ជំពូក ២២

1 បន្ទាប់ពីការទាំងនោះមក ព្រះជាម្ចាស់បានល្បងលលោកអប្រាហាំ។ ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «អប្រាហាំ!» លោកអប្រាហាំទូលថា៖ «ទូលបង្គំនៅទីនេះ»។ 2 បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលថា៖ ​«ចូរយកកូនប្រុស គឺកូនប្រុសតែមួយគត់របស់អ្នក ជាកូនដែលអ្នកស្រឡាញ់ ហើយទៅទឹកដីម៉ូរីយ៉ា។ ថ្វាយគាត់ជាយញ្ញបូជាដុតនៅលើភ្នំមួយនៅទីនោះ ដែលយើងនឹងប្រាប់ដល់អ្នក»។ 3 ដូច្នេះ លោកអប្រាហាំបានក្រោកតាំងពីព្រលឹម ចងកែបលារបស់គាត់ ហើយយកអ្នកបម្រើរបស់គាត់ពីរនាក់ទៅជាមួយគាត់ រួមទាំងអ៊ីសាកកូនប្រុសរបស់គាត់។ គាត់បានកាប់អុសដើម្បីជាតង្វាយដុត បន្ទាប់មក រៀបចំចេញដំណើរទៅកន្លែងដែលបានប្រាប់ដល់គាត់។ 4 នៅថ្ងៃទីបី លោកអប្រាហាំបានងើយទៅលើ ហើយមើលឃើញកន្លែងនោះពីចម្ងាយ។​ 5 គាត់បាននិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ «ចូរនៅទីនេះជាមួយនឹងសត្វលាហើយ យើង និងក្មេងនឹងទៅទីនោះ។ យើងនឹងទៅថ្វាយបង្គំព្រះ ហើយនឹងត្រឡប់មករកអ្នកវិញ»។ 6 បន្ទាប់មក លោកអប្រាហាំបានយកអុសសម្រាប់ជាតង្វាយដុត ហើយដាក់វាឲ្យអ៊ីសាកកូនប្រុសរបស់គាត់លី។ គាត់បាន​កាន់​ភ្លើង និង​កាំបិតដោយដៃរបស់គាត់ផ្ទាល់ ហើយ​ទាំង​ឪពុក​ទាំង​កូន​ដើរ​ទៅ​ជា​មួយ​គ្នា ហើយពួកគេទាំងពីរបានទៅជាមួយគ្នា។ 7 អ៊ីសាកនិយាយទៅកាន់លោកអប្រាហាំជាឪពុករបស់គាត់ថា៖ «ពុក» ហើយគាត់ឆ្លើយថា៖ «មានការអីកូន»។ គាត់និយាយថា៖ «មើល៍ នៅទីនេះ មានអុស និងភ្លើង ប៉ុន្តែ តើកូនចៀមសម្រាប់ជាតង្វាយដុតនៅឯណា?» 8 លោកអប្រាហាំប្រាប់ថា៖ «កូនអើយ ព្រះជាម្ចាស់នឹងផ្គត់ផ្គង់កូនចៀមសម្រាប់ជាតង្វាយដុត»។ ដូច្នេះ ពួកគេក៏បន្តដំណើរទៅមុខទៀត ជាមួយគ្នា។

9 នៅពេលពួកគេទៅដល់កន្លែងដេលព្រះជាម្ចាស់បានប្រាប់ដល់គាត់ លោកអប្រាហាំបានសង់អាសនៈមួយនៅទីនោះ ហើយដាក់អុសនៅលើវា។ បន្ទាប់មក ចងអ៊ីសាក់កូនប្រុសរបស់គាត់ ហើយផ្តេកគាត់នៅលើអាសនៈនៅលើអុសនោះ។ 10 លោកអប្រាហាំបានលូកដៃរបស់គាត់យកកំបិត ដើម្បីសម្លាប់កូនប្រុសរបស់គាត់។ 11 បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់បានហៅកាត់ពីស្ថានសួគ៌ ដោយមានបន្ទូលថា៖ «អប្រាហាំ អប្រាហាំអើយ! ហើយគាត់បានទូលឆ្លើយថា៖ «ទូលបង្គំនៅទីនេះហើយ»។ 12 ព្រះអង្គមានបន្ទូលថា៖ «កុំលូកដៃរបស់អ្នកលើក្មេង ឬធ្វើអ្វីឲ្យគាត់មានរបួសឡើយ ដ្បិត ឥឡូវនេះ យើងដឹងហើយថា អ្នកកោតខ្លាចព្រះជាម្ចាស់ មើល អ្នកមិនបានសំចៃសូម្បីតែកូនប្រុសរបស់អ្នក គឺកូនប្រុសតែមួយរបស់អ្នក ពីយើងទេ»។ 13 លោកអប្រាហាំងើយទៅលើ ហើយមើល៍ នៅខាងក្រោយគាត់មានចៀមមួយ ដោយស្នែងរបស់វានៅជាប់នឹងព្រៃ។ លោកអប្រាហាំបានទៅ ហើយយកចៀម ហើយថ្វាយចៀមនោះជាតង្វាយដុត ជំនួសឲ្យកូនរបស់គាត់។ 14 ដូច្នេះ លោកអប្រាហាំបានហៅកន្លែងនោះថា៖ «ព្រះអម្ចាស់ផ្គត់ផ្គង់»។ ហើយគេបានហៅកន្លែងនោះរហូតមកដល់សព្វថ្ងៃនេះថា នៅលើភ្នំរបស់ព្រះអម្ចាស់ ព្រះអង្គនឹងផ្គត់ផ្គង់»។ 15 ទេវតារបស់ព្រះអម្ចាស់បានហៅលោកអប្រាហាំពីស្ថានសួគ៌ជាលើកទីពីរ ហើយមានបន្ទូលថា 16 នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងស្បថនឹងខ្លួនយើងដោយព្រោះអ្នកបានធ្វើការនេះ ហើយអ្នកមិនបានសំចៃ សូម្បីតែកូនប្រុស គឺកូនប្រុសតែមួយរបស់អ្នក 17 យើងនឹងឲ្យពរដល់អ្នក ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់បានចម្រើនកើនឡើងដូចជាផ្កាយនៅលើមេឃ ហើយដូចជាខ្សាច់នៅមាត់សមុទ្រ ហើយពូជពង្សរបស់អ្នកនឹងគ្រប់គ្រងលើទ្វារខ្មាំងសត្រូវរបស់ពួកគេ។ 18 តាមរយៈពូជពង្សរបស់អ្នក ប្រជាជាតិនៅលើផែនដីទាំងមូលនឹងបានពរ ព្រោះអ្នកបានស្តាប់តាមសម្លេងរបស់យើង»។ 19 ដូច្នេះ លោកអប្រាហាំបានត្រឡប់ទៅអ្នកបម្រើរបស់គាត់វិញ ហើយពួកគេបានចាកចេញ ហើយឆ្ពោះទៅបៀរសេបាជាមួយគ្នា។

20 បន្ទាប់ពីការទាំងអស់នេះហើយ មានគេមកប្រាប់លោកអប្រាហាំថា៖​ «នាង​មីលកាក៏​​បង្កើតបាន​កូន​ឲ្យ​លោក​ណាឃរ ជា​ប្អូន​របស់​លោក​ដែរ»។ 21 គឺអ៊ូស​ជា​កូន​ច្បង​ ប៊ូស​ជា​ប្អូនប្រុសរបស់គាត់ កេមូ‌អែល​ជា​ឪពុក​របស់​អើរ៉ាម 22 កេសែឌ ហាសួរ ពីលដាស យីដឡាប និង​បេធូ‌អែល។ 23 ​លោកបេធូ‌អែល​​បង្កើតបាន​នាង​រេបិកា។ ទាំងនេះគឺជាកូនៗទាំងប្រាំបីដែលនាងមីលកាបង្កើតឲ្យលោកណាឃរ ជាប្អូនប្រុសរបស់លោកអប្រាហាំ។ 24 ចំណែក ​ប្រពន្ធ​ទីពីរ​របស់​លោក​ណាឃរ ឈ្មោះ​នាង​រេយូ‌ម៉ា ក៏​មាន​កូន​ដែរ គឺ​ធេបា កាហាំ ថាហាស និង​ម្អាកា។