ជំពូក ១៥

1 ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកសណ្ឋិតលើលោកអសារាជាកូនរបស់លោកអូដេត។ 2 លោកបានចេញទៅជួបជាមួយព្រះបាទអេសាហើយទូលថា៖ «ឱព្រះបាទអេសា និងប្រជាជនយូដា និងបេនយ៉ាមីនទាំងមូលអើយសូមស្តាប់ខ្ញុំ! ព្រះអម្ចាស់គង់នៅជាមួយអ្នករាល់គ្នាក្នុងពេលដែលអ្នករាល់គ្នានៅជាមួយព្រះអង្គ ប្រសិនបើ អ្នកស្វែងរកព្រះអង្គនោះអ្នកនិងរកព្រះអង្គឃើញ ប៉ុន្តែ ប្រសិនបើ អ្នកបោះបង់ចោលព្រះអង្គនោះព្រះអង្គនឹងបោះបង់ចោលអ្នកវិញ។ 3 អស់រយៈពេលជាយូរមកហើយជនជាតិអ៊ីស្រាអែលគ្មានព្រះពិតគ្មានបូជាចារ្យបង្រៀនហើយក៏គ្មានក្រឹត្យវិន័យដែរ។ 4 ពេលណា​ពួកគេ​មានទុក្ខវេទនាពួកគេងាកមករកព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលហើយស្វែងរកព្រះអង្គ នោះព្រះអង្គឲ្យគេរកឃើញ។ 5 នៅគ្រានោះអ្នកណាដែលធ្វើដំណើរទៅឆ្ងាយ ឬមកវិញ អ្នកនោះគ្មានសន្តិភាពសម្រាប់គេទេ។ ផ្ទុយទៅវិញ ប្រជាជននៅលើទឹកដីទាំងអស់មានបញ្ហាដ៏ធំ។ 6 ពួកគេបែកបាក់គ្នា ប្រជាជាតិមួយទាស់នឹងប្រជាជាតិមួយ ហើយក្រុងមួយទាស់នឹងទីក្រុងមួយទៀត ដ្បិត ព្រះជាម្ចាស់បានធ្វើឲ្យពួកគេវឹកវរ ហើយរងទុក្ខវេទនាគ្រប់បែបយ៉ាង។ 7 ប៉ុន្តែ ចូរមានកម្លាំងហើយកុំធ្វើឲ្យដៃអ្នកទន់ខ្សោយឡើយ ព្រោះកិច្ចការរបស់អ្នកនឹងបានរង្វាន់»។ 8 កាលព្រះបាទអេសាបានឮពាក្យទាំងនេះដែលជាពាក្យទំនាយរបស់លោកអូដេតដែលជាព្យាការីបានធ្វើឲ្យស្តេចមានចិត្តអង់អាច ហើយបានបំផ្លាញអ្វីៗដែលគួរស្អប់ខ្ពើមចេញពីស្រុកយូដា និងបេនយ៉ាមីន ព្រមទាំងចេញពីក្រុងនានាដែលស្តេចដណ្តើមបានពីតំបន់ភ្នំអេប្រាអ៊ីម។ សេ្តចក៏សង់អាសនៈដែលស្ថិតនៅខាងមុខច្រកចូលព្រះដំណាក់របស់ព្រះ​អម្ចាស់​ឡើងវិញ។ 9 ស្តេចបានប្រមូលប្រជាជនយូដា និងបេនយ៉ាមីនព្រមទាំងអស់អ្នកដែលស្នាក់នៅជាមួយពួកគេគឺប្រជាជនមកពីអេប្រាអ៊ីមនិងម៉ាណាសេនិងពីស៊ីម្មាន។ ជនជាតិអ៊ីស្រាអែលយ៉ាងច្រើនបានវិលត្រឡប់ពីស្រុកអ៊ីស្រាអែលមកឯទ្រង់វិញ នៅពេលដែលពួកគេឃើញព្រះអម្ចាស់គង់នៅជាមួយ និងព្រះករុណា។ 10 ពួកគេប្រមូលផ្ដុំគ្នានៅក្រុងយេរូសាឡិមក្នុងខែទីបីក្នុងឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះបាទអេសា។ 11 នៅគ្រានោះពួកគេបានថ្វាយយញ្ញបូជាពីរបស់ដែលពួកគេរឹបអូសយកបានថ្វាយដល់ព្រះអម្ចាស់គឺមានគោប្រាំពីររយក្បាល ចៀមនិងពពែប្រាំពីរពាន់ក្បាល។ 12 ពួកគេបានចូលក្នុងសម្ពន្ធមេត្រី ដោយបានតាំងចិត្ត និងស្វែងរកព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេអស់ពីចិត្ត និងអស់ពីព្រលឹង។ 13 អ្នកទាំងនោះព្រមព្រៀងគ្នាថា បើអ្នកណាមិនព្រមស្វែងរកព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលអ្នកនោះ ត្រូវទទួលទោសដល់ស្លាប់ទោះបីមនុស្សនោះជាអ្នកតូច ឬអ្នកធំក្ដី ឬទោះប្រុស ឬស្រីក្ដី។ 14 ពួកគេស្បថនឹងព្រះអម្ចាស់ដោយបន្លឺសម្លេងឮៗ ព្រមទាំងមានសម្លេងត្រែ និងស្នែងផង។ 15 ប្រជាជនយូដាទាំងអស់មានចិត្តរីករាយចំពោះពាក្យសម្បថនេះ ព្រោះពួកគេបានស្បថយ៉ាងអស់ពីចិត្ត ហើយពួកគេស្វែងរកព្រះជាម្ចាស់អស់ពីចិត្តហើយព្រះអង្គក៏បានឲ្យពួកគេរកឃើញដែរ។ ព្រះអម្ចាស់ក៏ប្រទានសេចក្តីសុខសាន្តដល់ពួកគេនៅគ្រប់ទិសទី។ 16 ព្រះបាទអេសាក៏បានដកលោកម៉ាកាដែលជាជីដូនរបស់ព្រះករុណាចេញពីដំណែងជាម្ចាស់ក្សត្រី ពីព្រោះព្រះនាងបានសង់បង្គោល និងធ្វើរូបគួរស្អប់ខ្ពើមនៃព្រះអាសេរ៉ា។ ព្រះបាទអេសាកាត់បង្គោល និងរូបដែលគួរស្អប់ខ្ពើមនោះ​កម្ទេចឲ្យទៅជាធូលីដី ហើយដុតវានៅជ្រោះ​កេ្រដូន។ 17 ប៉ុន្តែ ទីសក្ការៈនៅតាមទួលខ្ពស់មិនត្រូវបានយកចេញពីស្រុកអ៊ីស្រាអែលទេ។ ទោះយ៉ាងណា​ ស្ដេច​ស្រឡាញ់​ព្រះ‌អម្ចាស់​ដោយ​ស្មោះ​អស់​មួយ​ជីវិត​។ 18 ស្តេចបាននាំយកតង្វាយទាំងប៉ុន្មានដែលព្រះបិតារបស់ស្តេច និងស្តេចផ្ទាល់បានញែកជាសក្ការៈទៅដាក់ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់គឺប្រាក់ និងមាស។ 19 នៅក្នុងស្រុកទេសគឺគ្មានសង្រ្គាមទេ រហូតដល់ឆ្នាំទីសាមសិបប្រាំនៃរជ្ជកាលរបស់ព្រះបាទអេសា។