ជំពូក ២៨
1
មានអណ្ដូងរ៉ែសម្រាប់ជីកយកប្រាក់ ហើយក៏មានកន្លែងបន្សុទ្ធមាសដែរ។
2
គេយកដែកចេញពីដី ហើយយកលង្ហិនចេញមកពីថ្មដែរ។
3
មនុស្សបានជីកចុះទៅខាងក្រោមជ្រៅដល់ទីងងឹត ដើម្បីស្វែងរកថ្ម ដែលកប់នៅបាតដីក្នុងទីងងឹតអន្ធការ។
4
គេជីកអណ្ដូងរ៉ែឆ្ងាយពីកន្លែងមនុស្សរស់នៅ ជាកន្លែងដែលមនុស្សស្ទើតែភ្លេចថាគេដើរតាមនោះ។ គេសម្រូតខ្លួនចុះទៅក្នុងអណ្ដូងរ៉ែ ហើយយោលចុះយោលឡើងនៅទីនោះ គឺនៅឆ្ងាយពីមនុស្ស។
5
ដីតែងតែផ្ដល់អាហារដល់មនុស្ស តែនៅខាងក្រោម ដូចជាត្រូវភ្លើងឆេះបំផ្លាញអស់។
6
គេរកឃើញត្បូងនៅជាមួយថ្មក្នុងដី
ហើយរកបានមាសក្នុងធូលីដី។
7
សត្វត្មាតមិនស្គាល់ផ្លូវចូលទៅ ក្នុងអណ្ដូងរ៉ែនោះទេ ហើយសត្វរអាតក៏មើលមិនឃើញដែរ។
8
សត្វដ៏ខ្លាំងពូកែមិនដែលចូលទៅក្នុងនោះទេ សត្វសិង្ហក៏មិនដែលដើរកាត់តាមនោះដែរ។
9
មនុស្សបានដាក់ដៃលើថ្មដ៏រឹង ហើយរម្លើងភ្នំរហូតដល់បាតខាងក្រោមនៃភ្នំ។
10
គេចោះរូងនៅក្នុងចំណោមថ្មដា ហើយភ្នែករបស់គេបានឃើញវត្ថុធាតុទាំងប៉ុន្មានដ៏មានតម្លៃ។
11
គេទប់ប្រភពទឹកឲ្យរីងស្ងួត ដើម្បី ពួកគេនឹងនាំយកអ្វីៗដែលលាក់កំបាំង មកដាក់នៅដែលមានពន្លឺវិញ។
12
តើគេអាចរកប្រាជ្ញាបាននៅទីណាបាន? តើការយល់ដឹងស្ថិតនៅកន្លែងណា?
13
មនុស្សលោកមិនស្គាល់តម្លៃរបស់ប្រាជ្ញាទេ
ហើយប្រាជ្ញាក៏មិនស្ថិតនៅលើផែនដីដែរ។
14
ទីជម្រៅពោលថា ប្រាជ្ញាមិននៅក្នុងខ្ញុំទេ មហាសមុទ្រពោលថា ប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរ។
15
គេមិនអាចយកមាសសុទ្ធ ហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។
16
គេមិនអាចយកប្រាជ្ញាទៅថ្លឹងជាមួយ កែវមរកត ពេជ្រ ឬត្បូងកណ្ដៀងបានឡើយ។
17
គ្មានមាស ឬពេជ្រណាផ្ទឹមស្មើនឹងប្រាជ្ញាទេ ហើយគេក៏មិនអាចយកប្រាជ្ញាទៅដូរជាមួយ ភាជន៍ដែលធ្វើពីមាសសុទ្ធដែរ។
18
ផ្កាថ្ម និងគុជ រឹតតែផ្ទឹមនឹងប្រាជ្ញាមិនបាន ហើយមានប្រាជ្ញាប្រសើរជាងមាន កែវមុក្ដាទៅទៀត។
19
ត្បូងជម្ពូរ័ត្នពីទឹកដីអេត្យូពីក៏មិនអាចប្រដូច ទៅនឹងប្រាជ្ញា ហើយប្រាជ្ញាមិនអាចយកទៅថ្លឹង ជាមួយមាសបានទេ។
20
ដូច្នេះ តើប្រាជ្ញាមានប្រភពនៅទីណា? តើការយល់ដឹងស្ថិតនៅកន្លែងណាដែរ?
21
មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេ ហើយក៏បានលាក់បាំងពីសត្វ ដែលហើរនៅលើមេឃដែរ។
22
រណ្ដៅនៃសេចក្ដីវិនាស និងសេចក្តីស្លាប់ពោលថា យើងបានឮគេនិយាយពីប្រាជ្ញាដោយផ្ទាល់ត្រចៀក។
23
មានតែព្រះជាម្ចាស់ទេដែលស្គាល់ផ្លូវ ហើយជ្រាបថា ប្រាជ្ញាស្ថិតនៅកន្លែងណា។
24
ដ្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅ ទីដាច់ស្រយាលនៃផែនដី និងទតឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
25
ពេលណាព្រះអង្គកំណត់កម្លាំងរបស់ខ្យល់
និងទំហំរបស់ផ្ទៃទឹក។
26
ព្រះជាម្ចាស់បានកំណត់ច្បាប់មួយ សម្រាប់ទឹកភ្លៀង ព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរ និងផ្គររួចស្រេចហើយ។
27
ព្រះអង្គក៏ទតឃើញប្រាជ្ញា ព្រះអង្គលើកតម្លៃប្រាជ្ញានោះ ព្រះអង្គតាំងប្រាជ្ញាឡើង ហើយពិនិត្យពិច័យមើលយ៉ាងល្អិតល្អន់។
28
ចំពោះមនុស្សវិញ ព្រះជាម្ចាស់មានបន្ទូលថា៖ មើល! ការកោតខ្លាចនៃព្រះអម្ចាស់ គឺជាប្រាជ្ញា ហើយញែកចេញពីការអាក្រក់ ក៏ជាប្រាជ្ញាដែរ។