ជំពូក ១៤

1 ព្រះបាទអប៊ីយ៉ាបានសោយទិវង្គតទៅជាមួយបុព្វបុរសហើយគេបញ្ចុះសពស្តេចនៅក្រុងព្រះបាទដាវីឌ។ ព្រះបាទអេសាជាបុត្របានឡើងសោយរាជ្យជំនួស។ នៅរជ្ជកាលព្រះបាទអេសាប្រទេសជាតិបានសុខសាន្តត្រាណរយៈពេលដប់ឆ្នាំ។ 2 ព្រះបាទអេសាធ្វើអ្វីៗដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ជាព្រះរបស់ខ្លួន។ 3 ស្តេចបានបំផ្លាញអាសនៈសាសន៍ដទៃ និងបានសម្អាតទីខ្ពស់ព្រមទាំងបានកម្ទេចសសរថ្ម និងរំលំបង្គោលព្រះអាសេរ៉ា។ 4 ស្តេចបានបញ្ជាឲ្យប្រជាជនយូដាស្វែងរកព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន និងប្រតិបត្តិតាមច្បាប់ និងក្រឹត្យវិន័យ។ 5 ស្ដេចដកកន្លែងសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈសក្ការៈពីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដាដែរ។ ប្រទេសជាតិមានសេចក្តីសុខសាន្តត្រាណ នៅក្នុងរាជ្ជកាលព្រះអង្គ។ 6 ស្តេចបានសង់ក្រុងដ៏រឹងមាំជាច្រើននៅស្រុកយូដា ដ្បិត ស្រុកទេសស្ងប់ស្ងៀម ហើយមិនមានសង្គ្រាមទេ ដ្បិត ព្រះអម្ចាស់បានប្រទានសេចក្តីសុខសាន្តដល់ព្រះអង្គ។ 7 ព្រះបាទអេសាមានរាជឱង្ការទៅកាន់កុលសម្ព័ន្ធយូដាថា៖ «ចូរយើងសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុក។ ទឹកដីនេះនៅតែជាកម្មសិទ្ធិរបស់យើងដដែលព្រោះយើងបានស្វែងរកព្រះអម្ចាស់ជាព្រះនៃយើង ហើយព្រះម្ចាស់បានប្រទានឲ្យមានសុខសន្តិភាពនៅគ្រប់ទិសទីទាំងអស់។ ដូច្នេះ ពួកគេបានកសាងដោយជោគជ័យ។ 8 ព្រះបាទអេសាមានកងទ័ពដែលកាន់ខែល និងលំពែងពីកុលសម្ពន្ធយូដាមានទាហានចំនួន ៣០០,០០០ នាក់ និងកុលសម្ព័ន្ធបេនយ៉ាមីនចំនួន ២៨០,០០០ នាក់ដែលកាន់ខែល និងធ្នូ។ ពួកគេទាំងអស់សុទ្ធតែជាទាហានអង់អាចក្លាហាន។ 9 ព្រះបាទសេរ៉ាសជាស្តេចស្រុកអេត្យូពីបានលើកកងទ័ពមួយលាននាក់ និងរទេះចម្បាំងចំនួនបីរយគ្រឿង មកច្បាំងនឹងពួកយូដា ហើយបានឡើងមកដល់ម៉ារ៉េសា។ 10 ព្រះបាទអេសាក៏ចេញមកតទល់ហើយគេតម្រៀបជួរទ័ពត្រៀមច្បាំងនៅតាមជ្រលងភ្នំសេផាហានៅម៉ារេសា។ 11 ព្រះបាទអេសាស្រែកអង្វរព្រះអម្ចាស់ជាព្រះរបស់ទ្រង់ថា៖ «បពិត្រព្រះអម្ចាស់ ក្រៅពីព្រះអង្គ​ គ្មាននរណាម្នាក់អាច​ជួយ​អ្នក​ទន់​ខ្សោយ ឲ្យ​ត‌តាំង​នឹង​អ្នក​ខ្លាំង​ពូកែឡើយ។ ឱព្រះអម្ចាស់ជាព្រះរបស់យើងអើយសូមជួយយើងខ្ញុំផង! ព្រះអម្ចាស់អើយព្រះអង្គជាព្រះនៃយើងខ្ញុំ សូមកុំឲ្យមនុស្សទទួលជ័យជម្នះលើទ្រង់ឡើយ»។ 12 ព្រះអម្ចាស់វាយជនជាតិអេត្យូពីនៅចំពោះមុខព្រះបាទអេសា និងពួកយូដា។ ជនជាតិអេត្យូពីបានរត់ភៀសខ្លួន។ 13 ព្រះបាទអេសា និងពលទាហានដែលនៅជាមួយបានដេញតាមពួកគេឆ្ពោះទៅកេរ៉ា។ ជនជាតិអេត្យូពីជាច្រើនបានដួលស្លាប់ដែលមិនអាចក្រោកឡើងបាន ព្រោះពួកគេត្រូវបានបំផ្លាញនៅចំពោះមុខព្រះអម្ចាស់ និងកងទ័ពរបស់ព្រះអង្គ។ កងទ័ពបានរឹបអូសយកទ្រព្យសម្បត្តិជាជយភណ្ឌយ៉ាងច្រើន។ 14 កងទ័ពបានបំផ្លាញភូមិទាំងអស់នៅជុំវិញកេរ៉ា ដ្បិត ព្រះអម្ចាស់បានធ្វើឲ្យប្រជាជនភ័យខ្លាច។ កងទ័ពបានរឹបអូសយកភូមិទាំងអស់ហើយមានទ្រព្យសម្បត្តិច្រើនកុះករនៅក្នុងនោះ។ 15 កងទ័ពយូដាបានវាយកម្ទេចជំរំរបស់ពួកអ្នកគង្វាល ហើយពួកគេបានរឹបអូសយកហ្វូងចៀម និងសត្វអូដ្ឋយ៉ាងបរិបូរ រួចហើយនាំគ្នាត្រឡប់ទៅក្រុងយេរូសាឡិមវិញ។