ជំពូក ១១

1 នៅពេលព្រះបាទរេហូបោមមកដល់ក្រុងយេរូសាឡិមព្រះអង្គបានប្រមូលទាហាន​ពីកុលសម្ពន្ធយូដា​ និងបេនយ៉ាមីនបានចំនួន ១៨០,០០០ នាក់សុទ្ធសឹងជាទាហានដែលថ្នឹកច្បាំង ដែលបានជ្រើសរើស ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែលដើម្បីដណ្តើមរាជាណាចក្រមកវិញ។ 2 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ 3 «ចូរប្រាប់ព្រះបាទ រេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូនជាស្តេចស្រុកយូដា ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងអស់នៅស្រុកយូដានិងបេនយ៉ាមីនថា៖ 4 ព្រះអម្ចាស់មានបន្ទូលថា៖ «មិនត្រូវឲ្យអ្នករាល់គ្នា ចេញធ្វើសង្គ្រាមប្រឆាំងនឹងបងប្អូនរបស់អ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាត្រូវវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ដ្បិត យើងជាអ្នកធ្វើឲ្យហេតុការណ៍នេះបានកើតឡើង»។ ពួកគេក៏ស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ មិនបានច្បាំងជាមួយលោកយេរ៉ូបោមទេ។ 5 ព្រះបាទរេហូបោមបានគង់នៅក្រុងយេរូសាឡិម ហើយបានសង់ក្រុងដែលមានកំពែងការពារជាច្រើននៅស្រុកយូដា។ 6 ស្តេចបានសង់ក្រុងបេថ្លេហិម អេថាម ត្កូអា 7 បេតស៊ើរ សូកូ អាឌូឡាម 8 កាថ ម៉ារីសា ហ្សីប 9 អដូរ៉ាម ឡាគីស អាសេកា 10 សូរ៉ា អាយ៉ាឡូន និងហេប្រុន។ នេះជាក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដា និងបេនយ៉ាមីន។ 11 ស្តេចបានពង្រឹងបន្ទាយ និងដាក់មេបញ្ជាការត្រួតត្រាលើទីនោះ ព្រមទាំងមានស្តុកម្ហូប ប្រេងនិងស្រា។ 12 ស្តេចដាក់ខែល និងលំពែងនៅគ្រប់ក្រុងទាំងប៉ុន្មាន ហើយធ្វើឲ្យក្រុងទាំងនោះកាន់តែរឹងមាំ។ ដូច្នេះ ស្រុកយូដា និងស្រុកបេនយ៉ាមីនជាកម្មសិទ្ធិ និងស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ 13 ពួកបូជាចារ្យ និងពួកលេវីដែលនៅស្រុកអ៊ីស្រាអែលទាំងមូលនាំគ្នាទៅឯព្រះបាទរេហូបោមពីទឹកដីរបស់គេរៀងខ្លួន។ 14 កុលសម្ព័ន្ធលេវីចាកចេញពីទឹកដី វាលស្មៅ និងទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីទៅស្រុកយូដា និងក្រុងយេរូសាឡិម ដ្បិត លោកយេរ៉ូបោម និងកូនៗ របស់គាត់បានបណ្តេញពួកគេចេញ ដូច្នេះ ពួកគេមិនអាចបំពេញមុខងារជាបូជាចារ្យថ្វាយព្រះអម្ចាស់បានទៀតឡើយ។ 15 លោកយេរ៉ូបោមបានតែងតាំងបូជាចារ្យដោយខ្លួនឯងសម្រាប់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងបានសិតរូបពពែឈ្មោល និងរូបកូនគោផងដែរ។ 16 ប្រជាជនមកពីគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលនាំគ្នាមកថ្វាយបង្គំរូបទាំងនោះ ចំណែក អស់អ្នកដែលមានចិត្តចង់ស្វែងរកព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ពួកគេមកក្រុងយេរូសាឡិម ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះនៃដូនតារបស់គេ។ 17 ពួកគេបានពង្រឹងរាជាណាចក្រយូដា និងធ្វើឲ្យរាជ្យព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូនរឹងមាំអស់រយៈពេលបីឆ្នាំ ដ្បិត ក្នុងរយៈពេលបីឆ្នាំនោះ ពួកគេបានប្រព្រឹត្តតាមផ្លូវដ៏ត្រឹមត្រូវរបស់ព្រះបាទដាវីឌ ​និងព្រះបាទសាឡូម៉ូន។ 18 ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាលៀត ជាបុត្រីរបស់អង្គម្ចាស់យេរីម៉ូត ត្រូវជាបុត្រាព្រះបាទដាវីឌ ព្រមទាំងព្រះនាងអប៊ីហែល ជាកូនស្រីលោកអេលៀប ដែលជាកូនប្រុសរបស់លោកអ៊ីសាយ។ 19 ព្រះនាងប្រសូតបានបុត្រាបីអង្គ គឺយេអ៊ូស សេម៉ារីយ៉ា និង សាហាំ។ 20 បន្ទាប់ពី ព្រះនាងម៉ាហាឡាត ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាកាជាបុត្រីរបស់សម្តេចអាប់សាឡុម។ ព្រះនាងប្រសូតបានអាប៊ីយ៉ា អាតតៃ ស៊ីសា និងសេឡូមីត។ 21 ព្រះបាទរេហូបោមស្រឡាញ់ព្រះនាងម៉ាកាជាបុត្រីរបស់សម្តេចអាប់សាឡុមលើសជាងមហេសីឯទៀតៗ និងស្រីស្នំរបស់ព្រះអង្គទាំងអស់ (ដ្បិត ព្រះបាទរេហូបោមមានមហេសីដប់ប្រាំបីអង្គ និងស្រីស្នំហុកសិបនាក់ ហើយមានបុត្រាម្ភៃប្រាំបីអង្គ និងបុត្រីហុកសិបអង្គ)។ 22 ព្រះបាទរេហូបោមបានតែងតាំងសម្តេចអប៊ីយ៉ាជាបុត្ររបស់ព្រះនាងម៉ាកាឲ្យធ្វើជាមេដឹកនាំក្នុងចំណោមបងប្អូនរបស់គាត់។ ដ្បិត ស្តេចមានគំនិតចង់ឲ្យគាត់ស្នងរាជ្យបន្ត។ 23 ព្រះបាទរេហូបោមបានគ្រប់គ្រងដោយប្រាជ្ញា។ ព្រះករុណាបានចាត់បុត្រាឯទៀតៗទាំងអស់ទៅនៅទូទាំងស្រុកយូដា និងបេនយ៉ាមីនក្នុងក្រុងដែលមានកំពែងរឹងមាំ។ ស្តេចក៏បានផ្តល់អាហារដល់ពួកគេយ៉ាងបរិបូរហើយរកប្រពន្ធជាច្រើនសម្រាប់ពួកគេ។