ជំពូក ១៩
1
សេចក្តីប្រកាសអំពីអេសុីប។ មើល៍! ព្រះអម្ចាស់យាងមកស្រុកអេស៊ីបដោយគង់លើពពកមួយដុំ ដែលរសាត់យ៉ាងលឿន អស់ទាំងរូបព្រះរបស់ស្រុកអេស៊ីព្ទនឹងញាប់ញ័រនៅចំពោះព្រះអង្គ ហើយចិត្តពួកសាសន៍អេស៊ីប នឹងរលត់ទៅនៅក្នុងខ្លួនគេ។
2
«យើងនឹងធ្វើអោយជនជាតិអេស៊ីបប្រព្រឹត្ដប្រឆាំងនឹងជនជាតិអេស៊ីប ទីក្រុងមួយនឹងធ្វើសង្គ្រាមទាស់នឹងទីក្រុងមួយហើយនគរមួយប្រឆាំងនឹងនគរមួយទៀត។
3
គំនិតរបស់សាសន៍អេស៊ីព្ទ នឹងភាពកំសោយក្នុងកណ្ដាលគេ។ ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ គ្រូសន្ធាប់ គ្រូខាប និងពួកគ្រូគាថារបស់គេ។
4
យើងនឹងប្រគល់ជនជាតិអេស៊ីបទៅក្នុងកណ្តាប់ដៃរបស់ម្ចាស់ដ៏សាហាវម្នាក់ ហើយស្តេចដ៏អាក្រក់ផ្ដាច់ការនឹងគ្រប់គ្រងលើពួកគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល»។
5
ទឹកសមុទ្រនឹងរីងស្ងួតហើយទឹកទន្លេក៏ស្រក ហើយរីងអស់ទៅ។
6
ដៃទន្លេទាំងប៉ុន្មាននឹងធុំស្អុយ ហើយព្រែកទាំងពួងនៃស្រុកអេស៊ីប នឹងអន់ថយ ហើយរីងស្ងួតទៅ ចំណែកដើមបបុស ដើមត្រែងនឹងស្វិតក្រៀម។
7
វាលស្មៅនៅតាមដងទន្លេនីល និងមាត់ទន្លេនីលនិងវាលស្រែទាំងអស់នៃទន្លេនីលនឹងរីងស្ងួត ប្រែទៅជាធូលីហើយផាត់បាត់ទៅ។
8
អ្នកនេសាទនឹងយំសោក កាន់ទុក្ខ ចំណែកពួកអ្នកដែលបោះសន្ទូចក្នុងទន្លេនីល នឹកស្រណោះស្រណោក ហើយពួកអ្នកបង់សំណាញ់ដែរ។
9
ពួកអ្នកដែលរកស៊ីធ្វើខ្លូតទេសយ៉ាងម៉ដ្ត និងពួកដែលត្បាញសំពត់ស នឹងប្រែទឹកមុខទៅជាស្លេកស្លាំង។
10
ពួកអ្នកធ្វើការងារ ទាំងប៉ុន្មាននៃអេសុីប នឹងត្រូវរលាយខ្ទេចទៅ ហើយពួកជើងឈ្នួលនឹងស្លុតចិត្ត។
11
មេដឹកនាំនៅក្រុងសូអានគឺល្ងីល្ងើ។ ចំណែកក្រុមប្រឹក្សាដ៏ពូកែរបស់ព្រះចៅផារ៉ោនបានក្លាយជាមនុស្សឥតន័យ។ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាទូលទៅផារ៉ោនបានថា «ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ?»
12
តើអ្នកប្រាជ្ញរបស់ទ្រង់នៅឯណា? សូមឲ្យពួកគេទូលព្រះករុណាអំពីអ្វីដែលព្រះអម្ចាស់នៃពិភពទាំងមូល មានគំរោងទាក់ទងនឹងអេស៊ីប។
13
ពួកមេដឹកនាំរបស់សូអានបានក្លាយជាមនុស្សល្ងីល្ងើ ហើយមេដឹកនាំរបស់ក្រុងណូបត្រូវបានគេបោកបញ្ឆោត។ ពួកអ្នកដែលជាសសរកន្លោងក្នុងពូជអំបូរ បាននាំស្រុកអេស៊ីព្ទឲ្យវង្វេង។
14
ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេឡប់ស្មារតីពួកគេនឹងនាំស្រុកអេស៊ីបឲ្យវង្វេង ក្នុងគ្រប់ វិស័យទាំងអស់ គឺប្រៀបដូចជាមនុស្សប្រមឹក ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។
15
គ្មានការអ្វីសម្រាប់ឲ្យជនជាតិអេស៊ីបអាចធ្វើបានឡើយ ទោះជាក្បាល ឬកន្ទុយជាមែកឬធាង។
16
នៅគ្រានោះ ជនជាតិអេស៊ីបនឹងបានដូចជាស្ត្រី។ ពួកគេ នឹងញ័ររន្ធត់ហើយតក់ស្លុត នៅពេលឃើញព្រះអម្ចាស់នៃពិភពទាំងមូល លើកព្រះហស្ដគំរាមពួកគេ។
17
ហើយទឹកដីយូដានឹងត្រឡប់ជាទីស្ញែងខ្លាចដល់ជនជាតិអេស៊ីប ពេលណារំឭកពីយូដា គេភ័យខ្លាចណាស់ ដោយសារផែនការរបស់ព្រះអម្ចាស់ហើយនេះជាផែនការដើម្បីប្រឆាំងនឹងពួកគេ។
18
នៅថ្ងៃនោះ នឹងមានទីក្រុងប្រាំនៅក្នុងស្រុកអេស៊ីបដែលនិយាយភាសាកាណាន ហើយស្បថនឹងព្រះអម្ចាស់នៃពិភពទាំងមូល។ ទីក្រុងមួយក្នុងចំណោមទីក្រុងទាំងនោះនឹងត្រូវបានគេហៅថា ទីក្រុងកណ្តាលថ្ងៃ។
19
នៅថ្ងៃនោះនឹងមានអាសនៈមួយថ្វាយព្រះអម្ចាស់ នៅចំកណ្តាលចំណោមអេស៊ីប គេនឹងដំឡើងស្តូបមួយថ្វាយព្រះអម្ចាស់នៅក្បែរព្រំដែន។
20
នេះជាទីសំគាល់និងជាបន្ទាល់របស់ព្រះអម្ចាស់នៃពិភពទាំងមូល នៅស្រុកអេស៊ីប។ ដ្បិតគេនឹងអំពាវនាវដល់ព្រះអម្ចាស់ ដោយព្រោះពួកអ្នកដែលសង្កត់សង្កិនគេ ព្រះអង្គនឹងចាត់អ្នកសង្គ្រោះម្នាក់ឲ្យមកការពារ និងរំដោះពួកគេ។
21
ព្រះអម្ចាស់នឹងសម្តែងឲ្យជនជាតិអេស៊ីបស្គាល់ព្រះអង្គ ពួកគេនឹងថ្វាយបង្គំដោយថ្វាយយញ្ញបូជានិងតង្វាយនានាហើយពួកគេនាំគ្នាស្បថនឹងព្រះអម្ចាស់ ពួកគេនាំគ្នាបន់ព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។
22
ព្រះអម្ចាស់នឹងធ្វើអោយស្រុកអេស៊ីបរងទុក្ខវេទនានិងព្យាបាលជំងឺ។ ពួកគេនឹងវិលមករកព្រះអម្ចាស់វិញ ព្រះអង្គនឹងព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់គេហើយព្រះអង្គនឹងប្រោសពួកគេអោយបានជា។
23
នៅគ្រានោះ នឹងមានផ្លូវមួយភ្ជាប់ពីអេស៊ីបទៅដល់អាស្ស៊ីរី ហើយជនជាតិអាស្ស៊ីរី គេនឹងមកអេស៊ីបដែរ ហើយជនជាតិអេស៊ីប នឹងទៅអាស្ស៊ីរីផងដែរ ពួកជនជាតិអេស៊ីបនឹងថ្វាយបង្គំជាមួយពួកជនជាតិអាស្ស៊ីរី។
24
នៅថ្ងៃនោះ ជនជាតិអុីស្រាអែលនឹងមករួមជាមួយជនជាតិអេស៊ីប ហើយជនជាតិអាស្ស៊ីរីជាទីបញ្ចេញពរនៅកណ្ដាលផែនដី
25
ព្រះអម្ចាស់នៃពិភពទាំងមូល នឹងប្រទានពរដល់ពួកគេដោយពោលថា៖ «សូមលើកតម្កើងជនជាតិអេស៊ីប ប្រជាជនរបស់យើង ហើយស្រុកអាស្ស៊ីរីដែលជាស្នាដៃរបស់យើង និងអុីស្រាអែល ជាមរតករបស់យើងផង»។