ជំពូក ១២

1 ពេលរាជព្រះបាទរេហូបោមបានរឹងមាំហើយស្តេចមានកម្លាំងខ្លាំងក្លា នោះស្តេចក៏បោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអម្ចាស់ហើយជនជាតិអ៊ីស្រាអែលទាំងមូលក៏ប្រព្រឹត្តតាមស្តេចដែរ។ 2 នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោម ស្តេចស៊ីសាកជាស្តេចស្រុកអេស៊ីបបានលើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡិមព្រោះប្រជាជនបានក្បត់នឹងព្រះអម្ចាស់។ 3 ស្តេចយាងមកជាមួយរទេះចម្បាំងចំនួនមួយពាន់ពីររយពលសេះប្រាំមួយម៉ឺននាក់ និងពលទាហានយ៉ាងច្រើនសន្ធឹកបានមកជាមួយព្រះអង្គគឺពីប្រទេសអេស៊ីប ស្រុកលីប៊ី ស្រុកស៊ូកគីនិងស្រុកអេត្យូពី។ 4 ស្តេចបានយកក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដាហើយបានមកដល់ក្រុងយេរូសាឡិម។ 5 ពេលនោះ ព្យាការីសេម៉ាយ៉ាបានមកជួបព្រះបាទរេហូបោម និងមេដឹកនាំស្រុកយូដាដែលបានប្រមូលផ្ដុំគ្នានៅក្រុងយេរូសាឡិម ព្រោះតែព្រះបាទស៊ីសាកឡោមព័ទ្ធ។ លោកសេម៉ាយ៉ាមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «អ្នករាល់គ្នាបានបោះបង់ចោលយើង ដូច្នេះ យើងក៏ប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់លោកស៊ីសាកដែរ»។ 6 ពួកមេដឹកនាំនៃជនជាតិអ៊ីស្រាអែល និងស្តេចបានបន្ទាបខ្លួនហើយទូលថា៖ «ព្រះអម្ចាស់ពិតជាសុចរិត»។ 7 ពេលព្រះអម្ចាស់ឃើញថា ពួកគេបន្ទាបខ្លួនរបស់គេនៅចំពោះទ្រង់ នោះព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសេម៉ាយ៉ាថា៖ «ពួកគេបានបន្ទាបខ្លួន ដូច្នេះ យើងនឹងមិនបំផ្លាញពួកគេទេ យើងនឹងសង្គ្រោះពួកគេចេញពីដៃស៊ីសាក់ហើយកំហឹងរបស់យើងក៏នឹងមិនហូរមកលើក្រុងយេរូសាឡិមដែរ។ 8 ទោះយ៉ាងណាពួកគេនឹងត្រូវចំណុះហើយធ្វើជាអ្នកបម្រើស៊ីសាក់ ដើម្បីឲ្យពួកគេយល់ថាការបម្រើយើងនិងបម្រើស្តេចប្រទេសដទៃខុសគ្នាយ៉ាងណា»។ 9 ដូច្នេះ ព្រះបាទស៊ីសាក់ជាស្តេចស្រុកអេស៊ីបបានលើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡិម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់និងទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ស្តេច។ ស្តេចបានយកអ្វីគ្រប់យ៉ាងទៅ ព្រមខែលមាសដែលព្រះបាទសាឡូម៉ូនបានធ្វើដែរ។ 10 ព្រះបាទរេហូបោមបានធ្វើខែលលង្ហិនជំនួសវិញ ហើយប្រគល់វាទៅក្នុងកណ្តាប់ដៃរបស់មេទ័ពដែលយាមទ្វារចូលព្រះដំណាក់។ 11 គ្រប់​ពេល​ដែល​ស្ដេច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ពួក​ទាហាន​នាំ​គ្នា​កាន់​ខែល​ទាំង​នោះអមដំណើរទៅ បន្ទាប់​មក ពួក​គេ​ប្រមូល​យក​ទៅ​ទុក​នៅ​ក្នុង​បន្ទប់​របស់​ពួកអ្នកយាមវិញ។ 12 ពេលព្រះបាទរេហូបោមបន្ទាបខ្លួននោះ ព្រះពិរោធរបស់ព្រះអម្ចាស់ងាកចេញពីព្រះអង្គដើម្បីមិនបំផ្លាញគេទាំងស្រុង។ ក្រៅពីនេះនៅមានការល្អខ្លះទៀតដែលត្រូវបានរកឃើញនៅស្រុកយូដា។ 13 ដូច្នេះ ព្រះបាទរេហូបោមបានពង្រឹងអំណាចនៅក្រុងយេរូសាឡិម ហើយស្តេចឡើងសោយរាជ្យ។ ព្រះបាទរេហូបោមមានអាយុសែសិបមួយឆ្នាំនៅពេលដែលទ្រង់ឡើងសោយរាជ្យ ហើយសោយរាជ្យអស់ដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ដើម្បីព្រះនាមព្រះអង្គនៅទីនោះ។ ព្រះមាតារបស់ស្តេចព្រះនាមណាអាម៉ា ជាជនជាតិអាំម៉ូន 14 ស្តេចបានប្រព្រឹត្ដអំពើអាក្រក់ ព្រោះទ្រង់គ្មានចិត្តចង់ស្វែងរកព្រះអម្ចាស់ទេ។ 15 ចំពោះរាជកិច្ច និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងព្រះបាទរេហូបោមគឺតាំងពីមុន និងចុងក្រោយ តើគេមិនបានសរសេរក្នុងសំណេររបស់ព្យាការីសេម៉ាយ៉ា និងអ៊ីដដូជាអ្នកមើលដែលមានកំណត់ហេតុអំពីពង្សប្រវត្តិ និងសង្គ្រាមរវាងព្រះបាទរេហូបោម និងលោកយេរ៉ូបោមទេឬអី? 16 ព្រះបាទរេហូបោមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងក្រុងព្រះបាទដាវីឌ។ ព្រះបាទអប៊ីយ៉ាជាបុត្រឡើងស្នងរាជ្យ។