ជំពូក ៣៥

1 ព្រះជាម្ចាស់មានបន្ទូលទៅលោកយ៉ាកុបថា៖ «ចូរក្រោកឡើង ឡើងទៅបេតអែលចុះ ហើយស្នាក់នៅទីនោះ។ ចូរសង់អាសនៈមួយនៅទីនោះថ្វាយព្រះជាម្ចាស់ ដែលបានយាងមកជួបអ្នក នៅពេលអ្នករត់គេចពីអេសាវ បងប្រុសរបស់អ្នក»។ 2 បន្ទាប់មក លោកយ៉ាកុបនិយាយទៅកាន់ក្រុមគ្រួសាររបស់គាត់ និងអ្នកដែលនៅជាមួយគាត់ថា៖ «ចូរបោះបង់ព្រះដទៃនៅក្នុងចំណោមអ្នករាល់គ្នាចោល ចូរសម្អាតខ្លួនរបស់អ្នករាល់គ្នា ហើយផ្លាស់ប្តូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចេញ។ 3 បន្ទាប់មក យើងចេញដំណើរ ហើយឡើងទៅបេតអែល។ ខ្ញុំនឹងសង់អាសនៈមួយនៅទីនោះថ្វាយព្រះជាម្ចាស់ ដែលបានឆ្លើយតបខ្ញុំនៅថ្ងៃដែលខ្ញុំមានទុក្ខ ហើយបានគង់នៅជាមួយខ្ញុំ គ្រប់កន្លែងដែលខ្ញុំទៅ»។ 4 ដូច្នេះ ពួកគេបានប្រគល់រូបព្រះរបស់សាសន៍ដទៃដែលនៅក្នុងដៃរបស់ពួកគេទាំងអស់ឲ្យដល់លោកយ៉ាកុប ហើយនិងចិញ្ចៀនដែលពួកគេពាក់នៅនឹងត្រចៀក។ 5 លោកយ៉ាកុបបានកប់វានៅក្រោមដើមជ្រៃដែលនៅជិតទឹកដីស៊ីគែម។ នៅពេលពួកគេធ្វើដំណើរ ព្រះជាម្ចាស់បានធ្វើឲ្យទីក្រុងផ្សេងៗដែលនៅជុំវិញពួកគេមានការភ័យខ្លាច ដូច្នេះ គ្មាននរណាហ៊ានដេញតាមកូនចៅរបស់លោកយ៉ាកុបទេ។ 6 ដូច្នេះ លោកយ៉ាកុបបានមកដល់ លូស (គឺជា​បេត‌អែល) ដែលនៅ​ក្នុង​ទឹកដីកាណាន គាត់ និងមនុស្សគ្រប់គ្នាដែលនៅជាមួយគាត់។ 7 គាត់បានសង់អាសនៈមួយនៅទីនោះ តាមដែលព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់ដល់គាត់ នៅពេលគាត់កំពុងតែរត់គេចពីបងប្រុសរបស់គាត់។ 8 នាងស្រី​ដេបូរ៉ា ដែល​ត្រូវ​ជា​មេ​ដោះ​របស់​នាង​ស្រី​រេបិកា បាន​​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​នាងនៅ​ជើង​ភ្នំ​បេត‌អែល​នោះ គឺនៅក្រោម​ដើម​ជ្រៃ​មួយ ដែល​គេ​ហៅ​ថា អាឡុន បាគូថ។ 9 នៅពេលលោកយ៉ាកុបមកពីស្រុក​ប៉ាដាន់ អើរ៉ាមវិញ ព្រះជាម្ចាស់បានយាងមកជួបគាត់សារជាថ្មី ហើយបានឲ្យពរដល់គាត់។ 10 ព្រះជាម្ចាស់មានបន្ទូលទៅគាត់ថា៖ «អ្នកឈ្មោះយ៉ាកុប ប៉ុន្តែ ឈ្មោះរបស់អ្នកលែងហៅថាយ៉ាកុបទៀតហើយ។ អ្នកនឹងមានឈ្មោះថា អ៊ីស្រាអែល»។ ដូច្នេះ ព្រះជាម្ចាស់បានហៅឈ្មោះរបស់គាត់ថា អ៊ីស្រាអែល។ 11 ព្រះជាម្ចាស់មានបន្ទូលទៅគាត់ថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា។ ចូរបង្កើតផល ហើយបានចម្រើនឡើង។ ជាប្រជាជាតិមួយ ដែលមានប្រជាជាតិជាច្រើនកើតចេញពីអ្នក ហើយនិងស្តេចដែលកើតឡើងចេញពីក្នុងចំណោមពូជពង្សរបស់អ្នក។ 12 ទឹកដីដែលយើងបានប្រគល់ឲ្យលោកអប្រាហាំ និងលោកអ៊ីសាក យើងនឹងប្រគល់ដល់អ្នក។ យើងក៏ប្រគល់ទឹកដីឲ្យដល់ពូជពង្សរបស់អ្នកដែលនៅតាមក្រោយអ្នកដែរ»។ 13 ព្រះជាម្ចាស់បានយាងចេញពីគាត់គឺចេញពីកន្លែងដែលព្រះអង្គមានបន្ទូលជាមួយគាត់។ 14 លោកយ៉ាកុបបានរៀបចំបង្គោលមួយ នៅកន្លែងដែលព្រះជាម្ចាស់បានមានបន្ទូលជាមួយគាត់ គឺជាសសរថ្ម។គាត់បានច្រូចតង្វាយពីលើវា ហើយក៏បានចាក់ប្រេងពីលើវាដែរ។ 15 លោកយ៉ាកុបដាក់ឈ្មោះកន្លែងដែលព្រះជាម្ចាស់មានបន្ទូលមកគាត់ថា បេតអែល។ 16 ពួកគេបានចេញដំណើរពីបេតអែល។ កាលពួក​គេ​នៅ​ឆ្ងាយ មិន​ទាន់​ទៅ​ដល់​អេប្រាតា​នៅ​ឡើយ នាង​រ៉ាជែល​បានឈឺ​ពោះ​សម្រាល​កូន ហើយ​គាត់​សម្រាល​កូន​យ៉ាង​លំបាក 17 កាលដែលនាងកំពុងដែលសម្រាលកូនយ៉ាងលំបាកបំផុតនោះ ឆ្មបបាននិយាយទៅនាងថា៖ ​«កុំខ្លាចអ្វីឡើយ ដ្បិតឥឡូវនាងបង្កើតបានកូនប្រុសមួយទៀតហើយ»។ 18 ពេលនាងរៀបនឹងស្លាប់ នៅដង្ហើមចុងក្រោយ នាងបានដាក់ឈ្មោះកូនប្រុសនោះថា បេន អូនី ប៉ុន្តែ ឪពុករបស់គាត់ដាក់ឈ្មោះថា បេនយ៉ាមីនវិញ។ 19 នាងរ៉ាជែលបានស្លាប់ ហើយបានបញ្ចុះនៅតាមផ្លូវទៅអេប្រាតា (គឺជា​​បេថ្លេ‌ហិម)។ 20 លោកយ៉ាកុបបានដំឡើងបង្គោលមួយឲ្យនាងនៅលើផ្នូររបស់នាង។ គឺជាសញ្ញាសង្គាល់ផ្នូររបស់នាងរហូតមកដល់សព្វថ្ងៃនេះ។ 21 លោកអ៊ីស្រាអែលបានបន្តដំណើរទៅមុខទៀត ហើយបានសង់ត្រសាលរបស់គាត់ខ្ពស់ជាងប៉មរបស់ហ្វូងសត្វទៅទៀត។ 22 ក្នុងកាលដែលោកអ៊ីស្រាអែលរស់នៅក្នុងទឹកដីនោះ លោក​រូបេន​រួមបាន​ដំណេក​ជា​មួយ​នាង​ប៊ីល‌ហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​គាត់ ហើយ​លោក​អ៊ីស្រា‌អែល​បាន​ដឹង​រឿង​នេះ។ ហើយលោក​យ៉ាកុប​មាន​កូន​ប្រុស​ដប់‌ពីរ​នាក់​។ 23 កូន​ប្រុស​ៗរបស់គាត់តាមរយៈនាង​ស្រី​លេអាគឺ រូបេន ជា​កូន​ច្បងរបស់លោកយ៉ាកុប ​ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។ 24 កូនប្រុសៗរបស់គាត់តាមរយៈនាងរ៉ាជែល មាន យ៉ូសែប និងបេនយ៉ាមីន។ 25 កូនប្រុសៗ​របស់គាត់តាមរយៈ​នាង​ប៊ីល‌ហា ជាអ្នកបម្រើស្រី​របស់នាង​រ៉ាជែល មាន​ដាន់ និង​ណែប‌ថាលី។ 26 កូន​ប្រុសៗរបស់គាត់តាមរយៈ​នាង​ស៊ីលផា ជាអ្នក​បម្រើស្រី​របស់​នាងលេអា មាន​កាដ និង​អេ‌ស៊ើរ។ កូនទាំងអស់​នេះ​ជា​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប ដែល​កើត​នៅក្នុងទឹកដី​ប៉ាដាន់អើរ៉ាម។ 27 លោក​យ៉ាកុប​បានមករកលោក​អ៊ីសាក​ជា​ឪពុកវិញ នៅត្រង់​ដើម​ជ្រៃ​ម៉ាមរ៉េ នៅ​​គារយ៉ាត អើបា (គឺនៅ​ហេប្រូន) ជាទឹកដីដែល​លោក​អប្រាហាំ និង​លោក​អ៊ីសាក​បាន​ធ្លាប់បានរស់​នៅ។ 28 លោកអ៊ីសាកមានអាយុមួយរយប៉ែតសិបឆ្នាំ។ 29 លោកអ៊ីសាកបានផុតដង្ហើម ហើយបានស្លាប់ ព្រមទាំងបានទៅជួបជុំជាមួយបុព្វបុរសរបស់គាត់ ហើយគាត់បានស្កប់ស្កល់នៅក្នុងជីវិតរបស់គាត់។ លោកអេសាវ និងលោកយ៉ាកុប កូនប្រុសរបស់គាត់ បានបញ្ចុះសពគាត់។