ជំពូក ២៤

1 នៅ​ពេល​ដែល​លោក​បាឡាម​ឃើញ​ថា ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល លោក​មិន​បាន​ចេញ​ទៅធ្វើ​ពិធី​មន្ដអាគមន​ដូច​មុនៗ​ទេ តែ​លោក​សម្លឹង​មើល​ទៅ​រកវាល​រហោ‌ស្ថាន។ 2 លោក​ងើបមុខ​ឡើង​ ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ក៏​យាង​មក​សណ្ឋិត​លើ​លោក​បាឡាម 3 លោក​បានទទួលព្រះ​បន្ទូល​ហើយ​​ថ្លែង​ថា៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ នេះ​ជាមនុស្ស​ម្នាក់​ដែល​បើក​ភ្នែក​យ៉ាង​ធំ។ 4 ជាអ្នកដែល​បាន​​​និយាយ ហើយ​ឮ​ព្រះ‌បន្ទូលរបស់​ព្រះ‌ជាម្ចាស់។ ជាអ្នកដែល​ឃើញ​និមិត្ត​ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ទាំង​បាន​ក្រាបចុះនៅ​ចំពោះ​ព្រះអង្គ​ដោយ​ភ្នែករបស់ខ្លួន​នៅបើក។ 5 កូន​ចៅ​យ៉ាកុប​អើយ ពន្លា​របស់​អ្នក​ស្អាត​ណាស់! កូន​ចៅ​អ៊ីស្រា‌អែល​អើយ! ទី​លំ‌នៅ​របស់​អ្នក​ក៏​ស្អាត​ដែរ! 6 គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរ ដូច​សួន​ច្បារនៅជាប់​ទន្លេ ដូច​ដើម​ក្រស្នា ដែល​ព្រះ‌អម្ចាស់​បាន​ដាំ ដូច​ដើម​តាត្រៅនៅ​ជិត​ទឹក។ 7 ទឹក​នឹង​ហូរ​ចេញ​ពី​ធុង​របស់​គេ​ គ្រាប់​ពូជ​របស់​គេ​នឹងមានទឹកគ្រប់គ្រាន់។ ស្ដេច​របស់​គេ​នឹង​ខ្ពស់ជាង​ស្ដេច​អកាក់ នគរ​របស់​គេ​នឹង​បាន​ថ្កើនថ្កាន។ 8 ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយកម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។ ពួក​គេ​ស៊ីកម្ទេច​ប្រជា‌ជាតិ​នានា​ដែលច្បាំង​តតាំង​នឹង​ពួកគេ​។ គឺ​នឹង​បំបាក់​ឆ្អឹងសត្រូវជាបំណែក និង​បាញ់​ព្រួញ​ប្រហារអ្នក​ទាំង​នោះ​ដោយព្រួញទៀត​ផង។ 9 ពួក​គេ​ក្រាបដូច​សត្វ​សិង្ហឈ្មោលញី តើ​នរណា​ហ៊ានរំខាន​​ពួក​គេ? សូម​ឲ្យអស់អ្នក​ដែល​ឲ្យ​​ពរ​គេ​ បានទទួល​ពរ ហើយ​សូ​មឲ្យ​អស់អ្នក​ដែល​ដាក់​បណ្ដាគេ​ ​​ត្រូវ​បណ្ដាសា​ចុះ!»។ 10 ព្រះ‌បាទ​បាឡាក់​ខឹង​លោក​បាឡាមយ៉ាងខ្លាំង ស្ដេចបាន​ទះ​ព្រះ‌ហស្ដ​ខ្លាំងៗដោយ​កំហឹង រួចព្រះបាទឡាក់បាន​មាន​រាជឱង្ការទៅ​លោក​បាឡាម​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ឲ្យ​លោក​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែមើល៍! ​លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​រហូត​ដល់​បី​ដង​ទៅ​វិញ!។​ 11 ឥឡូវ​នេះ ចូរ​លោក​ចេញពី​យើង ហើយត្រលប់​ទៅ​ផ្ទះ​របស់​លោក​វិញ​ទៅ! យើង​បាន​និយាយ​ហើយថា យើងនឹង​ផ្ដល់​រង្វាន់ដ៏ធំដល់លោក​ ប៉ុន្តែ​ព្រះ‌អម្ចាស់​រារាំង​លោក​មិន​ឲ្យ​ទទួលរង្វាន់​នេះ​ទេ!»។ 12 លោក​បាឡាមឆ្លើយ​ទៅ​ព្រះបាទ​បាឡាក់​វិញ​ថា៖ «ទូលបង្គំ​បាន​ប្រាប់​អស់​អ្នក​នាំ​សារ​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​ទូលបង្គំ​រួច​ហើយ​ថា 13 ទោះ​បី​ ព្រះ‌បាទ​បាឡាក់​ប្រទាន​វាំង​របស់​ស្ដេច​ដែល​ពេញ​ទៅ​ដោយ​ប្រាក់ និងមាសមកទូលបង្គំ​ក្ដី ក៏ទូលបង្គំ​ពុំ​អាចនិយាយ​លើស​ពី​ព្រះបន្ទូល​​របស់​ព្រះ‌អម្ចាស់​បានទេ​ ហើយក៏​មិន​អាច​នាំ​ការល្អ ឬការអាក្រក់បានដែរ ឬក៏​អ្វីតាម​អំពើចិត្ត​របស់ទូលបង្គំទេ។ តើ​ទូលបង្គំមិនបាននិយាយ​ពាក្យ​ទាំងនេះទៅពួកគេទេឬ? 14 ឥឡូវ​នេះ ​ទូលបង្គំនឹង​ត្រឡប់​ទៅ​ជួប‌ជុំ​នឹង​ប្រជា‌ជន​របស់​ទូលបង្គំ​វិញ ប៉ុន្ដែ​ទូលបង្គំ សូមដាស់តឿនព្រះអង្គ​នូវអ្វី​ដែល​ជន‌ជាតិនេះ​​នឹង​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​របស់​ព្រះ‌ករុណា នៅ​ពេល​ខាង​មុខ»។ 15 លោក​បាឡាម​ថ្លែង​ដូច​ត​ទៅ៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ ​ជាមនុស្ស​ម្នាក់​ដែល​បើក​ភ្នែក​យ៉ាង​ធំ 16 នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូលពី​ព្រះ‌ជាម្ចាស់​ ជា​អ្នក​ដែលទទួលប្រាជ្ញាពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជាអ្នក​ដែល​បាន​ឃើញ​និមិត្តពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពស់​បំផុត ទាំង​បាន​ក្រាបចុះនៅ​ចំពោះ​ព្រះអង្គ​ដោយ​ភ្នែករបស់ខ្លួន​នៅបើក។ 17 ខ្ញុំ​ឃើញ​ព្រះ​អង្គ ប៉ុន្តែ​​ឥឡូវនេះ​ព្រះអង្គ​មិននៅ​ទី​នេះ​ទេ។ ខ្ញុំ​សម្លឹង​មើលព្រះអង្គ ប៉ុន្តែ ព្រះអង្គមិននៅ​ជិត​នេះ​ទេ។ មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកុប​ ហើយ​មាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រា‌អែល។ ព្រះអង្គ​នឹង​​វាយ​បំបែក​ក្បាល​របស់​ពួក​មេ​ដឹកនាំ​ជនជាតិម៉ូអាប់ ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។ 18 ​ស្រុក​អេដុមនឹងត្រឡប់កេរអាកររបស់ជនជាតិអ៊ីស្រាអែល ហើយ​ស្រុក​សៀរ ដែល​ជា​សត្រូវរបស់ជនជាតិអ៊ីស្រា‌អែលនឹង​​ត្រឡប់ជា​កេរអាករ​របស់​ពួកគេ ដែលជនជាតិ​អ៊ីស្រាអែល​នឹង​វាយ​ដណ្ដើម​បាន​ដោយ​កម្លាំង។ 19 នឹង​មាន​ស្ដេចមួយ​អង្គ​ចេញ​ពី​យ៉ាកុបមក ជា​ស្ដេច​ដែល​​នឹងគ្រប់គ្រងលើទាំងអស់ ហើយ​ព្រះអង្គ​នឹង​ប្រល័យ​​អស់​អ្នកដែល​នៅ​សេស‌សល់​ក្នុង​ទី​ក្រុងរបស់ពួក​គេ»។ 20 បន្ទាប់មក លោកបាឡាម​បាន​សម្លឹង​មើល​ទៅព្រះបាទ​បាឡាក់​ថ្លែង​ថា៖ «ជនជាតិ​អាម៉ា‌ឡេក​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​គេ​មែន ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​វិនាស»។ 21 បន្ទាប់​មក លោកបា​ឡាម​បាន​សម្លឹង​មើលជន‌ជាតិ​កែន ហើយ​​ថ្លែង​ថា៖ «កន្លែង​ដែល​អ្នករស់នៅ​គឺ​​រឹង‌មាំណាស់ ហើយ​សំបុករបស់អ្នក​ក៏នៅ​ក្នុង​ថ្ម‌ដា។ 22 ក៏​ប៉ុន្តែ ជនជាតិកែន​នឹង​ត្រូវ​ភ្លើង​ឆាប‌ឆេះ ហើយ​ជនជាតិ​អាស‌ស៊ើរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ!»។ 23 លោក​ថ្លែង​ទៀត​ចុងក្រោយថា៖ «ទេវនាហើយ តើអ្នកនឹង​​នៅ​រស់បានពេល​ដែល​ព្រះ​ជាម្ចាស់ធ្វើ​ការ​នេះ? 24 នឹង​មាន​សំពៅមក​​ពី​​ស្រុក​គីទីម ពួក​គេ​នឹង​វាយ​​ប្រ​ហារ​ជនជាតិ​អាស‌ស៊ើរ និងជនជាតិ​ហេប៊ើរ ក៏​ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​នឹងបញ្ចប់ដោយ​​សេចក្តី​​អន្តរាយ​ដែរ»។ 25 បន្ទាប់មក លោក​បាឡាម​ក្រោក​ឡើងចេញពីទីនោះ​ ត្រឡប់​ទៅ​ស្រុក​របស់​លោក​វិញ រីឯ​ព្រះ‌បាទ​បាឡាក់​ក៏​ចាក​ចេញ​ទៅ​ដែរ។