ជំពូក ១៧

1 ពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះអម្ចាស់បានយាងមកជួបលោក ហើយមានបន្ទូលទៅគាត់ថា៖ «យើងគឺជាព្រះអម្ចាស់ដ៏មានព្រះចេស្តា។ 2 ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។ បន្ទាប់មក យើងនឹងចងសម្ពន្ធមេត្រីរវាងយើងនិងអ្នក ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើតចំនួនច្រើនឡើង»។ 3 លោកអាប់រ៉ាមបានក្រាបមុខដល់ដី ហើយព្រះជាម្ចាស់មានបន្ទូលជាមួយគាត់ថា៖ 4 «ចំណែកយើង មើល យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក។ អ្នកនឹងក្លាយជាឪពុកនៃប្រជាជាតិជាច្រើន។ 5 ឈ្មោះរបស់អ្នកលែងជាអាប់រ៉ាមទៀតហើយ ប៉ុន្តែ ឈ្មោះរបស់អ្នកនឹងទៅជាអប្រាហាំវិញ ដ្បិត យើងបានរើសតាំងអ្នក ដើម្បីឲ្យធ្វើជាឪពុកនៃប្រជាជាតិជាច្រើន។ 6 យើងនឹងធ្វើឲ្យអ្នកបានចម្រុងចម្រើនឡើង ហើយយើងនឹងធ្វើឲ្យអ្នកក្លាយជាប្រជាជាតិជាច្រើន ហើយស្តេចនឹងកើតចេញពីអ្នក។ 7 យើងនឹងចងសម្ពន្ធមេត្រីរបស់យើង រវាងយើងនិងអ្នក ព្រមទាំងជាមួយពូជពង្សរបស់អ្នកដែលមកតាមក្រោយអ្នក គ្រប់ទាំងតំណរតទៅ ដ្បិត សម្ពន្ធមេត្រីនេះស្ថិត‌ស្ថេរ​នៅអស់កល្បជានិច្ច ឲ្យយើងបានធ្វើជាព្រះជាម្ចាស់របស់អ្នក និងពូជពង្សដែលនៅក្រោយអ្នក។ 8 យើងនឹងប្រគល់ទឹកដីដែលអ្នកកំពុងរស់នៅនេះ ដល់អ្នក និងដល់កូនចៅបន្ទាប់ពីអ្នក គឺទឹកដីកាណានទាំងអស់ សម្រាប់ជាសម្បត្តិដ៏នៅអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះជាម្ចាស់របស់ពួកគេ»។ 9 បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលមកលោកអ័ប្រាហាំថា៖ «ចំណែកអ្នកវិញ អ្នកត្រូវកាន់តាមសម្ពន្ធមេត្រីរបស់យើង អ្នកនិងកូនចៅនៅបន្ទាប់ពីអ្នក និងគ្រប់ទាំងតំណរបស់ពួកគេតទៅ។ 10 នេះគឺជាសម្ពន្ធមេត្រីរបស់យើង ដែលអ្នកត្រូវកាន់តាម រវាងយើង និងអ្នក ព្រមទាំងពូជពង្សនៅបន្ទាប់ពីអ្នក អ្នកត្រូវកាត់ស្បែកភេទប្រុសដែលនៅក្នុងចំណោមអ្នកទាំងអស់។ 11 អ្នកត្រូវកាត់ស្បែកចុងលឹង្ករបស់មនុស្សទាំងអស់ ហើយនេះគឺជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីរវាងយើង និងអ្នក។ 12 គ្រប់ទាំងភេទប្រុសទាំងអស់នៅក្នុងចំណោមអ្នកដែលមានអាយុប្រាំបីថ្ងៃ គឺមនុស្សគ្រប់ទាំងតំណរបស់អ្នក។ ការនេះ បូករួមទាំងអស់អ្នកដែលបានកើតនៅក្នុងគ្រួសារ និងអស់អ្នកដែលបានទិញពីសាសន៍ដទៃដែលមិនមែនជាពូជពង្សរបស់អ្នក។ 13 អស់អ្នកដែលកើតមកនៅក្នុងគ្រួសាររបស់អ្នក និងអស់អ្នកដែលអ្នកបានទិញត្រូវតែកាត់ស្បែក។ ដូច្នេះ សម្ពន្ធមេត្រីរបស់យើងនឹងចងជាមួយអ្នក ដ្បិត សម្ពន្ធមេត្រីនេះ ស្ថិតស្ថេរនៅអស់កល្បជានិច្ច។ 14 ប្រសិនបើ បុរសមិនកាត់ស្បែកណាដែលមិនបានកាត់ស្បែកខាងសាច់ឈាម ចុងលឹង្ករបស់គាត់ទេ ចូរកាត់កាល់គាត់ចេញពីមនុស្សរបស់គាត់ទៅ។ គាត់បានបំបែកសម្ពន្ធមេត្រីរបស់យើង»។ 15 ព្រះជាម្ចាស់មានបន្ទូលមកលោកអ័ប្រាហាំថា៖ «ចំណែក នាងសារ៉ាយ ភរិយារបស់អ្នក កុំហៅនាងថាសារ៉ាយទៀត។ ផ្ទុយទៅវិញ ត្រូវហៅនាងថាសារា៉វិញ។ 16 យើងនឹងឲ្យពរដល់នាង ហើយយើងនឹងឲ្យកូនប្រុសមួយដល់នាង។ យើងនឹងឲ្យពរដល់នាង ហើយនាងនឹងក្លាយជាម្តាយនៃប្រជាជាតិជាច្រើន ស្តេចរបស់ប្រជារាស្រ្ត នឹងកើតចេញមកពីនាង»។ 17 ពេលនោះ លោកអប្រាហាំបានក្រាបចុះ ឱនមុខទៅដី ហើយបានសើច ហើយគាត់និយាយនៅក្នុងចិត្តរបស់គាត់ថា៖ ​«តើមនុស្សមានអាយុមួយរយឆ្នាំហើយ អាចមានកូនបានដែរឬ? តើនាងសារា៉ ដែលមានអាយុកៅសិបឆ្នាំហើយ អាចមានកូនបានដែរឬ?» 18 លោកអប្រាហាំទូលទៅព្រះជាម្ចាស់ថា៖ «ព្រះអង្គអើយ សូមឲ្យអ៊ីស្មាអែលបានរស់នៅចំពោះព្រះអង្គទៅបានហើយ!»។ 19 ព្រះជាម្ចាស់មានបន្ទូលថា៖ ​«អត់ទេ គឺសារ៉ា ភរិយារបស់អ្នកទេ ដែលបង្កើតកូនប្រុសនោះ ហើយអ្នកត្រូវដាក់ឈ្មោះថា អ៊ីសាក។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ ជាសម្ពន្ធមេត្រីដ៏នូវអស់កល្បជានិច្ចជាមួយនឹងពូជពង្សបន្ទាប់ពីគាត់ដែរ។ 20 ចំណែកអ៊ីស្មាអែលវិញ យើងបានឮអ្នក។ មើល៍ យើងនឹងឲ្យពរដល់គាត់ ហើយនឹងធ្វើឲ្យគាត់បង្កើតផល ហើយបានចម្រើនច្រើនឡើងជាបរិបូរ។ គាត់នឹងធ្វើជាឪពុកនៃអ្នកដឹកនាំកុលសម្ពន្ធទាំងដប់ពីរ ហើយយើងនឹងធ្វើឲ្យគាត់ក្លាយជាប្រជាជាតិមួយដ៏ធំ។ 21 ប៉ុន្តែ សម្ពន្ធមេត្រីដែលយើងនឹងចងជាមួយអ៊ីសាក ជាកូនដែលសារ៉ាបានបង្កើតដល់អ្នកនៅឆ្នាំក្រោយនេះ»។ 22 នៅពេលព្រះអង្គមានបន្ទូលជាមួយលោកចប់ ព្រះជាម្ចាស់យាងចេញពីលោកអប្រាហាំ។ 23 បន្ទាប់មក លោកអប្រាហាំបានយកអ៊ីស្មាអែលកូនប្រុសរបស់គាត់ និងអស់អ្នកដែលបានកើតនៅក្នុងគ្រួសាររបស់គាត់ទាំងអស់ ព្រមទាំងអស់ដែលបានទិញដោយលុយ និងគ្រប់ទាំងប្រុសៗនៅក្នុងគ្រួសាររបស់លោកអប្រាហាំទាំងអស់ មកកាត់ស្បែកចុងលឹង្គនៅថ្ងៃតែមួយនោះឯង ដូចព្រះជាម្ចាស់បានមានបន្ទូលទៅគាត់។ 24 លោកអប្រាហាំមានអាយុកៅសិបប្រាំបួនឆ្នាំ នៅពេលលោកកាត់ស្បែកចុងលឹង្គរបស់គាត់។ 25 អ៊ីស្មាអែលកូនប្រុសរបស់កាត់មានអាយុដប់បីឆ្នាំ ពេលគាត់កាត់ស្បែកចុងលឹង្គរបស់គាត់។ 26 នៅថ្ងៃដដែលនោះ លោកអប្រាហាំ និងអ៊ីស្មាអែលកូនប្រុសរបស់គាត់កាត់ស្បែកទាំងពីរនាក់។ 27 ប្រុសៗទាំងអស់នៅក្នុងគ្រួសាររបស់គាត់ត្រូវបានកាត់ស្បែកជាមួយគាត់ រួមទាំងអស់អ្នកដែលកើតនៅក្នុងគ្រួសាររបស់គាត់ និងអស់អ្នកដែលបានទិញដោយលុយពីជនបរទេស។