ជំពូក ១៦

1 ឥឡូវនេះ នាងសារ៉ាយ ភរិយារបស់លោកអាប់រ៉ាម មិនបានបង្កើតកូនណាមួយឲ្យលោកអាប់រ៉ាមទេ ប៉ុន្តែ នាងមានអ្នកបម្រើស្រីម្នាក់ ជាជនជាតិអេស៊ីប នាងឈ្មោះហាកា។ 2 ដូច្នេះ នាងសារ៉ាយបានប្រាប់លោកអាប់រ៉ាមថា៖ «មើល៍ ព្រះអម្ចាស់បានបង្ខាំងខ្ញុំមិនឲ្យមានកូន។ ចូរទៅគេងជាមួយអ្នកបម្រើស្រីរបស់ខ្ញុំចុះ។ ខ្ញុំប្រហែលជាមានកូនដោយសារនាង»។ លោកអាប់រ៉ាមបានស្តាប់តាមសំដីរបស់នាងសារ៉ាយ។ 3 ការនេះកើតឡើងបន្ទាប់ពីលោកអាប់រ៉ាមមករស់នៅទឹកដីកាណានដប់ឆ្នាំ ដែលនាងសារ៉ាយភរិយារបស់លោកអាប់រ៉ាមប្រគល់នាងហាកា ជាអ្នកបម្រើស្រីរបស់នាង ទៅឲ្យស្វាមីរបស់នាងធ្វើជាភរិយា។ 4 ដូច្នេះ លោកក៏បានរួមរស់ជាមួយនាងហាកា ហើយនាងក៏មានផ្ទៃពោះ។ នៅពេលនាងឃើញថា នាងមានកូនដូច្នេះ នាងចាប់ផ្តើមមើលងាយម្ចាស់ស្រីរបស់នាង។ 5 បន្ទាប់មក នាងសារ៉ាយប្រាប់លោកអាប់រ៉ាមថា៖ «នេះជាកំហុសរបស់អូនគឺដោយសារតែបង។ អូនបានប្រគល់អ្នកបម្រើស្រីរបស់អូនទៅឲ្យបងឱប ហើយនៅពេលនាងដឹងថា នាងមានផ្ទៃពោះ នាងបែរជាមើលងាយអូនទៅវិញ។ សូមឲ្យព្រះអម្ចាស់វិនិច្ឆ័យ រវាងអូននិងបងចុះ»។ 6 ប៉ុន្តែ លោកអាប់រ៉ាមនិយាយទៅនាងសារ៉ាយថា៖ «មើល៍ អ្នកបម្រើស្រីរបស់អូននៅក្នុងអំណាចរបស់អូនហើយ ចូរធ្វើតាមតែចិត្តអូនចុះ»។ ដូច្នេះ នាងសារ៉ាយបានប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងហាកាក៏រត់ចេញពីនាង។ 7 ទេវតារបស់ព្រះអម្ចាស់បានមកជួបនាងនៅក្បែរប្រភពទឹកមួយនៅទីរហោស្ថាន ប្រភពទឹកនោះនៅតាមផ្លូវទៅ​ទឹកដីស៊ើរ។ 8 លោកនិយាយនឹងនាងថា៖ «ហាកា អ្នកបម្រើរបស់នាងសារ៉ាយអើយ តើអ្នកមកពីណា ហើយទៅណា?» បន្ទាប់មក នាងក៏តបថា៖ «នាងខ្ញុំរត់ចេញពីលោកស្រីសារ៉ាយម្ចាស់ស្រីរបស់ខ្ញុំ»។ 9 ទេវតារបស់ព្រះអម្ចាស់ប្រាប់ទៅនាងថា៖ «ចូរត្រឡប់ទៅម្ចាស់ស្រីរបស់អ្នកវិញចុះ ហើយចុះចូលនឹងសិទ្ធិអំណាចរបស់នាង»។ 10 បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់និយាយទៅនាងថា៖ «យើងនឹងធ្វើឲ្យពូជពង្សរបស់នាងបានចម្រើនច្រើនឡើង គ្មាននរណាអាចរាប់បានឡើយ»។ 11 ទេវតារបស់ព្រះអម្ចាស់ក៏ប្រាប់ទៅនាងផងដែរថា៖ ​«មើល អ្នកមានផ្ទៃពោះ ហើយនាងនឹងបង្កើតបានកូនប្រុសមួយ ហើយអ្នកត្រូវដាក់ឈ្មោះថា អ៊ីស្មាអែល ដោយសារព្រះអម្ចាស់បានឮទុក្ខលំបាករបស់នាង។ 12 គាត់នឹងបានដូចជាសត្វលាព្រៃ។ គាត់នឹងវាយមនុស្សទាំងអស់ ហើយមនុស្សទាំងអស់នឹងវាយវាវិញ ហើយវានឹងរស់នៅដោយឡែកពីបងប្អូនទាំងអស់របស់វា»។ 13 បន្ទាប់មក នាងបានថ្វាយព្រះនាមដល់ព្រះអម្ចាស់ដែលមានបន្ទូលជាមួយនាងថា៖ «ព្រះអង្គជាព្រះជាម្ចាស់ដែលទតឃើញខ្ញុំម្ចាស់» ដ្បិតនាងនិយាយថា៖ «តើខ្ញុំពិតជាមើលឃើញ សូម្បីតែព្រះអង្គបានទតឃើញខ្ញុំ»? 14 ដូច្នេះ អណ្តូងនោះត្រូវបានហៅថា អណ្ដូង​ឡាហាយរយ មើល វា​ស្ថិត​នៅ​ចន្លោះ​ភូមិ​កាដេស និង​ភូមិ​បារ៉ែដ។ 15 នាងហាកាបង្កើតបានកូនប្រុសមួយឲ្យលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមបានដាក់ឈ្មោះកូនប្រុសរបស់គាត់ ដែលនាងហាកាបង្កើតនោះថា អ៊ីស្មាអែល។ 16 លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំ ពេលនាងហាកាបង្កើតអ៊ីស្មាអែលដល់លោកអាប់រ៉ាម។