ជំពូក ២៤

1 ឥឡូវ លោកអប្រាហាំក៏ចាស់ណាស់ហើយ ហើយព្រះអម្ចាស់បានប្រទានពរដល់លោកអប្រាហាំនៅក្នុងគ្រប់ការទាំងអស់។ 2 លោកអប្រាហាំនិយាយទៅអ្នបម្រើរបស់គាត់ ជាម្នាក់ដែលចាស់ទុំជាងគេនៅក្នុងគ្រួសាររបស់គាត់ ហើយជាម្នាក់ដែលមើលខុសត្រូវលើអ្វីៗទាំងអស់ដែលគាត់មានថា៖ «ចូរដាក់ដៃរបស់ឯងនៅលើភ្លៅរបស់យើង 3 ហើយយើងសូមឲ្យឯងស្បថដោយជាមួយព្រះអម្ចាស់ ជាព្រះជាម្ចាស់នៃស្ថានសួគ៌ និងជាព្រះជាម្ចាស់នៃផែនដីថា ឯងនឹងមិនយកភរិយាឲ្យកូនប្រុសយើងពីកូនស្រីរបស់ជនជាតិកាណាន គឺនៅក្នុងចំណោមអស់អ្នកដែលយើងបានសង់ផ្ទះនៅជាមួយឡើយ។ 4 ប៉ុន្តែ ឯងត្រូវទៅប្រទេសរបស់យើង ហើយទៅរកសាច់ញាតិរបស់យើង ហើយរកភរិយាឲ្យកូនប្រុសរបស់យើងនៅទីនោះ»។ 5 អ្នកបម្រើបាននិយាយទៅគាត់ថា៖ ​«ចុះប្រសិនបើស្រីនោះមិនព្រមតាមខ្ញុំមកទឹកដីនេះ? តើគួរឲ្យខ្ញុំយកកូនប្រុសរបស់លោកម្ចាស់ត្រឡប់ទៅទឹកដីដែលលោកម្ចាស់បានចេញមកដែរទេ?» 6 លោកអប្រាហាំនិយាយទៅគាត់ថា៖ «សូមកុំនាំកូនប្រុសរបស់ខ្ញុំទៅទីនោះឡើយ! 7 ព្រះអម្ចាស់ គឺជាព្រះជាម្ចាស់នៃស្ថានសួគ៌ ព្រះអង្គដែលនាំខ្ញុំមកទីនេះ ពីផ្ទះឪពុកម្តាយរបស់ខ្ញុំ និងពីទឹកដីនៃញាតិសន្ដានរបស់ខ្ញុំ ព្រះអង្គបានសន្យាជាមួយខ្ញុំដោយស្បថថា៖ «ព្រះអង្គនឹងប្រគល់ទឹកនេះដល់ពូជពង្សរបស់ខ្ញុំ ហើយព្រះអង្គនឹងចាត់ទេវតារបស់ព្រះអង្គទៅមុនអ្នក ហើយអ្នកនឹងរកភរិយាសម្រាប់កូនប្រុសរបស់ខ្ញុំនៅទីនោះ។ 8 ប៉ុន្តែ​ប្រសិនបើ ស្រី្តនោះមិនព្រមមកជាមួយអ្នកទេ ដូចនេះអ្នកបានរួចពីសម្បថជាមួយខ្ញុំហើយ។ តែសូមកុំយកកូនប្រុសរបស់ខ្ញុំទៅទីនោះឡើយ។ 9 ដូច្នេះ អ្នកបម្រើបានយកដៃដាក់នៅលើភ្លៅរបស់លោកអប្រាហាំជាម្ចាស់របស់គាត់ ហើយបានស្បថជាមួយគាត់ទាក់ទងនឹងរឿងនេះ។

10 អ្នកបម្រើបានយកសត្វអូដ្ឋរបស់ចៅហ្វាយគាត់ដប់ក្បាល ហើយបានចាកចេញទៅ។ គាត់បានយកអំណោយជាច្រើនផ្សេងទៀតពីចៅហ្វាយរបស់គាត់ទៅជាមួយគាត់។ គាត់បានចេញដំណើរ ហើយទៅតំបន់អើរ៉ាម ណាហារ៉ាម គឺ​ទៅ​ទី​ក្រុង​របស់​លោកណាឃរ។ 11 គាត់បានឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅក្រុង នៅក្បែរអណ្តូងទឹក។ គឺនៅពេលល្ងាច ពេលនោះពួកស្រីៗបានចេញមកដងទឹក។ 12 បន្ទាប់មក គាត់អធិស្ឋានថា៖ «ឱព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំចៅហ្វាយទូលបង្គំអើយ សូមឲ្យទូលបង្គំបានជោគជ័យនៅថ្ងៃនេះ ហើយសូមបង្ហាញពីភាពស្មោះត្រង់នៃសម្ពន្ធមេត្រីចំពោះចៅហ្វាយរបស់ទូលបង្គំផង។ 13 មើល៍ ទូលបង្គំឈរនៅទីនេះ ក្បែរអណ្ដូងទឹក ហើយពួកស្រីៗនៅក្នុងក្រុងនេះមកចេញមកដងទឹកពីអណ្ដូងនេះ។ សូមឲ្យវាកើតឡើយយ៉ាងដូច្នេះ។ 14 នៅពេល ទូលបង្គំនិយាយទៅកាន់ស្រី្តណាថា៖ «សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​បាន​ផឹកផង» ហើយនាងនិយាយមកទូលបង្គំថា៖ «ចូរផឹកចុះ ហើយខ្ញុំនឹងដងទឹកឲ្យសត្វអូដ្ឋរបស់លោកផឹកដែរ» នោះសូមឲ្យនាងគឺជាម្នាក់ដែលព្រះអង្គបានចាត់ត្រៀមសម្រាប់អ្នកបម្រើព្រះអង្គឈ្មោះអ៊ីសាក។ នោះ ទូលបង្គំនឹងដឹងថា ព្រះអង្គបានបង្ហាញពីភាពស្មោះត្រង់ចំពោះសម្ពន្ធមេត្រីដល់ចៅហ្វាយរបស់ទូលបង្គំ»។ 15 កាលគាត់អធិស្ឋានមិនទាន់ចប់ផង មើល៍ នាង​រេបិកា​ កាន់ក្អមលីនៅលើស្មារបស់នាង។ នាងរេបេកាជាកូនស្រីរបស់លោកបេធូ‌អែល ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អប្រា‌ហាំ។ 16 នាងជាក្មេងស្រីដែលមានរូបស្រស់ស្អាតណាស់ ហើយជាស្រីក្រមុំផង។ គ្មានបុរសណារស់នៅជាមួយនាងនៅឡើយ។ នាងបានចុះទៅប្រភពទឹក ហើយដងទឹកដាក់ក្អមរបស់នាង ហើយត្រឡប់មកវិញ។ 17 បន្ទាប់មក អ្នកបម្រើនោះបានរត់ទៅជួបនាង ហើយនិយាយថា៖​ «សូមឲ្យទឹកនៅក្នុងក្អមរបស់អ្នកឲ្យខ្ញុំផឹកបន្តិចមក»។ 18 នាងឆ្លើយថា៖ «លោកម្ចាស់អើយ សូមពិសាចុះ»។ ហើយនាងបានដាក់ក្អមពីលើស្មារបស់នាងយ៉ាងលឿនមកដាក់លើដៃរបស់នាង ហើយប្រគល់ឲ្យគាត់ផឹក។ 19 នៅពេលនាងបានឲ្យទឹកគាត់ផឹករួចហើយ នាងនិយាយថា៖ «ខ្ញុំនឹងដងទឹកឲ្យសត្វអូដ្ឋរបស់លោកផឹកដែរ រហូតទាល់តែអូដ្ឋឈប់ផឹក»។ 20 ដូច្នេះ នាងបានទៅជាប្រញាប់ ហើយចាក់ទឹកអស់ពីក្អមទៅក្នុងស្នូក បន្ទាប់មក នាងបានរត់ម្តងទៀតទៅឯអណ្ដូង ដើម្បីដងទឹក ហើយដងទឹកឲ្យសត្វអូដ្ឋទាំងអស់របស់គាត់ផឹក។ 21 បុរសនោះបានមើលនាងពីទីស្ងាត់ មើល៍ដើម្បីឲ្យដឹងថា តើ​ព្រះ‌អម្ចាស់ប្រោស​ឲ្យ​ដំណើរ​របស់​គាត់​បានជោគជ័យ​ឬ​យ៉ាង​ណា។ 22 បន្ទាប់ពីសត្វអូដ្ឋផឹករួចហើយ បុរសនោះបានយកមាសមកពាក់នៅនឹងច្រមុះរបស់នាងមានទម្ងន់​កន្លះសេកែល និងកងដៃមាសពីរពាក់នៅដៃរបស់នាងមានទំងន់ ដប់​សេកែល 23 ហើយសួរថា៖ «តើនាងជាកូនស្រីរបស់អ្នកណា? សូមប្រាប់ខ្ញុំមើល៍ តើនៅផ្ទះឪពុករបស់នាងមានកន្លែងសម្រាប់ឲ្យយើងបានសម្រាកមួយយប់ទេ? 24 នាងនិយាយទៅគាត់ថា៖​ «ខ្ញុំជាកូនស្រីរបស់​លោក​បេធូ‌អែល ជាកូនរបស់នាងមីលកា បង្កើតឲ្យលោកណាឃរ»។ 25 នាងក៏និយាយទៅគាត់ទៀតថា៖ «​យើង​មានទាំង​ចំបើង និង​ស្មៅ​ស្ងួត​យ៉ាង​ច្រើន​បរិបូរ ហើយ​ក៏​មាន​កន្លែង​សម្រាប់អស់​លោក​ស្នាក់នៅ​ដែរ»។ 26 បន្ទាប់មក បុរសនោះបានលុតជង្គង់ ហើយថ្វាយបង្គំព្រះអម្ចាស់។ 27 គាត់និយាយថា៖ «សូមថ្វាយព្រះពរដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកអប្រាហាំ ជាចៅហ្វាយរបស់ទូលបង្គំ ព្រះអង្គមិនបានបោះបង់ចោលសម្ពន្ធមេត្រីដ៏ស្មោះត្រង់ និងគួរឲ្យទុកចិត្ត ​ចំពោះ​លោក​ម្ចាស់​ទូលបង្គំ​ជានិច្ច។ ចំណែក​ ទូលបង្គំវិញ ព្រះអម្ចាស់បាននាំទូលបង្គំ រហូតមកដល់ផ្ទះសាច់ញាតិរបស់ចៅហ្វាយរបស់ទូលបង្គំ»។

28 បន្ទាប់មក នាងក្រមុំបានរត់ ហើយទៅប្រាប់ក្រុមគ្រួសារម្តាយរបស់នាងអំពីការទាំងអស់នេះ។ 29 នាង​រេបិកា​មានបងប្រុសម្នាក់ ហើយគាត់ឈ្មោះថា ឡាបាន់។ លោកឡាបាន់រត់ទៅបុរសនោះ ដែលនៅខាងក្រៅតាមផ្លូវ ក្បែរប្រភពទឹក។ 30 នៅពេលគាត់បានឃើញក្រវិលនៅនឹងច្រមុះ ហើយកងដៃនៅលើកដៃប្អូនស្រីរបស់គាត់ ហើយនៅពេលគាត់បានឮពាក្យរបស់នាងរេបេកាប្អូនស្រីរបស់លោកថា៖ «គឺបុរសនេះហើយដែលនិយាយមកកាន់ខ្ញុំ»។ គាត់បានទៅជួបបុរសនោះ ហើយមើល៍ គាត់បានឈរនៅក្បែរអូដ្ឋនៅជិតអណ្តូង។ 31 បន្ទាប់មក លោកឡាបាន់និយាយថា៖ «សូមអញ្ចើញចូលមក ឱ​អ្នក​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌អម្ចាស់អើយ ហេតុអ្វីបានជាឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានត្រៀមផ្ទះ និងកន្លែងសម្រាប់អូដ្ឋរួចហើយ»។ 32 ដូច្នេះ បុរសនោះក៏ចូលទៅផ្ទះ ហើយគាត់បានដោះយកឥវ៉ានចេញពីអូដ្ឋ។ ហើយបានឲ្យចំបើង និងស្មៅទៅអូដ្ឋស៊ី ហើយយកទឹកមកលាងជើងគាត់ និងលាងជើងប្រុសៗដែលមកជាមួយគាត់។ 33 ពួកគេបានរៀបចំអាហារដាក់នៅចំពោះមុខគាត់ដើម្បីឲ្យពួកគាត់ហូប ប៉ុន្តែ គាត់និយាយថា៖ «ខ្ញុំនឹងមិនហូបទេ ទាល់តែខ្ញុំបាននិយាយអ្វីដែលខ្ញុំត្រូវនិយាយសិន»។ 34 ដូច្នេះ លោកឡាបាន់និយាយថា៖ «សូមនិយាយមកចុះ»។ គាត់និយាយថា៖ «ខ្ញុំជាអ្នកបម្រើរបស់លោកអប្រាហាំ។ 35 ព្រះអម្ចាស់បានប្រទានពរដល់ចៅហ្វាយរបស់ខ្ញុំយ៉ាងខ្លាំង ហើយគាត់បានក្លាយជាអ្នកមាន។ គាត់បានប្រគល់ហ្វូងចៀម និងហ្វូងគោ ប្រាក់ និងមាស អ្នកបម្រើប្រុស និងអ្នកបម្រើស្រី ព្រមទាំងសត្វអូដ្ឋ​ និងសត្វលាផង។ 36 លោកស្រីសារ៉ា ជាភរិយាចៅហ្វាយរបស់ខ្ញុំ បានបង្កើតកូនប្រុសមួយជូនចៅហ្វាយរបស់ខ្ញុំ នៅពេលនាងមានអាយុចាស់ណាស់ហើយ ចៅហ្វាយរបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់ដែលគាត់មានឲ្យទៅគាត់។ 37 ចៅហ្វាយរបស់ខ្ញុំបានឲ្យខ្ញុំស្បថជាមួយគាត់ ដោយនិយាយថា៖ «អ្នកមិនត្រូវយកភរិយាឲ្យកូនប្រុសខ្ញុំ ពីពួកកូនស្រីរបស់ជនជាតិកាណាន គឺនៅក្នុងទឹកដីដែលខ្ញុំរស់នៅ។ 38 ផ្ទុយទៅវិញ អ្នកត្រូវទៅរកក្រុមគ្រួសារឪពុករបស់ខ្ញុំ ហើយទៅរកសាច់ញាតិរបស់ខ្ញុំ ព្រមទាំងរកភរិយាឲ្យកូនប្រុសរបស់ខ្ញុំពីទីនោះ»។ 39 ខ្ញុំបាននិយាយទៅចៅហ្វាយរបស់ខ្ញុំថា៖​ «ប្រហែលជាស្រី្តនោះមិនមកតាមខ្ញុំទេ»។ 40 ប៉ុន្តែ គាត់បានប្រាប់ខ្ញុំថា៖ «ព្រះអម្ចាស់នឹងយាងទៅមុនខ្ញុំ ព្រះអង្គនឹងចាត់ទេវតារបស់ព្រះអង្គទៅជាមួយខ្ញុំ ហើយព្រះអង្គនឹងធ្វើឲ្យដំណើររបស់ខ្ញុំបានជោគជ័យ ដើម្បីឲ្យអ្នកអាចរកភរិយាសម្រាប់កូនប្រុសខ្ញុំពីចំណោមសាច់ញាតិរបស់ខ្ញុំ និងពីវង្សត្រកូលក្រុមគ្រួសាររបស់ខ្ញុំ។ 41 ប៉ុន្តែ អ្នកនឹងរួចផុតពីសម្បថរបស់ខ្ញុំ ប្រសិនបើ អ្នកបានទៅដល់សាច់ញាតិរបស់ខ្ញុំហើយ ហើយពួកគេមិនប្រគល់នាងឲ្យមកអ្នក។ នោះអ្នកនឹងរួចផុតពីសម្បថរបស់ខ្ញុំហើយ»។ 42 នៅថ្ងៃនេះ ខ្ញុំបានធ្វើដំណើរមកដល់ប្រភពទឹក ហើយខ្ញុំអធិស្ឋានថា៖ «ឱព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកអប្រាហាំចៅហ្វាយរបស់ទូលបង្គំអើយ សូមមេត្តា ប្រសិនបើ ព្រះអង្គប្រាកដជាចង់ឲ្យដំណើររបស់ទូលបង្គំបានជោគជ័យមែន 43 ទូលបង្គំនៅទីនេះហើយ កំពុងឈរនៅក្បែរអណ្តូងទឹក សូមឲ្យក្មេងស្រី ដែលបានមកដងទឹក គឺជាកូនស្រី ដែលទូលបង្គំនិយាយទៅកាន់នាងថា៖ «សូមឲ្យទឹកពីក្អមរបស់នាងឲ្យខ្ញុំផឹកបន្តិចមក»។ 44 ហើយក្មេងស្រីណាដែលនិយាយមកទូលបង្គំថា៖ «សូមអញ្ជើញពិសាចុះ ហើយខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋរបស់លោកផឹកដែរនោះ សូមឲ្យក្មេងស្រីម្នាក់នោះ ជាអ្នកដែលព្រះអម្ចាស់ បានជ្រើសរើសសម្រាប់កូនប្រុសចៅហ្វាយរបស់ទូលបង្គំ»។ 45 ខ្ញុំអធិស្ឋាននៅក្នុងចិត្តរបស់ខ្ញុំមិនទាន់ចប់ផង មើល៍ នាងរេបិកាបានចេញមក​ជាមួយនឹងក្អមនៅលើស្មារបស់នាង ហើយនាងបានចុះទៅប្រភពទឹក ព្រមទាំងដងទឹកនោះ។ ដូច្នេះ ខ្ញុំបាននិយាយទៅនាងថា៖ «សូមឲ្យទឹកខ្ញុំផឹកបន្តិចមក»។ 46 នាងឆ្លើយយ៉ាងលឿនថា ហើយបានដាក់ក្អមពីលើស្មានាង ហើយនិយាយថា៖ «សូមអញ្ជើញពិសាចុះ ហើយខ្ញុំនឹងឲ្យអូដ្ឋរបស់លោកផឹកដែរ»។ ដូច្នេះ ខ្ញុំក៏ផឹក ​ហើយនាងបានដងទឹកឲ្យអូដ្ឋខ្ញុំផឹកដែរ។ 47 ខ្ញុំបានសួរនាង ហើយនិយាយថា៖ «តើអ្នកជាកូនរបស់នរណា?» នាងឆ្លើយថា៖ «កូនស្រីរបស់លោក​បេធូ‌អែល ជា​កូនរបស់លោក​​ណាឃរ និង​នាង​មីលកា»។ បន្ទាប់មក ខ្ញុំបានបំពាក់ក្រវិលនៅនឹងច្រមុះរបស់នាង ហើយបំពាក់កងដៃនៅនឹងដៃរបស់នាង។ 48 បន្ទាប់មក ខ្ញុំបានក្រាបចុះ ហើយថ្វាយបង្គំព្រះអម្ចាស់ ហើយថ្វាយព្រះពរដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកអប្រាហាំចៅហ្វាយរបស់ខ្ញុំ ដែលបាននាំខ្ញុំឲ្យដើរតាមផ្លូវត្រូវ ដើម្បីស្វែងរកកូនស្រីសាច់ញាតិចៅហ្វាយរបស់ខ្ញុំឲ្យទៅកូនប្រុសរបស់គាត់។ 49 ឥឡូវនេះ ប្រសិនបើ លោកបានរៀបចំ ដើម្បីប្រព្រឹត្ត​ដល់ក្រុមគ្រួសារចៅហ្វាយរបស់ខ្ញុំនូវភក្តីភាព និង ទឹក​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ចៅ‌ហ្វាយ​ខ្ញុំ នោះ​សូមប្រាប់ខ្ញុំ​មក​ចុះ។ ប៉ុន្តែ ប្រសិនបើ មិនព្រមទេ នោះ​ខ្ញុំ​អាចនឹងងាក​ទៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ទៀត»។

50 បន្ទាប់មក លោកឡាបាន់ និងលោកបេធូ‌អែលបានឆ្លើយ ហើយនិយាយថា៖ «អ្វីដែលមកព្រះអម្ចាស់ យើងមិនអាច​និយាយ​ទៅ​កាន់​អ្នក​ថា​អាក្រក់ ឬ​ល្អ​បាន​ឡើយ។ 51 មើល៍ នាងរេបិកានៅចំពោះអ្នកហើយ។ ចូរយកនាង ហើយចេញទៅ ដូច្នេះ នាងអាចធ្វើជាភរិយាកូនប្រុសចៅហ្វាយរបស់លោកហើយ ដូចព្រះអម្ចាស់មានបន្ទូល»។ 52 នៅពេលអ្នកបម្រើរបស់លោកអប្រាហាំបានឮពាក្យរបស់ពួកគេហើយ គាត់លុតជង្គង់ហើយក្រាបចុះដល់ដីចំពោះព្រះអម្ចាស់។ 53 អ្នកបម្រើនោះបានយក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក‌បំពាក់​ចេញ​មក​ ហើយជូន​នាង​រេបិកា។ ហើយ​គាត់ក៏ជូនអំណោយ​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ទៅ​បង​ប្រុស និងទៅ​ម្ដាយ​របស់​នាង​ដែរ។ 54 បន្ទាប់មក គាត់និងពួកប្រុសៗដែលនៅជាមួយគាត់បានហូបបាយទឹក។ ពួកគេស្នាក់នៅទីនោះមួយយប់ ហើយនៅពេលពួកគេក្រោកឡើងតាំងពីព្រលឹម គាត់និយាយថា៖ «ខ្ញុំសូមលាត្រឡប់ទៅចៅហ្វាយរបស់ខ្ញុំវិញហើយ»។ 55 បងប្រុស និងម្តាយរបស់នាងនិយាយថា៖ «សូមឲ្យនាងនៅជាមួយយើងបន្តិចទៀតសិនចុះ យ៉ាងហោចណាស់ដប់ថ្ងៃ។ បន្ទាប់មក នាងអាចទៅបានហើយ»។ 56 ប៉ុន្តែ គាត់និយាយទៅពួកគេថា៖ «កុំឃាត់ខ្ញុំឡើយ ដ្បិតព្រះអម្ចាស់បានធ្វើឲ្យដំណើរបស់ខ្ញុំជោគជ័យ។ 57 ពួកគេនិយាយថា៖ «យើងនឹងហៅនាង ហើយសួរនាង»។ 58 ពួកគេក៏ហៅនាងរេបិកាមក ហើយសួរនាងថា៖ «តើនាងព្រមទៅជាមួយបុរសនេះទេ?» នាងឆ្លើយថា៖ «ខ្ញុំព្រម»។ 59 ដូច្នេះ ពួកគេក៏ជូនដំណើរនាងរេបិកាប្អូនស្រីរបស់ពួកគេ ជាមួយនឹងអ្នកបម្រើស្រីរបស់នាង ដើម្បីធ្វើដំណើរជាមួយអ្នកបម្រើរបស់លោកអប្រាហាំ និងពួកដែលមកជាមួយគាត់។ 60 ពួកគេឲ្យពរដល់នាងរេបិកា ហើយនិយាយទៅនាងថា៖ «ប្អូនស្រីរបស់បងអើយ សូមឲ្យប្អូនជាម្តាយនៃមនុស្សរាប់ពាន់រាប់ម៉ឺន ហើយសូមឲ្យពូជពង្សរបស់ប្អូនគ្រប់គ្រងទ្វាររបស់ពួកអ្នកដែលស្អប់ពួកគេ»។

61 បន្ទាប់មក នាងរេបិកាបានក្រោកឡើង ហើយនាង និងអ្នកបម្រើស្រីរបស់នាងឡើងជិះអូដ្ឋ ហើយទៅតាមអ្នកបម្រើនោះ។ អ្នកបម្រើនោះបានយកនាងរេបិកា ហើយចេញដំណើរទៅ។

62 លោកអ៊ីសាកកំពុងតែរស់នៅក្នុងក្រុង ណេកិប ហើយទើបតែត្រឡប់មកពី​អណ្ដូង​ទឹក​ឡាហាយរយ។ 63 លោកអ៊ីសាកបានចេញក្រៅ ដើម្បីជញ្ជឹងគិតនៅឯវាលនាពេលល្ងាច។ នៅពេលគាត់ងើយមុខឡើង ហើយឃើញ មើល៍ ហ្វូងអូដ្ឋកំពុងតែមក។ 64 នាងរេបិកាបានមើល ហើយពេលនាងឃើញលោកអ៊ីសាក នាងបានលោតចុះពីអូដ្ឋ។ 65 នាងសួរទៅកាន់អ្នកបម្រើថា៖ «តើបុរសដែលកំពុងដើរនៅឯវាលមកជួបយើងនោះជានរណា?» អ្នកបម្រើឆ្លើយថា៖ «គាត់គឺជាចៅហ្វាយរបស់ខ្ញុំ»។ ដូច្នេះ នាងក៏យកស្បៃរបស់នាងមក ហើយគ្របមុខនាង។ 66 អ្នកបម្រើបានរៀបរាប់ប្រាប់លោកអ៊ីសាកគ្រប់រឿងរ៉ាវទាំងអស់ដែលគាត់បានធ្វើ។ 67 បន្ទាប់មក លោកអ៊ីសាកបាននាំនាងរេបិកាចូលទៅនាងសារ៉ាជាម្តាយរបស់គាត់នៅក្នុងត្រសាល ហើយនាងបានក្លាយជាភរិយារបស់លោក ហើយលោកបានស្រឡាញ់នាង។ ដូច្នេះ លោកអ៊ីសាកបានទទួលការកម្សាន្តចិត្ត បន្ទាប់ពីម្តាយរបស់គាត់ស្លាប់ទៅ។