ជំពូក ៥

1 សូមឲ្យខ្ញុំច្រៀងសម្រាប់​សម្លាញ់ចិត្តរបស់​ខ្ញុំ ជា​ចម្រៀង​​អំពី​សម្លាញ់ចិត្តរបស់​ខ្ញុំ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​​គាត់។ សម្លាញ់ចិត្តខ្ញុំមានចម្ការទំពាំងបាយជូរស្ថិតនៅ​លើ​ជម្រាល​ភ្នំ​។ 2 គាត់​បាន​កាប់​គាស់​ដី រើស​ដុំ​ថ្ម​ចេញ ហើយ​ដាំ​ទំពាំង‌បាយជូរ​ពូជ​ល្អ​បំផុត។ គាត់​បាន​សង់​ប៉ម នៅ​កណ្ដាល​ចម្ការ​នោះ និង​ជីក​កន្លែង​បញ្ជាន់​ផ្លែ។ គាត់​រង់ចាំដើម្បីឲ្យបាន​ផ្លែ​ល្អ ប៉ុន្តែ​ចម្ការ​នោះឲ្យផលគឺជាផ្លែទំពាំងបាយជូរព្រៃវិញ។​ 3 ឥឡូវនេះ អ្នក​ក្រុង​យេរូ‌សាឡិម និង​អ្នក​ស្រុក​យូដា​ សូម​កាត់ក្តីរឿង​ខ្ញុំនេះ ហើយនិង​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្ញុំ​ផង។ 4 តើគួរធ្វើអ្វីទៀតដើម្បីឲ្យចម្ការទំពាំងបាយជូររបស់ខ្ញុំកើតផលបាន? ពេលខ្ញុំសម្លឹងមើលផ្លែ​ទំពាំង‌បាយជូរ​ ​ហេតុ​អ្វីបានជាចេញ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ? 5 ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​​ឲ្យ​ដឹងពីអ្វីដែល​ខ្ញុំ​​នឹង​ធ្វើ​ជាមួយ​ចម្ការ​របស់​ខ្ញុំ​ ហើយខ្ញុំនឹង​រើ​របង​ចេញ ហើយវានឹងទៅជាវាលស្មៅ ខ្ញុំ​នឹង​ទម្លុះ​ជញ្ជាំងវាចេញ ឲ្យ​គេ​ចូល​ជាន់​ឈ្លីវិញ។ 6 ខ្ញុំ​បំផ្លាញ​វា​ឲ្យ​ដូច​ចម្ការ​ដែល គេ​បោះ​បង់​ចោល គ្មាន​អ្នក​ណា​លួស​មែកគ្មាន​អ្នក​ណា​ជ្រួយ​ដី​ទៀត​ឡើយ។ គឺ​មាន​តែ​អព្ចាញ បន្លា​ដុះ ពាស‌ពេញ។ ខ្ញុំ​នឹង​ហាម​ពពក​មិន​ឲ្យ​បង្អុរ​ភ្លៀង មក​លើ​ចម្ការ​ឡើយ។ 7 ដ្បិតចម្ការ​ទំពាំង‌បាយជូរ​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ជាជនជាតិ​អីុស្រា‌អែល ហើយមនុស្សនៅយូដា ដើម​ទំពាំង‌បាយជូរ​ដែល​ព្រះអង្គជាអ្នកដាំ។ ​ព្រះ‌អង្គ​ប្រាថ្នា​ចង់​បាន​សេចក្ដី​យុត្តិ‌ធម៌ តែផ្ទុយទៅវិញ បាន​តែ​ការ​សម្លាប់ សម្រាប់មនុស្សសុចរិត​ ហើយនិងសម្រែក​រកជំនួយ​វិញ។ 8 វេទនា​ហើយ! អស់អ្នក​ដែល​យក​ផ្ទះ​គេមក​ភ្ជាប់​ផ្ទះ​របស់​ខ្លួនអស់​អ្នក​ដែល​យក​ដី​គេ មក​ធ្វើជាដី​ខ្លួន​ឯងទាំងអស់់ មានអ្នកម្នាក់គត់ដែលរស់នៅលើទឹកដីនេះ។ 9 ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលមាន​ព្រះ‌បន្ទូល​មកកាន់ខ្ញុំ​ ផ្ទះ​ជា​ច្រើន​​នឹង​ត្រូវ​ចោល​ទទេ ទោះជា​ផ្ទះ​នោះធំ​ល្អបែបណាក្តី នៅតែ​គ្មាន​អ្នក​រស់នៅ​ដែរ។ 10 ដ្បិត​ចម្ការទំពាំងបាយជូរបីហិចតា​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ តែ​មួយបាថ ហើយ​ពូជ​មួយ​ហូមើរ នឹងបាន​ផល​តែ​មួយ​អេផាប៉ុណ្ណោះ។ 11 វេទនា​ដល់​ពួក​អ្នក​ដែល​ក្រោក​ឡើងពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ រហូតដល់ស្រាឆាបឆេះពួកគេ។ 12 ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ តែពួក​គេ​មិនចាប់​អារម្មណ៍​នឹង​កិច្ចការ​ដែលព្រះ‌អម្ចាស់​ ពួកគេក៏មិនបានគិតពីការដែលព្រះហស្តព្រះអង្គធ្វើដែរ។ 13 ហេតុ​នោះហើយ​បាន​ជា​មានមនុស្សរបស់​យើងបាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ដោយ​ព្រោះ​ការ​ខ្វះ​ប្រាជ្ញា មេដឹកនាំរបស់ពួកគេបានឃ្លាន ហើយប្រជាជនទូទៅរបស់ពួកគេក៏គ្មានអ្វីផឹកដែរ។ 14 ដូច្នេះហើយ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់បាន​រីក​ធំ​ឡើង ព្រម​ទាំង​ហា​មាត់​យ៉ាង​ធំផងដែរ​ ហើយលេប​យក​ទាំង​ពួកអ្នក​ធំរបស់គេ ទាំង​ប្រជា‌ជន​តូច‌តាចដែលសប្បាយចិត្តនិងគេ ក៏ត្រូវ​ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹងដែរ។ 15 មនុស្ស​នឹងបង្ខំឲ្យត្រូវ​ទាប​ចុះ ហើយ​មនុស្ស​ទាំងមូល​ក៏​ត្រូវ​បន្ទាប​ខ្លួនដែរ ចំណែក​ភ្នែក​របស់​អ្នក​មាន​ឫក​ខ្ពស់​នឹង​ត្រូវ​សំយុង​។ 16 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង លើកតម្កើងដោយ​សេចក្ដី​យុត្តិ‌ធម៌ ហើយព្រះ​ដ៏​បរិសុទ្ធគឺនឹងបង្ហាញព្រះអង្គថាបរិសុទ្ធ ដោយ​សេចក្ដី​សុចរិត​វិញ។ 17 ក្រោយមក កូន​ចៀម​នឹង​រក​ស៊ី​ដូច​ជា​​វាល​ស្មៅ​របស់​វាហើយបំផ្លាញ ចៀមទាំងនោះនឹងសុីស្មៅរបស់ជនជាតិដ៏ទៃផងដែរ។ 18 វេទនាហើយ អស់​អ្នក​ដែល​ខំ​ប្រឹង​ប្រព្រឹត្ត​អំពើ​បាប ដូច​គោ​ខំ​ប្រឹង​ទាញ​រទេះ ព្រោះ​គេ​នឹង​ទទួល​ទោស តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ 19 វេទនា​ហើយ ​​អ្នក​ដែលនិយាយ​ថា «សូម​ព្រះ‌ជាម្ចាស់ប្រញាប់ឡើង ដើម្បី​ឲ្យ​យើង​បាន​ឃើញ​ផង សូម​ឲ្យ​គម្រោង‌ការ​របស់​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អុីស្រា‌អែល​បាន​សម្រេច​ចុះ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ផង»។ 20 វេទនាហើយ អស់​អ្នក​ដែល​ហៅ​អំពើ​អាក្រក់​ថា​ល្អ ហៅ​អំពើ​ល្អ​ថា​អាក្រក់ ចាត់​ទុក​ភាព​ងងឹត​ថា​ជា​ពន្លឺ ចាត់​ទុក​ពន្លឺ​ថា​ជា​ភាព​ងងឹត ហើយ​ចាត់​ទុក​ការ​ជូរ​ចត់​ថា​ផ្អែម ចាត់​ទុក​ផ្អែម​ថា​ជា​ការ​ជូរ​ចត់! 21 វេទនាហើយ អស់​អ្នក​ដែល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា ហើយ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​ចេះ​ដឹង! 22 វេទនាហើយ អស់​អ្នក​ដែល​ចូលចិត្ត​ផឹក​ស្រា ហើយ​ជា​ជើង​ឯក​ខាង​លាយស្រា​ខ្លាំង 23 ពួក​គេ​ទទួល​សំណូក ហើយ​ចាត់​ទុកអំពើអាក្រក់ថា​គ្មាន​ទោសដោយសារប្រាក់ និង​ដកហូតសិទ្ធពី​គ្មាន​ទោស​វិញ! 24 ហេតុ​នេះហើយ ដូច​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ស្បូវ ហើយក៏ដូចជា​ចំបើង​ត្រូវ​ភ្លើង​ឆេះ​ដែរ ដូច្នេះពួក​គេ​នឹង​រលួយ​ទាំង​ឫសផង និងផ្កា​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ធូលី​ដី។ ការទាំងនេះនឹងកើតឡើងដោយសារពួកគេបានបដិសេធ ច្បាប់នៃព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ហើយ​មាក់​ងាយ​ព្រះ‌បន្ទូល​របស់ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អុីស្រា‌អែល។ 25 ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះ‌អម្ចាស់​ ព្រះ‌ពិរោធ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ ព្រះជាម្ចាស់​លើក​ព្រះ‌ហស្ដនៃព្រះអង្គ ទាស់នឹង​គេហើយវាយប្រហារពួកគេផង។ ភ្នំ​ទាំង‌នោះ​នឹង​ត្រូវ​រង្គើ ហើយ​នឹង​មាន​សាក‌សព​ដូច​ជា​សំរាម នៅ​​តាម​ដង​ផ្លូវ។ នៅក្នុងការទាំងអស់នេះ ព្រះ‌ពិរោធ​របស់ព្រះអង្គ​នៅ​តែ​មិន​ស្ងប់​ដែរ ផ្ទុយទៅវិញ ព្រះអង្គ​លើក​ព្រះ‌ហស្ដសន្ធឹងចេញទៅរកគេ។ 26 ព្រះជាម្ចាស់​លើក​ទង់​ឡើង ជា​សញ្ញា​ដល់​គ្រប់ប្រជា‌ជាតិ ដែល​នៅ​ឆ្ងាយៗ ដ្បិតគឺជាសម្លេងអ្នកដែលនៅ​ចុង​ផែនដី។ ចូរមើល៍ ​ពួក​ខ្មាំង​នឹង​ខំ​សង្វាត​មក​ដោយ​ប្រញាប់។ 27 ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​នឿយ‌ហត់ គ្មាន​នរណា​ម្នាក់​បាក់​កម្លាំង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ងោក‌ងុយដែរ។ គ្មាន​នរណា​ម្នាក់​ដោះ​ខ្សែ​ក្រវាត់​ចេញ​ពី​ចង្កេះ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​សោះ​ឡើយ។ 28 ពួក​គេ​សំលៀង​មុខ​ព្រួញ​របស់​ខ្លួន​ជានិច្ច ហើយធ្នូ​របស់​គេ​នៅ​ត្រៀម​ជា​ស្រេច ក្រចក​ជើង​សេះ​របស់​គេ​ដូច​ថ្ម​ភ្លឺ​រលើប កង់​រទេះ​របស់​គេ​ប្រៀប​ដូច​ជា​ខ្យល់​កួចផងដែរ។ 29 សម្រែក​របស់​គេ​ប្រៀប​បានទៅ​នឹង​សត្វ​សិង្ហ ពួកគេ​គ្រហឹម​ដូច​ជា​សិង្ហ​ស្ទាវ។ ពួកគេចាប់​រំពា​នាំ​យក​ទៅ គ្មាន​នរណា​អាច​មក​រំដោះឲ្យ​រួច​បាន​ឡើយ។ 30 នៅថ្ងៃនោះ ពួកគេនឹង​មាន​ឮ​សន្ធឹក​ដូច​ស្នូរ​សមុទ្រគ្រហឹម។ បើអ្នកណាមើល​ទៅកាន់ទឹកដីនោះ អ្នកនោះ​នឹងឃើញ​ភាព​ងងឹតនិង​ការ​ឈឺ​ចាប់ ហើយ​នឹង​មាន​ពពក​យ៉ាង​ក្រាស់​មក​បាំង​ពន្លឺ​ថ្ងៃ ឲ្យ​ប្រែ​ទៅ​ជា​ងងឹត​ដែរ។