ជំពូក ១២
1
ពេលនោះ លោកយ៉ូបឆ្លើយឡើងថា៖
2
«គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងស្លាប់ទៅ ជាមួយអ្នករាល់គ្នាដែរ។
3
ប៉ុន្តែ ខ្ញុំក៏យល់ដូចជាអ្នករាល់គ្នាដែរ ខ្ញុំមិនអន់ជាងអ្នករាល់គ្នាទេ។ តើនរណាមិនស្គាល់សេចក្ដីនេះទៅ?
4
ខ្ញុំជាទីសើចចំអកដល់មិត្តសម្លាញ់ខ្ញុំ ជាអ្នកដែលបានអំពាវនាវដល់ព្រះជាម្ចាស់ ហើយព្រះអង្គក៏ឆ្លើយតប គឺជាមនុស្សសុចរិតត្រឹមត្រូវ ដែលត្រូវគេសើចចំអកឲ្យ។
5
ក្នុងគំនិតរបស់អ្នកដែលមានសេចក្ដីសុខ តែងមើលងាយចំពោះអ្នកវេទនា សេចក្ដីនោះប្រុងប្រៀបសម្រាប់អ្នកណា ដែលភ្លាត់ជើង។
6
ទីលំនៅរបស់ពួកចោរចេះតែចម្រើន ហើយពួកអ្នកដែលធ្វើឲ្យព្រះ ថ្នាំងថ្នាក់ព្រះហឫទ័យ ក៏តែងមានសេចក្ដីសុខ គឺជាពួកអ្នកដែលទទួលតែអំណាច របស់ខ្លួនទុកជាព្រះជាម្ចាស់។
7
ប៉ុន្តែ សួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាស វានឹងប្រាប់ឲ្យអ្នកដឹង។
8
ឬសួរទៅរុក្ខជាតិនៅលើផែនដីចុះ វានឹងបង្រៀនអ្នកដែរ ហើយសួរត្រីនៅសមុទ្រនឹងប្រកាសប្រាប់អ្នក។
9
ក្នុងពួកសព្វទាំងនោះ តើមានមួយណាដែលមិនដឹងថា ព្រះហស្ថនៃព្រះអម្ចាស់បានបង្កើតទាំងអស់?
10
ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្ថរបស់ព្រះអង្គ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផង។
11
ត្រចៀក តើមិនស្តាប់យល់ពាក្យសម្ដី ដូចជាមាត់ភ្លក់ឲ្យដឹងរសអាហារដែរទេឬ?
12
មនុស្សចាស់ៗតែងមានប្រាជ្ញា ហើយមនុស្សមានអាយុយឺនយូ ទើបមានយោបល់។
13
នៅជាមួយព្រះជាម្ចាស់ មានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង ព្រះអង្គក៏មានព្រះតម្រិះ និងការយល់ដឹង។
14
មើល! ព្រះអង្គរំលំ ហើយគេនឹងសង់ឡើងវិញមិនបាន ប្រសិនបើព្រះអង្គឃុំអ្នកណាទុកហើយ គ្មានអ្នកណាអាចនឹងដោះបានឡើយ។
15
មើល! ប្រសិនបើព្រះអង្គទប់ទឹក នោះទាំងអស់ក៏រីងស្ងួតទៅ ប្រសិនបើព្រះអង្គបើក នោះក៏លិចលង់ផែនដីអស់។
16
ក្នុងព្រះអង្គមានកម្លាំងឫទ្ធិ និងប្រាជ្ញា មនុស្សដែលគេឆបោក និងមនុស្សឆបោកគេ សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គ។
17
ព្រះអង្គដឹកនាំពួកអ្នកជួយគំនិតទៅខ្លួនទទេ ហើយប្រគល់ពួកចៅក្រមទៅក្នុងសេចក្ដីល្ងីល្ងើ។
18
ព្រះអង្គរំលាយអំណាចនៃពួកស្តេច ហើយចងខ្សែភ្ជាប់នៅចង្កេះផង។
19
ព្រះអង្គដឹកនាំពួកសង្ឃទៅតែខ្លួនទទេ ហើយទម្លាក់ងារពួកមានអំណាចចុះ។
20
ព្រះអង្គដកពាក្យសម្ដីពីពួកអ្នក ដែលគួរទុកចិត្តបាន ហើយក៏ដកយកយោបល់ពីពួកចាស់ទុំចេញ។
21
ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកដែលមានទ្រព្យ ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ។
22
ព្រះអង្គបើកអស់ទាំងសេចក្ដីជ្រៅជ្រះ ចេញពីងងឹតមក ក៏នាំយកសេចក្ដីស្លាប់ចេញមក ដាក់នៅពន្លឺដែរ។
23
ព្រះអង្គចម្រើនជនជាតិទាំងប៉ុន្មាន ហើយក៏បំផ្លាញគេវិញ ព្រះអង្គពង្រីកឲ្យគេធំឡើង រួចក៏ដឹកនាំគេទៅជាឈ្លើយ។
24
ព្រះអង្គដកប្រាជ្ញាចេញពីពួកអ្នកដឹកនាំ នៃប្រជាជាតិនានានៅលើផែនដីដែរ ហើយព្រះអង្គបណ្ដាលឲ្យគេដើរសាត់ព្រាត់ នៅទីរហោស្ថានដែលឥតមានផ្លូវសោះ។
25
ពួកគេដើរក្នុងទីងងឹតឥតមានពន្លឺសោះ ព្រះអង្គក៏ធ្វើឲ្យគេដើរទ្រេតទ្រោត ដូចជាមនុស្សស្រវឹង។