ជំពូក ១៧

1 នៅក្នុងឆ្នាំទីដប់ពីរនៃរាជ្យរបស់ព្រះបាទអហាសជាស្តេចស្រុកយូដា រាជ្យរបស់ព្រះបាទ​ហូស៊ា ជា​កូន​របស់​លោក​អេឡា ឡើង​សោយ​រាជ្យ​។ 2 ស្តេចសោយ​រាជ្យ​បាន​ប្រាំ​បួន​ឆ្នាំនៅ​ក្រុង​សាម៉ារីលើ​ស្រុក​អ៊ីស្រា‌អែល។ ស្តេចបានប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ប៉ុន្តែ មិនអាក្រក់ដូចស្តេចអ៊ីស្រាអែលដែលនៅពីមុនព្រះអង្គឡើយ។ 3 ព្រះ‌ចៅ​សាលម៉ា‌នេស៊ើរ ជា​ស្ដេច​ស្រុក​អាសសេុីរ បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ស្តេច ហើយ​ព្រះ‌បាទ​ហូស៊ាក្លាយជាអ្នកបម្រើរបស់ស្តេចអាសសេុីរ ហើយនាំសួយសាអាករដល់ស្តេចនោះផង។ 4 បន្ទាប់មក ស្តេចស្រុកអាសសេុីរដឹងថាព្រះ‌បាទ​ហូស៊ា​មាន​គំនិត​ក្បត់ប្រឆាំងនឹងព្រះអង្គ ព្រោះព្រះបាទហូស៊ាបានផ្ញើសារទៅស្តេចស្រុកអេស៊ីបដែរ ស្តេចមិនបានបញ្ជូនសួយសាអាករដល់ស្តេចអាសសេុីរទៀតឡើយ គឺស្តេចធ្វើបែបនេះពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះ ស្តេចស្រុកអាសសេុីរបានចាប់ទ្រង់ ហើយបានដាក់ទ្រង់នៅក្នុងគុក។ 5 បន្ទាប់មក ស្តេចស្រុកអាសសេុីរបានវាយប្រហារទឹកដីទាំងមូល និងវាយប្រហារក្រុងសាម៉ារី ហើយឡោមព័ទ្ធក្រុងនោះអស់បីឆ្នាំ។ 6 នៅក្នុងឆ្នាំទីប្រាំបួនក្នុងរាជរបស់ព្រះបាទហូស៊ា ស្តេចស្រុកអាសសេុីរបានកាន់កាប់ក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រាអែលទៅស្រុកអាសសេុីរ។ ស្តេចបានដាក់ពួកគេនៅក្រុង​ហាឡា នៅ​ទន្លេ​ហាបោ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​។ 7 ការកៀរជាឈ្លើយនេះកើតឡើងដោយសារប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់ជាព្រះរបស់ពួកគេ ដែលបាននាំពួកគេចេញពីស្រុកអេស៊ីបមក ចេញពីការគ្រប់គ្រងរបស់ព្រះចៅផារ៉ោនស្តេចស្រុកអេស៊ីប។ ប្រជាជនបានថ្វាយបង្គំព្រះដ៏ទៃ 8 ហើយដើរតាមការអនុវត្តរបស់សាសន៍ដ៏ទៃ ដែលព្រះអម្ចាស់បានបណ្តេញពួកគេចេញពីមុខជនជាតិអ៊ីស្រាអែល និងធ្វើតាមការអនុវត្តរបស់ស្តេចអ៊ីស្រាអែលដែលធ្លាប់ធ្វើពីមុន។ 9 ប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តដោយសម្ងាត់ប្រឆាំងនឹងព្រះអម្ចាស់ជាព្រះរបស់ពួកគេ គឺធ្វើរឿងមិនត្រឹមត្រូវ។​ ពួកគេបានសង់កន្លែងខ្ពស់ៗនៅក្នុងក្រុងរបស់ពួកគេ ពីក្រុងមាន​ប៉ម​ចាំ​យាម រហូតដល់ក្រុងដែលមានកំពែងរឹងមាំ។ 10 ពួកគេក៏បានតំឡើងសសរ និងសសររបស់ព្រះអាសេរ៉ា នៅលើភ្នំខ្ពស់ៗ និងនៅក្រោមដើមឈើពណ៌បៃតង។ 11 នៅទីនេះ ពួកគេបានដុតគ្រឿងក្រអូបនៅលើទីខ្ពស់ៗ ដូចដែលសាសន៍ដ៏ទៃបានធ្វើ គឺអស់អ្នកដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខពួកគេ។ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអាក្រក់ ដែលនាំឲ្យព្រះអម្ចាស់ព្រះពិរោធ 12 ព្រោះពួកគេបានថ្វាយបង្គំរូបព្រះ ដែលព្រះអម្ចាស់បានមានបន្ទូលមកពួកគេថា៖ «អ្នកមិនត្រូវធ្វើការនេះទេ»។ 13 ព្រះអម្ចាស់បានព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដាតាមរយៈពួកព្យាការី និងអ្នកទាយថា៖ «ចូរបែរចេញពីអំពើអាក្រក់របស់អ្នក ហើយចូររក្សាបញ្ញត្តិរបស់យើង និងច្បាប់របស់យើង និងត្រូវប្រុងប្រយ័ត្នក្នុងការរក្សាក្រឹតវិន័យទាំងមូលដែលយើងបានបង្គាប់បុព្វបុរសរបស់អ្នករាល់គ្នា និងអ្វីដែលយើងបានផ្ញើមកអ្នករាល់គ្នាតាមរយៈព្យាការីជាអ្នកបម្រើរបស់យើង»។ 14 ប៉ុន្តែ ពួកគេមិនស្តាប់តាមឡើយ ផ្ទុយទៅវិញពួកគេរឹងរូសដូចជាបុព្វបុរសរបស់ពួកគេ ដែលមិនទុកចិត្តលើព្រះអម្ចាស់ជាព្រះរបស់ពួកគេឡើយ។ 15 ពួកគេបដិសេធច្បាប់របស់ព្រះអង្គ និងសម្ពន្ធមេត្រីដែលព្រះអង្គចងជាមួយបុព្វបុរសរបស់ពួកគេ ព្រមទាំងសម្ពន្ធមេត្រីដែលព្រះអង្គផ្តល់ដល់ពួកគេ។ ពួកគេធ្វើតាមការអនុវត្តឥតបានការ ហើយពួកគេក្លាយជាមនុស្សឥតប្រយេោជន៍។ ពួកគេបានធ្វើតាមប្រជាជាតិនៅជុំវិញពួកគេ គឺអស់អ្នកដែលព្រះអម្ចាស់បានបង្គាប់ពួកគេមិនឲ្យទាក់ទងជាមួយ។ 16 ពួកគេមើលរំលងគ្រប់ទាំងបទបញ្ញត្តិរបស់ព្រះអម្ចាស់ជាព្រះរបស់ពួកគេ។ ពួកគេបានសិតធ្វើរូបគោពីរចេញពីលោហៈដើម្បីថ្វាយបង្គំ។ ពួកគេបានធ្វើបង្គោលព្រះអាសេរ៉ា ហើយពួកគេថ្វាយបង្គំផ្កាយនៅលើមេឃ និងថ្វាយបង្គំព្រះបាល។ 17 ពួកគេបានដុតកូនប្រុសកូនស្រីរបស់ពួកគេ​ ពួក​គេ​តែងតែ​បញ្ជាន់​រូប និង​ប្រើ​មន្ត‌អាគម។ ពួក​គេ​បណ្ដោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។ 18 ដូច្នេះ ព្រះអម្ចាស់ព្រះពិរោធយ៉ាងខ្លាំងជាមួយអ៊ីស្រាអែល ហើយបានដកពួកគេចេញពីព្រះនេត្ររបស់ព្រះអង្គ។ គ្មាននរណាផ្សេងសេសសល់ក្រៅពីកុលសម្ព័ន្ធយូដាឡើយ។ 19 ទោះបីជាជនជាតិយូដាមិនបានរក្សាបញ្ញត្តិរបស់ព្រះអម្ចាស់ជាព្រះរបស់ពួកគេ ប៉ុន្តែ ផ្ទុយទៅវិញពួកគេបានធ្វើតាមការអនុវត្តរបស់សាសន៍ដ៏ទៃ​ គឺអ៊ីស្រាអែលបានធ្វើតាមពួកគេ។ 20 ដូច្នេះ ព្រះអម្ចាស់បានបោះ‌បង់​ចោលកូនចៅអ៊ីស្រាអែលទាំងអស់ ព្រះអង្គធ្វើឲ្យពួកគេអាម៉ាស ហើយប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ រហូតដល់ព្រះអង្គដេញពួកគេចេញពីព្រះភក្រ្តរបស់ព្រះអង្គ។ 21 ព្រះអង្គហែកអ៊ីស្រាអែលចេញពីខ្សែរាជ្យរង្សរបស់ព្រះបាទដាវីឌ ហើយពួកគេបានលើកលោកយេរ៉ូបោមកូនរបស់នេបាតធ្វើជាស្តេច។ ព្រះបាទយេរ៉ូបោមបាននាំជនជាតិអ៊ីស្រាអែលចេញឆ្ងាយពីការដើរតាមព្រះអម្ចាស់ ហើយធ្វើឲ្យពួកគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ធ្ង។ 22 ប្រជាជនអ៊ីស្រាអែលបានដើរតាមអំពើបាបរបស់ព្រះបាទយេរ៉ូបោម ហើយមិនងាកឆ្ងាយពីអំពើបាបទាំងនោះទេ។ 23 ដូច្នេះព្រះអម្ចាស់បាន​បណ្ដេញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភក្ត្រ​របស់​ព្រះអង្គ ស្របតាមព្រះបន្ទូលដែលព្រះអង្គមានបន្ទូលតាមរយៈព្យាការីជាអ្នកបម្រើរបស់ព្រះអង្គថាព្រះអង្គនឹងធ្វើបែបនេះ។ ដូច្នេះ អ៊ីស្រាអែលបានបណ្តេញចេញ​ឆ្ងាយ​ពីទឹកដីរបស់ពួកគេទៅកាន់ទឹកដីអាសសីេុររហូតដល់សព្វថ្ងៃ។ 24 ស្ដេច​ស្រុក​អាសសេុីរបាននាំ​ប្រជា‌ជនមក​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហា‌ម៉ាត់ និង​ក្រុង​សេផា‌វែម ហើយដាក់ពួកគេ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន‌ជាតិ​អ៊ីស្រា‌អែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សា‌ម៉ារី​ ហើយរស់នៅតាមក្រុងទាំងនោះ។ 25 នៅពេលដែលពួកគេចាប់ផ្តើមមករស់នៅទីនោះ ពួកគេមិនគោរពព្រះអម្ចាស់ឡើយ។ ដូច្នេះ ព្រះអម្ចាស់បានឲ្យសត្វតោមករកពួកគេ ហើយសម្លាប់ពួកគេខ្លះ។ 26 ដូច្នេះ ពួកគេទូលទៅកាន់ស្តេចស្រុកអាសសេុីរថា៖ «ជាតិសាសន៍ដែលព្រះករុណាបាននាំមកពីឆ្ងាយ ហើយបានដាក់នៅតាមក្រុងនានា នៅស្រុកសាម៉ារីមិនដឹងពីការថ្វាយបង្គំព្រះនៅក្នុងទឹកដីនោះទេ។ ដូច្នេះ ព្រះអង្គបានឲ្យសត្វតោមករកពួកគេ ហើយសត្វតោទាំងនោះបានសម្លាប់ប្រជាជននៅទីនោះ ព្រោះពួកគេមិនដឹងពីការថ្វាយបង្គំព្រះនៅក្នុងទឹកដីនោះទេ»។ 27 បន្ទាប់មក ស្តេចស្រុកអាសសេុីរបានបង្គាប់ថា៖ «សូមរកព្យាការីម្នាក់ដែលអ្នកបាននាំពីទីនោះមក ហើយឲ្យគាត់ទៅនៅទីនោះ ហើយឲ្យគាត់បង្រៀនពីរបៀបថ្វាយបង្គំព្រះរបស់ទឹកដីនោះ»។ 28 ដូច្នេះ មានព្យាការីម្នាក់ដែលគេនាំកៀរពីសាម៉ារីមកបានមករស់នៅបេតអែល គាត់បានបង្រៀនពួកគេពីរបៀបគោរពថ្វាយបង្គំព្រះអម្ចាស់។ 29 ជាតិសាសន៍នីមួយៗបានធ្វើរូបព្រះរបស់ពួកគេរៀងៗខ្លួន ហើយបានដាក់រូបព្រះទាំងនោះនៅតាមទីខ្ពស់ៗនៅស្រុកសាម៉ារី គឺជាតិសាសន៍ដែលរស់នៅក្នុងក្រុងទាំងនោះ។ 30 ប្រជាជនមកពីបាប៊ីឡូនធ្វើ​រូប​ព្រះ​សិកូត‌បេណូត អ្នក​ក្រុង​គូថា​ធ្វើ​រូប​ព្រះ​នើ‌កាល អ្នក​ក្រុង​ហា‌ម៉ាត់​ធ្វើ​រូប​ព្រះ​អស៊ី‌ម៉ា 31 អ្នក​ក្រុង​អាវ៉ា​ធ្វើ​រូប​ព្រះ​នីប-‌ហាស និង​ព្រះ​ថើ‌ថាក អ្នក​ក្រុង​សេផា‌វែម​យក​កូន​ប្រុស​របស់​ខ្លួន ទៅ​ធ្វើ​បូជា‌យញ្ញ ថ្វាយ​ព្រះ​អ័ឌរ៉ា‌ម៉ាឡេក និង​ព្រះ​អណា‌ម៉ាឡេក ជា​ព្រះ​នៃ​ក្រុង​សេផា‌វែម។ 32 ពួកគេក៏គោរពថ្វាយបង្គំព្រះអម្ចាស់ដែរ ហើយបានតែងតាំងបូជាចារ្យនៅតាមទីខ្ពស់ៗពីក្នុងចំណោមពួកគេ ជាអ្នកថ្វាយតង្វាយសម្រាប់ពួកគេនៅក្នុងព្រះវិហារនៅតាមទីខ្ពស់ៗ។ 33 ពួកគេគោរពថ្វាយបង្គំព្រះអម្ចាស់ ហើយក៏ថ្វាយបង្គំព្រះរបស់ពួកគេ គឺតាមប្រពៃណីនៃជាតិសាសន៍ដែលពួកគេបានបណ្តេញចេញ។ 34 រហូតមកដល់សព្វថ្ងៃនេះ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ចាស់របស់ពួកគេដដែល។ ពួកគេមិនគោរពព្រះអម្ចាស់ ហើយក៏មិនធ្វើតាមច្បាប់ វិន័យ និងបទបញ្ជារបស់ព្រះអម្ចាស់ដែលបានប្រទានដល់ប្រជាជនរបស់លោកយ៉ាកុប ដែលព្រះអង្គដាក់ឈ្មោះថាអ៊ីស្រាអែលឡើយ 35 គឺជាអ្នកដែលព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយថា៖ «អ្នកនឹងមិនត្រូវភ័យខ្លាចព្រះណាផ្សេង ឬក៏ឱនក្បាលចំពោះព្រះទាំងនោះ ឬថ្វាយបង្គំពួកគេ ហើយក៏មិនត្រូវថ្វាយយញ្ញបូជាទៅព្រះទាំងនោះដែរ។ 36 ប៉ុន្តែ ព្រះអម្ចាស់ ដែលបាននាំអ្នកពីទឹកដីអេស៊ីបមកដោយអំណាចយ៉ាងអស្ចារ្យ និង​ដោយព្រះហស្តរបស់ព្រះអង្គ គឺព្រះអង្គដែលអ្នកត្រូវគោរព​ គឺព្រះអង្គហើយដែលអ្នកត្រូវក្រាបថ្វាយបង្គំ ហើយគឺព្រះអង្គហើយដែលអ្នកត្រូវថ្វាយយញ្ញបូជា។ 37 ច្បាប់ និងបញ្ញត្តិ វិន័យ និងក្រឹតវិន័យដែលព្រះអង្គបានសសេរសម្រាប់អ្នករាល់គ្នា អ្នកត្រូវតែរក្សាជារៀងរហូត។ ដូច្នេះ អ្នកមិនត្រូវភ័យខ្លាចព្រះណាផ្សេងទៀតឡើយ 38 ហើយកុំភ្លេចសម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នា ក៏កុំថ្វាយបង្គំព្រះណាផ្សេងទៀតឡើយ។ 39 ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់អ្នកជាព្រះដែលអ្នកត្រូវគោរព។ ព្រះអង្គនឹងសង្គ្រោះអ្នកពីអំណាចសត្រូវរបស់អ្នក»។ 40 ពួកគេមិនបានស្តាប់ឡើយ ព្រោះពួកគេនៅតែធ្វើអ្វីដែលពួកគេធ្លាប់ធ្វើពីមុន។ 41 ដូច្នេះ ប្រជាជាតិទាំងនេះកោតខ្លាចព្រះអម្ចាស់ ហើយពួកគេក៏ថ្វាយបង្គំរូបព្រះរបស់គេដែរ ហើយកូនរបស់ពួកគេក៏ធ្វើដូចគ្នា ហើយចៅរបស់ពួកគេក៏ធ្វើដូចគ្នា។ ពួកគេបានបន្តធ្វើអ្វីដែលបុព្វបុរសរបស់ពួកគេបានធ្វើរហូតដល់សព្វថ្ងៃ។