ជំពូក ៣៦

1 លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ បន្តទៀត​ថា៖ 2 «សូម​រង់‌ចាំ​បន្តិច ខ្ញុំ​នឹង​ពន្យល់​ឲ្យ​លោក​ដឹង ដ្បិត​ខ្ញុំ​នៅ​មាន​សេចក្ដី​ខ្លះ​ទៀត​ដែល​ត្រូវ​និយាយ ដើម្បីការពារ​ព្រះ‌ជាម្ចាស់។ 3 ខ្ញុំ​នាំ​យក​ចំណេះ​ដឹង​ដ៏​ជ្រៅ​ជ្រះ​មក​ជម្រាប​ជូន ហើយ​ខ្ញុំ​ទទួលស្គាល់ថា សេចក្តីសុចរិតគឺជារបស់ព្រះជាម្ចាស់ ​ដែល​បានបង្កើត​ខ្ញុំ។ 4 ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​និយាយ មិន​មែន​ខាងឯសាច់ឈាមទេ គឺខ្ញុំបានពេញវ័យនៅក្នុងចំណេះដឹង នៅជាមយួយលោក។ 5 ព្រះ‌ជាម្ចាស់​ដ៏​អស្ចារ្យ មិន​មើល‌ងាយ​នរណា​ម្នាក់​ឡើយ ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ឧត្តុង្គ‌ឧត្ដម និងពេញដោយព្រះប្រាជ្ញាញាណ។ 6 ព្រះអង្គ​មិន​ទុក​ជីវិត​ឲ្យ​មនុស្ស​អាក្រក់​ទេ ហើយ​ព្រះអង្គ​តែងតែ​រក​យុត្តិធម៌​ឲ្យ មនុស្សក្រីក្រ។ 7 ព្រះអង្គ​មិន​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ឆ្ងាយ ពី​មនុស្ស​សុចរិត​ឡើយ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​គ្រង​រាជ្យ រួម​ជា​មួយ​ស្ដេច​នានា ព្រម​ទាំង​លើក​តម្កើង​គេ​ថែម​ទៀត​ផង។ 8 ប្រសិន​បើ​គេ​ជាប់​ច្រវាក់ ឬ​ជាប់​នៅ​ក្នុង​ចំណង​នៃ​ទុក្ខ​លំបាក 9 គឺ​មក​ពី​ព្រះអង្គ​បង្ហាញ​ឲ្យ​គេ​ស្គាល់ អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត នៅ​ពេល​មាន​អំនួត គេ​បាន​បះ‌បោរ ប្រឆាំង​នឹង​ព្រះអង្គ។ 10 ព្រះអង្គ​ជួយ​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ស្ដាប់​ដំបូន្មាន ព្រះអង្គ​ណែ‌នាំ​គេ​ឲ្យ​លះ‌បង់​អំពើ​ទុច្ចរិត។ 11 ប្រសិន​បើ​គេ​សុខ​ចិត្ត​ស្ដាប់ ហើយ​គោរព​ចុះ​ចូល គេ​មុខ​ជា​មាន​សុភមង្គល និង​អំណរ​សប្បាយ រហូត​ដល់​ថ្ងៃ​លា​ចាក​លោក​នេះ​ទៅ។ 12 ប្រសិន​បើ​គេ​មិន​ព្រម​ស្ដាប់​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​ដោយ​មុខ​លំពែង គេ​នឹង​រលត់​វិញ្ញាណ​ទៅ ទាំង​អាប់​ប្រាជ្ញា។ 13 មនុស្ស​ទមិឡ​រមែង​ចូល​ចិត្ត​កំហឹង ពេល​ព្រះ‌ជាម្ចាស់​យក​ច្រវាក់​មក​ចង​គេ នោះ​គេ​មិន​ស្រែក​អង្វរ​ព្រះអង្គ​ឡើយ។ 14 ពួកគេ​ស្លាប់​ទៅ ទាំង​ខ្លួន​នៅ​ក្មេង ​ជីវិត​របស់ពួកគេបានបញ្ចាប់ជា​មួយ ចំណោមពូជកំផឹត។ 15 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រើ​ភាព​ទុគ៌ត ដើម្បី​រំដោះ​ជន​ក្រីក្រ ព្រះអង្គ​ប្រើ​ទុក្ខ​លំបាក ដើម្បី​អប់រំ​គេ។ 16 ព្រះអង្គ​នឹង​នាំ​លោក​ឲ្យ​ចៀស​ផុត​ពី ភាព​អាសន្ន​នេះ ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​បាន​ចម្រុង‌ចម្រើន ហើយ​តុ​របស់​លោក​នឹង​ពោរ‌ពេញ​ដោយ ចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា។ 17 ប៉ុន្តែ ដោយ​លោក​វិនិច្ឆ័យ​ដូច​មនុស្ស​អាក្រក់ លោក​នឹង​ទទួល​ទោស ស្រប​តាម​យុត្តិធម៌ ចៀស​មិន​ផុត​ឡើយ។ 18 សូម​កុំ​បណ្ដោយ​ឲ្យ​កំហឹង​ទាក់‌ទាញ​លោកចំអក ឬក៏ជាហេតុធ្វើឲ្យលោក​បែរចេញផងដែរ។ 19 ទ្រព្យ‌សម្បត្តិ​របស់​លោក​ពុំ​អាច​ជួយ​លោក ឲ្យ​រួច​ពី​ភាព​អាសន្ន​បាន​ទេ តើ​កម្លាំង​ដ៏​ខ្លាំង​របស់​លោក ​អាច​ជួយ​លោក​បាន​ទេ? 20 កុំ​រង់ចាំដល់ពេលយប់ ដើម្បីធ្វើបាបទាស់ជាមួយអ្នកផ្សេង ជា​ពេល​ដែល មនុស្ស​ត្រូវ​វិនាស​ពីកន្លែងពួកគេ។ 21 ប៉ុន្តែ ចូរ​ប្រយ័ត្ន ក្រែង​លោក​បែរ​ទៅ​រក​អំពើ​បាប ដោយព្រោះ​លោក​បានល្បងពីសេចក្តីឈឺចាប់វិញ ដូច្នេះសូមនៅឲ្យឆ្ងាយអំពើបាប។ 22 មើល! ព្រះ‌ជាម្ចាស់​លើកតម្កើង តាម​រយៈ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ តើ​នរណា​អាច​ប្រៀន‌​ដូច​ព្រះអង្គបាន? 23 តើ​នរណា​អាច​បង្រៀន​ព្រះអង្គ​អំពី​មាគ៌ា​រនៃព្រះជាម្ចាស់? តើ​នរណា​អាច​និយាយ​ថា៖ ព្រះអង្គ​ធ្វើ​ដូច្នេះ គឺមិនសុចរិតនោះទេ? 24 ហេតុ​នេះ សូម​កុំ​ភ្លេច​លើក​តម្កើង ស្នា​ព្រះ‌ហស្ថ​របស់​ព្រះអង្គ ដូចមនុស្ស‌ម្នា​តែងតែ​ច្រៀង​លើក​តម្កើង។ 25 មនុស្ស​លោក​ទាំង​អស់​មើល​ឃើញ ស្នា​ព្រះ‌ហស្ដ​នេះ​ពី​ចម្ងាយ ហើយ​ស្ងើច​សរសើរ​គ្រប់ៗ​គ្នា។ 26 មើល! ព្រះ‌ជាម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដម ដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន​ឡើយ ហើយ​យើង​ក៏​ពុំ​អាច​គិត​អំពី​ព្រះ‌ជន្មាយុ របស់​ព្រះអង្គ​បាន​ដែរ។ 27 ដ្បិត ព្រះអង្គ​ទាញ​យក​ដំណក់​ទឹក​មក​មូល​ផ្ដុំ​គ្នា ជា​ចំហាយ និង​ទឹក​ភ្លៀង។ 28 កន្លែងពពក​បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រពបណ្ដា‌មនុស្ស​នៅ​លើ​ផែនដី។ 29 ការពិត តើ​នរណា​អាច​យល់​ពីដំណើរ​ពពក​រសាត់ ព្រម​ទាំង​ផ្គរ‌លាន់​ក្នុង​អាកាស‌វេហាស៍បាន? 30 ព្រះអង្គ​ជះ​ពន្លឺ​រស្មី​នៅ​ជុំ‌វិញ​ព្រះអង្គ តែ​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ភាព​ងងឹត នៅ​បាត​សមុទ្រ។ 31 ព្រះអង្គ​គ្រប់‌គ្រង​លើ​ជនជាតិ​ទាំង‌ឡាយ ដោយ​ប្រទាន​ទឹក​ភ្លៀង និង​ផ្ដល់​ឲ្យ​គេ​មាន​អាហារ​ដ៏​បរិបូណ៌។ 32 ព្រះអង្គ​កាន់​ផ្លេក​បន្ទោរ​នៅ​ក្នុង​ព្រះ‌ហស្ថ ហើយ​បាញ់​តម្រង់​ទៅ​រក​ទិស‌ដៅ។ 33 ព្រះអង្គ​ប្រើ​ផ្គរ‌លាន់ ដើម្បី​ប្រកាស​អំពី​វត្ត‌មាន​របស់​ព្យុះ ហើយ​គោក្របីក៏អាចឮពីសម្លេងទាំងនោះដែរ។