ជំពូក ១៣

1 មានអ្នកបម្រើរបស់ព្រះអម្ចាស់មកពីយូដានាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅបេតអែល។ ព្រះបាទយេរ៉ូបោមកំពុងគង់នៅក្បែរអាសនា ដើម្បីដុតគ្រឿងក្រអូប។ 2 លោកបានប្រកាសប្រឆាំងនឹងសាសនាដោយព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ «អាសនាអើយ អាសនាអើយ! នេះជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូល៖ «មើលកូនប្រុសមួយនាមថាស្តេចយ៉ូសៀសនឹងកើតក្នុងគ្រួសាររបស់ស្តេចដាវីឌ នៅលើអាសនានេះយើងនឹង​យកពួកបូជាចារ្យនៅតាមទីខ្ពស់ៗមកថ្វាយយញ្ញបូជា គឺ​ពួក​បូជា‌ចារ្យ​ដែល​ធ្លាប់​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនានេះ។ គេ​ក៏​យក​ឆ្អឹង​របស់​មនុស្ស​មក​ដុត​នៅ​លើ​អាសនានេះ​ដែរ»។ 3 បន្ទាប់មក អ្នកបម្រើរបស់ព្រះអម្ចាស់បានឲ្យទីសម្គាល់មួយនៅថ្ងៃនោះដែរ ថា៖ «នេះជាទីសម្គាល់ដែលព្រះអម្ចាស់មានបន្ទូល៖ «មើល៍! អាសនានេះនឹងខ្ទេចខ្ទីអស់ ហើយផះនៅលើអាសនានេះនឹងត្រូវខ្ចាត់ខ្ចាយអស់ដែរ»។ 4 នៅពេលដែលស្តេចបានឮពីអ្វីដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានប្រកាសប្រឆាំងនឹងអាសនានៅបេតអែល ព្រះបាទយេរ៉ូបោមបានលើកដៃពីអាសនាមកនិយាយថា៖ «ចូរចាប់ជននេះភ្លាម»។ ដូច្នេះ ដៃដែលបានចង្អុលប្រឆាំងនឹងអ្នកបម្រើរបស់ព្រះអម្ចាស់បានស្ងួត ដូច្នេះ ស្តេចមិនអាចដកដៃនេោះមកវិញបានឡើយ។ 5 (អាសនាក៏បានបាក់បែក ហើយផះនៅលើអាសនានោះក៏ខ្ចាត់ខ្ចាយពីអាសនាដែរ ស្របតាមអ្វីដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានរៀបរាប់ពីព្រះបន្ទូលរបស់ព្រះអម្ចាស់មែន)។ 6 ព្រះបាទយេរ៉ូបោមបាននិយាយទៅកាន់អ្នកបម្រើរបស់ព្រះអម្ចាស់ថា៖ «សូម​លោក​ជួយ​ទូល‌សុំការប្រណីសណ្តោសពី​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​លោក និងសូម​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​របស់​ខ្ញុំ​ត្រឡប់ដូចធម្មតាវិញ»។ ដូច្នេះ អ្នកម្រើរបស់ព្រះអម្ចាស់បានអធិស្ឋានទៅព្រះអម្ចាស់ ហើយ​ដៃ​របស់​ស្តេចបាន​ត្រឡប់ដូចធម្មតាវិញ គឺបានដូចពីមុន។ 7 ស្តេចទូលទៅអ្នកបម្រើរបស់ព្រះអម្ចាស់់ថា៖ «សូមអញ្ជើញមកក្នុងដំណាក់របស់យើង ដើម្បីសម្រាក យើងនឹងផ្តល់រង្វាន់ជូនលោក។ 8 អ្នកបម្រើរបស់ព្រះជាម្ចាស់ បានទូលទៅស្តេចថា៖ «ទោះបីជាព្រះអង្គប្រគល់ទ្រព្យរបស់ព្រះអង្គពាក់កណ្តាលមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយព្រះអង្គដែរ ទូលបង្គំមិនបរិភោគ ឬផឹកទឹកនៅកន្លែងនេះដាច់ខាត 9 ព្រោះព្រះអម្ចាស់បានបញ្ជាដោយព្រះបន្ទូលរបស់ព្រះអង្គថា៖ «អ្នកមិនត្រូវបរិភោគនំប័ុង ឬផឹកទឹក ហើយកុំឲ្យត្រឡប់មកតាមផ្លូវដដែលឡើយ»។ 10 ដូច្នេះ អ្នកបម្រើរបស់ព្រះអម្ចាស់ក៏ទៅតាមផ្លូវមួយផ្សេងទៀត ហើយមិនបានទៅផ្ទះរបស់លោកវិញទេ គឺតាមផ្លូវដែលលោកបានមកបេតអែលឡើយ។ 11 មានព្យាការីចាស់ម្នាក់រស់នៅបេតអែល ហើយកូនប្រុសៗរបស់លោកបានមកប្រាប់លោកពីរឿងគ្រប់យ៉ាងដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានធ្វើនៅបេតអែល។ កូនប្រុសៗរបស់លោកក៏បានប្រាប់លោកពីអ្វីៗដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានទូលស្តេចដែរ។ 12 គាត់ក៏បានប្រាប់ពួកគេវិញថា៖ «តើគាត់ទៅតាមផ្លូវណា»? កូនប្រុសៗរបស់គាត់បានដឹងពីផ្លូវរបស់អ្នកបម្រើរបស់ព្រះអម្ចាស់បានទៅស្រុកយូដាវិញ។ 13 ដូច្នេះ លោកក៏បានប្រាប់កូនប្រុសៗរបស់លោកថា៖ «សូមចងកែបលាឲ្យពុក»។ ដូច្នេះ ពួកគេក៏បានចងកែបលាឲ្យលោក ហើយលោកបានជិះលានោះចេញទៅ។ 14 លោកព្យាការីចាស់នោះបានទៅតាមក្រោយអ្នកបម្រើរបស់ព្រះអម្ចាស់ ហើយបានជួបលោកកំពុងអង្គុយក្រោមដើមជ្រៃ ហើយលោកបាននិយាយទៅគាត់ថា៖​ «តើអ្នកជាអ្នកបម្រើរបស់ព្រះអម្ចាស់ដែលមកពីស្រុកយូដានោះមែនទេ»? គាត់បានឆ្លើយថា៖​ «ខ្ញុំហ្នឹងហើយ»។ 15 បន្ទាប់មក លោកព្យាការីចាស់នោះមានប្រសាសន៍ថា៖​ «សូមមកផ្ទះ ហើយហូបជាមួយខ្ញុំសិន»។ 16 នោះ អ្នកបម្រើរបស់ព្រះអម្ចាស់បានឆ្លើយថា៖​ «ខ្ញុំនឹងមិនត្រឡប់ទៅជាមួយអ្នកឡើយ ហើយខ្ញុំក៏មិនបរិភោគជាមួយអ្នកនៅកន្លែងនេះដែរ 17 ព្រោះព្រះអម្ចាស់បានហាមខ្ញុំដោយមានបន្ទូលថា៖ «អ្នកមិនត្រូវបរិភោគ ឬផឹកទឹកនៅទៅនោះឡើង ហើយក៏មិនត្រូវត្រឡប់ទៅតាមផ្លូវដដែលដែរ។ 18 ដូច្នេះ ព្យាការីចាស់នោះបាននិយាយទៅគាត់ថា៖ «ខ្ញុំក៏ជាព្យាការីដូចលោកដែរ ហើយមានទេវតាមួយរូបបាននាំព្រះបន្ទូលរបស់ព្រះអម្ចាស់មកប្រាប់ខ្ញុំថា៖ «សូមនាំគាត់ត្រឡប់មកផ្ទះរបស់អ្នក នោះគាត់នឹងអាចបរិភោគ និងផឹកទឺកផង»។ ប៉ុន្តែ លោកបានកុហកអ្នកបម្រើរបស់ព្រះអម្ចាស់។ 19 ដូច្នេះ អ្នកបម្រើរបស់ព្រះអម្ចាស់បានត្រឡប់ទៅជាមួយព្យាការីចាស់នោះវិញ ហើយបានបរិភោគនៅក្នុងផ្ទះលោក និងបានផឹកទឹកផងដែរ។ 20 នៅពេលដែលពួកគេកំពុងអង្គុយនៅតុ ព្រះជាម្ចាស់មានបន្ទូលតាមរយៈព្យាការីដែលនាំលោកមកវិញ 21 ហើយគាត់បានយំដាក់អ្នកបម្រើរបស់ព្រះអម្ចាស់មកពីស្រុកយូដាថា៖​ «ព្រះអម្ចាស់មានបន្ទូលថា៖ «ដោយសារតែអ្នកមិនស្តាប់បង្គាប់ពាក្យរបស់ព្រះអម្ចាស់ និងមិនបានរក្សាបញ្ញត្តដែលព្រះអម្ចាស់ជាព្រះរបស់អ្នកផ្តល់មកអ្នក 22 ប៉ុន្តែ អ្នកបានត្រឡប់មកវិញ ហើយបានបរិភោគអាហារ និងផឹកទឹកនៅកន្លែងនេះ គឺកន្លែងដែលព្រះអម្ចាស់បានហាមអ្នកមិនឲ្យបរិភោគ ឬផឹកទឹកឡើយ ដូច្នេះ សពរបស់អ្នកនឹងត្រូវបញ្ចុះនៅក្នុងផ្នូររបស់ឪពុករបស់អ្នក»។ 23 ក្រោយពេលដែលលោកបរិភោគអាហារ និងបានផឹកទឹករួចមក លោកព្យាការីបានចងកែបលារបស់អ្នកបម្រើរបស់ព្រះអម្ចាស់ គឺបុុរសដែលបានមកជាមួយលោក។ 24 នៅពេលដែលអ្នកបម្រើរបស់ព្រះអម្ចាស់ចេញបាត់ទៅ មានតោមួយបានមកជួបលោកនៅតាមផ្លូវ ហើយបានសម្លាប់លោកទៅ សពរបស់លោកបាននៅតាមផ្លូវនោះ។ បន្ទាប់មក លានោះបានឈរនៅក្បែរសាកសព ហើយតោនោះក៏បានឈរនៅក្បែរនោះដែរ។ 25 នៅពេលដែលមនុស្សម្នាឆ្លងកាត់ហើយឃើញសាកសពនៅលើផ្លូវ ហើយមានតោនៅឈរក្បែរនោះផង ពួកគេក៏បានមកប្រាប់ដល់អ្នកក្រុងដែលលោកព្យាការីចាស់នោះរស់នៅ។ 26 នៅពេលដែលលោកព្យាការី ដែលបាននាំអ្នកនោះត្រឡប់មកវិញបានឮពីរឿងនេះ លោកបាននិយាយថា៖ «នោះគឺជាសពរបស់អ្នកបម្រើរបស់ព្រះអម្ចាស់ ដែលមិនបានស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ដូច្នេះហើយ បានជាព្រះជាម្ចាស់ឲ្យតោសម្លាប់គាត់ តោបានហែក និងសម្លាប់គាត់ ដូចដែលព្រះបន្ទូលរបស់ព្រះអម្ចាស់បានព្រមានគាត់មែន»។ 27 ដូច្នេះ លោកព្យាការីចាស់នោះបានប្រាប់ទៅកូនប្រុសៗរបស់គាត់ថា៖ «ចូរចងកែបលាឲ្យពុក» ហើយពួកគេបានចងឲ្យគាត់។ 28 គាត់បានចេញទៅហើយឃើញសពនៅក្បែរផ្លូវ ហើយលា​ និងតោឈនៅក្បែរនោះ។ តោមិនបានស៊ីសពនោះទេ ក៏មិនបានខាំលាដែរ។ 29 លោកព្យាការីបានលើកសពរបស់អ្នកបម្រើរបស់ព្រះអម្ចាស់ដាក់នៅលើលា ហើយនាំត្រឡប់មកវិញ។ លោកបានមកក្រុងរបស់លោកវិញ ដើម្បីកាន់ទុក្ខ និងកប់សព្វបុរសនោះ។ 30 លោកបានកប់សព្វនោះនៅក្នុងផ្នូររបស់លោកផ្ទាល់ ហើយពួកគេក៏កាន់ទុក្ខដោយនិយាយថា៖​ «ប្អូន​អើយ ម្ដេច​ក៏​វេទនា​ម៉េ្លះ!»។ 31 បន្ទាប់មក ក្រោយពីលោកបានកប់គាត់រួចហើយ លោកព្យាការីចាស់នោះបានមានប្រសាសន៍ទៅកូនប្រុសៗរបស់គាត់ថា៖ «នៅពេលដែលពុកស្លាប់ទៅសូមកប់ពុកនៅក្នុងផ្នូរដែលបានកប់អ្នកបម្រើរបស់ព្រះអម្ចាស់នេះ។ សូមដាក់ឆ្នឹងពុកនៅក្បែរឆ្នឹងរបស់គាត់។ 32 ព្រោះព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកប្រកាស ប្រឆាំងនឹងអាសនានៅបេអែល និងប្រឆាំងនឹងកន្លែងទាំងឡាយនៅទីខ្ពស់នៅក្នុងក្រុងសាសន៍សាម៉ារី នឹងកើតឡើងដូច្នោះមែន»។ 33 ក្រោយមកទៀតព្រះបាទយេរ៉ូបោមមិនបានបែរពីអំពើអាក្រក់ដែលស្តេចបានធ្វើឡើយ ប៉ុន្តែ នៅតែបន្តតែងតាំងឲ្យមានបូជាចារ្យនៅតាមទីខ្ពស់ៗពីក្នុងចំណោមជនជាតិអ៊ិីស្រាអែល។ បើអ្នកណាចង់បម្រើនោះស្តេចក៏តែងតាំងជាបូជាចារ្យភ្លាម។ 34 ការនេះក្លាយជាអំពើបាបនៅក្នុងគ្រួសារព្រះបាទយេរ៉ូបោម ហើយធ្វើឲ្យគ្រួសាររបស់លោកត្រូវវិនាស ហើយត្រូវបំបាត់ចោលពីផែនដី។