ជំពូក ១២

1 លោក​រេហូ‌បោម​បាន​​ទៅ​ស៊ី‌គែម ដោយសារប្រជាជនអ៊ីស្រាអែលទាំងអស់បានមកទីនោះ ដើម្បីអភិសេកលោកជាស្តេច។ 2 នៅពេលដែល​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឮ​ដំណឹង​នេះ (កាលនោះលោកនៅស្រុកអេស៊ីបនៅឡើយ គឺនៅកន្លែងដែលលោកភាសខ្លួនពីស្តេចសាឡូម៉ូន) គាត់បានស្នាក់នៅស្រុកអេស៊ីប។ 3 ដូច្នេះ គេក៏បានបញ្ជូនមនុស្សទៅហៅលោក បន្ទាប់មក ​លោក​យេរ៉ូ‌បោម និងប្រជាជនអ៊ីស្រាអែលបានទូលទៅព្រះ‌បាទ​រេហូ‌បោមថា៖ 4 «បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងរាល់គ្នា។ ឥឡូវនេះ ចូរសម្រាលការងារដ៏លំបាក ដែលបិតារបស់ព្រះករុណាបានដាក់លើយើង នោះយើងនឹងបម្រើព្រះអង្គ»។ 5 ព្រះ‌បាទ​រេហូ‌បោមមានរាជឱង្ការទៅពួកគេថា៖ «សូមទៅបីថ្ងៃសិនទៅ បន្ទាប់មក ចាំត្រឡប់មករកយើងវិញ»។ ដូច្នេះ ពួកគេក៏ចេញទៅ។ 6 ព្រះ‌បាទ​រេហូ‌បោមបានពិភាក្សាជាមួយពួកចាស់ទុំដែលធ្លាប់បានបម្រើព្រះបាទសាឡូម៉ូនជាបិតាទ្រង់កាលនៅមានព្រះជន្ម ហើយនិយាយថា៖ «តើអ្នកចង់ឲ្យយើងនិយាយជាមួយប្រជាជននេះយ៉ាងដូចម្តេច»? 7 ពួកគេបានទូលទៅស្តេចថា៖ «បើព្រះករុណាបម្រើប្រជាជននៅថ្ងៃនេះ គឺបម្រើអ្នកទាំងនេះ ហើយឆ្លើយពាក្យល្អៗទៅពួកគេ នោះពួកគេនឹងបម្រើព្រះករុណាជារៀងរហូត»។ 8 ប៉ុន្តែ ព្រះ‌បាទ​រេហូ‌បោមបានព្រងើយកន្តើយជាមួយយោបល់របស់ពួកចាស់ទុំ ដែលបានទូលដល់ស្តេច ហើយស្តេចបានពិភាក្សាជាមួយប្រុសៗដែលបានធំធាត់ឡើងជាមួយស្តេច និងឈរនៅចំពោះមុខស្តេច។​ 9 ស្តេចបានរាជឱង្ការទៅពួកគេថា៖ «តើអ្នកទាំងអស់គ្នាមានយោបល់ដូចម្តេច ដើម្បីឲ្យយើងអាចឆ្លើយទៅប្រជាជន ដែលបានទូលយើងថា៖ «សូមសម្រាលបន្ទុកដែលបិតារបស់ព្រះករុណាដាក់មកលើយើង?» 10 ប្រុសៗដែលបានធំធាត់ឡើងជាមួយព្រះ‌បាទ​រេហូ‌បោមបានទូលទៅស្តេចថា៖ «សូមព្រះករុណាមានរាជឱង្ការទៅប្រជាជនទាំងនេះដែលបានប្រាប់ព្រះករុណាថា ព្រះបាទសាឡូម៉ូនជាបិតារបស់ព្រះករុណាបានដាក់បន្ទុកធ្ងន់លើពួកគេ ប៉ុន្តែ សូមព្រះករុណាសម្រាលបន្ទុកនេះ។ ព្រះករុណាគួរទូលទៅពួកគេថា៖ «កូនដៃរបស់យើងក្រាស់ជាងចង្កេះរបស់បិតាយើង។ 11 ដូច្នេះឥឡូវនេះ ទោះបីជាបិតារបស់យើងបានដាក់បន្ទុកធ្ងន់លើអ្នករាល់គ្នា នោះយើងនឹងបន្ថែមបន្ទុកលើអ្នករាល់គ្នាថែមទៀត។ បិតារបស់យើងបានពិន័យអ្នករាល់គ្នាជាមួយនឹងរំពាត់ ប៉ុន្តែ យើងនឹងពិន័យអ្នករាល់គ្នាជាមួយនឹងខ្យាដំរី»។ 12 ដូច្នេះ ព្រះ‌បាទ​រេហូ‌បោម និងប្រជាជនទាំងអស់បានមកជួបរេហូបោមនៅថ្ងៃទីបី ដូចដែលស្តេចបានប្រាប់ពួកគេថា៖ «ចូរមកជួបយើងនៅថ្ងៃទីបី»។ 13 ស្តេចបានឆ្លើយទៅពួកគេយ៉ាងឈ្លើយ និងបានបដិសេធយោបល់របស់ពួកចាស់ទុំដែលបានថ្វាយយោបល់ស្តេច។ 14 ស្តេចបានប្រាប់ប្រជាជននូវពាក្យដែលប្រុសៗបានទូលស្តេចថា៖​ «បិតារបស់យើងបានដាក់បន្ទុកធ្ងន់លើអ្នករាល់គ្នា នោះយើងនឹងបន្ថែមបន្ទុកលើអ្នករាល់គ្នាថែមទៀត។ បិតារបស់យើងបានពិន័យអ្នករាល់គ្នាជាមួយនឹងរំពាត់ ប៉ុន្តែ យើងនឹងពិន័យអ្នករាល់គ្នាជាមួយនឹងខ្យាដំរីវិញ»។ 15 ដូច្នេះ ស្តេចមិនបានស្តាប់ប្រជាជនឡើយ ដ្បិត ​ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​មាន​ការណ៍​ប្រែ‌ប្រួល ស្រប​តាម​ព្រះ‌បន្ទូលតាមរយៈព្យាការី​អហ៊ី‌យ៉ា ​ដែល​ព្រះអង្គ​បាន​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាតនៅ​ស៊ីឡូ។ 16 នៅពេលដែលជនជាតិអ៊ីស្រាអែលឃើញថាស្តេចមិនស្តាប់ពួកគេដូច្នេះ ប្រជាជនបានទូលទៅស្តេចវិញថា៖ «តើយើងមានចំណែកអ្វីជាមួយព្រះបាទដាវីឌ? ពួក​យើង​ក៏​គ្មាន​ចំណែក​មរតក​អ្វី​រួម​ជា​មួយកូន​របស់​លោក​អ៊ីសាយ​ដែរ! ទៅជំរំរបស់អ្្នកវិញទៅអ៊ីស្រាអែលអើយ។ ឥឡូវនេះ ចូរមើលគ្រួសារបស់អ្នកចុះ»។ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានទៅជំរំរបស់ពួកគេវិញ។​ 17 ប៉ុន្តែ សម្រាប់ជនជាតិអ៊ីស្រាអែលដែលនៅក្នុងក្រុងទាំងឡាយរបស់យូដា លោករេហូបោមក្លាយជាស្តេចលើពួកគេ។ 18 ព្រះ‌បាទ​រេហូ‌បោម​ចាត់បញ្ជូន​លោក​អដូ‌រ៉ាមទៅធ្វើជា​អ្នកគ្រប់គ្រង​លើ​អ្នកធ្វើការ តែជនជាតិអ៊ីស្រាអែល​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ព្រះ‌បាទ​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់​ឡើង​រទេះចំបាំងរបស់​ខ្លួន​ចូល​ក្រុង​យេរូ‌សាឡឹម​។ 19 ដូច្នេះ​ អ៊ីស្រា‌អែល​បះ‌បោរ​ប្រឆាំង​នឹងពូជពង្សព្រះ‌បាទ​ដាវីឌ រហូត​ដល់​សព្វ​ថ្ងៃ។ 20 នៅពេលដែលប្រជាជនអ៊ីស្រាអែលបានឮថាព្រះបាទយេរ៉ូបោមបានត្រឡប់មកវិញ ពួកគេក៏បានចាត់គេឲ្យទៅហៅទ្រង់មកក្នុងចំណោមពួកគេ ហើយលើកទ្រង់ជាស្តេចលើអ៊ីស្រាអែល។ គ្មាននរណាម្នាក់បានដើរតាមគ្រួសាររបស់ព្រះបាទដាវីឌទេ លើកលែងតែកុលសម្ព័ន្ធយូដា។ 21 នៅពេលដែលព្រះបាទរេហូបោមមកដល់ក្រុងយេរូសាឡឹម ទ្រង់បានកោះហៅកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន គេជ្រើសរើសបានមនុស្សប្រុស ១៨០០០០ដែលជាទាហាន ដើម្បីប្រយុទ្ធជាមួយអ៊ីស្រាអែល ដើម្បីស្តាររាជ្យរបស់ព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូនឡើងវិញ។ 22 ប៉ុន្តែ ព្រះជាម្ចាស់មានបន្ទូលតាមរយៈលោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះអង្គថា៖ 23 «ចូរទូលព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូន ជាស្តេចស្រុកយូដា និងទៅកាន់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន និប្រជាជនទាំងអស់ថា 24 ព្រះអម្ចាស់មានបន្ទូលថា៖ «អ្នកមិនត្រូវប្រយុទ្ធ ឬវាយប្រហារអ៊ីស្រាអែលជាបងប្អូនរបស់អ្នកឡើយ។ ម្នាក់ៗត្រូវត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ព្រោះរឿងនេះយើងជាអ្នកធ្វើឲ្យកើតឡើង»។ ដូច្នេះ ពួកគេបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយត្រឡប់ទៅវិញ ហើយពួកគេបានស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអង្គ។ 25 បន្ទាប់ មកព្រះ‌បាទ​យេរ៉ូ‌បោម​បាន​សង់​ក្រុង​ស៊ី‌គែម នៅ​លើ​ភ្នំ​អេប្រាអ៊ីម ហើយ​គង់​នៅ​ទី​នោះ។ ស្ដេច​បាន​ចេញ​ពី​ស៊ី‌គែម​ទៅ​សង់​ក្រុង​ពេនួល។ 26 ព្រះបាទយេរ៉ូបោមបានគិតនៅក្នុងចិត្តថា៖ «ឥឡូវនេះរាជ្យនេះនឹងត្រឡប់ទៅរាជ្យវង្សរបស់ស្តេចដាវីឌវិញ។ 27 បើប្រជាជនទាំងអស់នេះឡើងទៅថ្វាយតង្វាយនៅក្នុងព្រះវិហារបស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម នោះដួងចិត្តរបស់ប្រជាជននឹងត្រឡប់ទៅចៅហ្វាយរបស់ពួកគេ គឺទៅស្តេចរេហូបោមជាស្តេចស្រុកយូដាវិញមិនខាន»។ 28 ដូច្នេះ ព្រះបាទយេរ៉ូបោមបាន​រិះគិតរកមធ្យោ‌បាយ​មួយ គឺ​ឲ្យ​គេ​ធ្វើ​រូប​គោ​មាស​ពីរ ហើយស្តេចនិយាយទៅប្រជាជនថា៖ «បើអ្នកទៅក្រុងយេរូសាឡឹមនោះឆ្ងាយពេកសម្រាប់អ្នករាល់គ្នា។ មើល៍! អ៊ីស្រាអែលអើយ ទាំងនេះជាព្រះរបស់អ្នក ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីបមក»។ 29 ស្តេចបានដាក់គោមួយនៅបេតអែល និងមួយទៀតនៅដាន់។ 30 ដូច្នេះ អំពើនេះក្លាយជាអំពើបាប។ មនុស្សបានទៅឯរូបគោមួយនេះ ឬមួយនោះរហូតដល់ដាន់។ 31 ព្រះបាទយេរ៉ូបោមបានសង់ផ្ទះជាច្រើននៅតាមទីខ្ពស់ៗ ហើយបានរើសបូជាចារ្យពីចំណោមមនុស្សទាំងអស់ ដែលមិនមែនជាកូនចៅរបស់លេវី។ 32 ព្រះបាទយេរ៉ូបោមបានរៀបចំពិធីបុណ្យនៅក្នុងខែទីប្រាំបី នៅក្នុងថ្ងៃទីដប់ប្រាំក្នុងខែនោះ ដូចជាថ្ងៃបុណ្យនៅស្រុកយូដាដែរ រួចស្តេចក៏ឡើងទៅលើអាសនា។ ស្តេចបានធ្វើបែបនេះនៅបេតអែល គឺបានថ្វាយយញ្ញបូជាដល់រូបគោ ដែលស្តេចបានធ្វើ ហើយស្តេចបានដាក់បូជាចារ្យ ដែលទ្រង់បានរើសនៅបេតអែលដែរ។ 33 ព្រះបាទយេរ៉ូបោមបានឡើងទៅអាសនា ដែលស្តេចបានធ្វើនៅបេតអែលនៅក្នុងថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំបី គឺនៅក្នុងខែដែលស្តេចបានរៀបចំទុកដោយខ្លួនឯង ស្តេចបានប្រារព្ធពិធិបុណ្យសម្រាប់ប្រជាជនអ៊ីស្រាអែល ហើយស្តេចបានឡើងទៅលើអាសនានោះ ដើម្បីដុតគ្រឿងក្រអូប។