ជំពូក ២១

1 ព្រះបាទម៉ាណាសេបានព្រះជន្មដប់ពីរឆ្នាំនៅពេលដែលស្តេចឡើងគ្រងរាជ្យ ស្តេចគ្រងរាជ្យបានហាសិបប្រាំឆ្នាំនៅក្រុងយេរូសាឡិម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ព្រះ‌នាង​ហែប‌ស៊ី‌បា។ 2 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដូចគ្នានឹងរឿងដ៏គួរឲ្យស្អប់ខ្ពើមរបស់ជាតិសាសន៍ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខប្រជាជនអ៊ីស្រាអែលដែរ។ 3 ព្រោះស្តេចបានសង់កន្លែងខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះបាទហេសេគាជាបិតាបានបំផ្លាញចោល ហើយស្តេចក៏បានសង់អាសនាសម្រាប់ព្រះបាល ហើយបានធ្វើបង្គោលព្រះអាសេរ៉ា ដូចព្រះបាទអហាប់ស្តេចស្រុកអ៊ីស្រាអែលបានធ្វើ ហើយស្តេចបានថ្វាយបង្គំផ្កាយគ្រប់ប្រភេទនៅលើមេឃ ហើយថ្វាយបង្គំផ្កាយទាំងនោះ។ 4 ព្រះបាទម៉ាណាសេបានសង់អាសនាព្រះដ៏ទៃនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ទោះបីជាព្រះអម្ចាស់បានបង្គាប់ថា៖ «គឺក្នុងក្រុងយេរូសាឡឹមនេះឯងដែលនាមយើងនៅអស់កល្បជានិច្ច»។ 5 ស្តេចបានសង់អាសនាសម្រាប់ផ្កាយទាំងឡាយនៅលើមេឃនៅក្នុងទីលានទាំងពីរនៅខាងក្រៅនៃដំណាក់របស់ព្រះអម្ចាស់។ 6 ស្តេចបានដុតបុត្ររបស់ខ្លួននៅក្នុងភ្លើង ស្ដេច​បាន​រក​គ្រូ​មើល​ជោគ‌រាសី ប្រព្រឹត្ត​មន្ត‌អាគម គឺអ្នកដែលនិយាយជាមួយវិញ្ញាណដែលស្លាប់ និងអ្នកដែលអន្ទងវិញ្ញាណ។ ស្តេចបានប្រព្រឹត្តកាន់តែអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយធ្វើឲ្យព្រះអង្គព្រះពិរោធ។ 7 រូបចម្លាក់របស់ព្រះអាសារ៉ាដែលស្តេចបានធ្វើ ទ្រង់ដាក់នៅក្នុងដំណាក់របស់ព្រះអម្ចាស់។ ទាក់ទងនឹងដំណាក់នេះព្រះអម្ចាស់ធ្លាប់មានបន្ទូលទៅកាន់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូនជាបុត្រថា៖ «នៅក្នុងដំណាក់នេះ និងនៅក្នុងក្រុងយេរូសាឡឹម ដែលយើងជ្រើសរើស​ពី​កុលសម្ពន្ធ​ទាំងអស់នៃស្រុកអ៊ីស្រាអែល ដែលយើងនឹងដាក់នាមរបស់យើងជារៀងរហូត។ 8 យើងនឹងមិនឲ្យជើងរបស់អ៊ីស្រាអែលត្រូវវង្វេងចេញពីទឹកដីដែលយើងបានប្រគល់ដល់បុព្វបុរសរបស់ពួកគេឡើយ បើពួកគេនឹងស្តាប់បង្គាប់គ្រប់ទាំងអ្វីៗទាំងអស់ដែលយើបានបង្គាប់ដល់ពួកគេ ហើយដើរតាមច្បាប់ដែលលោកម៉ូសេជាអ្នកបម្រើរបស់យើងបានបង្គាប់ដល់ពួកគេ»។ 9 ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលមិនស្តាប់ឡើយ ហើយព្រះបាទម៉ាណាសេបាននាំគេឲ្យប្រព្រឹត្តអំពើបាបលើសជាងជាតិសាសន៍ដែលព្រះអម្ចាស់បានបំផ្លាញនៅមុខប្រជាជនអ៊ីស្រាអែលទៅទៀត។ 10 ដូច្នេះ ព្រះអម្ចាស់បានមានបន្ទូលតាមរយៈព្យាការីជាអ្នកបម្រើរបស់ទ្រង់ថា៖ 11 «ដោយសារតែព្រះបាទម៉ាណាសេជាស្តេចស្រុកយូដាបានធ្វើអំពើគួរឲ្យស្អប់ខ្ពើម ហើយបានប្រព្រឹត្តអាក្រក់ជាងជនជាតិអាម៉ូរីដែលធ្លាប់ធ្វើពីមុន ហើយបានធ្វើឲ្យយូដាធ្លាក់ក្នុងអំពើបាបជាមួយរូបព្រះ។ 12 ដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «មើល យើងនឹងនាំការអាក្រក់មកក្រុងយេរូសាឡឹម និងស្រុកយូដា នៅពេលដែលនរណាម្នាក់ឮរឿងនេះ ត្រចៀកទាំងពីររបស់គេនឹងឈឺចុកចាប់។ 13 យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចដែលយើងបានធ្វើប្រឆាំងនឹងក្រុងសាម៉ារីដែរ និងរបៀបដែលយើងបានបំផ្លាញគ្រួសាររបស់ព្រះបាទអហាប់ យើងនឹងបោសសម្អាតក្រុងយេរូសាឡឹម ដូចជាមនុស្សម្នាក់លាងចាន គឺដុសសម្អាតផ្កាប់ចុះឡើង។ 14 យើងនឹងបោះបង់ចោលអ្នកដែលនៅសេសសល់ ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់សត្រូវរបស់ពួកគេ។ ពួកគេនឹងក្លាយទៅជាជនរងគ្រោះ និងក្លាយជារបឹបសម្រាប់សត្រូវរបស់ពួកគេ 15 ព្រោះពួកគេបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់យើង ហើយធ្វើឲ្យយើងខឹង តាំងពីថ្ងៃដែលយើងនាំបុព្វបុរសរបស់យើងចេញពីអេស៊ីបរហូតមកដល់ថ្ងៃនេះ»។ 16 លើសពីនេះទៅទៀតព្រះបាទម៉ាណេបានបង្ហូរឈាមមនុស្សឥតទោសជាច្រើន រហូតធ្វើឲ្យមានសាកសពនៅពេញក្រុងយេរូសាឡឹមពីជ្រុងម្ខាង ដល់ជ្រុងម្ខាង។ នេះជាអ្វីបន្ថែមដែលស្តេចនាំឲ្យយូដាធ្លាក់ក្នុងអំពើបាប នៅពេលដែលគេបានប្រព្រឹត្តអ្វីដែលអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ 17 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទម៉ាណាសេ អ្វីដែលស្តេចបានធ្វើ និងអំពើបាបដែលស្តេចបានប្រព្រឹត្ត តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍ស្តេចយូដាទេឬ?​ 18 ព្រះបាទម៉ាណាេបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបានបញ្ចុះសពទ្រង់នៅក្នុងសួននៃដំណាក់របស់ទ្រង់ផ្ទាល់ នៅក្នុងសួន​របស់​លោក​អ៊ូសា ហើយ​ព្រះ‌បាទ​អាំម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។ 19 ព្រះ‌បាទ​អាំម៉ូន​​មាន​ព្រះ‌ជន្មាយុ​ម្ភៃ​ពីរឆ្នាំនៅពេលដែលស្តេចឡើងសោយរាជ្យ ស្តេចសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា មស៊ូ‌លេ‌ម៉េត ជា​កូន​របស់​លោក​ហារូស ជា​អ្នក​ស្រុក​យ៉ុត‌បា។ 20 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅចំពោះព្រះនេត្ររបស់​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ម៉ាណា‌សេ ជា​បិតាធ្លាប់ធ្វើដែរ។ 21 ព្រះបាទអាំម៉ូនបានដើរតាមមាគា៌គ្រប់យ៉ាងដែលបិតារបស់ស្តេចធ្លាប់ធ្វើ ហើយថ្វាយបង្គំរូបព្រះដែលបិតារបស់ស្តេចធ្លាប់ថ្វាយបង្គំ ហើយក្រាបនៅចំពោះព្រះទាំងនោះ។ 22 ស្តេចបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសរបស់ទ្រង់ ហើយមិនដើរតាមមាគា៌របស់ព្រះអម្ចាស់ឡើយ។ 23 អ្នកបម្រើរបស់ព្រះបាទអាំម៉ូនបានបះបោរប្រឆាំងនឹងទ្រង់ ហើយបានសម្លាប់ស្តេចនៅក្នុងដំណាក់របស់ព្រះអង្គផ្ទាល់។ 24 ប៉ុន្តែ ប្រជាជននៅក្នុងទឹកដីបានសម្លាប់អស់អ្នកដែលបានបះបោរប្រឆាំងនឹងព្រះបាទអាំម៉ូន ហើយគេបានលើកព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ ឲ្យ​ឡើង​ស្នង​រាជ្យបន្ត។ 25 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទអាំម៉ូន និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រានៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តចស្រុកយ៉ូដាទេឬ? 26 ប្រជាជនបានបញ្ចុះសពទ្រង់នៅក្នុងផ្នូរនៅក្នុងសួនរបស់លោក​អ៊ូសា ហើយ​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ ឡើង​ស្នង​រាជ្យបន្ត។