ជំពូក ១០

1 ព្រះបាទរេហូបោមបានយាងទៅស៊ីគែមព្រោះប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមកស៊ីគែម ដើម្បីចាក់ប្រេងអភិសេកស្តេច។ 2 លោកយេរ៉ូបោមជាកូនរបស់លោកនេបាតបានឮដំណឹងនេះ (ដ្បិត គាត់នៅស្រុកអេស៊ីបជាកន្លែងដែលគាត់បានរត់គេចពីព្រះភក្រ្តស្តេចសាឡូម៉ូន ហើយបានត្រឡប់មកវិញ)។ 3 ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមក ពួកគេទូលព្រះបាទ​រេហូ​បោម​ថា៖ 4 «បិតារបស់ព្រះករុណាបានធ្វើឲ្យនឹមរបស់យើងពិបាក។ ឥឡូវនេះ សូមធ្វើឲ្យការលំបាករបស់បិតារបស់ព្រះករុណបានស្រួលវិញ ហើយសម្រាលបន្ទុកដែលបិតារបស់ព្រះករុណាដាក់លើយើងនោះយើងនឹងបម្រើព្រះករុណា»។ 5 ព្រះ‌បាទរេហូបោមមានរាជឱង្ការ​ថា៖ «សូមមករកខ្ញុំម្តងទៀតបន្ទាប់ពីបីថ្ងៃក្រោយ»។ ដូច្នេះ ប្រជាជនក៏ចាកចេញទៅ។ 6 ព្រះបាទរេហូបោមបានប្រឹក្សាជាមួយពួកព្រឹទ្ធាចារ្យដែលបានឈរនៅចំពោះព្រះភក្ត្រព្រះបាទសាឡូម៉ូនជាបិតាកាលទ្រង់នៅមានព្រះជន្ម។ ទ្រង់បានមានរាជឱង្ការថា៖ «តើអស់លោកអាចណែនាំយើងឲ្យនាំចម្លើយដល់ប្រជាជនទាំងនេះដោយរបៀបណា?»។ 7 ពួកគេទូលស្តេចថា៖ «បើព្រះករុណាធ្វើល្អចំពោះប្រជាជននេះហើយធ្វើឲ្យពួកគេពេញចិត្តដោយបន្ទូលល្អៗពួកគេនឹងធ្វើជាអ្នកបម្រើរបស់ព្រះករុណាជានិច្ច»។ 8 ប៉ុន្តែ ព្រះបាទរេហូបោមបានបដិសេធយោបល់របស់ពួកព្រឹទ្ធាចារ្យ ហើយបានទៅស្វែងរកយោបល់ពីពួកយុវជនដែលធំឡើងពីវ័យកុមារជាមួយទ្រង់ដែលឈរនៅចំពោះទ្រង់។ 9 ស្តេចមានរាជឱង្ការទៅគេថា៖ «តើអ្នករាល់គ្នាមានយោបល់អ្វីមកយើង ដើម្បីឲ្យយើងឆ្លើយនឹងអស់អ្នកដែលនិយាយមកយើងថា៖ «សូមសម្រាលនឹមដែលព្រះបិតារបស់ព្រះករុណាដាក់លើយើងរាល់គ្នាផង?»។ 10 ពួកយុវជនដែលបានធំធាត់ជាមួយព្រះបាទរេហូបោមបានទូលទៅកាន់ព្រះករុណាថា៖ «នេះជារបៀបដែលព្រះករុណាគួរតែមានបន្ទូលទៅកាន់ប្រជាជនដែលបានទូលទ្រង់ថា ព្រះបាទសាឡូម៉ូនដែលជាបិតារបស់ព្រះករុណាបានដាក់បន្ទុកធ្ងន់លើគេ ប៉ុន្តែ សូមឲ្យព្រះករុណាធ្វើឲ្យវាស្រាលជាងនេះ។ ចូរប្រាប់ពួកគេថា ម្រាមកូនដៃរបស់យើងធំជាងភ្លៅបិតាយើងទៅទៀត។ 11 ទោះបី បិតាយើងដាក់បន្ទុកលើអ្នកយ៉ាងធ្ងន់ក៏ដោយយើងនឹងបន្ថែមនឹមរបស់អ្នករាល់គ្នាទៀត បិតាយើងដាក់ទោសអ្នករាល់គ្នាដោយរំពាត់ តែខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាដោយខ្យាដំរីវិញ»។ 12 ដូច្នេះ នៅថ្ងៃទីបីលោកយេរ៉ូបោម និងប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាវិលមករកព្រះបាទរេហូបោមដូចស្តេចមានរាជឱង្ការថា៖ «សូមវិលមករកយើងវិញនៅថ្ងៃទីបី»។ 13 ព្រះបាទរេហូបោមបានមានរាជឱង្ការជាមួយពួកគេយ៉ាងធ្ងន់ៗមិនអើពើនឹងឱវាទរបស់ពួកព្រឹទ្ធាចារ្យឡើយ។ 14 ព្រះអង្គមានរាជឱង្ការទៅកាន់ពួកគេតាមយោបល់របស់ពួកយុវជនជំនិតទ្រង់ថា៖ «បិតាយើងដាក់បន្ទុកយ៉ាងធ្ងន់លើអ្នករាល់គ្នា ប៉ុន្តែ យើងនឹងបន្ថែមបន្ទុករបស់អ្នករាល់គ្នា បិតាយើងដាក់ទោសអ្នករាល់ដោយរំពាត់ តែយើងនឹងដាក់ទោសអ្នកដោយខ្យាដំរីវិញ»។ 15 ដូច្នេះ ស្តេចមិនស្តាប់ប្រជាជនទេព្រោះព្រះជាម្ចាស់បានសម្រេចតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោក​អហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូបានមានប្រសាសន៍ជាមួយលោកយេរ៉ូបោមជាកូនរបស់លោកនេបាត។ 16 ជនជាតិអ៊ីស្រាអែលទាំងមូលឃើញថាស្តេចមិនស្តាប់ពួកគេទេ ប្រជាជននាំគ្នាទូលស្តេចថា៖ «តើយើងមានចំណែកអ្វីខ្លះជាមួយព្រះបាទដាវីឌ? យើងពុំមានកេរមតកអ្វីពីកូនរបស់លោកអ៊ីសាយទេ! អ៊ីស្រាអែលអើយ! ចូរវិលត្រឡប់ទៅផ្ទះរៀងខ្លួនវិញទៅ! ឥឡូវនេះ ពូជពង្សរបស់ព្រះបាតដាវីឌអើយ! ចូរថែរក្សាខ្លួនឯងចុះ»។ ជនជាតិអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាវិលត្រឡប់ទៅជំរំរបស់គេវិញ។ 17 ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលដែលរស់នៅតាមក្រុងនានាក្នុងស្រុកយូដាវិញ ព្រះបាទរេហូបោមសោយរាជ្យលើពួកគេ។ 18 ព្រះបាទរេហូបោមបានចាត់លោកអាដូនីរ៉ាមដែលជាអ្នកមើលការខុសត្រូវលើការកំណែនប្រជាជនឲ្យទៅឯកុលសម្ព័ន្ធអ៊ីស្រាអែល ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបានយកដុំថ្មគប់សម្លាប់លោក។ ព្រះបាទរេហូបោមបានឡើងរទេះភៀសខ្លួនយ៉ាងលឿនទៅក្រុងយេរូសាឡិមវិញ។ 19 ជនជាតិអ៊ីស្រាអែលបះបោរប្រឆាំងនឹងពូជពង្សដាវីឌរហូតមកដល់សព្វថ្ងៃ។