ជំពូក ២៨

1 ព្រះ‌បាទ​អហាស​មានព្រះជន្មាយុម្ភៃព្រះវស្សា ពេលស្តេចឡើងសោយរាជ្យ ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡិម។ ស្តេចមិនបានធ្វើអ្វីដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់ដូចព្រះបាទដាវីឌជាអយ្យកោរបស់ខ្លួនទេ។ 2 ស្តេចបានដើរតាមមាគ៌ារបស់ស្តេចស្រុកអ៊ីស្រាអែល ក៏បានបង្កើតរូបសំណាកដែកសម្រាប់ព្រះបាលផងដែរ។ 3 លើសពីនេះ ស្តេចបានដុតគ្រឿងក្រអូបនៅជ្រលងភ្នំបេនហ៊ីណម ហើយបានថ្វាយបុត្រជាយញ្ញបូជានៅក្នុងភ្លើងស្របតាមអំពើគួរឲ្យស្អប់ខ្ពើមរបស់ប្រជាជនដែលព្រះអម្ចាស់បានបណ្តេញចេញពីទឹកដីរបស់ពួកគេនៅចំពោះមុខជនជាតិអ៊ីស្រាអែលផង។ 4 ស្តេចបានធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ ៗនៅតាមភ្នំ និងនៅក្រោមដើមឈើបៃតង។ 5 ហេតុនោះ ព្រះអម្ចាស់ជាព្រះរបស់ព្រះ‌បាទ​អហាសបានប្រគល់ស្តេចទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកស៊ីរី។ កងទ័ពស៊ីរីបានវាយយកជ័យជម្នះលើស្តេច ហើយនាំអ្នកទោសដ៏ច្រើនកុះករចេញទៅឯក្រុងដាម៉ាស។ ព្រះ‌បាទ​អហាសក៏ត្រូវបានប្រគល់ទៅក្នុងកណ្តាប់ដៃរបស់ស្តេចអ៊ីស្រាអែលដែលបានវាយឈ្នះស្តេច។​ 6 លោកពេកា ជាកូនរបស់លោករេម៉ាលាបានសម្លាប់ទាហាននៅស្រុកយូដាចំនួនមួយម៉ឺនពីរពាន់នាក់ក្នុងមួយថ្ងៃ ពួកគេសុទ្ធតែជាមនុស្សក្លាហាន ពីព្រោះពួកគេបានបោះបង់ចោលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ 7 លោកស៊ីគ្រីជាអ្នកចម្បាំងខ្លាំងពូកែម្នាក់មកពីអេប្រាអ៊ីមបានសម្លាប់សម្ដេច​ម៉ាសេ‌យ៉ាជាបុត្រារបស់ស្តេច លោកអរីកាំជាមន្ដ្រីព្រះរមរាជវាំង និងលោក​អែល‌កាណា ជាអ្នកជំនិតនឹងព្រះរាជា។ 8 កងទ័ពអ៊ីស្រាអែលបានចាប់ចងប្រពន្ធកូនប្រុសស្រីចំនួន ២០០,០០០ នាក់ពីយូដាជាញាតិសន្ដានខ្លួន។ ពួកគេក៏បានរឹបអូសយកទ្រព្យសម្បត្តិជាច្រើនដែលពួកគេបានដឹកត្រឡប់ទៅស្រុកសាម៉ារីវិញ។ 9 ប៉ុន្តែ មានព្យាការីរបស់ព្រះអម្ចាស់នៅទីនោះឈ្មោះរបស់គាត់គឺអូដេដ។ លោកចេញទៅទទួលទ័ពដែលចូលមកស្រុកសាម៉ារី។ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នកទ្រង់ព្រះពិរោធនឹងស្រុកយូដា ដូច្នេះ ព្រះអង្គបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកតែអ្នកបានសម្លាប់ពួកគេដោយកំហឹងដែលឡើងដល់ស្ថានបរមសុខ។ 10 ឥឡូវនេះ អ្នករាល់គ្នាមានបំណងទុកមនុស្សប្រុសស្រីនៃស្រុកយូដា និងក្រុងយេរូសាឡិមឲ្យធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នា។ ប៉ុន្តែ តើអ្នកមិនមានបាបដែលបានធ្វើបាបនឹងព្រះអម្ចាស់ជាព្រះរបស់អ្នកទេឬ? 11 ឥឡូវនេះ ចូរស្តាប់យើងសូមបញ្ជូនពួកអ្នកដែលអ្នករាល់គ្នាបានចាប់យកទៅពីបងប្អូនរបស់អ្នករាល់គ្នាឲ្យវិលទៅវិញទៅ ដ្បិត ព្រះអម្ចាស់មានព្រះពិរោធចំពោះអ្នករាល់គ្នាខ្លាំងណាស់»។ 12 ពេលនោះ មានមេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមគឺលោកអសារាជាកូនរបស់យ៉ូហាណាន​ លោកបេរេគាជាកូនរបស់លោកមីសេលេម៉ូត លោកយេហ៊ីសគាជាកូនរបស់លោកសាលូម និងលោកអម៉ាសាជាកូនរបស់លោកហាដឡៃបានក្រោកឈរប្រឆាំងនឹងអស់អ្នកដែលវិលត្រឡប់មកពីសង្គ្រាម។ 13 ពួកលោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាមិនត្រូវនាំអ្នកទោសមកទីនេះទេ ដ្បិត អ្នករាល់គ្នាមានបំណងធ្វើបាបនឹងបន្ថែមអំពើបាបលើអំពើទុច្ចរិតរបស់យើងទាស់នឹងព្រះអម្ចាស់ ដ្បិត អំពើទុច្ចរិតរបស់យើងធំណាស់ ហើយមានសេចក្តីក្រោធយ៉ាងខ្លាំងប្រឆាំងនឹងអ៊ីស្រាអែល។ 14 ដូច្នេះ ពួកទាហានបានទុកអ្នកទោស និងរបស់បរជាជយភណ្ឌនៅចំពោះមុខពួកមេដឹកនាំ និងអង្គប្រជុំទាំងមូល។ 15 មនុស្សមួយចំនួនដែលបានជ្រើសរើសតាមឈ្មោះបានក្រោកឡើងចាប់ពួកអ្នកទោសហើយស្លៀកពាក់ឲ្យ អ្នកដែលអាក្រាតក្នុងចំណោមពួកគេ។ ពួកគេបានស្លៀកពាក់ឲ្យគេហើយឲ្យស្បែកជើងដល់ពួកគេផង។ ពួកគេឲ្យអាហារបរិភោគ និងទឹកផឹក។ ពួកគេបានព្យាបាលរបួសរបស់ពួកគេ ហើយដាក់អ្នកទន់ខ្សោយលើសត្វលា។ ពួកគេបាននាំពួកគេត្រឡប់ទៅគ្រួសាររបស់ពួកគេនៅក្រុងយេរីខូរ (ហៅថាទីក្រុងដើមលម៉ើ)។ បន្ទាប់មក ពួកគេបានវិលត្រឡប់ទៅស្រុកសាម៉ារីវិញ។ 16 នៅគ្រានោះ ព្រះបាទអហាសចាត់អ្នកនាំសារឲ្យទៅទូលស្តេចស្រុកអាស៊ីរីដើម្បីសុំឲ្យពួកគេជួយស្តេច។ 17 ព្រោះជនជាតិអេដុមចូលមកវាយយកស្រុកយូដា ហើយចាប់ប្រជាជននាំទៅជាឈ្លើយ។ 18 ជនជាតិភីលីស្ទីនក៏វាយលុកចូលក្រុងនានានៅតំបន់ទំនាប និងតំបន់ណេកិបនៃស្រុកយូដា។ ពួកគេដណ្ដើមយកក្រុងបេតសេមេស ក្រុងអៃយ៉ាឡូន ក្រុងកើឌើរ៉ូត ក្រុងសូខូជាមួយភូមិនានា ក្រុងធីមណា និងភូមិនានាព្រមទាំងគីមសូជាមួយភូមិនានា។ ពួកគេបាននាំគ្នាទៅរស់នៅកន្លែងទាំងនោះ។ 19 ព្រះអម្ចាស់ធ្វើឲ្យស្រុកយូដាទន់ខ្សោយដោយសារតែស្ដេចអេហាសជាស្ដេចអ៊ីស្រាអែល។ ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅស្រុកយូដាហើយប្រព្រឹត្ដអំពើបាបយ៉ាងធ្ងន់លើព្រះអម្ចាស់។ 20 ព្រះបាទទីកឡាត-‌ពេលេ‌ស៊ើរ ជាស្តេចស្រុកអាសស៊ើរបានលើកទ័ពចូលមកហើយធ្វើទុក្ខទោសស្តេចជាជាងគាំទ្រពង្រឹងកម្លាំងដល់ស្តេច។ 21 ព្រះ‌បាទ​អហាស​បានយកទ្រព្យសម្បត្តិពីព្រះដំណាក់របស់ព្រះអម្ចាស់ និងពីដំណាក់របស់ស្តេច និងពីផ្ទះពួកមេដឹកនាំដើម្បីថ្វាយដល់ស្តេចស្រុកអាស្ស៊ីរី។ ប៉ុន្តែ ការធ្វើបែបនេះមិនបានផ្តល់ផលប្រយោជន៍ដល់ស្តេចទេ។ 22 នៅគ្រាលំបាកស្តេចអេហាសបានធ្វើបាបនឹងព្រះអម្ចាស់កាន់តែខ្លាំងឡើងៗ។ 23 ស្តេចបានថ្វាយយញ្ញបូជាដល់ព្រះរបស់ក្រុងដាម៉ាសជាព្រះដែលបានវាយឈ្នះស្តេច។ ស្តេចមានរាជឱង្កាថា៖ «ដោយសារព្រះរបស់ស្តេចស្រុកស៊ីរីបានជួយពួកគេខ្ញុំនឹងថ្វាយយញ្ញបូជាដល់ពួកគេ ក្រែងលោកពួកគេអាចជួយខ្ញុំបាន» ។ ប៉ុន្តែ ពួកគេបានបំផ្លាញព្រះអង្គ និងអ៊ីស្រាអែលទាំងមូល។ 24 ព្រះបាទអេហាសបានប្រមូលគ្រឿងសង្ហារិមនៃព្រះដំណាក់របស់ព្រះជាម្ចាស់មកកាត់ជាចំណែកៗ ។ ស្តេចបានបិទទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ ហើយស្តេចក៏សង់អាសនៈសម្រាប់ខ្លួនឯងនៅគ្រប់ជ្រុងនៃក្រុងយេរូសាឡិម។ 25 នៅតាមក្រុងនីមួយៗនៃស្រុកយូដាស្តេចបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីធ្វើយញ្ញបូជាដល់ព្រះដទៃ។ ស្តេចបានធ្វើឲ្យព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ព្រះអង្គទ្រង់ព្រះពិរោធ។ 26 រាជកិច្ចទៀត និងការប្រព្រឹត្ដទាំងអស់របស់ទ្រង់តាំងបីដើម និងដល់ចប់ សុទ្ធត្រូវបានកត់ទុកក្នុងសៀវភៅរបស់ស្ដេចស្រុកយូដា និងអ៊ីស្រាអែល។ 27 ​ព្រះបាទអេហាសសោយទិវង្គតគេបានបញ្ចុះសពស្តេចនៅក្រុងយេរូសាឡិមតែគេពុំបានយកទៅបញ្ចុះក្នុងផ្នូររបស់ស្តេចអ៊ីស្រាអែលទេ។ ព្រះបាទហេសេគាជាបុត្រឡើងស្នងរាជ្យ។