ជំពូក ៥៦

1 នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរសង្កេតមើលអ្វីដែលត្រឹមត្រូវ ចូរធ្វើអ្វីត្រឹមត្រូវ ដ្បិតសេចក្ដីសង្គ្រោះរបស់យើងជិតមកដល់ហើយ សេចក្តីសុចរិតរបស់យើងក៏ជិតមកដល់ដែរ។ 2 មានពរហើយអ្នកណាដែលប្រព្រឹត្តបែបនេះ ហើយ​កាន់​សេចក្ដី​នេះ​ឲ្យ​ខ្ជាប់‌ខ្ជួន​ផង គឺ​គោរព​ថ្ងៃ​សប្ប័ទ​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ព្រម​ទាំង​មិន​អោយដៃរបស់គេប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ »។ 3 កុំអោយជនបរទេសណាដែលដើរតាមព្រះអម្ចាស់ហើយពោលថា «ព្រះអម្ចាស់ប្រាកដជានឹងដកខ្ញុំចេញពីប្រជារាស្ត្ររបស់ព្រះអង្គ»។ រីឯ​មនុស្ស​កម្រៀវ​ក៏​មិន​ត្រូវ​ពោល​ថា «មើលចុះខ្ញុំជាដើមឈើស្ងួត»។ 4 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​មនុស្ស​កម្រៀវ​ណា​គោរព​ថ្ងៃ​សប្ប័ទ ហើយជ្រើសរើសយកអ្វីដែលគាប់ចិត្តយើងហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង 5 ដូច្នេះយើងនឹងអោយគេសង់ផ្ទះនិងក្នុងកំពែងរបស់យើង យើង​នឹង​ឲ្យ​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង កូន​ប្រុស​កូន​ស្រី​របស់​យើង​ទៅ​ទៀត។ យើង​នឹង​ឲ្យ​គេ​មាន​ឈ្មោះ​នៅ​អស់​កល្ប​ជា‌និច្ច ជា​ឈ្មោះ​ដែល​មិន​ត្រូវ​កាត់​ចេញ​ឡើយ។ 6 រីឯ​ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​ចូលរួមជាមួយព្រះអម្ចាស់គោរពបម្រើព្រះអង្គនិងស្រឡាញ់នាមព្រះអង្គ អស់អ្នកដែលគោរពថ្ងៃសប្ប័ទ ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង 7 ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ហើយអោយគេមានអំណរសប្បាយនៅក្នុងដំណាក់ដែលយើងអធិស្ឋាន។យើង​នឹង​ទទួល​អស់​ទាំង​តង្វាយ​ដុត និង​យញ្ញ‌បូជា​របស់​គេ នៅ​លើ​អាស‌នា។ ដ្បិត​គេនឹងហៅដំណាក់របស់យើងថាជាកន្លែង អធិស្ឋានសំរាប់ប្រជាជាតិទាំងមូល។ 8 នេះគឺជាព្រះបន្ទូលនៃព្រះ‌អម្ចាស់‌ដ៏ជាព្រះ​ ដែល​ប្រមូល​អស់​អ្នក​ត្រូវ​បានគេ​បោះ​បង់ ក្នុង​ជនជាតិ​អុីស្រា‌អែល យើង​នឹង​ប្រមែ‌ប្រមូល​អ្នកផ្សេងឲ្យ​មក​ជួប‌ជុំ​គ្នា​បន្ថែមទៀតផង»។ 9 អស់​ទាំង​សត្វ​នៅ​វាល ហើយ​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​នាំ​គ្នា​មក​ស៊ី​ចំណី! 10 អ្នកយាមរបស់ពួកគេទាំងអស់សុទ្ធ តែខ្វាក់ពួកគេមិនយល់។ ពួកគេទាំងអស់សុទ្ធតែជាឆ្កែដែលមិនចេះព្រុស។ ពួកគេ​តែង‌តែ​ស្រមើ​ស្រមៃ។ ពួកគេ​សម្រាកចុះ ហើយ​ចូល​ចិត្តដេកណាស់។ 11 គេ​ជា​ពួក​ឆ្កែ​សាហាវ ដែល​គិត​តែ​ពី​ត្របាក់​ស៊ី ហើយ​មិន​ចេះ​ស្កប់​ស្កល់​ទេ។ ជា​ពួក​គង្វាល​ដែល​មិន​ចេះ​យល់​សោះ ពួកគេបាន ងាកទៅរកមាគ៌ារៀងៗខ្លួន ម្នាក់ៗលោភលន់ចង់បានផលប្រយោជន៍អយុត្តិធម៌។ 12 «អញ្ជើញ​មក» ពួកគេនិយាយថា «តោះយើង​ផឹក​​ស្រា​ទំពាំង‌បាយ‌ជូរ។ ហើយ​ថ្ងៃ​ស្អែក​នឹង​ដូច​ជា​ថ្ងៃ​នេះ​ដែរ ព្រោះ​ថ្ងៃណាក៏មានស្រាច្រើនដែរ»។