាត់​ភ្លើង​បាន ហើយ​ក៏​មាន​អណ្ដាត​ភ្លើង​ផុស​ចេញ​ពី ក្នុង​មាត់​របស់​វា​ដែរ។ 22 ក​របស់​វា​មាន​កម្លាំង​ណាស់ ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ឃើញ​វា ចូល​មក​ជិត ភ័យ​ខ្លាច​ជា​ខ្លាំង។ 23 សាច់​ស្រទាប់​របស់​វា​នៅ​ជាប់​គ្នា​យ៉ាង​រឹង‌មាំ ដែល​មិន​អាច​ផ្ដាច់​ចេញ​ពី​គ្នា​បាន​ទេ។ 24 បេះ‌ដូង​របស់​វា​រឹង​ដូច​ដុំ​ថ្ម គឺ​រឹង​ដូច​ត្បាល់​ថ្មផងដែរ។ 25 ពេល​ណា​វា​ក្រោក​ឡើង សូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ភ័យ​តក់‌ស្លុត​ដែរ ហើយ​រត់​ចេញ​ទៅ ទាំង​បាក់‌ស្បាត។ 26 ប្រសិនបើគេ​យក​ដាវ លំពែង ស្ន និង​ព្រួញ ឬអាវុធផ្សេងទៀត មក​ចាក់​ទម្លុះវា ក៏​មិន​មុត​ហើយធ្វើអ្វីមិនបានដែរ។ 27 ដ្បិតពួក​វា​បានគិតថា ​ដែក​ដូច​ជា​ចំបើង ហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក។ 28 ព្រួញ​មិន​ដែល​ធ្វើ​ឲ្យ​វា​ដក​ខ្លួន​ថយ​ទេ រីឯ​ថ្ម​ដែល​គេ​បាញ់​ពី​ខ្សែ​ដង្ហក់ ក៏​ប្រៀប​ដូច​ជា​ចំបើង​សម្រាប់​វា​ដែរ។ 29 វា​មើល​មក​ព្រនង់​ដូច​ជា​ចំបើង ហើយ​មិន​ញ‌ញើត​នឹង​សន្ធឹក​ស្ន​ឡើយ។ 30 ចំណែកក៏តូច​របស់​វា​មុត​ដូច​អំបែង​ឆ្នាំង ធ្វើ​ឲ្យ​មាន​ដាន​នៅ​លើ​ភក់​ដូច​ដាន​រនាស់។ 31 វា​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​មហា‌សាគរ ពុះ​កញ្ជ្រោល​ដូច​ទឹក​ពុះ​នៅ​ក្នុង​ថ្លាង ហើយ​ធ្វើ​ឲ្យ​សមុទ្រ​ប្រៀប​ដូច​ជា ឆ្នាំង​រម្ងាស់​ទឹក​អប់។ 32 វា​ធ្វើ​ឲ្យ​មាន​ដាន​រលោង​នៅ​ពី​ក្រោយ​វា គឺ​ប្រៀប​បី​ដូច​ជា​សក់​របស់​ចាស់​ព្រឹទ្ធា‌ចារ្យ។ 33 នៅ​លើ​ផែនដី​នេះ គ្មាន​សត្វ​ណា​ដូច​វា​ឡើយ យើង​បង្កើត​វា​មក មិន​ខ្លាច​អ្វី​ទាំង​អស់។ 34 វា​មិន​ញញើត​នឹង​មើល​ទៅ​សត្វ​ដ៏​សម្បើមៗ ដ្បិត​វា​ជា​ស្ដេច​លើ​សត្វ​សាហាវ​ទាំង​អស់»។