ជំពូក ៣៦

1 បន្ទាប់មក ពួកមេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​អំបូរ​កាឡាដ ជា​កូន​របស់​លោក​ម៉ាកៀរ (ជាកូន​របស់លោក​ម៉ាណា‌សេ​) ដែល​មក​ពី​អំបូរ​​​កូន​ចៅ​របស់​លោក​យ៉ូសែប បាន​ចូល​មក ហើយ​បាន​និយាយនៅចំពោះ​​លោក​ម៉ូសេ និងនៅ​ចំពោះ​មុខ​ពួក​មេ​ដឹកនាំ​ ដែលជា​មេ​លើកុលសម្ព័ន្ធ​របស់កូន​ចៅ​អ៊ីស្រា‌អែលថា៖ 2 «ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក ដែល​ជា​ម្ចាស់របស់យើង​ខ្ញុំ ឲ្យ​ប្រគល់​ចំណែក​​ដី​​​ដល់កូនចៅ​អ៊ីស្រា‌អែល ដោយ​ការចាប់​ឆ្នោត។ ហើយព្រះ‌អម្ចាស់ក៏បាន​បង្គាប់លោក ឲ្យប្រគល់​​ទឹក​ដី​ជា​ចំណែក​របស់​លោក​ស្លូផិ‌ហាត ជា​បងប្អូន​របស់​យើង​ខ្ញុំ ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់​ដែរ។ 3 ប៉ុន្ដែ ប្រសិន​បើ​កូនស្រី​របស់គាត់​រៀបការ​ជា​មួយ​កូន​ប្រុស​របស់​កុល‌សម្ព័ន្ធ​ណា​មួយ​ទៀត​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នោះចំណែក​ទឹក​ដី​របស់​ពួក​នាង​នឹង​​ត្រូវ​កាត់​ចេញ​ពី​​ចំណែក​មរតក​នៃ​ដូនតា​របស់​យើង​ខ្ញុំ។ ដីនោះនឹង​ត្រូវបន្ថែម​នៅ​ក្នុង​ចំណែក​កុល‌សម្ព័ន្ធដែល​នាង​បាន​ទៅ​ចូល​រួម​ជា​មួយ។ ក្នុង​ករណីនោះ ដីនោះ​នឹង​ត្រូវ​ដកចេញ​​ពីចំណែកមរតក​របស់យើងខ្ញុំ។ 4 ហើយ​ក្នុង​ករណីនោះ​ នៅ​ពេល​​ឆ្នាំ​នៃមេត្តា​ករុណារបស់​កូនចៅអ៊ីស្រា‌អែលមក​ដល់ នោះ​ចំណែកមរតករបស់​ពួក​នាង​នឹង​ត្រូវដាក់ចូលក្នុង​ចំណែកម​​រតកនៃ​​កុល‌សម្ព័ន្ធ​ដែល​ពួក​នាង​បានចូលរួម។ ដូច្នេះ ចំណែកមរតករបស់ពួកនាង​នឹង​ត្រូវដកចេញពីចំណែក​រមតកនៃ​​ដូនតា​របស់​យើង​ខ្ញុំ»។ 5 ដូច្នេះ លោកម៉ូសេ​បាន​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​ព្រះបន្ទូលរបស់​ព្រះ‌អម្ចាស់ថា៖ «អ្វី​ដែល​កុលសម្ព័ន្្ធ​របស់កូន​ចៅ​លោកយ៉ូសែប​គេ​បាន​និយាយ​នៅពេល​នេះ គឺ​​ត្រឹមត្រូវ។ 6 នេះ​ជា​អ្វី​​ដែល​ព្រះ‌អម្ចាស់បាន​បង្គាប់ ពី​ដំណើរ​នៃ​ពួក​កូន​ស្រី​ស្លូផិហាត។ ព្រះអង្គ​បាន​មាន​បន្ទូល​ថា៖ «ចូរ​​ឲ្យ​ពួក​​គេ​រៀបការជាមួយ​អ្នក​ណា​ដែល​គេ​គិត​ថា​ល្អបំផុត ប៉ុន្តែ គេ​ត្រូវរៀប​ការ​ជាមួយអ្នក​នៅ​​ក្នុង​កុលសម្ព័ន្ធ​នៃ​ឪពុករបស់ពួក​គេ​តែប៉ុណ្ណោះ»។ 7 មិន​ត្រូវ​ឲ្យ​​មានមរតក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ប្ដូរពី​កលសម្ព័ន្ធមួយ ទៅកុលសម្ព័ន្ធមួយទៀតឡើយ។​ ​​កូន​ចៅ​អ៊ីស្រា‌អែលម្នាក់ៗ ត្រូវ​នៅ​ជាប់​នឹង​ចំណែក​មរតកនៃ​កុលសម្ព័ន្ធដូនតា​របស់ខ្លួន។ 8 ​កូន​ស្រី​ទាំងអស់របស់​កូន​ចៅ​អ៊ីស្រាអែល​​ដែល​មាន​ចំណែក​មរតក​ក្នុងកុលសម្ព័ន្ធរបស់នាង នោះ​នាងត្រូវ​តែ​រៀបការ​​ជាមួយ​នរណា​ម្នាក់ដែល​ស្ថិតនៅ​ក្នុង​​កុលសម្ព័ន្ធឪពុក​​របសស់​នាង​។ ធ្វើ​បែប​នេះ​ គឺ​ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​គ្រប់គ្រង​មរតករពី​ដូនតា​របស់​ពួក​គេ 9 មិនត្រូវមាន​ចំណែក​មរតក​ណា​មួយ ប្ដូរពី​កុលសម្ព័ន្ធមួយ ទៅកុលសម្ព័ន្ធមួយទៀតឡើយ។ កុលសម្ព័ន្ធ​នៃ​កូនចៅ​អ៊ីស្រាអែល​ទាំងអស់ត្រូវថែរក្សា​ចំណែកមរតករបស់ខ្លួន។ 10 ដូច្នេះ ពួក​កូន​ស្រីរបស់លោក​ស្លូផិហាត​ក៏​ធ្វើ​ដូច​ដែលព្រះ‌អម្ចាស់បាន​បង្គាប់​មក​លោកម៉ូសេ 11 នាង​​ម័សឡា នាង​ធើសា នាង​ហុកឡា នាង​មីលកា និងនាង​​ណូហា ជា​កូន​ស្រី​របស់​លោកស្លូផិហាត បានរៀបការ​ជាមួយកូនចៅ​របស់ម៉ាណាសេ។ 12 ពួក​គេ​បានរៀប​ការ​​ចូល​ទៅ​ក្នុងអំបូរ​នៃ​​កូន​ចៅ​របស់លោកម៉ាណាសេ ជា​កូន​លោកយ៉ូសែប។ ដូច្នេះមរតក​របស់ពួក​គេ​ក៏​​នៅ​តែស្ថិត​​ក្នុង​កុលសម្ព័ន្ធនៃ​អំបូររបស់​ឪពុក​ពួកគេ។ 13 ទាំងនេះ​គឺ​ជា​​បញ្ញត្ត និង​ច្បាប់​​ដែល​ព្រះ‌អម្ចាស់​បានប្រទាន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាយរយៈ​លោកម៉ូសេ នៅ​វាលទំនាប​ស្រុក​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ នៅ​ក្រុង​យេរីខូ។