ជំពូក ៤៣

1 គ្រោះទុរ្ភិក្សបាន​កើត​មាន​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើង។ 2 នៅពេលពួកគេបានហូបស្រូវដែលបានទិញពីអេស៊ីបមកអស់ហើយ ឪពុករបស់ពួកគេបាននិយាយទៅពួកគេថា៖ «ចូរទៅម្តងទៀតចុះ ទៅទិញអាហារខ្លះសម្រាប់យើង»។ 3 លោកយូដាប្រាប់គាត់ថា៖ «បុរសនោះបានប្រាប់ពួកយើងយ៉ាងច្បាស់ថា៖ «ប្រសិនបើ មិននាំប្អូនប្រុសរបស់យើងទៅទេ កុំមកជួបមុខយើងទៀត»។ 4 ប្រសិនបើ លោកឪពុកឲ្យប្អូនប្រុសទៅជាមួយយើង យើងនឹងចុះទៅម្តងទៀត ហើយទិញអាហារជូនលោកឪពុក»។ 5 ប៉ុន្តែ ប្រសិនបើ លោកឪពុកមិនឲ្យប្អូនប្រុសទៅជាមួយយើងទេ យើងនឹងមិនទៅទេ។ ដ្បិត បុរសនោះបានប្រាប់យើងរួចហើយថា៖ «ប្រសិនបើ មិននាំប្អូនប្រុសរបស់យើងទៅទេ កុំមកជួបមុខយើងទៀត»។ 6 លោកអ៊ីស្រាអែលប្រាប់ថា៖ «ហេតុអ្វីបានជាឯងរាល់គ្នាប្រព្រឹត្តនឹងយើងអាក្រក់យ៉ាងដូច្នេះ ដោយប្រាប់បុរសនោះថា ឯងមានប្អូនម្នាក់ទៀត?» 7 ពួកគេ និយាយថា៖ «បុរសនោះសួរយ៉ាងលម្អិតពីយើង និងគ្រួសាររបស់យើង។ គាត់សួរថា៖ «តើឪពុករបស់អ្នករាល់គ្នានៅរស់ទេ? តើអ្នករាល់គ្នាមានបងប្អូនផ្សេងទៀតទេ? ពួកយើងឆ្លើយទៅគាត់តាមសំនួររបស់គាត់។ ធ្វើដូចម្តេចយើងខ្ញុំអាចដឹងបានថាគាត់សួរបែបនឹងថា៖ «ចូរនាំប្អូនប្រុសរបស់អ្នករាល់គ្នាមកផង?» 8 លោកយូដាឆ្លើយទៅលោកអ៊ីស្រាអែល ឪពុករបស់គាត់ថា៖ «ឲ្យប្អូនប្រុសទៅជាមួយខ្ញុំទៅ។ យើងនឹងក្រោក ហើយចេញទៅ ដើម្បីឲ្យយើងបានរស់ មិនស្លាប់ឡើយ ទាំងយើងខ្ញុំ ទាំងលោកឪពុក និងទាំងកូនៗរបស់យើងដែរ។ 9 ខ្ញុំធានាមើលថែវា។ ខ្ញុំនឹងទទួលខុសត្រូវចំពោះលោកឪពុក។ ប្រសិនបើ ខ្ញុំមិននាំវាត្រឡប់មករកលោកឪពុក ហើយយកវាមកដាក់នៅចំពោះលោកឪពុកវិញទេ ខ្ញុំនឹងទទួលកំហុសរហូត។ 10 ដ្បិត ប្រសិនបើ លោកឪពុកមិនពន្យាពេលទេនោះ មេ្ល៉ះយើងបានត្រឡប់មកវិញជាលើទីពីរបានទៅហើយ»។ 11 លោកអ៊ីស្រាអែល ឪពុករបស់ពួកគេប្រាប់ពួកគេថា៖ «បើដូច្នោះមែន ចូរធ្វើដូច្នោះទៅ។ ចូរយកផលិតផលពីទឹកដីនេះ ដាក់នៅក្នុងបាវរបស់កូនៗទៅ។ យកវាទៅទុកជាអំណោយដល់បុរសនោះ មានត្នោត និងទឹកឃ្មុំ គ្រឿង​ម្ហូប ជ័រ​ល្វីង‌ទេស គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ចំបក់ខ្លះផង។ 12 ចូរយកប្រាក់មួយទ្វេជាពីរនៅក្នុងដៃរបស់ឯងរាល់គ្នា។ ប្រាក់ដែលបានដាក់ត្រឡប់មកនៅក្នុងបាវរបស់កូនៗនោះ ចូរយកវាទៅជាមួយកូនៗម្តងទៀត។ ប្រហែលជាច្រឡំហើយមើលទៅ។ 13 ចូរយកប្អូនប្រុសរបស់កូនៗទៅជាមួយផង។ ចូរក្រោកឡើង ហើយចេញទៅរកបុរសនោះចុះ។ 14 សូមព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាប្រទានព្រះគុណដល់កូនៗនៅចំពោះបុរសនោះ ដើម្បីឲ្យគាត់បានដោះលែងប្អូនប្រុសរបស់កូនៗមកកូនវិញ ព្រមទាំងបេនយ៉ាមីនផង។ ប្រសិនបើ ឪពុកបាត់បង់កូន សូមឲ្យវាបាត់ទៅចុះ»។ 15 ពួកគេបានយកអំណោយនេះ ហើយនៅក្នុងដៃរបស់ពួកគេ ពួកគេបានយកប្រាក់ទ្វេដង ហើយបេនយ៉ាមីនក៏ទៅជាមួយដែរ។

16 នៅពេលលោកយ៉ូសែបឃើញបេនយ៉ាមីននៅជាមួយពួកគេ គាត់ប្រាប់ទៅអ្នកបម្រើនៅក្នុងផ្ទះរបស់គាត់ថា៖ «ចូរនាំបុរសទាំងនោះមកក្នុងផ្ទះខ្ញុំមក ហើយសម្លាប់សត្វ ហើយចម្អិនវា សម្រាប់ពួកគេហូបពេលថ្ងៃត្រង់នេះ»។ 17 អ្នកបម្រើបានធ្វើតាមលោកយ៉ូសែបង្គាប់។ គាត់បាននាំពួកគេទៅក្នុងផ្ទះរបស់លោកយ៉ូសែប។ 18 បុរសទាំងនោះមានការភ័យខ្លាចជាខ្លាំង ដោយសារពួកគេបាននាំចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប។ ពួកគេនិយាយថា៖ «ដោយសារប្រាក់ដែលនៅក្នុងបាវលើកទីមួយដែលយើងបាននាំទៅទេដឹង ហើយប្រហែលជាគាត់រកឱកាសដើម្បីប្រឆាំងជាមួយយើងហើយ។ គាត់ប្រហែលជាចាប់ពួកយើង ហើយយកពួកយើងធ្វើជាឈ្លើយ ហើយយកទាំងលារបស់យើងទៀត»។ 19 ពួកគេបាននិយាយទៅអ្នកបម្រើនៅក្នុងផ្ទះរបស់លោកយ៉ូសែប ហើយពួកគេបាននិយាយទៅគាត់នៅមាត់ទ្វារផ្ទះ 20 ដោយពោលថា៖ «លោកម្ចាស់ យើងចុះមកនេះ លើកទីមួយដើម្បីទិញស្បៀង។ 21 នៅពេលទៅដល់កន្លែងសម្រាក នោះពួកគេហើយបានបើកបាវរបស់ពួកយើង ហើយមើល៍ មានប្រាក់នៅក្នុងបាវរបស់យើងគ្រប់គ្នា ប្រាក់របស់យើងនៅគ្រប់គីឡូ។ យើងបាននាំវាត្រឡប់មកជាមួយយើងដែរ។ 22 ហើយប្រាក់ផ្សេងទៀត យើងក៏បានយកមកនៅក្នុងដៃរបស់យើងដែរ ដើម្បីទិញស្បៀង។ យើងមិនដឹងថានរណាបានដាក់ប្រាក់របស់យើងទៅក្នុងបាវរបស់យើងវិញនោះទេ»។ 23 អ្នកបម្រើនោះនិយាយថា៖ «សូមសេចក្តី​សុខ​សាន្ត​នៅជាមួយអ្នកចុះ កុំ​ខ្លាច​អ្វី​ឡើយ។ ​ព្រះជាម្ចាស់​របស់​អ្នក​រាល់​គ្នា និងជា​ព្រះជាម្ចាស់​នៃ​ឪពុក​របស់អ្នក​រាល់​គ្នា​ទេ ដែល​បាន​ដាក់​ប្រាក់​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នាវិញនោះ ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ»។ បន្ទាប់មក អ្នកបម្រើនោះបាននាំលោកស៊ីម្មានចេញមករកពួកគេដែរ។ 24 អ្នកបម្រើបាននាំបុរសទាំងអស់នោះចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប។ គាត់ឲ្យទឹកពួកគេពិសា ហើយលាងជើងរបស់ពួកគេ។ គាត់ឲ្យស្មៅទៅសត្វលារបស់ពួកគេ។ 25 ពួកគេបានរៀបចំអំណោយជូនលោកយ៉ូសែបមកដល់ពេលថ្ងៃត្រង់ ដ្បិត ពួកគេបានឮថា ពួកគេនឹងហូបអាហារនៅទីនោះ។

26 នៅពេលលោកយ៉ូសែបមកដល់ផ្ទះវិញ ពួកគេបាននាំយកអំណោយដែលនៅក្នុងដៃរបស់ពួកគេចូលមកក្នុងផ្ទះ ហើយលុតជង្គង់ចុះនៅចំពោះមុខគាត់​ ឱនមុខទៅដី។ 27 គាត់បានសួរពួកគេពីសុខទុក្ខរបស់ពួកគេ ដោយនិយាយថា៖ «តើឪពុករបស់អ្នករាល់គ្នាសុខសប្បាយជាទេ គាត់សួរទៅបងច្បង? តើគាត់នៅរស់ទេ?» 28 ពួកគេឆ្លើយថា៖ «បាទលោកម្ចាស់ ឪពុកយើងខ្ញុំសុខសប្បាយជាទេ គាត់ក៏នៅរស់ដែរ»។ ពួកគេឱន ហើយលុតជង្គងចុះ។ 29 នៅពេលគាត់ក្រឡេកភ្នែករបស់គាត់ឡើង​គាត់បានឃើញបេនយ៉ាមីន ប្អូនប្រុសរបស់គាត់ កូនរបស់ម្តាយគាត់ ហើយគាត់និយាយថា៖ «តើគាត់នោះគឺជាប្អូនប្រុសពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំ?» បន្ទាប់មកគាត់និយាយថា៖ «សូមព្រះជាម្ចាស់ផ្តល់ព្រះគុណដល់អ្នក កូនប្រុស»។ 30 លោកយ៉ូសែបប្រញាប់ចេញទៅក្រៅបន្ទប់ ដ្បិតគាត់មានចិត្តក្តុកក្តួលជាមួយប្អូនប្រុសរបស់គាត់។ គាត់បានស្វែងរកន្លែងដើម្បីយំ។ គាត់បានទៅបន្ទប់របស់គាត់ ហើយយំនៅទីនោះ។ 31 គាត់បានលាងមុខរបស់គាត់ ហើយចេញមកក្រៅវិញ។ គាត់បានគ្រប់គ្រងខ្លួនឯង ដោយនិយាយថា៖ «លើកម្ហូបអាហារមក»។ 32 អ្នកបម្រើរបស់លោកយ៉ូសែបបានលើកម្ហូបជូនលោកយ៉ូសែបដោយផ្ទាល់ ហើយឲ្យបងៗដួសម្ហូបខ្លួនឯង។ ជនជាតិអេស៊ីបនៅទីនោះហូបអាហារជាមួយគាត់ដោយឡែកដោយខ្លួនរបស់ពួកគេ ព្រោះជនជាតិអេស៊ីបមិនហូបនំប៉័ងជាមួយជនជាតិហេព្រើរទេ ដ្បិតជនជាតិអេស៊ីបខ្ពើមនឹងការនោះ។ 33 បងៗអង្គុយទល់មុខគាត់ ពួកគេអង្គុយតាមលេខរៀងពីបងច្បងទៅប្អូនពៅ តាមអាយុរបស់ពួកគេ។ ពួកគេមានការ​ឆ្ងល់​ទាំង​អស់​គ្នា។ 34 លោកយ៉ូសែបបានដាក់ចំណែកអាហារដល់ពួកគេនៅចំពោះពួកគេ។ ប៉ុន្តែ ចំណែករបស់បេនយ៉ាមីន ប្អូនប្រុសរបស់គាត់វិញ ប្រាំដងលើសបងៗរបស់គាត់។ ពួកគេ​​ផឹក​ស្រា​យ៉ាង​សប្បាយ​រីក​រាយ​ជា‌មួយ​គាត់។