ជំពូក ៦
1
នៅពេលមនុស្សកើនជាច្រើនឡើងនៅលើផែនដី ហើយពួកគេបង្កើតបានកូនស្រីៗជាច្រើន
2
កូនប្រុសៗរបស់ព្រះជាម្ចាស់ឃើញថាពួកកូនស្រីៗរបស់មនុស្សមានការទាក់ទាញ។ ពួកគេបានយកកូនស្រីៗទាំងនោះមកធ្វើជាភរិយារបស់ពួកគេ ពួកគេបានជ្រើសរើសក្នុងចំណោមពួកស្រីៗទាំងនោះ។
3
ព្រះអម្ចាស់មានបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅជាមួយមនុស្សលោករហូតទេ ដ្បិត ពួកគេជាសាច់ឈាម។ ពួកគេនឹងរស់នៅបាន១២០ឆ្នាំប៉ុណ្ណោះ»។
4
នៅសម័យនោះ មនុស្សមានមាឌធំៗនៅលើផែនដី ហើយក្រោយមកក៏មានដែរ។ ការនេះកើតឡើងនៅពេលបុត្ររបស់ព្រះជាម្ចាស់រៀបការជាមួយកូនស្រីរបស់មនុស្ស ហើយពួកគេមានកូនជាមួយគ្នា។ អ្នកទាំងនេះហើយគឺជាមនុស្សដ៏ខ្លាំងពូកែ និងមានឈ្មោះល្បីនៅសម័យបូរាណ។
5
ព្រះជាម្ចាស់ឃើញថាអំពើអាក្រក់របស់មនុស្សកាន់តែច្រើនឡើងនៅលើផែនដី ហើយនៅក្នុងគំនិតនៃដួងចិត្តរបស់ពួកគេរេទៅរកតែការអាក្រក់ជាបន្តបន្ទាប់។
6
ព្រះអម្ចាស់សោកស្តាយដែលព្រះអង្គបានបង្កើតមនុស្សនៅលើផែនដី ហើយវាបានធ្វើឲ្យទ្រង់ព្រួយនៅក្នុងព្រះទ័យរបស់ព្រះអង្គ។
7
ដូច្នេះ ព្រះអម្ចាស់មានបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោកដែលយើងបានបង្កើតចេញពីផ្ទៃនៃផែនដី ទាំងមនុស្ស និងសត្វស្រុក សត្វលូនវា ព្រមទាំងសត្វស្លាបដែលហើយនៅលើអាកាស ដើម្បីយើងសោកស្តាយដែលយើងបានបង្កើតពួកគេមក»។
8
ប៉ុន្តែ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកណូអេ។
9
នេះគឺជាព្រឹត្តិការណ៍ទាក់ទងជាមួយលោកណូអេ។ លោកណូអេជាមនុស្សសុចរិត ហើយគ្មានកន្លែងបន្ទោសបាននៅក្នុងចំណោះមនុស្សនៅសម័យនោះ។
10
លោកណូអេបានដើរជាមួយព្រះជាម្ចាស់។ លោកណូអេមានកូនប្រុសបីនាក់គឺឈ្មោះសិម ហាំ និងយ៉ាផេត។
11
ផែនដីបានខូចអាក្រក់នៅចំពោះព្រះជាម្ចាស់ និងពេញដោយអំពើឃោរឃៅ។
12
ព្រះជាម្ចាស់បានឃើញផែនដី មើល៍ ផែនដីបានខូច ដ្បិត គ្រប់ទាំងមនុស្សបានប្រព្រឹត្តអាក្រក់នៅគ្រប់ទាំងផ្លូវរបស់ពួកគេនៅលើផែនដី។
13
ព្រះជាម្ចាស់មានបន្ទូលទៅលោកណូអេថា៖ «យើងឃើញថា ដល់ពេលដែលត្រូវបញ្ចប់ដល់មនុស្សលោកទាំងអស់ហើយ ដ្បិត ផែនដីបានពេញទៅដោយអំពើឃោឃៅដោយសារពួកគេ។ ពិតណាស់ យើងនឹងបំផ្លាញពួកគេជាមួយនិងផែនដីដែរ។
14
ចូរធ្វើទូកពីដើមស្រល់សម្រាប់អ្នក។ ចូរធ្វើបន្ទប់នៅក្នុងទូកនោះ ហើយបិទជ័រនៅខាងក្នុង និងខាងក្រៅផង។
15
នេះជារបៀបដែលអ្នកត្រូវធ្វើវា៖ ទូកនោះត្រូវមានប្រវែងបីរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ។
16
ចូរធ្វើដំបូលគ្របពីលើទូកមានកំពស់មួយហត្ថ។ ចូរដាក់ទ្វារនៅចំហៀងទូក ហើយដាក់នៅជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។
17
ចូរស្តាប់ យើងនឹងនាំឲ្យមានទឹកជំនន់នៅលើផែនដី ដើម្បីបំផ្លាញមនុស្សលោកទាំងអស់ដែលមានជីវិតរស់នៅក្រោមស្ថានសួគ៌។ អ្វីៗទាំងអស់ដែលនៅលើផែនដីនឹងស្លាប់។
18
ប៉ុន្តែ យើងនឹងបង្កើតសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក។ អ្នកត្រូវចូលទៅក្នុងទូក គឺអ្នក និងកូនប្រុសៗ ព្រមទាំងភរិយា ហើយនិងកូនប្រសារស្រីៗរបស់អ្នក។
19
អ្នកក៏ត្រូវនាំសត្វលោកទាំងអស់ មួយគូពីចំណោមសត្វទាំងអស់ចូលទៅក្នុងទូក ឲ្យពួកវារស់នៅជាមួយអ្នក ទាំងញីទាំងឈ្មោល។
20
អ្នកត្រូវនាំសត្វស្លាបគ្រប់ប្រភេទ ហើយសត្វធំៗតាមពូជរបស់វា ពីសត្វលូនវាតាមពូជរបស់វា ចូរយកមួយគូៗទៅជាមួយអ្នក ឲ្យពួកវារស់នៅជាមួយអ្នក។
21
ចូរប្រមូលអាហារសម្រាប់អ្នក និងពួកវាដែរ»។
22
ដូច្នេះ លោកណូអេក៏ធ្វើការនេះ។ ទៅតាមអ្វីៗដែលព្រះជាម្ចាស់បានបង្គាប់ដល់គាត់ ដូច្នេះ គាត់ក៏ធ្វើតាម។