ជំពូក ១០
1
ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់ ខ្ញុំនឹងត្អូញត្អែររបស់ខ្ញុំ ដោយពាក្យជូរល្វីង ដោយឈឺចាប់ក្នុងចិត្ត។
2
ខ្ញុំនឹងទូលព្រះជាម្ចាស់ថា សូមកុំដាក់ទោសទូលបង្គំឡើយ សូមប្រាប់ឲ្យទូលបង្គំដឹងផងថា ព្រះអង្គមានមូលហេតុអ្វី ចោទប្រកាន់ទូលបង្គំ។
3
តើមាន ប្រយោជន៍អ្វី បានជាព្រះអង្គសង្កត់សង្កិនទូលបង្គំ ហើយបោះបង់ចោលស្នាព្រះហស្ថរបស់ព្រះអង្គ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
4
តើព្រះអង្គមានព្រះនេត្រ ហើយទតមើល តាមរបៀបដូចមនុស្សលោកដែរឬ?
5
តើចំនួនថ្ងៃរបស់ព្រះអង្គដូចចំនួនថ្ងៃ របស់មនុស្សលោក ហើយចំនួនឆ្នាំរបស់ព្រះអង្គ
6
ក៏ដូចជាចំនួនឆ្នាំ របស់មនុស្សលោកដែរឬ បានជាព្រះអង្គស្វែងរកកំហុសរបស់ទូលបង្គំ ហើយរុករកអំពើបាបរបស់ទូលបង្គំដូច្នេះ?
7
ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំគ្មានកំហុសអ្វីទេ ហើយក៏គ្មាននរណារំដោះទូលបង្គំឲ្យរួចផុតបាន?
8
ព្រះហស្ថទាំងពីរព្រះអង្គបានក្របជុំវិញទូលបង្គំជានិច្ច ក៏ប៉ុន្តែ ព្រះអង្គបែរជាវាយឲ្យទូលបង្គំវិនាសវិញ។
9
ទូលបង្គំសូមអង្វរព្រះអង្គ ដែលព្រះអង្គបានសូនឆ្នៃទូលបង្គដូចដីឥត្ឋ តើព្រះអង្គនឹងឲ្យទូលបង្គទៅជាដីវិញឬ?
10
តើព្រះអង្គមិនបានចាក់ទូលបង្គំចេញដូចជាទឹកដោះ
ហើយឲ្យទូលបង្គំកកខន់ ដូចជាផែនទឹកដោះទេឬ?
11
ព្រះអង្គបំពាក់ស្បែក និងសាច់ ពាសពេញរូបកាយទូលបង្គំ ព្រះអង្គបង្កើតឆ្អឹង និងសរសៃឲ្យទូលបង្គំ។
12
ព្រះអង្គប្រទានជីវិត និងសម្តែងព្រះហឫទ័យ មេត្តាករុណាចំពោះទូលបង្គំ ព្រះអង្គថែរក្សាដង្ហើមជីវិតរបស់ទូលបង្គំ។
13
ប៉ុន្តែ ទូលបង្គំដឹងច្បាស់នូវអ្វីៗ ដែលព្រះអង្គលាក់ទុកនៅក្នុងព្រះហឫទ័យ។
14
បើទូលបង្គំប្រព្រឹត្តអំពើបាប ព្រះនឹងចំណាំទុក ហើយព្រះអង្គមិនព្រមលើកលែងទោស ឲ្យទូលបង្គំទាល់ទេ។
15
ប្រសិនបើទូលបង្គំមនុស្សអាក្រក់ នោះទូលបង្គំពិតជាវេទនាមិនខាន ប្រសិនបើទូលបង្គំសុចរិត នោះក៏ទូលបង្គំមិនហ៊ានងើបមុខឡើងដែរ ទូលបង្គំត្រូវអាម៉ាស់ ហើយលិចលង់ទៅក្នុងទុក្ខវេទនា។
16
ប្រសិនបើទូលបង្គំហ៊ានងើបមុខ ព្រះអង្គនឹងដេញតាមទូលបង្គំដូចសត្វសិង្ហ ព្រះអង្គនឹងសម្តែងការអស្ចារ្យមកលើទូលបង្គំ។
17
ព្រះអង្គមានមូលហេតុថ្មីៗ មកចោទប្រកាន់ទូលបង្គំ ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ ព្រះអង្គនឹងវាយទូលបង្គំជាពលទេវតារបស់ព្រះអង្គ។
18
ព្រះអង្គឲ្យទូលបង្គំចេញពីផ្ទៃម្ដាយមកធ្វើអ្វី? បើទូលបង្គំស្លាប់តាំងពីក្នុងផ្ទៃ នោះគ្មាននរណាបានឃើញទូលបង្គំទេ។
19
បើគេយកទូលបង្គំចេញពីផ្ទៃម្ដាយទៅកប់ក្នុងផ្នូរ នោះទូលបង្គំមិនដែលមានជីវិតទាល់តែសោះ។
20
តើអាយុជីវិតរបស់ទូលបង្គំពិតជាខ្លីមែនឬ? សូមឈប់ទៅ នឹងសូមទុកឲ្យទូលបង្គំនៅម្នាក់ឯង ដើម្បីឲ្យទូលបង្គំមានពេលសម្រាកបន្តិច
21
មុននឹងទូលបង្គំធ្វើដំណើរទៅស្ថានងងឹត ដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ឥតវិលត្រឡប់វិញឡើយ។
22
កន្លែងងឹតជាងកណ្តាលយប់ ជាកន្លែងស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ជាកន្លែងដែលគ្មានរបៀបរៀបរយ ហើយសូម្បីតែពន្លឺនៅទីនោះក៏ងងឹតដែរ»។