ជំពូក ១៤

1 កាល​នោះ ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​របស់ប្រទេស​ស៊ី‌ណើរ ព្រះ‌បាទ​អើយ៉ុក​ជា​ស្ដេច​របស់ប្រទេស​អេ‌ឡា‌សារ ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​ប្រទេស​អេឡាំ និង​ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​របស់ប្រទេស​កូយីម 2 ពួកគេបាន​ធ្វើសង្គ្រាមទាស់​នឹង​ព្រះ‌បាទ​បេរ៉ា​ជា​ស្ដេច​ក្រុង​សូដុម ព្រះ‌បាទ​ប៊ីសារ​ជា​ស្ដេច​ក្រុង​កូម៉ូ‌រ៉ា ព្រះ‌បាទ​ស៊ីណាប​ជា​ស្ដេច​ក្រុង​អាដ‌ម៉ា ព្រះ‌បាទ​សេមេ‌ប៊ើរ​ជា​ស្ដេច​ក្រុង​សេ‌បោម និង​ស្ដេច​ក្រុង​បេឡា (ដែលហៅថា​ក្រុង​សូអារផងដែរ)។ 3 ក្រោយមក ស្តេចទាំងប្រាំបានរួមគ្នានៅជ្រលងភ្នំស៊ីឌីម (ដែលហៅថា​សមុទ្រ​ប្រៃ)។ 4 ស្ដេច​ទាំង​នេះបានបម្រើ​ព្រះ‌បាទ​កេដូ‌ឡោមើរ អស់​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ ប៉ុន្តែ ​នៅ​ឆ្នាំ​ទី​ដប់​បី​ពួកគេបាននាំ​គ្នា​បះ‌បោរ។ 5 បន្ទាប់មក នៅ​ឆ្នាំ​ទី​ដប់‌បួន ព្រះ‌បាទ​កេដូ‌ឡោមើរ និង​ស្ដេច​ផ្សេងៗ ដែល​នៅ​ជា​មួយ​ព្រះអង្គ បាន​នាំគ្នា​មក​វាយលុក​ជន‌ជាតិ​រេផែម នៅ​ក្រុង​អាសថា‌រ៉ូតកើ‌ណែម ជន‌ជាតិ​ស៊ូស៊ីម នៅ​ក្រុង​ហាំ ជន‌ជាតិ​អេមីម នៅ​ក្រុង​គារយ៉ា‌ថែម 6 និង​ជន‌ជាតិ​ហូរី នៅ​តំបន់​ភ្នំ​សៀរ រហូត​ដល់តំបន់​អែល‌បារ៉ាន ដែល​នៅ​ជិត​ទី​រហោ‌ស្ថាន។ 7 បន្ទាប់មក ពួកគេបានត្រឡប់ ហើយមកឯក្រុង​អេនមីសផាត (ដែលហៅថា​ក្រុង​កាដេស) វិញ ហើយបានវាយយករបស់​ជន‌ជាតិ​អាម៉ា‌ឡេក ព្រម​ទាំង​ជន‌ជាតិ​អាម៉ូរី ដែល​រស់​នៅ​ទឹកដី​ហាសា‌សូនតាម៉ារផង។ 8 បន្ទាប់មក ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា និងស្តេចបេឡា (ដែលហៅថាក្រុង​សូអារ) 9 បានចេញទៅធ្វើសង្គ្រាមតទល់​នឹង​ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​របស់ទឹកដី​អេឡាំ ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​ទឹកដី​កូយីម ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​របស់ទឹកដីស៊ី‌ណើរ និង​ព្រះ‌បាទ​អើរ‌យ៉ុក​ជា​ស្ដេច​របស់ទឹកដីអេ‌ឡា‌សារ គឺ​ស្ដេច​បួន​អង្គ​តទល់​នឹង​ស្ដេច​ប្រាំ​អង្គ។ 10 ឥឡូវនេះ នៅជ្រលងភ្នំ​ស៊ីឌីមពេញទៅដោយអណ្តូងប្រេងជាច្រើន ហើយស្តេចក្រុងសូដុម និងក្រុងកូម៉ូរ៉ា បានរត់ ហើយពូកគេបានធ្លាក់ទៅក្នុងអណ្តូងនោះ។ ហើយពួកអ្នកដែលនៅសល់បានរត់ទៅតាមភ្នំផ្សេងៗ។ 11 ដូច្នេះ ពួកសត្រូវបានយករបស់របនៅក្រុងសូដុម និងក្រុងកូម៉ូរ៉ាទាំងអស់ ព្រមទាំងទ្រព្យសម្បតិ្តរបស់ពួកគេទៅជាមួយដែរ។ 12 នៅពេលពួកគេនាំចេញទៅ ពួកគេបាននាំលោកឡុត ក្មួយរបស់លោកអាប់រ៉ាមដែលរស់នៅក្នុងក្រុងសូដុមទៅជាមួយដែរ រួមទាំងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ផងដែរ។ 13 មានម្នាក់ដែលបានគេចរួចបានមកប្រាប់លោកអាប់រ៉ាមជាជនជាតិហេព្រើរ។ លោករស់នៅក្បែរដើមជ្រៃដែលជាកម្មសិទ្ធិរបស់លោក​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ដែល​ត្រូវ​ជា​បងប្អូន​របស់​លោក​អែស‌កុល និង​លោក​អាន់‌នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​លោក​អាប់រ៉ាម។ 14 នៅពេលនេះ លោកអាប់រ៉ាមបានឮថា ពួកសត្រូវបានចាប់យកសាច់ញាតិរបស់គាត់ លោកបាននាំអ្នកបម្រើដែលកើតនៅក្នុងផ្ទះរបស់គាត់ ដែលគាត់បានបង្វឹកចំនួន៣១៨នាក់ ហើយគាត់បានដេញតាមពួកគេរហូតដល់ក្រុងដាន់។ 15 គាត់បានបែងចែកគ្នារបស់គាត់ដើម្បីប្រយុទ្ធជាមួយពួកគេនៅពេលយប់ ហើយបានវាយលុកពួកគេ និងដេញតាមពួកគេរហូតដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។ 16 បន្ទាប់មក គាត់បាននាំទ្រព្យសម្បត្តិទាំងអស់ ហើយបាននាំលោកឡុតដែលជាសាច់ញាតិរបស់គាត់ ព្រមទាំងរបស់របរ រួមទាំងភរិយា និងអ្នកផ្សេងទៀតផងដែរ។ 17 បន្ទាប់ពីលោកអាប់រ៉ាមបានត្រឡប់ពីវាយលុកព្រះបាទ​កេដូ‌ឡោមើរ និង​ស្ដេច​ទាំងឡាយដែល​នៅ​ជា​មួយរួចមក ស្ដេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួលគាត់​នៅ​ជ្រលង​ភ្នំ​សាវេ (ដែលហៅថា​ជ្រលង​ភ្នំ​ហ្លួងផងដែរ)។ 18 ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ជា​ស្តេច​នៅ​ក្រុង​សាឡិម បាន​ឲ្យ​គេ​យក​នំប៉័ង និង​ស្រា​ទំពាំង‌បាយជូរ​មក​ជូន​លោក​អាប់រ៉ាម។ គាត់គឺជាមហាបូជាចារ្យរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត។ 19 គាត់បានឲ្យពរដល់លោកដោយថ្លែងថា៖ «សូមព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ជាព្រះដែលបានបង្កើតស្ថានសួគ៌ និងផែនដី បានប្រទានពរដល់លោកអាប់រ៉ាម។ 20 សូមព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោក ប្រទានពរដល់លោក»។ បន្ទាប់មក លោកអាប់រ៉ាមបានថ្វាយមួយភាគដប់ដល់ស្តេចពីអ្វីៗទាំងអស់។ 21 ស្តេចក្រុងសូដុមមានបន្ទូលទៅលោកអាប់រ៉ាមថា៖ «ចូរប្រគល់មនុស្សមកឲ្យយើងវិញ ហើយយកទ្រព្យសម្បត្តិសម្រាប់លោកទៅចុះ»។ 22 លោកអាប់រ៉ាមទូលទៅស្តេចក្រុងសូដុមថា៖ «ទូលបង្គំ​សូមលើកដៃរបស់ទូលបង្គំនៅចំពោះ​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ជាព្រះដែល​បាន​បង្កើត​ស្ថានសួគ៌ និង​ផែនដីថា 23 ទូលបង្គំនឹង​មិន​យក​អំបោះ​មួយ​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​មួយ ឬ​អ្វីៗ​ដែល​ជា​សម្បត្តិ​របស់​ព្រះ‌ករុណា​សោះ​ឡើយ ដើម្បីកុំ​ឲ្យ​ព្រះ‌ករុណា​មាន​បន្ទូលថា៖ «យើង​បាន​ធ្វើ​ឲ្យ​អាប់រ៉ាម​ទៅ​ជា​អ្នក​មាន»។ 24 ទូលបង្គំនឹងមិនយកអ្វីឡើយ លើកលែងតែ​អ្វីៗ​ដែលសម្រាប់យុវជនហូប ហើយចែករំលែកជាមួយអ្នកដែលទៅ​ជា​មួយ​ទូលបង្គំ​ប៉ុណ្ណោះបានហើយ សូមឲ្យលោក​អាន់‌នើរ លោក​អេស‌កុល និង​លោក​ម៉ាមរ៉េបានយកចំណែករបស់ពួកគេផង»។