ជំពូក ២០

1 លោកអប្រាហាំបានធ្វើដំណើរពីទីនោះ ឆ្ពោះទៅទឹកដី​ណេកិប ហើយគាត់រស់នៅចន្លោះក្រុង​កាដេស និង​ក្រុង​ស៊ើរ។ បន្ទាប់​មក គាត់បាន​ទៅ​នៅ​ក្រុង​កេរ៉ាក្នុងនាមជាជនបរទេស។ 2 លោកអប្រាហាំនិយាយទាក់ទងនឹងភរិយារបស់គាត់ថា៖ «នាងជាប្អូនស្រីរបស់ខ្ញុំ»។ ដូច្នេះ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ជា​ស្ដេច​នៅ​ក្រុង​កេរ៉ា បាន​ចាត់​អ្នកបម្រើឲ្យ​ទៅ​ ហើយយកនាង​សារ៉ា​មក។ 3 ប៉ុន្តែ ព្រះជាម្ចាស់បានមកជួបព្រះបាទអប៊ីម៉ាឡិចនៅក្នុងសុបិនយប់នោះ ដោយមានបន្ទូលថា៖ «មើល អ្នកនឹងត្រូវស្លាប់ ដោយព្រោះស្រី្តដែលអ្នកបានយកមក ដ្បិតនាងជាភរិយារបស់គេទេ»។ 4 ព្រះបាទអប៊ីម៉ាឡិចមិនទាន់បានចូលទៅជិតនាងនៅឡើយទេ ហើយស្តេចបានមានបន្ទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គសម្លាប់ សូម្បីតែប្រជាជាតិសុចរិត? 5 តើមិនមែនគាត់ខ្លួនឯងទេឬអីដែលនិយាយមកទូលបង្គំថា នាងជាប្អូនស្រីរបស់ខ្ញុំ? សូម្បីតែនាងខ្លួនឯងផ្ទាល់និយាយថា គាត់គឺជាបងប្រុសរបស់ខ្ញុំ។ ទូលបង្គំបានធ្វើការនេះដោយស្មោះត្រង់ចេញពីចិត្តរបស់ទូលបង្គំ និងពីដៃរបស់អ្នកដែលឥតកំហុស»។ 6 បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលទៅស្តេចនៅក្នុងសុបិនថា៖​ «ពិតមែនហើយ យើងក៏ដឹងដែរថា ដួងចិត្តរបស់ទ្រង់ស្មោះត្រង់ក្នុងការធ្វើការនេះ ហើយយើងក៏បានការពារទ្រង់មិនឲ្យធ្វើបាបទាស់នឹងយើងដែរ។ ហេតុដូច្នេះហើយ បានជាយើងហាមមិនឲ្យអ្នកប៉ះពាល់នាងឡើយ។ 7 ដូច្នេះ ចូរប្រគល់នាងទៅស្វាមីរបស់នាងវិញចុះ ដ្បិត គាត់គឺជាព្យាការីម្នាក់។ គាត់នឹងអធិស្ឋានឲ្យអ្នក ហើយអ្នកនឹងបានរស់។ ប៉ុន្តែ ប្រសិនបើ ទ្រង់មិនប្រគល់នាងឲ្យគាត់វិញទេ ចូរដឹងថា ទ្រង់និងអស់អ្នកដែលនៅជាមួយទ្រង់ស្លាប់»។ 8 ព្រះបាទអប៊ីម៉ាឡិចបានក្រោកតាំងពីព្រលឹម ហើយកោះហៅអ្នកបម្រើរបស់ស្តេចទាំងអស់មកគាល់ព្រះអង្គ។ ព្រះអង្គបានប្រាប់ការទាំងអស់នេះទៅកាន់ពួកគេ ហើយពួកគេមានការភ័យខ្លាចជាខ្លាំង។ 9 បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចបានហៅលោកអប្រាហាំមក ហើយមានរាជឱង្ការទៅគាត់ថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះជាមួយយើង? តើយើងបានធ្វើបាបអ្វីដល់លោក បានជាលោកនាំយើង និងអាណាចក្ររបស់យើងទៅធ្វើបាបយ៉ាងធំដូច្នេះ? អ្វីដែលលោកបានធ្វើចំពោះយើងនេះ គឺជាអ្វីដែលលោកមិនគួរធ្វើទេ»។ 10 ព្រះបាទអប៊ីម៉ាឡិចមានបន្ទូលទៅកាន់លោកអប្រាហាំថា៖ «តើលោកមានគោលបំណងអ្វីបានជាធ្វើការនេះ? 11 លោកអប្រាហាំទូលថា៖ «ដោយព្រោះទូលបង្គំគិតថា ប្រហែល​ជា​គ្មាន​ការ​កោត​ខ្លាច​ព្រះ​ទេ​នៅទី​នេះ​ ហើយ​ថា គេ​នឹង​សម្លាប់​ទូល‌បង្គំ ដោយ​សារ​តែ​ភរិយាទូល‌បង្គំមិន​ខាន។ 12 ម្យ៉ាងវិញទៀត នាងគឺជាប្អូនស្រីរបស់ទូលបង្គំមែន នាងគឺជាកូនស្រីរបស់ឪពុកទូលបង្គំ ប៉ុន្តែមិនមែនជាកូនស្រីម្តាយរបស់ទូលបង្គំទេ ហើយទូលបង្គំបានរៀបការជាមួយនាង។ 13 នៅពេលដែលព្រះជាម្ចាស់បានឲ្យទូលបង្គំចាកចេញពីផ្ទះឪពុករបស់ទូលបង្គំ​ហើយធ្វើដំណើរចេញពីកន្លែងមួយទៅកន្លែងមួយ ទូលបង្គំបានប្រាប់នាងថា៖ «អូនត្រូវបង្ហាញពីភាពស្មោះត្រង់ក្នុងនាមជាភរិយារបស់បង គឺនៅទីណាដែលយើងទៅ សូមប្រាប់គេថា៖ «គាត់ជាបងប្រុសរបស់ខ្ញុំ»។ 14 បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចបានយកចៀម និងគោ ព្រមទាំងអ្នកបម្រើប្រុសស្រីជាច្រើន ហើយប្រគល់ពួកគេឲ្យទៅលោកអប្រាហាំ។ បន្ទាប់មក ព្រះអង្គបានប្រគល់នាងសារ៉ា ភរិយារបស់លោកអប្រាហាំទៅគាត់វិញ។ 15 ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការថា៖ «មើល៍ ទឹកដីរបស់យើងនៅចំពោះលោកហើយ។ 16 ចូរនៅកន្លែងណាតាមតែលោកចូលចិត្តចុះ»។ ព្រះអង្គមានរាជឱង្ការទៅនាងសារ៉ាថា៖ «មើល៍ យើងប្រគល់ដល់បងប្រុសដែលជាស្វាមីរបស់នាងប្រាក់ចំនួន​មួយ​ពាន់​តម្លឹង។ ដើម្បីគ្រប់បាំងកំហុសដែលបានធ្វើទាស់នឹងនាងនៅក្នុងភ្នែករបស់មនុស្សគ្រប់គ្នាដែលនៅជាមួយនាង និងនៅចំពោះមុខរបស់មនុស្សគ្រប់គ្នា អ្នកមិនបានបាត់បង់កិត្តិយសអ្វីឡើយ»។ 17 លោកអប្រាហាំអធិស្ឋានទៅព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានប្រោសព្រះបាទអប៊ីម៉ាឡិច មហេសីរបស់ព្រះអង្គ និងអ្នកបម្រើប្រុសស្រី ដើម្បីឲ្យពួកគេបានបង្កើតកូនចៅបាន។ 18 ដ្បិត ព្រះអម្ចាស់បានធ្វើឲ្យស្រី្តទាំងអស់នៅក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ទាំង​មូល ក្លាយ​ទៅ​ជា​ស្ត្រី​អារ ព្រោះ​តែ​នាង​សារ៉ា​ជា​ភរិយា​របស់​លោក​អប្រាហាំ។