ជំពូក ១៣

1 ដូច្នេះ លោក​អាប់រ៉ាមបានចេញពីអេស៊ីប ហើយធ្វើដំណើរទៅណេកិប ជាមួយភរិយា និងអ្វីៗទាំងអស់ដែលគាត់មាន។ លោកឡុតក៏ទៅជាមួយពួកគេដែរ។ 2 លោកអាប់រ៉ាមមានហ្វូងសត្វ ប្រាក់ និងមាសជាច្រើន។ 3 គាត់បានបន្តធ្វើដំណើរពីណេកិតទៅបេតអែល ទៅកន្លែងដែលគាត់បានសង់ត្រសាលកាលពីមុន នៅចន្លោះបេតអែល និងក្រុងអៃ។ 4 គាត់បានទៅដល់កន្លែងដែលមានអាសនៈ ដែលគាត់បានសង់ពីមុន។ នៅទីនេះ គាត់អំពាវនាវព្រះនាមព្រះជាម្ចាស់។ 5 លោកឡុតបានធ្វើដំណើរជាមួយលោកអាប់រ៉ាម គាត់មានហ្វូងសត្វ ​ហ្វូង​ចៀម ហ្វូង​គោ និង​មាន​ត្រសាលជា​ច្រើន​ដែរ។ 6 ទឹកដីនោះមិនអាចផ្គត់ផ្គង់ពួកគេទាំងពីរនាក់ឲ្យរស់នៅជាមួយគ្នាបានទេ ដោយសារពួកគេមានទ្រព្យសម្បត្តិយ៉ាងច្រើន ដូច្នេះ ពួកគេមិនអាចនៅជាមួយគ្នាបានទេ។ 7 ក៏មានជម្លោះរវាងអ្នកគង្វាលសត្វរបស់លោកអាប់រ៉ាម និងអ្នកគង្វាលសត្វរបស់លោកឡុត។ ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ 8 ដូច្នេះ លោកអាប់រ៉ាមនិយាយទៅកាន់លោកឡុតថា៖ «កុំឲ្យមានជម្លោះរវាងឯងនិងអ៊ំ និងអ្នកគង្វាលសត្វរបស់ឯង និងអ្នកគង្វាលសត្វរបស់អ៊ំដែរ ព្រោះយើងជាគ្រួសារតែមួយទេ។ 9 តើទឹកដីនៅខាងមុខឯងទាំងអស់នេះ មិនមែនជារបស់ឯងទេឬអី? ចូរទៅចុះ ហើយយើងបែកផ្លូវគ្នាចុះ។ ប្រសិនបើ ឯងទៅខាងឆ្វេង អ៊ំនឹងទៅខាងស្តាំ។ ឬ ប្រសិនបើ ឯងទៅខាងស្តាំ អ៊ំនឹងទៅខាងឆ្វេង»។ 10 ដូច្នេះ លោកឡុតក៏សម្លឹងមើលជុំវិញ ហើយគាត់បានឃើញទឹកដីទាំងអស់នៅវាលទន្លេយ័រដាន់មានទឹកច្រើនល្អ រហូតដល់ក្រុងសូអារ ស្អាតដូចជាសួនរបស់ព្រះអម្ចាស់ ដូចជាទឹកដីរបស់អេស៊ីប។ ការនេះ នៅមុនព្រះអម្ចាស់បំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ 11 ដូច្នេះ លោកឡុតក៏ជ្រើសរើសវាលរបស់ទន្លេយ័រដាន់ ហើយបានធ្វើដំណើរទៅភាគខាងកើត ហើយពួកគេបានបែកខ្ញែកពីសាច់ញាតិរបស់ពួកគេ។ 12 លោកអាប់រ៉ាមបានរស់នៅក្នុងទឹកដីកាណាន ហើយលោកឡុតរស់នៅក្នុងចំណោមទីក្រុងដែលមានវាលទំនាប។ គាត់បានសង់ត្រសាលនៅពេលដែលគាត់មកដល់ក្រុងសូដុម។ 13 មនុស្សនៅក្នុងក្រុងសូដុមជាមនុស្សបាប អាក្រក់ជាខ្លាំងទាស់នឹងព្រះអម្ចាស់។

14 ព្រះអម្ចាស់មានបន្ទូលទៅកាន់លោកអាប់រ៉ាម បន្ទាប់ពីលោកឡុតចេញពីគាត់ «ចូរមើលពីកន្លែងដែលអ្នកឈរនេះ ទៅជើង ទៅត្បូង ទៅកើត និងទៅលិច។ 15 ទឹកដីទាំងអស់ដែលអ្នកឃើញ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នករហូតតទៅ។ 16 យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានចម្រើនឡើងដូចជាធូលីនៅលើផែនដី ប្រសិនបើ មនុស្សអាចរាប់ធូលីដីបាន នោះគេក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។ 17 ចូរក្រោកឡើង ចូរដើរឲ្យពេញទឹកដីនេះ ដ្បិត យើងបានប្រគល់ឲ្យអ្នកហើយ»។ 18 ដូច្នេះ លោកអាប់រ៉ាមបានដំឡើងត្រសាលរបស់គាត់ ហើយមករស់នៅជិតដើមជ្រៃរបស់លោក​ម៉ាមរ៉េ ដែលនៅ​ក្រុង​ហេ‌ប្រុន ហើយបានសង់កន្លែងថ្វាយតង្វាយថ្វាយដល់ព្រះអម្ចាស់នៅទីនោះ។