ជំពូក ៤

1 បុរសបានគេងជាមួយនាងអេវ៉ាភរិយារបស់គាត់។ នាងមានផ្ទៃពោះ ហើយបង្កើតបានកាអ៊ីន។ នាងនិយាយថា៖ «ខ្ញុំបានបង្កើតបុរសម្នាក់ដោយសារព្រះអម្ចាស់ជួយ។ 2 បន្ទាប់មក នាងបង្កើតបានប្អូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ អេបិល។ អេបិលបានត្រឡប់ជាអ្នកគង្វាលម្នាក់ ប៉ុន្តែ កាអ៊ីនជាអ្នកធ្វើស្រែចម្ការ។ 3 នៅពេលរដូវប្រមូលផលមកដល់ កាអ៊ីនបាននាំផលផ្លែខ្លះពីដីមកធ្វើជាតង្វាយដល់ព្រះអម្ចាស់។ 4 ចំណែកអេបិលវិញ បាននាំកូនដំបូងពីហ្វូងសត្វ ហើយជាសត្វដែលធាត់ៗ។ ព្រះអម្ចាស់ទទួលអេបិល និងតង្វាយរបស់គាត់ 5 ប៉ុន្តែ កាអ៊ីន និងតង្វាយរបស់គាត់ ព្រះអង្គមិនទទួលទេ។ ដូច្នេះ កាអ៊ីនបានខឹងជាខ្លាំង ហើយមុខឡើងក្រញ៉ូវ។ 6 ព្រះអម្ចាស់មានបន្ទូលទៅកាអ៊ីនថា៖​ «ហេតុអ្វីបានជាអ្នកខឹង ហើយហេតុអ្វីបានជាអ្នកមុខក្រញ៉ូវដូច្នេះ? 7 ប៉ុន្តែ ប្រសិនបើ អ្នកមិនបានធ្វើអ្វីដែលត្រឹមត្រូវទេ បានដេកនៅមាត់ទ្វារ ហើយវាប្រាថ្នាចង់គ្រប់គ្រងអ្នក ប៉ុន្តែ អ្នកត្រូវគ្រប់គ្រងវា»។ 8 កាអ៊ីនបាននិយាយទៅកាន់អេបិលជាប្អូនប្រុសរបស់គាត់។ នៅពេលពួកគេនៅឯវាល កាអ៊ីនបានក្រោកឡើងទាស់នឹងអេបិលប្អូនប្រុសរបស់គាត់ ហើយបានសម្លាប់គាត់។

9 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅកាអ៊ីនថា៖ «តើអេបិលប្អូនប្រុសរបស់ឯងនៅឯណា?» គាត់ទូលឆ្លើយថា៖ «ទូលបង្គំមិនដឹងទេ។ តើទូលបង្គំជាអ្នកមើលថែប្អូនប្រុសរបស់ទូលបង្គំមែនទេ?» 10 ព្រះអម្ចាស់មានបន្ទូលថា៖​ «តើអ្នកបានធ្វើអ្វីដូច្នេះ? ឈាមរបស់ប្អូនប្រុសរបស់អ្នកកំពុងតែស្រែករកយើងពីដីមក។ 11 ឥឡូវនេះ បណ្តាសានឹងធ្លាក់ទៅលើដី ដែលនឹងបើកមាត់ក្នុងការទទួលឈាមរបស់ប្អូនរបស់អ្នកចេញពីដៃរបស់អ្នក។ 12 ចាប់ពីពេលនេះតទៅ នៅពេលអ្នកភ្ជួររាស់ដី វាលែងបង្កើតផលច្រើនដូចមុនទៀតហើយ។ អ្នកនឹងត្រូវសាត់ព្រាត់ និងអណ្តែតត្រសែតនៅក្នុងលោកនេះ»។ 13 កាអ៊ីនទូលទៅព្រះអម្ចាស់ថា៖ «ទោសរបស់ទូលបង្គំធ្ងន់ណាស់ ទូលបង្គំមិនអាចទ្រាំទ្របានទេ។ 14 ពិតណាស់ ព្រះអង្គបានបណ្តេញទូលបង្គំចេញពីទឹកដីនេះ ហើយទូលបង្គំនឹងលាក់ខ្លួននៅចំពោះព្រះភក្រ្តរបស់ព្រះអង្គ។ ទូលបង្គំនឹងសាត់ព្រាត់ ហើយអណ្តែតត្រសែតនៅក្នុងលោកនេះ ហើយអស់អ្នកណាដែលបានរកទូលបង្គំឃើញ នឹងសម្លាប់ទូលបង្គំ»។ 15 ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «ប្រសិនបើ អ្នកណាសម្លាប់កាអ៊ីន នឹងត្រូវសងសឹកមួយជាប្រាំពីរ»។ បន្ទាប់មក ព្រះអម្ចាស់បានដាក់សញ្ញានៅលើកាអ៊ីន ដើម្បីកុំឲ្យអ្នកណាម្នាក់អាចរកកាអ៊ីនឃើញ ហើយអ្នកនឹងមិនអាចប្រហារគាត់បានឡើយ។

16 ដូច្នេះ កាអ៊ីនបានចេញពីព្រះវត្តមានរបស់ព្រះអម្ចាស់ ហើយបានរស់នៅក្នុងទឹកដីណូឌ នៅខាងកើតស្រុកអេដែន។ 17 កាអ៊ីនបានគេងជាមួយភរិយារបស់គាត់ ហើយនាងមានផ្ទៃពោះ។ នាងបង្កើតបានអេណុក។ គាត់បានសង់ទីក្រុង ហើយបានដាក់ឈ្មោះតាមឈ្មោះអេណុកកូនប្រុសរបស់គាត់។ 18 លោកអេណុកបង្កើតអ៊ីរ៉ាដ។ លោកអ៊ីរ៉ាដជាឪពុករបស់មហ៊ូ‌យ៉ែល។ លោកមហ៊ូ‌យ៉ែលជាឪពុករបស់មទូ‌សែល។ លោកមទូ‌សែលជាឪពុកឡាម៉េក។ 19 លោកឡាម៉េកមានភរិយាពីរនាក់ ម្នាក់ឈ្មោះ នាង​អដា ហើយម្នាក់ទៀតឈ្មោះនាង​ស៊ីឡា។ 20 នាងអដាបង្កើតបានយ៉ាបាល។ គាត់ជាឪពុករបស់អស់អ្នកដែលរស់នៅក្នុងជំរំនៃអ្នកដែលមានហ្វូងសត្វ។ 21 ប្អូនប្រុសរបស់គាត់ឈ្មោះលោក​យូបាល។ គាត់ជាឪពុកនៃអស់​អ្នក​លេង​ពិណ និង​ចាប៉ី។ 22 ចំណែកនាងស៊ីឡាបានបង្កើតទូបាកាអ៊ីន ជាឪពុកនៃពួកជាងលង្ហិន និងដែក។ ប្អូនស្រីរបស់លោកទូបាលកាអ៊ីនឈ្មោះនាង​ណាអាម៉ា។ 23 លោកឡាម៉េកនិយាយទៅកាន់ភរិយារបស់គាត់ថា៖ «អដា និងស៊ីឡាអើយ ចូរស្តាប់សម្លេងរបស់ខ្ញុំ អ្នកគឺជាភរិយារបស់ឡាម៉េក ចូរស្តាប់អ្វីដែលខ្ញុំនិយាយ។ ដ្បិត ខ្ញុំបានសម្លាប់បុរសម្នាក់ ដោយសារធ្វើឲ្យខ្ញុំរងរបួស យុវជនម្នាក់បានវាយដំខ្ញុំ។
24 ប្រសិនបើ គេសងសឹងចំពោះលោកកាអ៊ីនមួយជាប្រាំពីរ ដូច្នេះ ត្រូវសងសឹកដល់ឡាម៉េកមួយជាចិតសិបដងវិញ»។

25 លោកអដាំបានគេងជាមួយភរិយារបស់គាត់ម្តងទៀត ហើយនាងបង្កើតបានកូនប្រុសមួយទៀត។ នាងបានដាក់ឈ្មោះថា សេថ​ ហើយនាងនិយាយថា៖ «ព្រះជាម្ចាស់បានប្រទានកូនប្រុសមួយទៀតដល់ខ្ញុំ ជំនួសឲ្យអេបិល ដ្បិត កាអ៊ីនបានសម្លាប់គាត់។ 26 លោក​សេថ​មានកូនប្រុសម្នាក់ គាត់បានដាក់ឈ្មោះកូនប្រុសនោះថា អេណុស។ នៅពេលនោះ មនុស្សបានចាប់ផ្តើមអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់។