ជំពូក ២០

1 នៅពេលនោះព្រះបាទហេសេគាមានជំងឺហៀបនឹងស្លាប់។ ដូច្នេះ លោកព្យាការីអេសាយជាកូនរបស់លោកអេម៉ុសបានមកជួបស្តេច ហើយទូលទ្រង់ថា៖ «សូមរៀបចំគ្រួសាររបស់ព្រះអង្គចុះ ព្រោះព្រះអង្គនឹងត្រូវសុគត ព្រះអង្គនឹងមិនរស់ឡើយ»។ 2 បន្ទាប់មក ព្រះបាទហេសេគាបានបែរមុខទៅកាន់ជញ្ជាំង ហើយអធិស្ឋានទៅព្រះអម្ចាស់ថា៖ 3 «ព្រះអម្ចាស់អើយ សូមរំឭកពីអ្វីដែលទូលបង្គំបានដើរនៅមុខព្រះអង្គដោយស្មោះត្រង់ ដោយអស់ពីចិត្ត និងពីរបៀបដែលទូលបង្គំបានធ្វើល្អនៅចំពោះព្រះនេត្ររបស់ព្រះអង្គផង»។ បន្ទាប់មក ព្រះបាទហេសេគាបានព្រះកន្សែងយ៉ាងឮៗ។ 4 មុនពេលដែលលោកអេសាយបានចេញទៅដល់ទីធ្លារកណ្តាល ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកឯលោកថា៖ 5 «ចូរត្រឡប់ទៅវិញ ហើយប្រាប់ព្រះបាទហេសេគា ជាអ្នកដឹកនាំប្រជាជនរបស់យើងថា៖ «នេះជាអ្វីដែលព្រះអម្ចាស់ ជាព្រះរបស់ព្រះបាទដាវីឌជាបុព្វបុរសរបស់អ្នកថា៖ «យើងបានឮពាក្យអធិស្ឋានរបស់អ្នកហើយ ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងប្រោសអ្នកឲ្្យបានជានៅថ្ងៃទីបី ហើយអ្នកនឹងឡើងទៅដំណាក់របស់ព្រះអម្ចាស់។ 6 យើងនឹងបន្ថែមជីវិតរបស់អ្នកដប់ប្រាំឆ្នាំទៀត ហើយយើងនឹងសង្រ្គោះអ្នក នឹងទីក្រុងនេះពីកណ្តាប់ដៃរបស់ស្តេចស្រុកអាសសីេុរ ហើយយើងនឹងការពារក្រុងនេះដោយយល់ដល់នាមយើង និងយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើង»។ 7 ដូច្នេះ លោកអេសាយមានប្រសាសន៍ថា៖ «សូមយកផ្លែឧទុម្ពរមួយដុំមក»។ ហើយពួកគេក៏ធ្វើដូច្នោះ ហើយបានដាក់នៅលើដំបៅរបស់ទ្រង់ ហើយទ្រង់ក៏បានជា។ 8 ព្រះបាទបានហេសេគាបានមានរាជឱង្ការទៅលោកអេសាយថា៖ «តើអ្វីទៅជាសញ្ញាថាព្រះអម្ចាស់នឹងប្រោសខ្ញុំ ហើយថាខ្ញុំនឹងឡើងទៅព្រះវិហារបស់ព្រះអម្ចាស់នៅថ្ងៃទីបី»?​ 9 លោកអេសាយឆ្លើយតបថា៖ «នេះជាសញ្ញាសម្រាប់ព្រះករុណាពីព្រះអម្ចាស់ គឺព្រះអម្ចាស់នឹងធ្វើអ្វីៗដែលព្រះអង្គមានបន្ទូល។ តើស្រមោលអាចដើរទៅមុខដប់ជំហាន ឬដើរថយក្រោយដប់ជំហានបានទេ»? 10 ព្រះបាទហេសេគាឆ្លើយថា៖ «វាជាការងាយស្រួលណាស់ក្នុងការឲ្យស្រមោលដើរទៅមុខដប់ជំហាន។ ទេ ចូរឲ្យស្រមោលដើរទៅក្រោយដប់ជំហានវិញ»។ 11 ដូច្នេះ លោកហោរាអេសាយបានប្រកាសរកព្រះអម្ចាស់ ហើយព្រះអង្គក៏បានឲ្យស្រមោលដើរថយក្រោយដប់ជំហានចាប់ពីកន្លែងដែលវាបានដើររួចហើយទៅលើជណ្តើរបស់ព្រះបាទអហាស់។ 12 នៅពេលនោះ​ព្រះ‌ចៅ​ម្រដាក់-‌បាឡា‌ដាន ជា​បុត្រ​របស់​ព្រះ‌ចៅ​បាឡា‌ដានជាស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ផ្ញើ​រាជ‌សារ និង​អំណោយថ្វាយ​ព្រះ‌បាទ​ហេ‌សេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ព្រះ‌បាទ​ហេ‌សេគា​ទ្រង់​ប្រឈួន។ 13 ព្រះបាទហេសេគាបានស្តាប់សំបុត្រនោះរួចហើយ បន្ទាប់មកស្តេចក៏បានបង្ហាញរាជវាំងទាំងមូល និងរបស់របរមានតម្លៃរបស់ព្រះអង្គ មានមាស ប្រាក់ គ្រឿងក្រអូប ប្រេងមានតម្លៃ និងឃ្លាំងអាវុធ និងអ្វីៗដែលមាននៅក្នុងឃ្លាំងរបស់ទ្រង់ដល់អ្នកនាំសារនោះ។ គ្មានអ្វីដែលនៅក្នុងដំណាក់ និងនៅក្នុងអាណាច្រករបស់ទ្រង់ ដែលព្រះបាទហេសេគាមិនបានបង្ហាញដល់ពួកគេឡើយ។​ 14 បន្ទាប់មក លោកអេសាយបានមកជួបព្រះបាទហេសេគា ហើយសួរទ្រង់ថា៖ «តើបុរសទាំងនេះបានទូលអ្វីទៅព្រះករុណា? តើពួកគេមកពីណា»? ព្រះបាទហេសេគាឆ្លើយថា៖ «ពួកគេមកពីប្រទេសឆ្ងាយណាស់គឺមកពីបាប៊ីឡូន»។ 15 លោកអេសាយទូលថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងដំណាក់របស់ព្រះអង្គ។ គ្មានអ្វីដែលជារបស់មានតម្លៃរបស់យើងដែលយើងមិនបង្ហាញពួកគេឡើយ»។ 16 ដូច្នេះ លោកអេសាយបានទូលទៅស្តេចហេសេគាថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់៖ 17 «មើល មានថ្ងៃមួយនឹងមកដល់នៅពេលដែលអ្វីៗទាំងអស់នៅក្នុងវាំងរបស់ព្រះករុណា គឺរបស់ទាំងអស់ដែលពួកបុព្វបុរសរបស់ព្រះករុណាបានរក្សាទុករហូតដល់សព្វថ្ងៃនេះ នឹងត្រូវគេយកទៅបាប៊ីឡូន។ នឹងគ្មានអ្វីនៅសេសសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 18 កូនដែលកើតចេញពីព្រះករុណា គឺព្រះករុណាផ្ទាល់ជាឪពុក ពួកគេនឹងយកបុត្រទាំងនោះទៅឆ្ងាយ ហើយពួកគេនឹងក្លាយជាអ្នកកម្រៀវនៅក្នុងវាំងរបស់ស្តេចបាប៊ីឡូន»។ 19 បន្ទាប់មក ព្រះបាទហេសេគាឆ្លើយទៅលោកអេសាយវិញថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលទើបតែនឹងថ្លែងនេះល្អ»។ ព្រោះស្តេចគិតថា៖ «តើនឹងមានសន្តិភាព និងភាពនឹងនរនៅក្នុងរាជ្យរបស់ខ្ញុំឬទេ»? 20 រឿងរាវផ្សេងទៀតទាក់ទងនឹងព្រះបាទហេសេគា និងអំណាចទាំងអស់របស់ទ្រង់ និងរបៀបដែលស្តេចសង់ស្រះ និងប្រឡាយទឹក និងរបៀបដែលស្តេចបានយកទឹកមកក្នុងក្រុង តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬអី? 21 ព្រះបាទហេសេគាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះ‌បាទ​ម៉ាណា‌សេ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។