ជំពួក ៤០

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ លោក​យ៉ូប​ទៀត​ថា៖ 2 «តើអ្នក​ដែលមានប្រាជ្ញា នឹងពូកែទាស់ទែង អាចកែតម្រូវ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតបានទេ? អ្នក​ដែលទាស់នឹងព្រះជាម្ចាស់ សូមឲ្យគាត់ឆ្លើយចុះ»។ 3 លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖ 4 «មើល៍! ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ តើ​ឲ្យ​ទូលបង្គំ​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ ដូច​ម្ដេច​បាន? 5 ទូលបង្គំ​នឹង​យក​ដៃ​ខ្ទប់​មាត់។ ទូលបង្គំ​បាន​និយាយ​ម្ដង​រួច​មក​ហើយ ទូលបង្គំ​មិន​និយាយ​ទៀត​ទេ ហើយ​ទូលបង្គំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរ ទូលបង្គំ​នឹងគ្មាន​អ្វី​និយាយទៀតទេ»។ 6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប​ពី ក្នុង​ខ្យល់​ព្យុះ​ថា៖ 7 «ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ដូច​មនុស្ស​អង់‌អាច យើង​នឹង​សួរ​អ្នកហើយ​អ្នក​ត្រូវ​តែ​ឆ្លើយទៅនឹងសំនួរ​យើង​ដែរ។ 8 តើ​អ្នក​ពិត​ជា​បាននិយាយថា យើង​មិន​យុត្តិធម៌មែនទេ? តើ​អ្នក​ចង់​ថ្កោល​ទោស​យើង ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ? 9 តើ​ដៃរបស់អ្នកមានចេស្តាដូច​ព្រះ‌ជាម្ចាស់ទេ? តើអ្នកមាន​សំឡេង​ដូច​ផ្គរ‌លាន់ដូច​​ព្រះអង្គ​ទេ? 10 ​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដម ហើយ​ពោរ‌ពេញ​ទៅ​ពន្លឺ​រស្មី​ដ៏​រុង​រឿងដ៏អស្ចារ្យ។ 11 ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​អ្នក​លើ​ពួក​គេនឹងបង្ក្រាបគេចុះ។ 12 ចូរ​ក្រឡេក​មើល​មនុស្ស​ដែលមាន​អំនួត ហើយបំបាក់​ពួក​គេដែរ ចូរ​ជាន់​ឈ្លី​មនុស្ស​អាក្រក់​នៅ​នឹង​កន្លែងគេ​ទៅ។ 13 ចូរ​យក​ពួក​គេ​ទៅ​កប់​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​គ្នា ចូរ​ឃុំ​ពួក​គេ​ទុក​ក្នុង​រណ្ដៅ​ងងឹត។ 14 ពេល​នោះ យើង​នឹងទទួលស្គាល់ថាអ្នកពិតជាខ្លាំងមែន ដោយដៃស្តាំរបស់អ្នកនោះនឹងអាចសង្គ្រោះខ្លួនបានហើយ។ 15 ចូរ​មើល​ទៅ​សត្វ​ដំរី​ទឹក ដែល​យើង​បាន​បង្កើត​មក​ដូច​ជា​អ្នក​ដែរ វា​ស៊ី​ស្មៅ​ដូចសត្វ​គោ។ 16 មើល៍! កម្លាំង​របស់​វា​ស្ថិត​នៅ​ត្រង់​ចង្កេះ អំណាច​ដ៏​ខ្លាំង​ក្លា​របស់វាស្ថិត​នៅ​ត្រង់​សាច់​ដុំ​ពោះ​។ 17 កន្ទុយ​របស់​វា​រឹង​ដូច​ដើម​តាត្រៅ សរសៃ​ភ្លៅ​របស់​វាឡើងដូចពួរ​ពាក់‌ព័ន្ធ​គ្នា។ 18 ឆ្អឹង​របស់​វា​ប្រៀប​បាន​នឹង​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​របស់​វា​ដូច​ចម្រឹង​ដែក។ 19 វា​ជា​ស្នា​ព្រះ‌ហស្ថដ៏​វិសេស​របស់​ព្រះ‌ជាម្ចាស់។ 20 មាន​តែ​ព្រះជាម្ចាស់​ដែល​បង្កើត​វា ដែល​អាច​បង្ក្រាប​វា​បាន។ ដ្បិត វា​ស៊ី​ស្មៅ​នៅ​តាម​ភ្នំ ជា​កន្លែង​ដែល សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ប្រឡែង​គ្នា។ 21 វា​ដេក​នៅ​ក្រោម​ស្លឹក​ឈូក ហើយ​សំងំ​នៅ​តាម​ដើម​ត្រែង ក្នុង​ត្រពាំង។ 22 ម្លប់​ស្លឹក​ឈូក​បាំង​លើ​វា ដើម​ចាក​នៅ​តាម​ដង​ស្ទឹង​ព័ទ្ធ​ជុំ‌វិញ​វា។ 23 ទោះ​បី​ទឹក​ហូរ​យ៉ាង​ខ្លាំង​ក្ដី ក៏​វា​មិន​បារម្ភ ទោះ​បី​ទឹក​ទន្លេ​យ័រដាន់​ជន់​ឡើង​លិច​មាត់​ច្រាំង ក៏​វា​មិន​ព្រួយ​ដែរ។ 24 តើមាននរណា​អាច​ចាប់​វា​បានដោយប្រើសន្ទូចទេ ឬទម្លុះ​ច្រមុះ របស់​វា​តាមរយៈអន្ទាកបានទេ?