ជំពូក ៣០
1
ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំ សើចចំអកឲ្យខ្ញុំ! ឪពុករបស់អ្នកទាំងនោះ សុទ្ធតែជាមនុស្សប្រើការមិនកើត សូម្បីតែប្រើឲ្យកៀងហ្វូងសត្វ ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។
2
កម្លាំងដៃរបស់ឪពុកអ្នកទាំងនោះ ប្រើមិនកើតទេ តើធ្វើដូចម្តេចអាចជួយខ្ញុំបាន ហើយមនុស្សវ័យកាន់តែចាស់តើមិនវិនាសទេឬ?
3
ពួកគេស្គមដោយដោយការក្រីក្រ និងឃ្លានខ្លាំងពេក ពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសាន រាំងស្ងួតតាំងពីយូរយារមកហើយ។
4
ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត យកមកធ្វើជាអាហារ សូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។
5
មនុស្សម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជន ហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។
6
ពួកគេនាំគ្នារត់ទៅស្នាក់អាស្រ័យ នៅតាមជ្រលងភ្នំដ៏ចង្អៀតគួរព្រឺខ្លាច និងនៅតាមរូងភ្នំ តាមក្រហែងថ្ម។
7
ពួកគេស្រែកនៅក្នុងគុម្ពោតព្រៃ ដូចសត្វធាតុ ហើយប្រជ្រៀតគ្នានៅក្រោមដើមផ្អាវ។
8
ពួកគេគឺជាកូននៃមនុស្សល្ងង់ ហើយជាកូននៃមនុស្សមិនដឹងខ្យល់ ឥតពូជឥតអំបូរ ហើយពួកគេត្រូវបានអ្នកស្រុកដេញចេញពីទឹកដីរបស់គេផង។
9
ប៉ុន្តែ ឥឡូវនេះ ពួកកូនចៅរបស់គេបែរជានាំគ្នា ច្រៀងឡកឡឺយ និងយកខ្ញុំមកនិយាយលេងសើច។
10
ពួកគេខ្ពើមខ្ញុំ ហើយដើរវាងឆ្ងាយពីខ្ញុំ ពួកគេមិនញញើតនឹងស្ដោះទឹកមាត់ ដាក់មុខខ្ញុំផង។
11
ដ្បិត ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបន្ទាបបន្ថោកខ្ញុំ ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ តាមចិត្តរបស់ពួកគេ។
12
ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្ដាំ ពួកគេទាត់ជើងខ្ញុំ ហើយសង្គ្រប់មកលើខ្ញុំ ដើម្បីកម្ទេចខ្ញុំផងដែរ។
13
ពួកគេបានបំផ្លាញផ្លូវខ្ញុំ មិនឲ្យរត់រួច ពួកគេប្រាថ្នាធ្វើឲ្យខ្ញុំវិនាស ដោយមិនបាច់មាននរណាឃាត់ពួកគេបានឡើយ។
14
ពួកគេលើកគ្នាសម្រុកមកលើខ្ញុំ ដូចកងទ័ពទម្លុះកំពែង សម្រុកចូលវាយក្រុងដ៏ធំមួយ ហើយនៅកណ្តាលនៃការបំផ្លាញនោះ គេបានរមៀលខ្លួនពួកគេមកលើខ្ញុំ។
15
ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំ កិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់ ភាពចម្រុងចម្រើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។
16
ឥឡូវនេះ ជីវិតរបស់ខ្ញុំកំពុងតែរលត់ គ្មានអ្វីសម្រាលទុក្ខវេទនារបស់ខ្ញុំបានទេ។
17
នៅពេលយប់ ការឈឺចាប់ស៊ីរូងឆ្អឹងរបស់ខ្ញុំឥតមានពេលល្ហែសោះឡើយ។
18
ព្រះជាម្ចាស់បានជំរុញការឈឺចាប់ខ្លាំងពេក រហូតដល់ធ្វើឲ្យ សម្លៀកបំពាក់របស់ខ្ញុំ ហើយរឹតរួតខ្ញុំ ដូចកអាវរឹតកខ្ញុំ។
19
ព្រះជាម្ចាស់បានបោះខ្ញុំទៅក្នុងភក់ជ្រាំ ខ្ញុំមិនខុសពីធូលីដី និងផេះទេ។
20
ទូលបង្គំស្រែកអង្វរសូមព្រះអង្គជួយ តែព្រះអង្គមិនឆ្លើយមកទូលបង្គំទេ ពេលទូលបង្គំក្រោកឈរ ព្រះអង្គគ្រាន់តែសម្លឹងមកទូលបង្គំប៉ុណ្ណោះ។
21
ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅ ព្រះអង្គប្រហារទូលបង្គំ ជាមួយព្រះហស្ថដ៏ខ្លាំងពូកែ មកលើទួលបង្គំ។
22
ព្រះអង្គលើកទូលបង្គំឡើង ហើយឲ្យខ្យល់ផាត់ទូលបង្គំយកទៅ ព្រមទាំងឲ្យខ្យល់ព្យុះបក់បោក មកលើទូលបង្គំផង។
23
ដ្បិត ទូលបង្គំដឹងហើយថាព្រះអង្គនាំទូលបង្គំ ទៅរកសេចក្ដីស្លាប់ គឺនៅកន្លែងដែលរបស់ដែលមានជីវិតរស់នៅ។
24
ទោះជាយ៉ាងណាក៏ដោយ តើមានអ្នកណាដែលខ្លួនជិតដួលហើយមិនលូកដៃ សុំរកជំនួយទេឬ?
25
តើនៅពេលជួយបញ្ហា ហើយមិនស្រែកហៅឲ្យគេជួយទែឬ?
26
ខ្ញុំសង្ឃឹមថាបានសុភមង្គល តែទុក្ខវេទនាបែរជាកើតមានដល់ខ្ញុំ ខ្ញុំទន្ទឹងរង់ចាំពន្លឺ តែសេចក្ដីងងឹតបែរជា កើតមានដល់ខ្ញុំទៅវិញ។
27
ចិត្តរបស់ខ្ញុំតប់ប្រមល់ ឥតឈប់ឈរ ទុក្ខលំបាកកើតមានដល់ខ្ញុំរៀងរាល់ថ្ងៃ។
28
មុខរបស់ខ្ញុំឡើងខ្មៅ តែមិនមែនដោយសារកម្ដៅថ្ងៃទេ ខ្ញុំក្រោកឈរនៅទីប្រជុំជន ស្រែកហៅគេឲ្យជួយ។
29
ខ្ញុំបានក្លាយមកជាបងប្អូនរបស់ឆ្កែព្រៃ និងជាមិត្តសម្លាញ់របស់ខ្លែងស្រាក។
30
ស្បែករបស់ខ្ញុំឡើងខ្មៅ ហើយបានធ្លាក់ចុះពីខ្ញុំដែរ ឆ្អឹងរបស់ខ្ញុំបានឆេះដោយសារកំដៅថ្ងៃ។
31
សំលេងពិណរបស់ខ្ញុំលេងបានតែបទទំនួញ សំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរ អស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។