ជំពូក ២២

1 ប្រជាជននៅក្រុងយេរូសាឡិមបានតែងតាំងព្រះបាទអហាស៊ីយ៉ា ជាបុត្រាពៅរបស់ព្រះបាទយ៉ូរ៉ាមឡើងស្នងរាជ្យ ព្រោះក្រុមមនុស្សដែលមកជាមួយជនជាតិអារ៉ាប់ចូលក្នុងជំរំបានសម្លាប់កូនប្រុសច្បងទាំងអស់របស់ស្តេច។ ដូច្នេះ ព្រះបាទអហាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូរ៉ាម និងជាស្តេចស្រុកយូដាបានឡើងស្នងរាជ្យ។ 2 កាលព្រះបាទអហាស៊ីយ៉ាឡើងសោយរាជ្យស្តេចមានជន្មាយុសែសិបពីរឆ្នាំព្រះវស្សា។ ស្តេចសោយរាជ្យបានមួយព្រះវស្សានៅក្រុងយេរូសាឡិម។ មាតារបស់ស្ដេចមានព្រះនាមថាអថាលា។ ព្រះនាងជាបុត្រីរបស់​ព្រះ‌បាទ​អូមរី។ 3 ស្តេចក៏ដើរតាមមាគ៌ារបស់ស្តេចអហាប់ ដោយព្រោះមានមាតាធ្វើជាអ្នកប្រឹក្សាយោបល់ក្នុងអំពើអាក្រក់។ 4 ព្រះបាទអហាស៊ីយ៉ាប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់​​ដូចដំណាក់របស់ស្តេចអហាប់ដែរ ព្រោះពួកគេជាអ្នកប្រឹក្សាយោបល់របស់ស្តេច បន្ទាប់ពីព្រះបិតារបស់ទ្រង់សោយទិវង្គតទៅ។ 5 ព្រះអង្គក៏ធ្វើតាមដំបូន្មានរបស់ពួកគេដែរ ព្រះករុណាបានយាងទៅជាមួយព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ជាស្ដេចស្រុកអ៊ីស្រាអែលដើម្បីច្បាំងនឹងព្រះបាទហាសែលជាស្ដេចស្រុកស៊ីរីនៅរ៉ាម៉ូតកាឡាដ។ ជនជាតិស៊ីរីបានធ្វើឲ្យព្រះបាទយ៉ូរ៉ាមរងរបួស។ 6 ព្រះបាទយ៉ូរ៉ាមបានត្រឡប់មកព្យាបាលរបួស នៅក្រុងយេសរាល ដ្បិត ស្តេចរងរបួសនៅក្រុងរ៉ាម៉ា ពេលដែលស្តេចឡើងទៅច្បាំងជាមួយព្រះបាទហាសែលជាស្តេចស្រុកស៊ីរី។ ព្រះបាទអហាស៊ីយ៉ាជាបុត្រព្រះ‌បាទ​យ៉ូរ៉ាម ជាស្តេចស្រុកយូដាបានយាងមកយេសរាលដើម្បីសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមជាបុត្រព្រះបាទអហាប់ ព្រោះស្តេចកំពុងរងរបួសជាខ្លាំង។ 7 ពេលវេលនៃការកាត់ទោសព្រះបាទអហាស៊ីយ៉ាបានមកដល់ គឺនៅពេលដែលព្រះអម្ចាស់បានបណ្តាលឲ្យព្រះបាទអហាស៊ីយ៉ាចុះទៅសួរសុខទុក្ខព្រះបាទយ៉ូរ៉ាម។ ពេលទៅដល់ហើយស្តេចបានទៅជាមួយព្រះបាទយ៉ូរ៉ាមវាយលោកយេហ៊ូជាកូនរបស់លោកនីមស៊ីដែលព្រះអម្ចាស់បានជ្រើសរើសឲ្យបំផ្លាញរាជវង្សរបស់ព្រះបាទអហាប់។ 8 ពេលដែលលោកយេហ៊ូនាំការកាត់ទោសរបស់ព្រះអម្ចាស់មកលើរាជវង្សរបស់ព្រះបាទអហាប់ គាត់បានរកឃើញពួកអ្នកដឹកនាំសាសន៍យូដា កូនប្រុសៗរបស់ញាតិវង្សព្រះបាទអហាស៊ីយ៉ា ដែលកំពុងធ្វើការបម្រើព្រះបាទអហាស៊ីយ៉ា។ លោកយេហូ៊ូបានសម្លាប់ពួកគេទាំងអស់ចោល។ 9 លោកយេហ៊ូវស្វែងរកព្រះបាទអហាស៊ីយ៉ា​ ហើយពួកគេចាប់ព្រះករុណាបាននៅឯក្រុងសាម៉ារី ព្រមទាំងនាំទៅដល់លោកយេហ៊ូវហើយសម្លាប់ចោល។ គេបានបញ្ចុះសពស្តេច ដ្បិត គេពោលថា៖ «ទ្រង់ជាបុត្ររបស់ព្រះបាទយ៉ូសាផាតដែលស្វែងរកព្រះអម្ចាស់អស់ពីចិត្ត»។ ដូច្នេះ រាជវង្សរបស់ព្រះបាទអហាស៊ីយ៉ាគ្មានអំណាចគ្រប់គ្រងនគរទៀតទេ។ 10 ពេលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ាជ្រាបថាបុត្រារបស់នាងសោយទិវង្គត ដូច្នេះ នាងក៏ក្រោកឡើងសម្លាប់រាជបុត្រទាំងអស់នៅក្នុងរាជវង្សយូដាចោល។ 11 ប៉ុន្តែ ព្រះនាងយេហូសាបាជាបុត្រីរបស់ស្តេចបានយកព្រះបាទយ៉ូអាសជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ាហើយរត់ចេញពីក្នុងចំណោមបុត្រារបស់ស្តេចដែលត្រូវគេសម្លាប់។ ព្រះ‌នាង​បាន​នាំ​បុត្រ​នោះ ព្រម​ទាំង​មេ‌ដោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ។ ដ្បិត​ ម្ចាស់​ក្សត្រីយ៍​យេហូសាបា ជា​បុត្រី​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ​ហើយ​ត្រូវ​ជា​ភរិយា​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា (ព្រះនាងជា​អនុជ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា) បាន​លាក់​រាជ​កុមារ​ ពី​ព្រះ‌នាង​អថា‌លា​ ដើម្បីកុំឲ្យព្រះនាងអថាលាសម្លាប់រាជកុមារ។ 12 ព្រះរាជកុមារបានលាក់ខ្លួននៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ជាមួយពួកគេអស់រយៈពេលប្រាំមួយឆ្នាំ កំឡុងពេលដែលម្ចាស់ក្សត្រីអថាលាសោយរាជ្យលើស្រុកយូដា។