ជំពូក ៣
1
បន្ទាប់មក លោកយ៉ូបបើកមាត់ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក។
2
លោកបាននិយាយថា៖
3
«សូមឲ្យថ្ងៃដែលខ្ញុំបានកើតមកនោះ វិនាសទៅ ចំណែកយប់វិញគាត់និយាយថា៖ កូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះ ជាយប់អពមង្គល។
4
សូមឲ្យថ្ងៃនោះប្រែទៅជាងងឹត ហើយកុំឲ្យព្រះជាម្ចាស់
ដែលគង់នៅស្ថានលើ ចងចាំពីថ្ងៃនោះ ហើយក៏កុំឲ្យមានពន្លឺថ្ងៃចាំងលើថ្ងៃនោះដែរ។
5
សូមឲ្យភាពងងឹត និងភាពអន្ធការ
គ្របបាំងថ្ងៃនោះ។ ហើយសូមឲ្យមានភាពអាប់អួរគ្របបាំង
មកលើវាដែរ សូមឲ្យអ្វីដែលកើតនៅថ្ងៃនោះ ត្រឡប់ទៅជាខ្មៅ ពិតជាវេទនាទាំងអស់។
6
ដ្បិតសម្រាប់យប់នោះវិញ ក៏សូមឲ្យភាពងងឹត គ្របបាំងវាដែរ។ សូមកុំឲ្យគេរាប់បញ្ចូលយប់នោះទៅក្នុង ខែ និងឆ្នាំឡើយ។
7
មើល! សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារ ហើយក៏កុំឲ្យមានសម្រែកអរសប្បាយនៅយប់នោះដែរ។
8
សូមឲ្យយប់នោះត្រូវបណ្ដាសា របស់គ្រូនក្ខត្តឫក្ស និងត្រូវបណ្ដាសារបស់គ្រូដាស់ស្ដេចក្រពើ។
9
សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេ ហើយក៏មិនឃើញអរុណរះដែរ
10
ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនឲ្យកើត ហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះ យកចេញពីភ្នែករបស់ខ្ញុំដែរ។
11
ហេតុអ្វីបានជាខ្ញុំមិនបានស្លាប់ទៅតាំងពីនៅក្នុងផ្ទៃម្ដាយ? ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមទៅ នៅពេលកើតចេញពីផ្ទៃម្ដាយ?
12
ហេតុអ្វីបានជាមានភ្លៅម្ដាយចាំទទួលខ្ញុំ? ហេតុអ្វីដោះអ្នកម្តាយចាំបំបៅខ្ញុំដូច្នេះ?
13
ដ្បិត បើខ្ញុំបានស្លាប់តាំងពីកាលនោះ ខ្ញុំនឹងបានដេកទៅយ៉ាងស្ងាត់។ ខ្ញុំបានសម្រាកយ៉ាងសុខស្រួលហើយ
14
ទោះបីជាស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដី ជាអ្នកដែលបានកសាងផ្នូរ ទុកសម្រាប់ខ្លួន។
15
ឬក៏ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំ ដែលជាអ្នកមានមាសប្រាក់ពេញផ្ទះ។
16
ឬប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃ នោះប្រសើរជាង។
17
នៅក្នុងផ្នូរ មនុស្សអាក្រក់លែងមាន សកម្មភាពទៀតហើយ
រីឯអ្នកដែលនឿយហត់ អស់កម្លាំងនឹងនាំគ្នាសម្រាក។
18
អ្នកជាប់ឃុំឃាំងបានសុខក្សេមក្សាន្ត គឺគេលែងឮសំឡេងរបស់ឆ្មាំគុកទៀតហើយ។
19
អ្នកតូច និងអ្នកធំ ស្ថិតនៅទីនោះជាមួយគ្នា ទាសករក៏លែងនៅក្រោមអំណាច ម្ចាស់របស់ខ្លួន។
20
ហេតុអ្វីព្រះជាម្ចាស់ប្រទានឲ្យ មនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ ហើយផ្ដល់ជីវិតឲ្យអ្នកដែលស្គាល់តែ ទុក្ខលំបាក
21
គេទន្ទឹងរង់ចាំសេចក្ដីស្លាប់ តែមិនឃើញសេចក្ដីស្លាប់មកទេ គេប្រាថ្នាចង់បានសេចក្ដីស្លាប់ ជាងទ្រព្យសម្បត្តិដែលកប់ទុក។
22
ប្រសិនបើគេរកបានផ្នូរសម្រាប់ខ្លួន នោះគេមុខជាសប្បាយរីករាយត្រូវទេ?
23
ហេតុអ្វី បានជាពន្លឺត្រូវចាំងភ្លឺមកលើមនុស្ស ដែលផ្លូវត្រូវបាំងបិត ហើយព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញនោះ?
24
ដ្បិត ខ្ញុំបានស្រែកថ្ងូរ ជំនួសអាហារ សម្រែកឈឺចាប់របស់ខ្ញុំ ចេះតែហូរចេញមកដូចទឹក។
25
ដ្បិតការអ្វីដែលខ្ញុំខ្លាច ការនោះកើតមានដល់ខ្ញុំ ហើយដែលខ្ញុំបារម្ភ គឺបានមករកខ្ញុំ។
26
ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួល ហើយក៏មិនបានសម្រាកដែរ គឺខ្ញុំឈឺចាប់ កើតឡើងលើរូបខ្ញុំជានិច្ច»។