ជំពូក ២៤

1 ព្រះបាទយ៉ូអាសមានជន្មាយុប្រាំពីរព្រះវស្សានៅពេលដែលព្រះករុណាចាប់ផ្ដើមសោយរាជ្យ។ ស្តេចសោយរាជ្យអស់រយៈពេលសែសិបព្រះវស្សានៅក្រុងយេរូសាឡិម។ ព្រះមាតារបស់ព្រះករុណាព្រះនាមថាព្រះនាងស៊ីប ជាអ្នកស្រុកបៀរសេបា។ 2 ព្រះបាទយ៉ូអាសបានធ្វើអ្វីៗដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់អស់មួយជីវិតរបស់បូជាចារ្យយេហូយ៉ាដា។ 3 បូជាចារ្យយេហូយ៉ាដាបានអភិសេកមហេសី​ពីរ​អង្គ​​ថ្វាយ​ព្រះ‌បាទ​យ៉ូអាស ហើយ​ស្ដេច​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។ 4 ក្រោយមក ព្រះបាទយ៉ូអាសបានសម្រេចព្រះទ័យជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញ។ 5 ព្រះករុណាបានប្រមូលពួកបូជាចារ្យ និងពួកលេវីឲ្យ ហើយមានរាជឱង្ការទៅពួកគេថា៖ «ចូរចេញទៅតាមក្រុងនានាក្នុងស្រុកយូដាជារៀងរាល់ឆ្នាំហើយប្រមូលប្រាក់ពីអ៊ីស្រាអែលទាំងអស់ ដើម្បីជួសជុលព្រះដំណាក់នៃព្រះរបស់អ្នក»។ ដំបូងពួកលេវីមិនបានធ្វើអ្វីទាំងអស់។ 6 ព្រះរាជាត្រាស់ហៅលោកយេហូយ៉ាដាជាមហាបូជាចារ្យមកហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកមិនបង្ខំឲ្យពួកលេវីចេញទៅស្រុកយូដា និងក្រុងយេរូសាឡិមប្រមូលពន្ធដែលដែលគេត្រូវបង់ដូចដែលលោកម់ូសេជាអ្នកបម្រើព្រះបានបង្គាប់អំពីច្បាប់សម្រាប់ត្រសាលនៃសម្ពន្ធមេត្រី?» 7 ដ្បិត ព្រះនាងអថាលាជាស្ត្រីទុច្ចរិតបានបង្ខូចព្រះដំណាក់របស់ព្រះជាម្ចាស់ហើយ យករបស់ដ៏វិសុទ្ធទាំងប៉ុន្មាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទប្រើប្រាស់សម្រាប់ព្រះបាល។ 8 ព្រះករុណាបានបញ្ជាឲ្យគេធ្វើហឹបមួយដាក់នៅខាងក្រៅទ្វារចូលព្រះដំណាក់របស់ព្រះអម្ចាស់។ 9 ពួកគេប្រកាសប្រាប់ប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡិមឲ្យប្រជាជនយកពន្ធដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះជាម្ចាស់បានបង្គាប់ជនជាតិអ៊ីស្រាអែលនៅទីរហោ​ស្ថាន​។ 10 មេដឹកនាំទាំងអស់ និងប្រជាជនទាំងមូលមានអំណរសប្បាយហើយយកប្រាក់មកដាក់ក្នុងហឹបរហូតដល់ហឹបទាំងអស់ត្រូវបានបំពេញ។ 11 លុះ​ដល់​ពេល​ដែល​​ពួក​លេវី​ត្រូវ​នាំ​ហឹបទៅ​ថ្វាយ​ព្រះ‌រាជាត្រួត​ពិនិត្យ​មើល​ គឺ​នៅ​ពេល​ដែល​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហឹប​ហើយ លោក​ស្មៀន​ហ្លួង និង​មន្ត្រីរបស់​មហា‌បូជា‌ចារ្យក៏​មក​យក​ប្រាក់​ចេញ​ពី​ហឹបនាំ​យក​ទៅដោយ​ទុក​ហឹប​នៅ​កន្លែង​ដើម​វិញ។ ពួកគេបានធ្វើបែបនេះពីមួយថ្ងៃទៅមួយថ្ងៃដោយប្រមូលប្រាក់បានយ៉ាងច្រើន។ 12 ព្រះរាជា និងលោកយេហូយ៉ាដាបានប្រគល់ប្រាក់ឲ្យពួកមេជាងដែលបំពេញការងារនៅព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកគេបានជួលជាងថ្ម និងជាងឈើដើម្បីជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ព្រមទាំងជាងដែក និងលង្ហិនផង។ 13 ដូច្នេះ កម្មករបានធ្វើការនឿយហត់ ហើយការងារជួសជុលបានឈានទៅមុខ ហើយពួកគេបានសង់ព្រះដំណាក់របស់ព្រះ ‌ ជាម្ចាស់តាមលំនាំដើម និងពង្រឹងគុណភាពឡើងវិញ។ 14 ពេលពួកគេបានបញ្ចប់ពួកគេនាំយកប្រាក់ដែលនៅសល់ទៅថ្វាយព្រះរាជា និងលោកយេហូយ៉ាដា។ ប្រាក់នេះត្រូវបានប្រើ ដើម្បីធ្វើគ្រឿងសង្ហារិមសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ដែលជាប្រដាប់ប្រដាប្រើប្រាស់ និងសម្រាប់តង្វាយផ្សេងៗដូចជាមាស និងប្រាក់។ ពួកគេបានថ្វាយតង្វាយដុតទាំងមូលនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជារៀងរហូតអស់មួយជីវិតរបស់បូជាចារ្យយេហូយ៉ាដា។ 15 បូជាចារ្យយេហូយ៉ាដាមានវ័យចាស់ណាស់ទៅហើយ ហើយគាត់ក៏ស្លាប់ទៅ។ ពេលគាត់ស្លាប់ គាត់មានអាយុ ១៣០ ឆ្នាំ។ 16 គេបញ្ចុះសពលោកនៅក្រុងព្រះបាទដាវីឌជាមួយស្តេច ព្រោះលោកបានធ្វើអំពើល្អនៅអ៊ីស្រាអែល ចំពោះព្រះ និងក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ 17 បន្ទាប់ពី បូជាចារ្យយេហូយ៉ាដាបានទទួលមរណៈភាពទៅ ពួកមេដឹកនាំនៃស្រុកយូដាបានចូលមកគាល់ព្រះរាជា។ ព្រះរាជាក៏ស្តាប់តាមពួកគេ។ 18 ពួកគេបានបោះបង់ចោលព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះនៃដូនតារបស់ពួកគេហើយនាំគ្នាក្រាបថ្វាយបង្គំរូបព្រះអាសេរ៉ា និងព្រះក្លែងក្លាយ។ ព្រះជាម្ចាស់ព្រះពិរោធនឹងជនជាតិយូដា និងអ្នកក្រុងយេរូសាឡិមព្រោះតែការប្រព្រឹត្តខុសរបស់ពួកគេ។ 19 ព្រះអង្គបានចាត់ព្យាការី ឲ្យមករកគេដើម្បីនាំគេឲ្យវិលមករកព្រះអង្គវិញ។ ពួកព្យាការីបានផ្ដល់សក្ខីភាពប្រឆាំងនឹងប្រជាជនតែពួកគេមិនព្រមស្តាប់ទេ។ 20 ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកសាការី ជាកូនរបស់លោកយេហូយ៉ាដាដែលជាបូជាចារ្យ។ លោកសាការីឈរនៅពីខាងលើប្រជាជន ហើយមានប្រសាសន៍ទៅគេថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ៖ ហេតុអ្វីបានជាអ្នកបំពានបទបញ្ជារបស់ព្រះអម្ចាស់? ដូច្នេះ អ្នករាល់គ្នាពុំអាចរីកចម្រើនបានឡើយ! ដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ នោះព្រះអង្គនឹងបោះបង់ចោលអ្នករាល់គ្នាវិញដែរ» 21 ប៉ុន្តែ ពួកគេបានឃុបឃិតគ្នាប្រឆាំងនឹងព្រះអង្គ។ គេបានយកដុំថ្មគប់សម្លាប់លោកនៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់​។ 22 ព្រះបាទយ៉ូអាសជាព្រះរាជាមិនអើពើនឹងសេចក្តីសប្បុរសដែលលោកយេហូយ៉ាដាដែលជាឪពុករបស់សាការីបានធ្វើចំពោះព្រះករុណាទេ។ ផ្ទុយទៅវិញ ព្រះករុណាបានសម្លាប់កូនប្រុសរបស់យេហូយ៉ាដាទៅវិញ។ ពេលសាការីជិតផុតដង្ហើមហើយ លោកមានប្រសាសន៍ថា៖ «សូមព្រះអម្ចាស់មេត្តាមើលហើយហៅលោកឲ្យទទួលខុសត្រូវ»។ 23 នៅចុងឆ្នាំនោះ កងទ័ពស៊ីរីបានលើកទ័ពមកច្បាំងនឹងព្រះបាទយ៉ូអាស។ ពួកគេបានទៅដល់ស្រុកយូដា និងក្រុងយេរូសាឡិម។ ពួកគេបានសម្លាប់មេដឹកនាំទាំងអស់របស់ប្រជាជនយូដា ហើយបានរឹបអូសយកទ្រព្យសម្បត្តិពីពួកគេទៅថ្វាយស្តេចនៅក្រុងដាម៉ាស។ 24 កងទ័ពស៊ីរីបានមកជាមួយកងទ័ពតូចមួយប៉ុណ្ណោះ ប៉ុន្តែ ព្រះអម្ចាស់បានជួយពួកគេឲ្យមានជ័យជម្នះលើកងទ័ពដ៏ខ្លាំងពូកែ ដ្បិត ជនជាតិយូដាបានបោះបង់ចោលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ព្រះអម្ចាស់ប្រើពួកស៊ីរីឲ្យកាត់ទោសព្រះបាទយ៉ូអាស តាមរបៀបនេះ។ 25 នៅពេលដែលពួកស៊ីរីបានចាកចេញទៅនោះព្រះបាទយ៉ូអាសបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ពួកអ្នកបម្រើរបស់ព្រះអង្គបានឃុបឃិតគ្នាប្រឆាំងនឹងព្រះករុណា ព្រោះតែការដែលព្រះករុណាបានសម្លាប់លោកសាការីជាកូនប្រុសរបស់បូជាចារ្យយេហូយ៉ាដា។ ពួកគេបានធ្វើគុតព្រះករុណានៅលើគ្រែ ហើយព្រះករុណាក៏សុគតទៅ។ គេបញ្ចុះសពទ្រង់នៅក្រុងព្រះបាទដាវីឌ តែមិនបញ្ចុះក្នុងផ្នូររបស់ស្តេចទេ។ 26 ពួកអ្នកដែលបានឃុបឃិតប្រឆាំងនឹងព្រះករុណាគឺលោកសាបាបជាកូនរបស់លោកស៊ីម៉ាតជនជាតិអាំម៉ូន និងលោកយេហូសាបាប់ជាកូនរបស់លោកស៊ីមរិទ្ធជាជនជាតិម៉ូអាប់។ 27 ឥឡូវនេះ កំណត់ត្រាអំពីបុត្រាស្តេច​ បទទំនាយសំខាន់ៗដែលពួកព្យាការីបានថ្លែងពីព្រះករុណា និងការជួសជុលព្រះដំណាក់ព្រះអម្ចាស់ឡើងវិញ មើល សុទ្ធតែត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅរបស់ស្តេច។ ព្រះបាទអម៉ាស៊ីយ៉ាជាបុត្រឡើងស្នងរាជ្យ។