ជំពូក ១៤

1 នៅពេលនោះ​ព្រះបាទអប៊ី‌យា​ជាបុត្ររបស់ព្រះបាទយេរ៉ូបោមឈឺធ្ងន់។ 2 ព្រះបាទយេរ៉ូបោមមានរាជឱង្ការទៅមហេសីថា៖ «ចូរក្រោកឡើង ហើយក្លែងខ្លួន ដូច្នេះ គ្មាននរណាម្នាក់ចំណាំអូនជាមហេសីបងបានទេ ហើយចូរទៅស៊ីឡូ ព្រោះលោកបូជាចារ្យអហ៊ី‌យ៉ានៅទីនោះ គាត់ជាម្នាក់ដែលធ្លាប់និយាយពីបង ធ្លាប់និយាយថាបងនឹងក្លាយជាស្តេចលើប្រជាជនទាំងនេះ។ 3 ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ខ្លះ ព្រម​ទាំង​ទឹក​ឃ្មុំ​មួយ​ដប​ទៅ​ជា​មួយ​ផង ហើយត្រូវ​ទៅ​ជួប​លោក លោកអហ៊ី‌យ៉ា។ លោក​មុខ​ជា​ប្រាប់​ឲ្យ​អូនបាន​ដឹង​ថានឹងមានអ្វីកើតឡើងចំពោះកូននេះ»។ 4 មហេសីរបស់ព្រះបាទយេរ៉ូបោមបានធ្វើតាម នាងបានធ្វើដំណើរទៅស៊ីឡូ ហើយបានទៅផ្ទះរបស់លោកអហ៊ី‌យ៉ា។ ឥឡូវនេះ លោកអហ៊ី‌យ៉ាមិនអាចមើលឃើញទេ លោកមិនអាចមើលឃើញដោយសារលោកមានវ័យចាស់ហើយ។ 5 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកអហ៊ី‌យ៉ាថា៖ «មើល មហេសីរបស់ស្តេចយេរ៉ូបោមបានមកសុំយោបល់ពីអ្នកទាក់ទងនឹងកូនរបស់នាង ព្រោះកូននោះឈឺ។ សូមប្រាប់នាងនូវអ្វីដែលយើងប្រាប់អ្នក​ ព្រោះនៅពេលដែលនាងមក នាងនឹងធ្វើដូចជានាងជាស្រី្តម្នាក់ធម្មតា»។ 6 នៅពេលដែលលោកអហ៊ី‌យ៉ាបានឮសម្លេងជើងរបស់នាងនៅពេលដែលនាងចូលមកដល់ទ្វារ លោកនិយាយថា៖ «សូមអញ្ជើញចូល មហេសីរបស់ព្រះបាទយេរ៉ូបោមអើយ។ ហេតុអ្វីបានជានាងបន្លំខ្លួនធ្វើជាអ្នកផ្សេងដូច្នេះ?​ ខ្ញុំនឹងនាំដំណឹងអាក្រក់មកដល់នាង។ 7 សូមទៅប្រាប់ព្រះបាទយេរ៉ូបោមថាព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «យើងបានលើកអ្នកពីក្នុងចំណោមមនុស្ស ដើម្បីឲ្យអ្នកធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្រ្តអ៊ីស្រាអែលរបស់យើង។ 8 យើងបានហែករាជ្យពីគ្រួសាររបស់ស្តេចដាវីឌ ហើយបានប្រគល់ឲ្យអ្នក តែអ្នកមិនដូចស្តេចដាវីឌជាអ្នកបម្រើរបស់យើងទេ ស្តេចដាវីឌបានរក្សាបញ្ញត្តរបស់យើង និងដើរតាមយើងអស់ពីចិត្ត ទៅធ្វើអ្វីដែលត្រឹមត្រូវក្នុងភ្នែកយើង។ 9 ផ្ទុយទៅវិញ អ្នកបានប្រព្រឹត្តអាក្រក់ គឺអាក្រក់ជាងអស់អ្នកដែលនៅមុនអ្នកទៅទៀត។ អ្នកបានសូនធ្វើព្រះដទៃ ហើយអ្នកបានសូនរូបពីលោហៈ ដើម្បីឲ្យយើងមានកំហឹង ហើយបានបែរខ្នងដាក់យើង។ 10 ដូច្នេះ មើល យើងនឹងនាំគ្រោះមហន្តរាយមកលើគ្រួសាររបស់អ្នក យើងនិងកាត់អ្នកចេញពីប្រុសៗកូនចៅអ៊ីស្រាអែល ទោះពីជាអ្នកជា ឬអ្នកងារក្តី ហើយអ្នកនឹងត្រូវដាច់ចេញពីគ្រួសាររបស់អ្នក ប្រៀបដូចនរណាម្នាក់ដុតសំរាមរហូតទាល់តែឆេះខ្ទេចអស់ដែរ។ 11 អស់អ្នកនៅក្នុងគ្រួសាររបស់អ្នក​ ដែលស្លាប់នៅទីក្រុងនឹងត្រូវឆ្កែស៊ី ហើយអស់អ្នកដែលស្លាប់នៅវាលស្រែនឹងត្រូវសត្វស្លាបចឹកស៊ី យើងជាព្រះអម្ចាស់ជាអ្នកនិយាយ»។ 12 ដូច្នេះ មហេសីស្តេចយេរ៉ូបោមអើយ ត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ នៅពេលដែលជើងរបស់នាងជាន់ក្រុងភ្លាម កូននាងអប៊ីយ៉ានឹងត្រូវស្លាប់។ 13 គ្រប់ជនជាតិអ៊ីស្រាអែលនឹងកាន់ទុក្ខសម្រាប់កូននោះ ហើយគេនឹងបញ្ចុះសពកូននោះ។ កូននោះជាមនុស្សតែម្នាក់គត់ពីគ្រួសាររបស់ព្រះបាទយេរ៉ូបោម ដែលត្រូវបានកប់ក្នុងផ្នូរ ព្រោះមានតែនៅក្នុងកូននោះប៉ុណ្ណោះពីចំណោមគ្រួសាររបស់យេរ៉ូបោម ដែលព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលរកឃើញការល្អខ្លះ។ 14 ព្រះអម្ចាស់នឹងលើកស្តេចមួយអង្គទៀតនៅក្នុងស្រុកអ៊ីស្រាអែលដែលនឹងបំផ្លាញគ្រួសាររបស់យេរ៉ូបោមនៅថ្ងៃនោះ។ ថ្ងៃនោះគឺឥឡូវនេះ។ 15 ព្រះ‌អម្ចាស់​នឹង​វាយ​ប្រហារជន‌ជាតិ​អ៊ីស្រា‌អែល ពេល​នោះ ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយព្រះអង្គនឹងដកអ៊ីស្រាអែលចេញពីទឹកដីដ៏ល្អ ដែលព្រះអង្គបានប្រទានដល់ដូនតារបស់ពួកគេ។ ព្រះអង្គ​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ព្រោះ​ពួក​គេ​ធ្វើ​បង្គោល​ព្រះ​អា‌សេ‌រ៉ា ដែល​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់ព្រះពិរោធ។ 16 ព្រះអង្គនឹងបោះបង់អ៊ីស្រាអែលចោល ដោយសារអំពើបាបរបស់ព្រះបាទយេរ៉ូបោម គឺអំពីេបាបដែលស្តេចបានប្រព្រឹត្ត និងតាមរយៈការដឹកនាំរបស់ស្តេច ដែលនាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប»។​ 17 ដូច្នេះ មហេសីរបស់ព្រះបាទយេរ៉ូបោមបានចេញទៅ ហើយបានមកដល់ក្រុង​ធើសា។ នៅពេលដែលនាងបានមកដល់មាត់ទ្វារក្រុង កូនរបស់នាងក៏បានស្លាប់។ 18 ប្រជាជនអ៊ីស្រាអែលទាំងអស់បានកប់កូននោះ និងកាន់ទុក្ខកូននោះ ស្របតាមអ្វីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈលោកហោរាអហ៊ីយ៉ាជាអ្នកបម្រើរបស់ព្រះអង្គ។ 19 មានរឿងមួយទៀតទាក់ទឹងនឹងស្តេចយេរ៉ូបោម គឺរបៀបដែលស្តេចធ្វើសង្គ្រាម និងរបៀបដែលស្តេចសោយរាជ្យ រឿងទាំងនោះបានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍ស្តេចអ៊ីស្រាអែល។ 20 ព្រះបាទយេរ៉ូបោមបានសោយរាជ្យអស់ម្ភៃពីរឆ្នាំ ហើយបន្ទាប់មក ស្តេចបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយបុត្ររបស់ស្តេច គឺព្រះបាទណាដាប់បានសោយរាជ្យបន្តពីព្រះអង្គ។ 21 ឥឡូវនេះ ព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូនបានសោយរាជ្យនៅស្រុកយូដា។ ព្រះបាទរេហូបោមមានព្រះជន្មសែសិបវស្សានៅពេលស្តេចឡើងសោយរាជ្យ ហើយស្តេចសោយរាជ្យបានដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសចេញពីកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ដើម្បីដាក់ព្រះនាមព្រះអង្គ។ មាតារបស់ស្តេចគឺនាង​ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។ 22 អ្នកក្រុងយូដាបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្រព្រះអម្ចាស់ ពួកគេបានធ្វើឲ្យព្រះអង្គប្រច័ណ្ឌជាមួយអំពើបាបដែលពួកគេបានប្រព្រឹត្ត លើសជាងអ្វីៗដែលដូនតារបស់ពួកគេបានប្រព្រឹត្តទៅទៀត។ 23 ពួកគេក៏បានសង់កន្លែងខ្ពស់ៗសម្រាប់ខ្លួនពួកគេ មានទាំង​​ស្តូប និង​បង្គោល​ព្រះ​អា‌សេ‌រ៉ា នៅ​តាម​​ភ្នំខ្ពស់ៗ និង​នៅ​ក្រោម​ដើម​ឈើពណ៌បៃតង។ 24 នៅលើទឹកដីអ៊ីស្រាអែលក៏មានអំពើពេស្យាចាបែបសាសនាដែរ។ ពួកគេបានប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមដូចជាតិសាសន៍នានាដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខប្រជាជនអ៊ីស្រាអែលដែរ។ 25 វាកើតឡើងនៅក្នុងឆ្នាំទីប្រាំក្នុងរាជ្យរបស់ព្រះបាទរេហូបោម នៅពេលដែលព្រះចៅស៊ី‌សាក់ជាស្តេចស្រុកអេស៊ីបវាយក្រុងយេរូសាឡឹម។ 26 ស្តេចបានយកទ្រព្យនៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងទ្រព្យរបស់ស្តេចទៅទាំងអស់។ ស្តេចបានយកអ្វីៗទៅទាំងអស់ ស្តេចក៏បានយកខែលមាសដែលព្រះបាទសាឡូម៉ូនបានធ្វើទៅដែរ។ 27 ព្រះបាទរេហូបោមបានធ្វើខែលពីលង្ហិនជំនួសខែលមាសទាំងនោះ ហើយបានប្រគល់របស់ទាំងនោះទៅក្នុងដៃរបស់មេដឹកនាំរបស់អ្នកយាម ដែលយាមនៅមាត់ទ្វារវាំងស្តេច។ 28 នៅពេលដែលស្តេចចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ នោះអ្នកយាមត្រូវកាន់ខែលទាំងនោះ បន្ទាប់មកពួកគេត្រូវយកមកទុកក្នុងឃ្លាំងយាមវិញ។ 29 មានរឿងផ្សេងទៀតទាក់ទងនឹងព្រះបាទរេហូបោម អ្វីដែលស្តេចបានធ្វើ តើមិនបានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចទេឬ? 30 តែងតែ​មាន​សង្គ្រាម​​រវាងព្រះ‌បាទ​រេហូ‌បោម និង​ព្រះ‌បាទ​យេរ៉ូ‌បោមជានិច្ច។ 31 ដូច្នេះ ព្រះបាទរេហូបោមបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយសពរបស់ស្តេចបានបញ្ចុះនៅក្នុងក្រុងរបស់ព្រះបាទដាវីឌ។ មាតា​របស់​ស្ដេច​មាន​នាម​ថា ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។ ព្រះ‌បាទ​អប៊ី‌យ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្តពីទ្រង់។