ជំពូក ៣

1 បន្ទាប់​មក លោក​យ៉ូប​បើកមាត់ ហើយ​ដាក់​បណ្ដាសា​ថ្ងៃ​កំណើត​របស់​លោក។ 2 លោក​បាននិយាយ​ថា៖ 3 «សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​បាន​កើត​មក​នោះ វិនាសទៅ ចំណែក​យប់​វិញគាត់និយាយថា៖ កូន​ប្រុស​ម្នាក់​ចាប់​ផ្ទៃ​ហើយ​នោះ ជា​យប់​អព‌មង្គល។ 4 សូម​ឲ្យ​ថ្ងៃ​នោះ​ប្រែ​ទៅ​ជា​ងងឹត ហើយ​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់ ដែល​គង់​នៅ​ស្ថាន​លើ ចងចាំពី​ថ្ងៃ​នោះ ហើយ​ក៏​កុំ​ឲ្យ​មាន​ពន្លឺ​​ថ្ងៃ​ចាំងលើថ្ងៃនោះដែរ។ 5 សូម​ឲ្យ​ភាព​ងងឹត និង​ភាព​អន្ធការ គ្រប​បាំង​ថ្ងៃ​នោះ។ ហើយ​សូម​ឲ្យ​មាន​ភាព​អាប់‌អួរ​គ្រប​បាំង មកលើវាដែរ សូមឲ្យអ្វីដែលកើតនៅថ្ងៃនោះ ត្រឡប់ទៅជាខ្មៅ ពិតជាវេទនាទាំងអស់។ 6 ដ្បិតសម្រាប់​យប់​នោះ​វិញ ក៏​សូម​ឲ្យ​ភាព​ងងឹត គ្រប​បាំង​វា​ដែរ។ សូម​កុំ​ឲ្យ​គេ​រាប់​បញ្ចូល​យប់​នោះ​ទៅ​ក្នុង ខែ និង​ឆ្នាំ​ឡើយ។ 7 មើល! សូម​ឲ្យ​យប់​នោះ​ប្រៀប​បាន​នឹង​ស្ត្រី​អារ ហើយ​ក៏​កុំ​ឲ្យ​មាន​សម្រែក​អរ​សប្បាយនៅ​យប់​នោះ​ដែរ។ 8 សូម​ឲ្យ​យប់​នោះ​ត្រូវ​បណ្ដាសា របស់​គ្រូ​នក្ខត្ត‌ឫក្ស និង​ត្រូវ​បណ្ដាសា​របស់​គ្រូ​ដាស់​ស្ដេច​ក្រពើ។ 9 សូម​ឲ្យ​ផ្កាយ​ព្រឹក​ប្រែ​ជា​ងងឹត​សូន្យ យប់​នោះ​រង់‌ចាំ​ពន្លឺ តែ​មិន​ឃើញ​ពន្លឺ​មក​ទេ ហើយ​ក៏​មិន​ឃើញ​អរុណ‌រះ​ដែរ 10 ដ្បិត​យប់​នោះ​ពុំ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​កើត ហើយ​ក៏​មិន​បាន​បញ្ចៀស​ទុក្ខ​លំបាក​នេះ យកចេញ​ពី​ភ្នែករបស់​ខ្ញុំ​ដែរ។ 11 ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិនបាន​ស្លាប់ទៅ​តាំង​ពី​នៅក្នុង​ផ្ទៃ​ម្ដាយ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ផុត​ដង្ហើម​ទៅ នៅ​ពេលកើតចេញ​ពី​ផ្ទៃ​ម្ដាយ? 12 ហេតុ​អ្វី​បាន​ជា​មាន​ភ្លៅ​ម្ដាយ​ចាំ​ទទួល​ខ្ញុំ? ហេតុអ្វី​​ដោះអ្នកម្តាយ​ចាំ​បំបៅ​ខ្ញុំ​ដូច្នេះ? 13 ដ្បិត ​បើ​ខ្ញុំ​បានស្លាប់​តាំង​ពី​កាល​នោះ ខ្ញុំនឹងបានដេកទៅយ៉ាងស្ងាត់។​ ខ្ញុំ​បាន​សម្រាក​យ៉ាង​សុខ​ស្រួល​ហើយ 14 ទោះបីជា​​ស្ដេច និង​មន្ត្រី​ទាំង​ប៉ុន្មាន​នៃ​ផែនដី ជា​អ្នក​ដែល​បាន​កសាង​ផ្នូរ ទុក​សម្រាប់​ខ្លួន។ 15 ឬក៏ខ្ញុំ​មុខ​ជា​បាន​សម្រាក​ជា​មួយ​ពួក​មេ​ដឹក​នាំ ដែល​ជាអ្នកមាន​មាស​ប្រាក់​ពេញ​ផ្ទះ។ 16 ឬប្រសិន​បើ​ខ្ញុំ​គ្មាន​ជីវិត គឺ​ដូច​កូន​រលូត ឬ​ដូច​កូន​ក្មេង​ដែល​មិន​ធ្លាប់​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ប្រសើរ​ជាង។ 17 នៅ​ក្នុង​ផ្នូរ មនុស្ស​អាក្រក់​លែង​មាន សកម្ម‌ភាព​ទៀត​ហើយ រីឯ​អ្នក​ដែល​នឿយ‌ហត់ អស់​កម្លាំង​នឹង​នាំ​គ្នា​សម្រាក។ 18 អ្នក​ជាប់​ឃុំ‌ឃាំង​បាន​សុខ​ក្សេម‌ក្សាន្ត គឺ​គេ​លែង​ឮ​សំឡេង​របស់​ឆ្មាំ​គុក​ទៀត​ហើយ។ 19 អ្នក​តូច និង​អ្នក​ធំ ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គ្នា ទាសករ​ក៏​លែង​នៅ​ក្រោម​អំណាច ម្ចាស់​របស់​ខ្លួន។ 20 ហេតុ​អ្វី​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ មនុស្ស​ដែល​ត្រូវ​វេទនា ស្គាល់​ពន្លឺ​ថ្ងៃ ហើយ​ផ្ដល់​ជីវិត​ឲ្យ​អ្នក​ដែល​ស្គាល់​តែ ទុក្ខ​លំបាក 21 គេ​ទន្ទឹង​រង់‌ចាំ​សេចក្ដី​ស្លាប់ តែ​មិន​ឃើញ​សេចក្ដី​ស្លាប់​មក​ទេ គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​ស្លាប់ ជាង​ទ្រព្យ‌សម្បត្តិ​ដែលកប់ទុក។ 22 ប្រសិន​បើ​គេ​រក​បាន​ផ្នូរ​សម្រាប់​ខ្លួន នោះ​គេ​មុខ​ជា​សប្បាយ​រីក‌រាយ​ត្រូវទេ? 23 ហេតុអ្វី បានជាពន្លឺត្រូវចាំងភ្លឺមកលើមនុស្ស ដែលផ្លូវត្រូវបាំងបិត ហើយ​ព្រះ‌ជាម្ចាស់​បាន​ដាក់​របង​ព័ទ្ធ​ជុំ‌វិញ​នោះ? 24 ដ្បិត ខ្ញុំ​បាន​​ស្រែក​ថ្ងូរ ជំនួស​អាហារ សម្រែក​ឈឺ​ចាប់​របស់​ខ្ញុំ ចេះ​តែ​ហូរ​ចេញ​មក​ដូច​ទឹក។ 25 ដ្បិត​ការ​អ្វីដែលខ្ញុំខ្លាច ការ​នោះ​កើត​មាន​ដល់​ខ្ញុំ ហើយ​ដែលខ្ញុំ​បារម្ភ គឺបានមករក​ខ្ញុំ​។ 26 ខ្ញុំ​មិន​បាន​ស្ងប់ មិន​បាន​សុខ​ស្រួល ហើយ​ក៏​មិន​បាន​សម្រាក​ដែរ គឺ​ខ្ញុំ​ឈឺ​ចាប់ កើតឡើងលើរូបខ្ញុំជានិច្ច»។