1 នៅពេលនាងរ៉ាជែលឃើញថា មិនបានបង្កើតកូនឲ្យលោកយ៉ាកុបសោះ នាងរ៉ាជែលបានច្រណែននឹងបងស្រីរបស់នាង។ នាងនិយាយទៅលោកយ៉ាកុបថា៖ «បើមិនឲ្យខ្ញុំមានកូនផង ខ្ញុំនឹងស្លាប់»។ 2 លោកយ៉ាកុបខឹងជាមួយនឹងនាងរ៉ាជែលជាខ្លាំង។ គាត់និយាយថា៖ «តើបងព្រះជាម្ចាស់មែនទេ ដែលបង្ខាំងអូនមិនឲ្យមានកូន?»។ 3 នាងនិយាយថា៖ «មើល៍នែ៎ ប៊ីលហា ជាអ្នកបម្រើស្រីរបស់អូន ចូរគេងជាមួយនាងទៅ ដើម្បីឲ្យនាងអាចបង្កើតកូនមកដាក់លើជង្គង់អូន ហើយអូននឹងមានកូនដោយសារនាង»។ 4 ដូច្នេះ នាងបានប្រគល់នាងប៊ីលហា ជាអ្នកបម្រើស្រីរបស់នាង ឲ្យធ្វើជាភរិយា ហើយលោកយ៉ាកុបក៏គេងជាមួយនាង។ 5 នាងប៊ីលហាមានផ្ទៃពោះ ហើយបង្កើតកូនប្រុសមួយឲ្យលោកយ៉ាកុប។ 6 បន្ទាប់មក នាងរ៉ាជែលនិយាយថា៖ «ព្រះជាម្ចាស់រកយុត្តិធម៌ឲ្យខ្ញុំ។ ព្រះអង្គបានស្តាប់សេចក្តីអធិស្ឋានរបស់ខ្ញុំ ហើយប្រទានកូនប្រុសមួយឲ្យខ្ញុំ»។ ដោយហេតុនេះ បានជានាងដាក់ឈ្មោះកូនប្រុសនោះថា ដាន់។ 7 នាងប៊ីហា ជាអ្នកបម្រើស្រីរបស់នាងរ៉ាជែល មានផ្ទៃពោះម្តងទៀត ហើយបង្កើតប្រុសទីពីរឲ្យលោកយ៉ាកុប។ 8 នាងរ៉ាជែលនិយាយថា៖ «ខ្ញុំខំប្រឹងតទល់យ៉ាងខ្លាំងជាមួយនឹងបងស្រីខ្ញុំ ហើយខ្ញុំបានឈ្នះ»។ នាងបានដាក់ឈ្មោះកូនប្រុសនោះថា ណែបថាលី។ 9 នៅពេលនាងលេអាឃើញថា នាងលែងមានកូនបានទៀត នាងបានយកនាងស៊ីលផា ជាអ្នកបម្រើស្រីរបស់នាង ហើយប្រគល់នាងឲ្យលោកយ៉ាកុប ធ្វើជាភរិយា។ 10 នាងស៊ីលផា អ្នកបម្រើស្រីរបស់នាងលេអា បានបង្កើតកូនប្រុសមួយឲ្យលោកយ៉ាកុប។ 11 នាងលេអានិយាយថា៖ «មានសំណាងហើយ!» ដូច្នេះ នាងបានដាក់ឈ្មោះកូនប្រុសនោះថា កាដ។ 12 បន្ទាប់មកនាងស៊ីលផា អ្នកបម្រើរបស់នាងលេអា បានបង្កើតកូនទីពីរឲ្យលោកយ៉ាកុប។ 13 នាងលេអានិយាយថា៖ «ខ្ញុំរីករាយហើយ! ដ្បិតស្រី្តទាំងឡាយនឹងហៅខ្ញុំថា រីករាយ»។ ដូច្នេះ នាងបានដាក់ឈ្មោះកូនប្រុសនោះថា អេស៊ើរ។ 14 លោករូបេនបានចេញទៅចម្ការនៅក្នុងរដូវច្រូតស្រូវ ហើយបេះបានផ្លែស្នេហ៍នៅក្នុងចម្ការ។ កាត់បានយកផ្លែឈើទាំងនោះមកជូននាងលេអាជាម្តាយរបស់គាត់។ បន្ទាប់មក នាងរ៉ាជែលបាននិយាយទៅនាងលេអាថា៖ «សូមឲ្យផ្លែស្នេហ៍កូនប្រុសបងមកខ្ញុំខ្លះមក»។ 15 នាងលេអានិយាយទៅនាងថា៖ «តើវាជារឿងតូចតាចសម្រាប់ឯងមែនទេ ដែលឯងមកយកប្តីរបស់យើងទៅ? ហើយឥឡូវ ឯងចង់មកយកផ្លៃស្នេហ៍ពីកូនប្រុសយើងទៀត?» នាងរ៉ាជែលនិយាយថា៖ «អ៊ីចឹង ខ្ញុំនឹងឲ្យគាត់ទៅគេងជាមួយបងយប់នេះ ដើម្បីប្តូរយកផ្លែស្នេហ៍កូនប្រុសរបស់បងនេះ»។ 16 លោកយ៉ាកុបមកដល់ពីស្រែនៅពេលល្ងាច។ នាងលេអាបានចេញទៅជួបគាត់ ហើយនិយាយថា៖ «បងត្រូវគេងជាមួយអូនយប់នេះ ព្រោះអូនបានជួលបងដោយថ្លៃផ្លែស្នេហ៍កូនប្រុសរបស់អូន»។ ដូច្នេះ លោកយ៉ាកុបក៏ទៅគេងជាមួយនាងលេអានៅយប់នោះ។ 17 ព្រះជាម្ចាស់ស្តាប់តាមនាងលេអា ហើយនាងក៏មានផ្ទៃពោះ ហើយបានបង្កើតកូនប្រុសទីប្រាំឲ្យលោកយ៉ាកុប។ 18 នាងលេអានិយាយថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ដល់ខ្ញុំ ព្រោះខ្ញុំបានប្រគល់អ្នកបម្រើស្រីរបស់ខ្ញុំឲ្យទៅស្វាមីរបស់ខ្ញុំ»។ នាងបានដាក់ឈ្មោះកូនប្រុសនោះថា អ៊ីសាខា។ 19 នាងលេអាមានផ្ទៃពោះម្តងទៀត ហើយបង្កើតបានកូនប្រុសទីប្រាំមួយ ឲ្យលោកយ៉ាកុប។ នាងលេអានិយាយថា៖ «ព្រះជាម្ចាស់បានប្រទានអំណោយយ៉ាងល្អដល់ខ្ញុំ»។ 20 ឥឡូវនេះ ស្វាមីខ្ញុំនឹងគោរពខ្ញុំ ដោយសារខ្ញុំបានបង្កើតកូនប្រុសទីប្រាំមួយឲ្យគាត់»។ 21 នាងដាក់ឈ្មោះកូនប្រុសនោះថា សាប់យូឡូន។ បន្ទាប់មក នាងបានបង្កើតបានកូនស្រីមួយ ហើយនាងបានដាក់ឈ្មោះកូនស្រីនោះថា ឌីណា។ 22 ព្រះជាម្ចាស់បាននឹកចាំពីនាងរ៉ាជែល ហើយបានស្តាប់តាមនាង។ ព្រះអង្គបានធ្វើឲ្យនាងមានផ្ទៃពោះ។ 23 នាងមានកូន ហើយបង្កើតបានកូនប្រុសមួយ។ នាងនិយាយថា៖ «ព្រះជាម្ចាស់បានដកភាពអាម៉ាសចេញរបស់ខ្ញុំចេញ»។ 24 នាងដាក់ឈ្មោះកូនប្រុសនោះថា យ៉ូសែប ដោយនិយាយថា៖ «ព្រះអម្ចាស់បានបន្ថែមកូនប្រុសមួយទៀតដល់ខ្ញុំ»។ 25 បន្ទាប់ពីនាងរ៉ាជែលបង្កើតយ៉ូសែបហើយ លោកយ៉ាកុបបាននិយាយទៅកាន់លោកឡាបាន់ថា៖ «សូមឲ្យខ្ញុំបានចេញទៅ ដើម្បីខ្ញុំអាចចេញទៅផ្ទះរបស់ខ្ញុំ និងប្រទេសរបស់ខ្ញុំវិញ។ 26 សូមប្រគល់ភរិយា និងកូនៗ ព្រោះខ្ញុំបានបម្រើលោកឪពុក ហើយសូមអនុញ្ញាតឲ្យខ្ញុំទៅ ដើម្បីលោកឪពុកដឹងពីកិច្ចការដែលខ្ញុំបានធ្វើជូនលោកឪពុកហើយ»។ 27 លោកឡាបាន់តបទៅគាត់ថា៖ «ប្រសិនបើកូនយោគយល់ដល់ពុក ឪពុកបានដឹងដោយសារការទស្សន៍ទាយថាព្រោះតែកូន ព្រះអម្ចាស់បានប្រទានពរពុក»។ 28 ដូច្នេះ គាត់បាននិយាយថា៖ «កូនចង់បានថ្លៃឈ្នួលប៉ុន្មាន ពុកនឹងប្រគល់ឲ្យ»។ 29 លោកយ៉ាកុបនិយាយទៅគាត់ថា៖ «លោកឪពុកជ្រាបពីការដែលកូនបានបម្រើឲ្យឪពុក និងពីហ្វូងសត្វរបស់លោកឪពុកបានកើនចំនួនច្រើនយ៉ាងណានោះ។ 30 ដ្បិត មុនពេលខ្ញុំមក លោកឪពុកមានតែបន្តិចទេ ហើយឥឡូវ វាចម្រើនច្រើនឡើយជាបរិបូរ។ ព្រះអម្ចាស់បានប្រទានពរដល់លោកឪពុក នៅគ្រប់ពេលដែលខ្ញុំធ្វើការ។ ឥឡូវនេះ តើពេលណាទើបខ្ញុំអាចផ្តត់ផ្គង់គ្រួសាររបស់ខ្ញុំម្តង?» 31 ដូច្នេះ លោកឡាបាន់និយាយថា៖ «តើកូនត្រូវការថ្លៃឈ្នួលប៉ុន្មាន?» លោកយ៉ាកុបឆ្លើយថា៖ «លោកឪពុក មិនចាំបាច់ឲ្យថ្លៃឈ្នួលកូនអ្វីទេ។ ប្រសិនបើ លោកឪពុកធ្វើការមួយនេះជាមួយខ្ញុំ ខ្ញុំនឹងមើលថែទាំហ្វូងសត្វរបស់លោកឪពុកតទៅមុខទៀត។ 32 សូមឲ្យខ្ញុំបានដើរកាត់ហ្វូងសត្វនៅថ្ងៃនេះ ដើម្បីញែកសត្វចៀមពព្លាក់ ពពាល និងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងអស់ ព្រមទាំងសត្វដែលពពាល ពព្លាក់ក្នុងហ្វូងពពែផង។ ទាំងនឹងទុកជាថ្លៃឈ្នួលសម្រាប់ខ្ញុំ។ 33 ភាពស្មោះត្រង់របស់ខ្ញុំនឹងធ្វើបន្ទាល់ពីខ្ញុំនៅពេលក្រោយ នៅពេលលោកឪពុកទៅពិនិត្យពីថ្លៃឈ្នួលរបស់ខ្ញុំ។ ចៀមណាដែលមិនពពាល ពព្លាក់ក្នុងហ្វូងពពែ ហើយដែលមិនខ្មៅក្នុងហ្វូងចៀម នោះចាត់ទុកថាខ្ញុំបានលួចហើយ»។ 34 លោកឡាបាន់និយាយថា៖ «យល់ព្រម។ សូមធ្វើតាមសម្តីរបស់កូនចុះ»។ 35 នៅថ្ងៃនោះ លោកឡាបាន់បានយកពពែឈ្មោលដែលឆ្នូតៗ ពពាល និងពពែញីដែលពព្លាក់ និងពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ និងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែ។ 36 លោកឡាបាន់បានធ្វើដំណើរអស់រយៈពេលបីថ្ងៃពីកន្លែងគាត់ទៅលោកយ៉ាកុប។ ដូច្នេះ លោកយ៉ាកុបបានឃ្វាលហ្វូងសត្វដែលនៅសល់ទាំងអស់របស់លោកឡាបាន់។ 37 លោកយ៉ាកុបបានកាត់យកមែករលួស និងមែកចំបក់ ព្រមទាំងក្រចៅស្រស់ៗ និងមកបកសំបកជាកង់ៗ ឲ្យឃើញសាច់សៗ។ 38 បន្ទាប់មក គាត់យកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិត វាតែងតែពាក់គ្នានៅពេលផឹកទឹក។ 39 ហ្វូងសត្វដែលពាក់គ្នានៅមុខមែកឈើ ហើយហ្វូងសត្វនឹងបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និងពព្លាក់។ លោកយ៉ាកុបបានញែកកូនចៀមទាំងនោះ ប៉ុន្តែ តម្រង់ឈ្មោលទាំងអស់បែរមុខទៅឯពួកចៀមឆ្នូត និងចៀមខ្មៅទាំងអស់ក្នុងហ្វូងសត្វរបស់ឡាបាន់។ 40 បន្ទាប់មកគាត់ញែកហ្វូងសត្វរបស់គាត់ឲ្យនៅដោយឡែក ហើយមិនបានដាក់ពួកគេឲ្យនៅជាមួយហ្វូងសត្វរបស់លោកឡាបាន់ឡើយ។ 41 នៅពេលណាចៀមណាខ្លាំងជាងនៅក្នុងហ្វូងដោយពាក់គ្នា ដូច្នេះ លោកយ៉ាកុបបានដាក់មែកឈើទាំងនោះនៅក្នុងប្រឡាយ មុនចំពោះភ្នែករបស់ហ្វូងសត្វនោះ ដើម្បីពួកវាអាចពាក់គ្នានៅចំពោះមុខមែកឈើទាំងនោះ។ 42 ប៉ុន្តែ នៅពេលសត្វណាខ្សោយចូលមកនៅក្នុងហ្វូងសត្វ គាត់មិនបានដាក់មែកឈើនៅចំពោះមុខពួកវាឡើយ។ ដូច្នេះ សត្វណាដែលខ្សោយជារបស់លោកឡាបាន់ ហើយសត្វណាដែលខ្លាំងជារបស់លោកយ៉ាកុប។ 43 លោកយ៉ាកុបបានក្លាយជាអ្នកមានយ៉ាងខ្លាំង។ គាត់មានហ្វូងសត្វយ៉ាងធំ មានអ្នកបម្រើស្រី និងអ្នកបម្រើប្រុស ហើយនិងសត្វអូដ្ឋ និងសត្វលាជាច្រើនផង។