ជំពូក ២២

1 ​ព្រះ‌បាទ​យ៉ូសៀសមានព្រះជន្មប្រាំបីឆ្នាំនៅពេលដែលស្តេចចាប់ផ្តើមឡើងសោយរាជ្យ ស្តេចសោយរាជ្យបានសាបសិបមួយឆ្នាំនៅក្រុងយេរូសាឡិម។​ មាតា​របស់​ស្ដេច​មាន​នាម​ថា យេឌី‌ដា (កូន​របស់​លោក​អដា‌យ៉ា ជា​អ្នក​ស្រុក​បូស‌កាថ)។ 2 ស្តេចបានប្រេព្រឹត្តត្រឹមត្រូវនៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចបានដើរតាមមាគា៌របស់ព្រះបាទដាវីឌជាបុព្វបុរសរបស់ទ្រង់់ ហើយស្តេចមិនបានងាកឆ្វេង ឬងាកស្តាំឡើយ។ 3 នៅក្នុងឆ្នាំទីដប់ប្រាំបីនៃរាជ្យរបស់ព្រះ‌បាទ​យ៉ូសៀស ទ្រង់​ចាត់​លោក​សាផាន ដែល​ត្រូវ​ជា​កូន​របស់​លោក​អសា‌លា និង​ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម​ជា​ស្មៀន​ហ្លួង ឲ្យ​ទៅ​​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ដោយទូលថា៖ 4 «សូមទៅជួបលោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា ហើយប្រាប់លោកឲ្យរាប់ប្រាក់ដែលគេនាំមកក្នុងដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ដែលអ្នកយាមបានប្រមូលពីប្រជាជន។ 5 សូមឲ្យប្រាក់ទាំងនោះដល់ដៃរបស់ជាងដែលមានបន្ទុកជួសជុលព្រះវិហារបស់ព្រះអម្ចាស់ ហើយប្រគល់ឲ្យជាងទាំងនោះ គឺអ្នកដែលនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ដើម្បីឲ្យពួកគេជួសជុលកន្លែងខូចខាតនៅក្នុងព្រះវិហារ។ 6 សូមឲ្យគេប្រគល់ប្រាក់ដល់ជាងឈើ អ្នកសាងសង់ និងជាងកំបោរ និងត្រូវទិញឈើ និងថ្មកាត់ដើម្បីជួសជុលព្រះវិហារ»។ 7 ប៉ុន្តែ គេមិនត្រូវការអ្នករាប់សម្រាប់លុយដែលផ្តល់ទៅពួកគេទេ ព្រោះពួកគេចាត់ចែងប្រាក់ទាំងនោះដោយស្មោះត្រង់។​ 8 លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​បាននិយាយទៅលោកលោក​សាផាន ជា​ស្មៀន​ហ្លួង​ថា៖ «ខ្ញុំបានរកឃើញសៀវភៅក្រិតវិន័យនៅក្នុងដំណាក់របស់ព្រះអម្ចាស់»។ ដូច្នេះ លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ាបានឲ្យសៀវភៅនោះទៅលោកសាផាន ហើយលោកបានអានវា។ 9 លោកសាផានបានចេញទៅ ហើយយកសៀវភៅនោះទៅថ្វាយស្តេច ដោយរាយការណ៍ទៅស្តេចថា៖ «អ្នកបម្រើរបស់ព្រះអង្គបានចំណាយប្រាក់ទាំងអស់ដែលមាននៅក្នុងព្រះដំណាក់ ហើយពួកគេបានប្រគល់ទៅដល់ដៃរបស់អ្នកធ្វើការដែលចាត់ចែងការមើលថែព្រះដំណាក់របស់ព្រះអម្ចាស់»។ 10 បន្ទាប់មក លោកសាផានជាស្មៀនហ្លួងបានទូលស្តេចថា៖ «លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​បានប្រគល់សៀវភៅនេះមកទូលបង្គំ»។ បន្ទាប់មក លោកសាផានបានអានថ្វាយស្តេច។ 11 នៅពេលដែលស្តេចបានឮព្រះបន្ទូលនៃក្រឹត្យវិន័យ ស្តេចបានហែកព្រះភូសារបស់ទ្រង់។ 12 ស្តេចបានបង្គាប់ទៅលោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​ លោក​អហ៊ី‌កាម ជា​កូន​របស់​លោក​សាផាន លោក​អ័ក‌បោរ ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សាផាន ជា​ស្មៀន​ហ្លួង និង​លោក​អសា‌យ៉ាជាអ្នកបម្រើរបស់ព្រះអង្គផ្ទាល់ថា៖ 13 «ចូទៅទូលសួរព្រះអម្ចាស់សម្រាប់យើង និងសម្រាប់ប្រជាជនយូដាទាំងមូល ព្រោះយើងបានរកឃើញព្រះបន្ទូលនៅក្នុងសៀវភៅនេះ។ ព្រោះកំហឹងដ៏ខ្លាំងរបស់ព្រះអម្ចាស់បានប្រឆាំងនឹងយើង ដោយសារតែបុព្វបុរសរបស់យើងមិនបានស្តាប់បង្គាប់ព្រះបន្ទូលនៅក្នុងសៀវភៅនេះ ដូចអ្វីដែលត្រូវតែធ្វើដែលបានសរសេរទាក់ទងនឹងយើងរាល់គ្នា»។ 14 ដូច្នេះ លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម លោក​អ័ក‌បោរ លោក​សាផាន និង​លោក​អសា‌យ៉ា នាំ​គ្នា​ទៅ​ជួប​ព្យាកា‌រីនី​ហ៊ូល‌ដា ជា​ភរិយា​របស់​លោក​សាលូម ជា​កូន​របស់​លោក​ទីក‌វ៉ា ជា​ចៅ​របស់​លោក​ហារ‌ហាស ជាអ្នកថែរក្សាសំលៀកបំពាក់របស់បូជាចារ្យ (នាងរស់នៅក្រុងយេរូសាឡឹមនៅតំបន់ទីពីរ) ហើយពួកគេបាននិយាយជាមួយនាង។ 15 នាងបានឆ្លើយទៅពួកគេថា៖ «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «ប្រាប់អ្នកដែលបានបញ្ជូនអ្នកទាំងនេះដើម្បីមកជួបយើងថា៖​ 16 «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់៖ «ឃើញទេ យើងបាននាំមហន្តរាយមកកន្លែងនេះ និងប្រជាជននេះ ស្របតាមអ្វីដែលបានកត់ត្រាទុកនៅក្នុងសៀវភៅដែលស្តេចទើបតែបានអាន។ 17 ដោយសារពួកគេបានបោះបង់ចោលយើង ហើយបានដុតគ្រឿងក្រអូបទៅព្រះដ៏ទៃ ដូច្នេះ គេនឹងធ្វើឲ្យយើងខឹងជាមួយនឹងអំពើទាំងអស់ដែលពួកគេបានប្រព្រឹត្ត ដូច្នេះ កំហឹងរបស់យើងនឹងមកប្រឆាំងនឹងកន្លែងនេះ ហើយយើងមិនអត់ឱនឲ្យឡើយ»។ 18 ប៉ុន្តែ ស្តេចស្រុកយូដា ដែលបានបញ្ជូនអ្នកមកស្វែងរកព្រះហឫទ័យរបស់ព្រះអម្ចាស់ នេះជាអ្វីដែលអ្នកត្រូវនិយាយទៅកាន់ស្តេច៖ «ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «អំពីព្រះបន្ទូលដែលអ្នកបានឮ 19 ដោយសារតែដួងចិត្តរបស់អ្នកបើកចំហ ហើយដោយសារតែអ្នកបានបន្ទាបខ្លួននៅមុខព្រះអម្ចាស់ នៅពេលដែលអ្នកបានឮអ្វីដែលយើងនិយាយប្រឆាំងនឹងកន្លែងនេះ និងប្រជាជននេះ ថាពួកគេនឹងត្រូវអន្តរាយ និងត្រូវបណ្តាសារ ហើយដោយសារតែអ្នកបានហែកសំលៀកបំពាក់របស់អ្នក និងយំនៅចំពោះយើង នោះយើងក៏ស្តាប់អ្នកដែរ នេះជាការប្រកាសរបស់ព្រះអម្ចាស់។ 20 ឃើញទេ យើងនឹងប្រមូលអ្នកឲ្យទៅជួបជុំបុព្វបុរសរបស់អ្នក ហើយអ្នក និងទៅក្នុងផ្នូរដោយសុខសាន្ត។ ភ្នែករបស់អ្នកនឹងមិនបានឃើញមហន្តរាយដែលយើងនឹងនាំមកកន្លែងនេះទេ»។ ដូច្នេះ ពួកគេក៏បាននាំសារនេះទៅទូលស្តេច។