ជំពូក ២៥

1 លោកអប្រាហាំបានយកភរិយាមួយទៀត នាងឈ្មោះថា ​កិទូរ៉ា។ 2 នាងបង្កើតបាន​សីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និង​ស៊ូអា។ លោកយ៉ុកសាន​បង្កើត​បាន​សេបា និង​ដេដាន់។ 3 ពូជពង្ស​របស់​ដេ​ដាន់ គឺ​ជនជាតិ​អាស‌ស៊ើរ ជនជាតិលេទូស និង​ជនជាតិ​លេវមី។ ហើយពូជពង្ស​របស់​ម៉ាឌាន គឺ​អេផា អេភើរ ហេណុក អ័ប៊ីដា និង​អែលដ្អា។ 4 អ្នកទាំងអស់នេះ គឺជាពូជពង្សរបស់នាងកិទូរ៉ា។ 5 លោកអប្រាហាំបានប្រគល់អ្វីៗទាំងអស់ដែលគាត់មានឲ្យទៅលោកអ៊ីសាក។ 6 ប៉ុន្តែ នៅក្នុងពេលដែលគាត់រស់នៅ គាត់បានឲ្យអំណោយផ្សេងៗទៅកូនប្រុសៗរបស់គាត់ជាមួយភរិយាទីពីររបស់គាត់ ហើយចាត់ទៅពួកគេទៅទឹកដីភាគខាងកើត ឆ្ងាយពីលោកអ៊ីសាក កូនប្រុសរបស់គាត់។ 7 ទាំងនេះគឺជាចំនួនថ្ងៃនៃអាយុរបស់លោកអប្រាហាំដែលគាត់រស់នៅបាន ១៧៥ ឆ្នាំ។ 8 លោកអប្រាហាំបានផុតដង្ហើមហើយស្លាប់នៅក្នុងអាយុដ៏វែង ហើយប្រកប​ដោយ​សុភមង្គល មាន​អាយុ​យឺន‌យូរ​​មក លោក​បាន​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​លោកវិញ។ 9 លោកអ៊ីសាក និងលោកអ៊ីស្មាអែល បានបញ្ចុុះសពគាត់នៅក្នុងរូងភ្នំ​ម៉ាកពេ‌ឡា នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន កូន​របស់​លោក​សូហារ​ជន‌ជាតិ​ហេត ដែល​ស្ថិត​នៅជិត​ម៉ាម‌រេ។ 10 ចម្ការនេះហើយ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​ជន‌ជាតិ​ហេត​មក។ សពរបស់​លោក​អប្រាហាំត្រូវបានបញ្ចុះនៅ​ទី​នោះជាមួយនិងនាង​ស្រី​សារ៉ា​ជាភរិយារបស់គាត់។ 11 បន្ទាប់ពី​លោក​អប្រាហាំ​បាន​ស្លាប់​ទៅ ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ឲ្យ​អ៊ីសាក កូន​ប្រុស​របស់​គាត់ ដែល​រស់​នៅ​ក្បែរ​បៀរឡាហាយរយ។ 12 អ្នកទាំងនេះគឺជាពូជពង្សរបស់​លោក​អ៊ីស្មា‌អែល កូនប្រុស​របស់​លោក​អប្រាហាំ ដែលជា​កូន​របស់​នាង​ហាការ អ្នក​បម្រើ​របស់​នាង​សារ៉ា បង្កើត​ឲ្យ​លោក​អប្រាហាំ។ 13 ទាំងនេះគឺជាឈ្មោះកូនប្រុសៗរបស់លោកអ៊ីស្មាអែល ទៅតាមកំណើតរបស់ពួកគេ នេបា‌យ៉ូត គឺជា​កូន​ច្បងរបស់លោកអ៊ីស្មាអែល កេដារ អ័ឌ‌បែល មីប‌សាម 14 មីសម៉ា ឌូម៉ា ម៉ាសា 15 ហាដាឌ ថេម៉ា យេធើរ ណា‌ភីស និង​កេដ‌ម៉ា។ 16 អ្នកទាំង​នេះហើយគឺជាកូនប្រុសៗរបស់លោកអ៊ីស្មាអែល អ្នកទាំងនេះហើយដែលមានឈ្មោះតាម​ភូមិ និងតាម​ជំរំ​របស់ពួកគេរៀងៗខ្លួន គឺ​ជា​មេ​ដប់ពីរ​នាក់ តាម​កុល‌សម្ព័ន្ធ​របស់ពួក​គេ។ 17 ទាំងនេះគឺជាចំនួនអាយុនៃជីវិតរបស់លោកអ៊ីស្មាអែល ១៣៧ឆ្នាំ គាត់បានផុតដង្ហើម ហើយស្លាប់ទៅ រួចបានទៅជួបជុំជាមួយបុព្ធបុរសរបស់គាត់វិញ។ 18 ពួកគេរស់​នៅជិតអេស៊ីប រហូត​ដល់​ស្រុក​ស៊ើរ។ ពួកគេរស់នៅ​មិន​សូវ​ត្រូវ​គ្នា​ជា​មួយ​បងប្អូន​របស់​ខ្លួន​ទេ។ 19 ទាំងនេះគឺជារឿងរ៉ាវទាក់ទងនឹងលោកអ៊ីសាក កូនប្រុសរបស់លោកអប្រាហាំ លោកអប្រាហាំជាឪពុករបស់អ៊ីសាក។ 20 លោកអ៊ីសាកមានអាយុសែសិបឆ្នាំ នៅពេលគាត់យកនាងរេបិកាជាភរិយា កូនស្រីរបស់លោកបេធូ‌អែលជា​ជន‌ជាតិ​អើរ៉ាម នៅ​ក្នុងទឹកដីប៉ា‌ដាន់‌អើ‌រ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ ជន‌ជាតិ​អើរ៉ាម។ 21 លោកអ៊ីសាកបានអធិស្ឋានទៅព្រះជាម្ចាស់សម្រាប់ភរិយារបស់គាត់ ព្រោះនាងគ្មានកូនសោះ ហើយព្រះអម្ចាស់បានឆ្លើយតបសេចក្តីអធិស្ឋានរបស់គាត់ ហើយនាងរេបិកាភរិយារបស់គាត់ក៏មានផ្ទៃពោះ។ 22 កូនដែលនៅក្នុងផ្ទៃចេះតែធាក់នៅក្នុងពោះនាងខ្លាំងពេក ហើយនិយាយថា៖ «ហេតុអ្វីបានជាការនេះកើតឡើងចំពោះខ្ញុំ?» នាងបានទៅទូលសួរព្រះអម្ចាស់ពីរឿងនេះ។ 23 ព្រះអម្ចាស់មានបន្ទូលមកនាងថា៖ «ប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយមនុស្សពីរអ្នកនឹងបែកបាក់គ្នានៅក្នុងអ្នក។ មនុស្សម្នាក់ខ្លាំងជាងម្នាក់ទៀត ហើយកូនច្បងនិងបម្រើកូនប្អូន»។ 24 ដល់ពេលដែលនាងសម្រាលកូន មើល៍ មានកូនភ្លោះនៅក្នុងផ្ទៃរបស់នាង។ 25 កូនទីមួយបានកើតមកមានពណ៌ក្រហម ហើយមានរោមដូចជារោមសត្វ។ 26 បន្ទាប់មកទៀត ប្អូនប្រុសរបស់គាត់បានកើតមកដែរ។ ដៃរបស់គាត់បានកាន់កែងជើងរបស់អេសាវ។ គេហៅគាត់ថា យ៉ាកុប។ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំ នៅពេលភរិយាររបស់គាត់បង្កើតពួកគេ។ 27 កូនប្រុសបានធំឡើង ហើយ អេសាវ​បានក្លាយទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ ជាអ្នកចម្ការ ប៉ុន្តែ លោកយ៉ាកុបវិញជាមនុស្សស្ងៀមស្ងាត់ ចូលចិត្តចំណាយពេលនៅក្នុងត្រសាល។ 28 លោកអ៊ីសាកស្រឡាញ់អេសាវ ព្រោះគាត់បានហូបសត្វដែលគាត់រកបាន ប៉ុន្តែ នាងរេបិកាវិញស្រឡាញ់យ៉ាកុប។ 29 លោកយ៉ាកុបបានស្លសម្ល។ លោកអេសាវបានមកដល់ពីវាលវិញ ហើយគាត់ខ្សោយដោយព្រោះឃ្លានខ្លាំង។ 30 លោកអេសាវនិយាយទៅយ៉ាកុបថា៖ «សូមឲ្យបងហូបសម្លក្រហមផង។ បងអស់កម្លាំងណាស់»។ ហេតុដូច្នេះហើយ បានជាគេហៅគាត់ថា អេដុម។ 31 លោកយ៉ាកុបនិយាយថា៖ «សូមលក់សិទ្ធិកូនច្បងរបស់អ្នកឲ្យខ្ញុំសិនមក»។ 32 លោកអេសាវឆ្លើយថា៖ «បងជិតស្លាប់ហើយ។ តើសិទ្ធិកូនច្បងមានអ្វីល្អសម្រាប់បង?» 33 លោកយ៉ាកុបឆ្លើយថា៖ «សូមស្បថឲ្យខ្ញុំសិនមក» លោកអេសាវក៏ស្បថ សម្បថ ក្នុងរបៀបដែលគាត់លក់សិទ្ធិកូនច្បងឲ្យទៅលោកយ៉ាកុប។ 34 លោកយ៉ាកុបបានឲ្យនំប៉័ងទៅលោកអេសាវ និងសម្លសណ្តែកក្រហម។ គាត់បានហូបរួចរាល់ហើយក៏ចេញទៅ។ លោកអេសាវបានមើលងាយសិទ្ធិកូនច្បងរបស់គាត់បែបនេះឯង។