ជំពូក ៣០

1 ព្រះអម្ចាស់មានបន្ទូលថា «វេទនាដល់អស់កូនចៅដែលបះបោរ»។ «ពួកគេមានគម្រោងការតែមិនមែនចេញពីយើងទេ ពួកគេបានចង់សម្ពន្ធមិត្តជាមួយសាសន៍ដទៃ ដែលផ្ទុយពីឆន្ទៈរបស់យើង គេប្រព្រឹត្តអំពើបាបផ្ទួនៗ។ 2 ពួកគេនាំគ្នាចេញដំណើរទៅស្រុកអេស៊ីប ដោយមិនបានសុំយោបល់ពីយើងសោះ។ គេសុំការការពារពីស្តេចផារ៉ោន ហើយជ្រកកោននៅក្នុងម្លប់ស្រុកអេស៊ីប។ 3 ដូច្នេះហើយ ការពឹងអាងលើស្តេចផារ៉ោន នឹងនាំឲ្យអ្នករាល់គ្នាមានសេចក្តីខ្មាសវិញ ហើយការជ្រកកោនក្រោមម្លប់នៅស្រុកអេស៊ីបនឹងនាំឲ្យអ្នករាល់គ្នាអាប់មុខវិញ 4 ទោះបីអ្នកដឹកនាំរបស់គេសុទ្ធតែនៅក្រុងសូអាន ពួកទូតរបស់អ្នករាល់គ្នាបានមកដល់ក្រុងហានេសដែរ។ 5 ពួកគេនឹងអាម៉ាស់មុខដោយព្រោះសាសន៍នោះមិនអាចជួយអ្វីដល់គេបាន ជាសាសន៍ដែលមិនបានជាជំនួយ ឬ សង្គ្រោះអ្វីឡើយតែបែរជានាំឲ្យមានសេចក្តីអាម៉ាស់ និង សេចក្តីអាប់យសប៉ុណ្ណោះ»។ 6 សេចក្តីប្រកាសអំពីសត្វនៅវាលរហោស្ថានណេកិប ពួកគេដើរឆ្លងកាត់វាលរហោស្ថានដ៏គ្រោះថ្នាក់បំផុត ដែលមានសិង្ហ មានពស់វែក និងនាគហោះ គេដឹកទ្រព្យសម្បត្តិមានតម្លៃរបស់គេនៅលើខ្នងលា និងលើខ្នងអូដ្ឋយកទៅជូនប្រជាជនដែលមិនអាចជួយអ្វីដល់គេបាន។ 7 ត្បិតជំនួយមកអំពីស្រុកអេស៊ីបគ្មានតម្លៃឥតប្រយោជន៍អ្វីសោះ ដូច្នេះហើយយើងបានហៅគេថា "រ៉ាហាប ជាអ្នកដែលអង្គុយស្ងៀមត្រឹង។ 8 ឥឡូវនេះ ចូរចេញទៅ ហើយសរសេរសេចក្តីនេះនៅចំពោះមុខពួកគេទុកលើបន្ទះថ្ម ហើយកត់ត្រាទុកក្នុងសៀវភៅ ដើម្បីទុកជាបន្ទាល់នៅថ្ងៃខាងមុខ។ 9 ត្បិតអស់អ្នកដែលរឹងចចេស ជាពួកកូនចៅដែលកុហក ពួកកូនចៅដែលមិនស្តាប់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ 10 ពួកគេក៏ពោលទៅពួកគ្រូទាយថា «កុំមើលឲ្យសោះ» ហើយពោលទៅពួកហោថា «កុំថ្លែងពីសេចក្តីពិតឲ្យយើងស្តាប់់ឲ្យសោះ ត្រូវនិយាយតែពាក្យបញ្ចើចបញ្ចើ ទាយតែពាក្យប្រឌិតបានហើយ។ 11 ត្រូវបែរចេញពីផ្លូវសុចរិត ងាកចេញពីផ្លូវត្រឹមត្រូវ សូមឈប់និយាយឲ្យយើងឮពីព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែលនៅចំពោះមុខយើង»។ 12 ដូច្នេះហើយ បាន1ជាព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែលមានបន្ទូលថា «ដោយព្រោះឯងរាល់គ្នាមិនទទួលពាក្យយើង ហើយបែរទៅពឹងលើការឆបោក និងកលល្បិច 13 ដូច្នេះអំពើបាបទាំងនេះនឹងបានដូចកំពែងដែលបាក់បែកហៀបនឹងរលំមក ដូចជាកន្លែងទ្រេតនៅកំពែងយ៉ាងខ្ពស់ដែលរលំបាក់បែកមួយរំពេច»។ 14 ព្រះជាម្ចាស់នឹងបំបែក ដូចជាគេបំបែកឆ្នាំងជាងស្មូន ហើយព្រះអង្គនឹងបំបែកគ្មានសល់ ដោយគ្មានឃើញបំណែកសល់ សូម្បីតែយកទៅប្រើដើម្បីកាយរងើកភ្លើងពីចង្ក្រានពុំបាន ឬក៏យកទៅដងទឹកពុំបានផង។ 15 ត្បិតនេះជាអ្វីដែលព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែលបានមានបន្ទូលថា «បើអ្នករាល់គ្នាបែរមករកយើង ហើយសម្រាក នោះអ្នករាល់គ្នានឹងបានសង្គ្រោះ នៅក្នុងការស្ងៀមស្ងាត់និងការទុកចិត្តនឹងជាកម្លាំងរបស់អ្នក។ តែអ្នករាល់គ្នាមិនព្រមធ្វើទេ។ 16 អ្នករាល់គ្នាបានពោលថា «ទេ! យើងនឹងជិះសេះចេញទៅ» នោះអ្នករាល់គ្នានឹងចេញទៅមែន ហើយ «យើងនឹងចេញទៅជាមួយរទេះច្បាំងយ៉ាងលឿន» តែរទេះរបស់ខ្មាំងអ្នករាល់គ្នាលឿនជាងទៅទៀត។ 17 មានមួយពាន់នាក់នឹងរត់ចេញទៅ ហើយមានម្នាក់សម្លុត បើសិនជាមានគ្នាប្រាំនាក់មកការសម្លុត នោះអ្នករាល់គ្នានឹងខ្ចាត់ខ្ចាយ ប្រៀបបានដូចជាបង្គោលមួយនៅលើភ្នំ ឬដូចជាទង់មួយនៅលើទួល»។ 18 ប៉ុន្តែព្រះអម្ចាស់រង់ចាំផ្តល់ព្រះគុណដល់អ្នករាល់គ្នា ដូច្នេះហើយព្រះអង្គនឹងសម្តែងសេចក្តីមេត្តាករុណាដល់អ្នករាល់គ្នា។​ ត្បិតព្រះអម្ចាស់ជាព្រះយុត្តិធម៌ មានពរហើយដល់អស់អ្នកដែលរង់ចាំទ្រង់។ 19 ត្បិតប្រជាជនដែលរស់នៅក្រុងស៊ីយ៉ូន ដែលនៅក្នុងក្រុងយេរ៉ូសាឡិម ហើយអ្នកមិនត្រូវជូតទឹកភ្នែកទៀតទេ។ ព្រះជាម្ចាស់នឹងសម្តែងព្រះគុណដល់អ្នកចំពោះសម្រែក ទួញយំរបស់អ្នក។ ពេលព្រះអង្គឮព្រះអង្គនឹងឆ្លើយតបអ្នករាល់គ្នា។ 20 ទោះបីជាព្រះអម្ចាស់ប្រទានគ្រោះកាចទុកជាអាហារ ហើយប្រទានទុក្ខវេទនាជាទឹកដល់អ្នករាល់គ្នាផឹក នោះពួកគ្រូរបស់អ្នកនឹងមិនអាចលាក់ពីអ្នកបានទៀតឡើយ តែអ្នកនឹងឃើញពួកគ្រូរបស់អ្នកដោយភ្នែកអ្នកផ្ទាល់។ 21 ត្រចៀកអ្នកនឹងឮពាក្យមកពីក្រោយការនិយាយរបស់អ្នកវិញ «នេះគឺជាផ្លូវ ដើរតាមនេះ» នៅពេលដែលអ្នកបែរទៅស្តាំ​ ឬនៅពេលដែលអ្នកបែរទៅឆ្វេង។ 22 ពេលនោះអ្នកនឹងចាត់ទុកប្រាក់ និង មាសដែលស្រោបរូបបដិមាកររបស់អ្នកថាជារបស់ស្មោកគ្រោកវិញ។ អ្នកនឹងបោះរូបបដិមាករទាំងនោះដូចជាសំរាម។ អ្នកនឹងពោលពួកគេថា «ចេញពីទីនេះទៅ»។ 23 ព្រះអង្គនឹងបង្ហូរទឹកភ្លៀងទៅលើគ្រាប់ពូជដែលអ្នកបានសាបព្រួសលើដី ហើយអ្នកនឹងបានអាហារយ៉ាងហូរហៀរពីដី ហើយដំណាំរបស់អ្នកនឹងបង្កើតផលល្អយ៉ាងបរិបូណ៌ផង។ នៅថ្ងៃនោះហ្វូងសត្វរបស់អ្នកនឹងស៊ីស្មៅក្នុងវាលដ៏ធំល្វឹងល្វើយ។ 24 ចំណែកគោ នឹងសត្វលាដែលព្យួរដីនឹងបានស៊ីស្មៅឆ្ងាញ់បំផុតដែលបានរាស់នឹងចប និងរនាស់។ 25 នៅគ្រប់ទាំងភ្នំខ្ពស់ និង ភ្នំតូចទាំងប៉ុន្មានមានជ្រោះ និង ផ្លូវទឹក ជាថ្ងៃដែលមានការប្រហារជីវិតយ៉ាងធំ ក្នុងការដែលកំពែងទាំងប៉ុន្មានត្រូវរលំ។ 26 ពន្លឺព្រះច័ន្ទនឹងភ្លឺដូចពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង ដូចជាពន្លឺថ្ងៃប្រាំពីររួមគ្នាតែមួយបំភ្លឺពេលថ្ងៃ។ ព្រះអម្ចាស់នឹងរុំកន្លែងដែលបាក់បែកនៃប្រជាជនព្រះអង្គ ហើយព្យាបាលរបួសឈឺចាប់របស់គេឲ្យបានជាវិញ។ 27 ចូរមើល៍! ព្រះនាមរបស់ព្រះអម្ចាស់មកពីទីកន្លែងដែលឆ្ងាយ ពោពេញដោយកំហឹងដែលឆេះដូចផ្សែង។ ព្រះឱស្ឋរបស់ព្រះអង្គមានបន្ទូលពេញទៅដោយពាក្យពិរោធ ហើយអណ្តាតរបស់ព្រះអង្គគឺដូចជាភ្លើងដែលលេបត្របាក់។ 28 ដង្ហើមដែលចេញពីព្រះអង្គប្រៀបដូចជាទឹកដែលជោរជន់ត្រឹមក ដើម្បីនឹងរែងប្រជាជនទាំងនោះឲ្យវិនាសបង់។ ហើយព្រអង្គនឹងដាក់បង្ហៀរនៅនឹងមាត់របស់សាសន៍ហើយនាំឱ្យគេវង្វេងទៅ។ 29 អ្នករាល់គ្នានឹងច្រៀងសប្បាយដូចនៅក្នុងរាត្រីជប់លៀងដែលប្រារព្ធឡើង ហើយមានចិត្តអំណររីករាយដូចដើរតាមចង្វាក់ខ្លុយឡើងលើភ្នំរបស់ព្រះអម្ចាស់ឆ្ពោះទៅថ្មដារបស់ជនជាតិអុីស្រាអែល។ 30 ព្រះអម្ចាស់នឹងបន្លឺព្រះសូរសៀងឲ្យឮ ហើយនឹងសម្តែងព្រះចេស្តាដែលធ្វើទោស នឹងព្រះពិរោធរបស់ព្រះអង្គ និងអណ្តាតភ្លើង ព្រមទាំងខ្យល់ព្យុះសង្ឃរា និងដុំព្រិលធ្លាក់ចុះមកផង។ 31 ត្បិតព្រះសូរសៀងរបស់ព្រះអម្ចាស់ នឹងធ្វើឲ្យសាសន៍អាសស៊ើរ នឹងត្រូវភ័យស្លុត ហើយព្រះអង្គនឹងធ្វើទុក្ខគេដោយដំបង។ 32 ហើយគ្រប់ទាំងដំបងដែលព្រះអម្ចាស់ប្រើដើម្បីវាយគេឮសូរក្រាប់ និង ពិណប្រគុំជាតន្រ្តីឡើង ដូចដែលព្រះអង្គច្បាំងនឹងតយុទ្ធជាមួយពួកគេ។ 33 ត្បិតគេនឹងរៀបចំកន្លែងបូជាយូរណាស់មកហើយរួចជាស្រេច គឺរៀបចំសម្រាប់ស្តេច ហើយព្រះអម្ចាស់បានជីករណ្តៅយ៉ាងជ្រៅ ហើយទូលាយ។ ហើយក៏ប្រមូលគំនរអុសយ៉ាងច្រើនទុក សម្រាប់ ដុត។ ខ្យល់នៃព្រះអម្ចាស់ប្រៀបបាននឹងស្ពាន់ធ័រនឹងបក់បង្កាត់ភ្លើងនោះ។​