ជំពូក ៦៥
1
«យើងបានរួចរាល់ដើម្បីដោះស្រាយ ជាមួយអស់អ្នកដែលមិនបានទូលសូម ហើយយើងក៏នឹងបានរកឃើញ ដោយអ្នកដែលមិនបានស្វែងរកយើងដែរ។ យើងបាននិយាយថា «យើងនៅទីនេះ! យើងនៅទីនេះ!» សម្រាប់ប្រជាជាតិដែលមិនបានស្រែករកព្រះនាមយើង។
2
យើងបានលូកដៃរបស់យើងទៅរកមនុស្សរឹង ចចេស ជាអ្នកដែលដើរតាមផ្លូវមិនល្អ ក៏ជាអ្នកដែលដើរតាមគំនិតហើយនិងផ្លូវខ្លួនឯងផង!
3
ពួកគេជាមនុស្សធ្វើឲ្យយើងទាស់ចិត្តជានិច្ច ដោយការអាក្រក់នៅមុខយើង ពួកគេធ្វើយញ្ញបូជានៅក្នុងសួនឧទ្យាន ហើយ អុជធូបបន់ព្រះក្លែងក្លាយ នៅលើអាសនៈធ្វើពីឥដ្ឋ។
4
ពួកគេអង្គុយនៅកណ្តាលផ្នូរខ្មោច ទាំងបើកភ្នែកពេញមួយយប់ គេបរិភោគសាច់ជ្រូក និងសំឡគួរខ្ពើមនៅក្នុងចានរបស់គេ។
5
ពួកគេនិយាយថា «ចូរចៀសចេញ កុំចូលមកជិតខ្ញុំអី ព្រោះខ្ញុំបរិសុទ្ធជាងអ្នក»។ ការទាំងនេះគឺជាផ្សែងហុយដល់ច្រមុះយើង ក៏ជាភ្លើងដែលឆេះពេញមូយថ្ងៃផង។
6
ចូរមើល៍! មានសេចក្តីចែងទុកមកនៅចំពោះយើងថា៖ យើងនឹងមិននៅស្ងៀមឡើយ ហើយយើងនឹងសងសឹកនឹងគេវិញ យើងនឹងឲ្យគេសងទាំងអស់នៅពេលគេចាស់ផង
7
គឺសរុបទាំងអំពើបាបរបស់គេនឹងបាបរបស់ឪពុកគេផង» នេះជាពាក្យរបស់ព្រះអម្ចាស់ «យើងនឹងសងសឹកគេពីកាដុតកំញានដែលនៅលើភ្នំ ហើយធ្វើឲ្យមានផ្សែងនៅតាមជ្រលោងភ្នំដែរ។ យើងនឹងធ្វើដូច្នេះក្នុងការវាស់ពីផ្លូវប្រព្រឹត្តរបស់គេ ក្នុងពេលគេចាស់ផង»។
8
នេះគឺជាអ្វីព្រះអម្ចាស់មានព្រះបន្ទូល «នៅពេលទំពាំងបាយជូរមានផ្លែចង្គោម នោះមានម្នាក់និយាយថា កុំបំផ្លាញវាអី ព្រោះផ្លែល្អនៅក្នុងនោះដែរ ការនេះដែលយើងនឹងធ្វើដាក់ពួកអ្នកបម្រើរបស់យើង យើងនឹងមិនបំផ្លាញពួកគេទាំងអស់ឡើយ។
9
យើងនឹងធ្វើឲ្យមានពូជពង្សមួយ កើតចេញពីកូនចៅរបស់យ៉ាកុប ហើយឲ្យម្នាក់ដែលគ្រប់គ្រងលើ ភ្នំរបស់យើង កើតចេញពីកូនចៅរបស់យូដា។ អស់អ្នកដែលយើងជ្រើសរើស នឹងគ្រប់គ្រងលើទឹកដីនេះ អ្នកបម្រើរបស់យើងក៏នឹងរស់នៅទីនេះដែរ។
10
សារ៉ូននឹងក្លាយជាវាលស្មៅសម្រាប់ហ្វូងចៀម ហើយជ្រលងភ្នំអាកោរជាជម្រកសម្រាប់ហ្វូងគោ គឺសម្រាប់ប្រជារាស្រ្តយើងដែលស្វែងរកយើង។
11
ប៉ុន្តែ អ្នករាល់គ្នាដែលបានបោះបង់ចោលព្រះអម្ចាស់ អ្នករាល់គ្នាដែលបំភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ហើយបែរជារៀបចំតុសែនព្រះមានលាភ ហើយក៏ច្រួចស្រាសែនព្រះជោគវាសនាផង។
12
យើងនឹងប្រហារអ្នកឲ្យស្លាប់ដោយមុខដាវ ហើយអ្នករាល់គ្នានឹងលុតជង្គង់ចុះដើម្បីឲ្យគេសម្លាប់ ព្រោះយើងបានហៅ តែអ្នកមិនឆ្លើយទេ ពេលយើងបាននិយាយ អ្នករាល់គ្នាមិនស្ដាប់ទេ។ ប៉ុន្តែ អ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់នៅមុខយើង ហើយជាអំពើដែលយើងមិនពេញចិត្ត»។
13
ហេតុនេះហើយ បានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា «មើល អ្នកបម្រើរបស់យើងនឹងមានអាហារបរិភោគ តែអ្នករាល់គ្នានឹងឃ្លាន មើល អ្នកបម្រើរបស់យើងនឹងមានទឹកផឹក តែអ្នករាល់គ្នានឹងស្រេក មើល អ្នកបម្រើរបស់យើងនឹងមានអំណរសប្បាយ តែអ្នករាល់គ្នានឹងត្រូវអាម៉ាស់។
14
មើល អ្នកបម្រើរបស់យើងនឹងស្រែកហ៊ោ ព្រោះគេសប្បាយចិត្ត តែអ្នករាល់គ្នាបែរជាស្រែកយំ ព្រោះឈឺចុកចាប់នៅក្នុងចិត្ត អ្នករាល់គ្នានឹងសោកសង្រេង បាក់ទឹកចិត្ត។
15
អ្នកនឹងជាប់ឈ្មោះ សម្រាប់ឲ្យមនុស្សដែលយើងបានជ្រើសរើសយកមកដាក់បណ្ដាសា យើងគឺព្រះអម្ចាស់លើទាំងព្រះនឹងសម្លាប់អ្នក ហើយយើងនឹងហៅអ្នកបម្រើយើងតាមឈ្មោះផ្សេង។
16
អ្នកណាដែលឲ្យពរដល់ផែនដី នឹងបានពរពីយើងដែលជាព្រះនៃសេចក្តីពិត។ អ្នកណាដែលបានស្បថនៅលើផែនដី នឹងត្រូវស្បថចំពោះយើងជាព្រះនៃសេចក្តីពិតដែរ ដោយសារតែបញ្ហាពីមុនត្រូវបានបំភ្លេច ហើយការទាំងនោះក៏បានលាក់បាំងពីភ្នែកយើងដែរ។
17
មើលនោះ យើងនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី អ្វីៗដែលកើតមានកាលពីមុន គេលែងនឹកនាទៀតហើយ គឺគ្មាននរណានឹងឃើញទៀតទេ។
18
ប៉ុន្តែចូរអ្នកអរសប្បាយឡើង ចូរសប្បាយរីករាយរហូតតទៅ ចំពោះអ្វីៗដែលយើងបង្កើតមក គឺយើងបង្កើតក្រុងយេរូសាឡិម ដែលមានអំណរសប្បាយរីករាយ យើងបង្កើតប្រជាជននៅក្រុងនេះ ដែលមានអំណរ។
19
ក្រុងយេរូសាឡិមនឹងធ្វើឲ្យយើង សប្បាយរីករាយ ប្រជាជនរបស់យើងក៏ធ្វើឲ្យយើងរីករាយ ក្នុងទីក្រុង គេលែងឮសូរសម្រែកយំសោកទៀតហើយ។
20
នឹងមិនដែលមានទារក ដែលអាចរស់បានតែប៉ុន្មានថ្ងៃទៀតឡើយ ហើយសម្រាប់មនុស្សចាស់ ក៏នឹងមិនស្លាប់មុនអាយុដែរ។ អ្នកដែលស្លាប់ក្នុងវ័យមួយរយឆ្នាំត្រូវរាប់ថានៅវ័យក្មេង។ អ្នកណាដែលរស់មិនបានអយុមួយរយឆ្នាំទេ អ្នកនោះត្រួវរាប់ថាទទួលបណ្តាសារហើយ។
21
ពួកគេនឹងសង់ផ្ទះហើយអាស្រ័យនៅក្នុងផ្ទះនោះ ហើយគេដាំដើមទំពាំងបាយជូរ នោះគេនឹងទទូលផលរបស់វាដែរ។
22
គឺគេមិនសង់ផ្ទះឲ្យអ្នកផ្សេងមកនៅ គេមិនដាំដំណាំទុកឲ្យអ្នកផ្សេង បរិភោគផលឡើយ ដ្បិតប្រជារាស្ត្ររបស់យើងនឹងមានអាយុវែង ដូចអាយុដើមឈើធំៗ អស់អ្នកដែលយើងជ្រើសរើសនឹងប្រើប្រាស់អ្វីៗដែលខ្លួនបានបង្កបង្កើត ។
23
ពួកគេនឹងមិនធ្វើការនឿយហត់ជាអសារបង់ ហើយគេក៏មិនបង្កើតកូនចៅមក ដើម្បីឲ្យត្រូវអន្តរាយដែរ ដ្បិតពួកគេនឹងបានទៅជាពូជពង្សមួយ ដែលព្រះអម្ចាស់ប្រទានពរ កូនចៅរបស់គេនឹងគង់វង្សនៅជាមួយគេ។
24
មុនពេលដែលគេសូម យើងនឹងឆ្លើយតបចំពោះពួកគេ ហើយកំឡុងពេលពួកគេកំពុងតែទូលអង្វរនោះ យើងសម្រេចតាមពាក្យសុំរបស់គេ រួចស្រេចទៅហើយ។
25
ពេលនោះ ចចកនិងកូនចៀម នឹងស៊ីស្មៅជាមួយគ្នា សត្វសិង្ហនឹងស៊ីស្មៅដូចគោ។ រីឯសត្វពស់ វានឹងស៊ីធូលីដីជាអាហារ។ ពួកវានឹងលែងសុីបំផ្លាញគ្នា នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។