ជំពូក ៦២

1 ដ្បិតដើម្បីក្រុង​ស៊ីយ៉ូន យើង​នឹង​មិន​នៅ​ស្ងៀម​ទេ ដោយយល់ដល់ក្រុង​យេរូ‌សាឡឹម យើង​នឹង​មិន​នៅ​សំងំ​ទៀត​ រហូតក្ដី​សុចរិត​បានចាំង​ចេញមក ហើយ​ការ​សង្គ្រោះ​នៃក្រុងនេះ គឺកើត​មាន​ យ៉ាង​ច្បាស់​ដូច​ភ្លើងចន្លុះ។ 2 ប្រជា‌ជាតិ​ទាំងមូល​នឹង​ឃើញ សេចក្ដី​សុចរិត​របស់​អ្នក ហើយ​ស្ដេច​ទាំង​អស់នឹង​ឃើញ​សិរី‌រុងរឿងរបស់​អ្នក​ដែរ។ អ្នកនឹងត្រូវហៅ​តាម​ឈ្មោះ​ថ្មីថា ​ព្រះ‌អម្ចាស់​បានជ្រើសរើស។ 3 អ្នក​នឹង​ប្រៀប​ដូច​ជា​ភួង​ជ័យ​ដ៏​ល្អ​ប្រណីត នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ និង​ជា​មកុដ​រាជ្យ​ក្នុង​ព្រះ‌ហស្ដ​​របស់​ទ្រង់។ 4 នឹង​គ្មានការនិយាយទៅ​អ្នក​ថា «បោះបង់​ចោល» ​នឹងគ្នាអ្នកណានិយាយទៅ​ដី​របស់​អ្នក​ថា «ស្ងាត់ជ្រងំ»។ ផ្ទុយ​ទៅ​វិញ អ្នកនឹងត្រូវ​ហៅ​អ្នក​ថា «បណ្តូលចិត្តរបស់បង» ហើយដី​របស់​អ្នក​ថា «រៀបការ» ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក ហើយ​ទឹក​ដី​របស់​អ្នក​នឹង​បាន​រៀបមង្គការ។ 5 ពិតណាស់ ដូច​កំលោះ​ម្នាក់​រៀបការ​នឹង​ស្រី​ក្រមុំ ដូចកូនប្រុស​ដែល​នឹង​រៀបមង្គការ​​ឲ្យអ្នកដែរ។ ភរិយា​ថ្មោង​ថ្មី​និងផ្ដល់​អំណរ​សប្បាយឲ្យ​ស្វាមី​យ៉ាង​ណា ហើយព្រះជាម្ចាស់របស់អ្នកនឹងរីករាយជាមួយអ្នកដែរ។ 6 យើង​នឹង​ដាក់​អ្នក​យាម នៅ​តាម​កំពែង​របស់​អ្នក យេរូ‌សាឡឹម​អើយ ទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដី អ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ។ អ្នក​ត្រូវ​រំឭកដល់​ព្រះ‌អម្ចាស់​ មិន​ត្រូវ​សម្រាក​ឡើយ។ 7 មិនត្រូវអនុញ្ញតិឲ្យគាត់សម្រាកដរាបណា​ទាល់​តែ​ព្រះអង្គ​ស្ដារ​ក្រុង​យេរូ‌សាឡិម ហើយធ្វើឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​ផែនដី​ឡើង​វិញ។ 8 ព្រះ‌ជាម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់ ដោយ​ព្រះហស្តស្តាំ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ​ «យើង​មិន​ប្រគល់​ស្រូវ​របស់​អ្នកទៅ​ឲ្យ​ខ្មាំង​សត្រូវ​ទៀត​ឡើយ សាសន៍​ដទៃ​ក៏​លែង​ផឹក ស្រា​ទំពាំង‌បាយជូរ​ថ្មី​ដែល​អ្នក​បាន​នឿយ‌ហត់ នោះ​ទៀត​ដែរ។ 9 ដ្បិត​អ្នក​ដែល​ច្រូត​កាត់ នឹង​បាន​ស្រូវ​បាន​អង្ករ​បរិភោគ ហើយ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ​ហើយអស់​អ្នក​ដែល​បេះ​ផ្លែ​ទំពាំង‌បាយជូរ នឹង​បាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​នៅ ក្នុង​ទីធ្លា​សក្ការៈ​របស់​យើង»។ 10 ចូរ​នាំ​គ្នា​ចេញទៅ ចូរ​នាំ​គ្នា​ចេញ​តាម​ទ្វារ! ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ប្រជា‌រាស្ត្រ​របស់​យើង! ចូរ​ត្រួស‌ត្រាយ ចូរ​ត្រួស‌ត្រាយ​ផ្លូវ ចូរ​យក​ដុំ​ថ្ម​ចេញ! ហើយ​លើក​ទង់​សញ្ញា​មួយ​ឲ្យ ប្រជា‌ជន​ទាំង‌ឡាយ​ឃើញ! 11 មើល៍! ព្រះ‌អម្ចាស់​ប្រកាស​ប្រាប់​មនុស្ស‌ម្នា​ដែល នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដីដូច​ត​ទៅ «ចូរ​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​ថា មើល៍! ព្រះ‌សង្គ្រោះ​របស់​អ្នក ទ្រង់​យាង​មក​ដល់! មើល៍ ព្រះអង្គនាំនូវរង្វាន់ ហើយសំណងរបស់ព្រះអង្គក៏នាំនៅមុខ»។ 12 ពួកគេ​នឹង​ហៅ​អ្នក​ថា «ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អម្ចាស់​បាន​លោះ» ហើយអ្នក​នឹងត្រូវ​ហៅ​ថា «ទីក្រុង​សំណប់ចិត្ត ក្រុង​ដែល​គេ​មិន​បោះ​បង់​ចោល»។