ជំពូក ១៥

1 អេលី‌ផាស ជនជាតិ​ថេម៉ាន ឆ្លើយ​ថា៖ 2 «តើ​គួរ​ឲ្យ​អ្នក​ប្រាជ្ញ​ឆ្លើយ ដោយ​សេចក្ដី​ចេះ​ដឹង​បែបឥតប្រយោជន៍ ឬ​បំពេញ​ចិត្ត​ដោយ​ខ្យល់​ពី​ខាង​កើត​ឬ? 3 តើ​គួរ​នឹង​ជជែក​ដោយ​សម្ដី​ឥត​តម្លៃ ឬ​ដោយ​ពាក្យ​អធិប្បាយ ដែល​បង្កើត​សេចក្ដី​ល្អ​មិន​បាន​ឬ? 4 អ្នក​បំផ្លាញ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះជាម្ចាស់ ហើយ​និងការសញ្ជឹងគិតដល់​ព្រះអង្គ​ផង 5 ដ្បិត​សេចក្ដី​អាក្រក់​របស់​អ្នក​បង្រៀន ឲ្យ​មាត់​អ្នក​និយាយ​ចេញ​មក ហើយ​អ្នក​ប្រើ​ពាក្យ​សម្ដី របស់​មនុស្ស​​អាក្រក់។ 6 គឺ​មាត់​របស់​អ្នកដាក់​ទោស​ដល់​ខ្លួន​ឯង មិន​មែន​ជា​ខ្ញុំ​ទេ បបូរ​មាត់​របស់​អ្នក ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​អ្នកដែរ។ 7 តើ​អ្នក​ជា​មនុស្ស​ដំបូង​ដែល​កើត​មក​ឬ? តើ​អ្នក​បាន​លេច​មក​មុន​អស់​ទាំង​ភ្នំ​ដែរ​ឬ? 8 តើ​អ្នក​បាន​ឮ​សេចក្ដី​ប្រឹក្សា​ដ៏​កំបាំង​របស់​ព្រះ​ជាម្ចាស់ឬ? តើ​អ្នក​ស្មាន​ថា មាន​តែ​ខ្លួន​អ្នក​មួយ​ទេ ដែល​មាន​ប្រាជ្ញា? 9 តើ​អ្នក​ចេះ​អ្វី​ដែល​ពួក​យើង​មិន​ចេះ? តើអ្នក​យល់​អ្វី​ដែល​ពួក​យើង​មិន​បាន​យល់​នោះ? 10 ចំណែក ​យើង​មាន​ទាំង​មនុស្ស​ក្បាល​សក់​ស្កូវ និង​មនុស្ស​អាយុ​ច្រើនដែល​ចាស់​ជាង​ឪពុករបស់​អ្នក​ទៅ​ទៀត។ 11 តើ​អ្នក​បានចាត់ទុកការលួងចិត្ត​​របស់​ព្រះ​ជាម្ចាស់ថា​តូច​តាច​ពេក ឬ​ជា​ពាក្យ​ផ្អែម​ទនភ្លន់សម្រាប់​អ្នកឬ? 12 ហេតុ​អ្វី​បាន​ជា​ចិត្តរបស់អ្នក នាំយកអ្នកទៅអញ្ចឹង? ហើយ​មិច​ភ្នែក​ដូច្នេះ 13 ហេតុ​អ្វី​បាន​ជា​អ្នក​បំបែរ​ចិត្ត​ទៅ​ទាស់​នឹង​ព្រះជាម្ចាស់ ហើយបញ្ចេញ​ពាក្យ​យ៉ាង​នេះ ពី​មាត់​របស់​អ្នក​មក? 14 តើ​មនុស្ស​ជា​អ្វី​ដែល​អាច​បាន​បរិសុទ្ធ? តើ​មនុស្ស​កើត​មក​ពី​មនុស្ស​ស្រី អាច​សុចរិតម្ដេច​បាន? 15 មើល! ព្រះ‌ជាម្ចាស់មិន​ទុក​ចិត្ត នឹង​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ផ្ទៃ​មេឃ​ក៏​មិន​បរិសុទ្ធ 16 នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដែរ ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម ហើយ​ស្មោក‌គ្រោក ជា​អ្នក​ដែល​ផឹក​សេចក្ដី​អាក្រក់​ដូច​ជា​ទឹក! 17 ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង ចូរ​ស្តាប់​ចុះ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី ដែល​ខ្ញុំ​បាន​ឃើញ​ហើយ 18 គឺ​ជា​សេចក្ដី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ពោល​ត​មក តាំង​តែ​ពី​បុព្វ‌បុរស​គេ ឥត​លាក់​ទុក​ឡើយ 19 ជា​ពួក​តែ​មួយ​ដែល​បានគ្រប់​គ្រង​ទឹកដី ឥត​មាន​ជនជាតិដទៃ​ណា ចូល​មក​ក្នុង​ពួក​គេ​ឡើយ។ 20 គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ ដោយ​ឈឺ​ចាប់​គ្រប់​មួយ​ជីវិត​របស់​គេ ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក សម្រាប់​មនុស្ស​គំហក‌កំហែង។ 21 មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចម្រើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ។ 22 គេ​គ្មាន​សង្ឃឹម​នឹង​ត្រឡប់​ពី​ទី​ងងឹត​មក​វិញ​ទេ ហើយ​ដាវ​នៅ​រង់‌ចាំ​គេ​ដែរ។ 23 គេ​ដើរ​ចេញ​ទៅ​ទី​នេះ​ផង ដើម្បីរក​អាហារ​បរិ‌ភោគ​ទាំង​និយាយ​ថា «តើ​នៅ​ឯ​ណា?» គេ​ដឹងប្រាកដ​ថា វេលា​លំបាក​ជិត​មក​ដល់​គេ​ហើយ។ 24 ​ទុក្ខ​លំបាក និង​សេចក្ដី​ចង្អៀត​ចិត្ត​មក​បំភ័យ​ពួកគេ ហើយយក​ឈ្នះ​គេ​ ដូច​ជា​ស្តេចដែល​ត្រៀមជាស្រេច​សម្រាប់​ច្បាំង។ 25 ពីព្រោះ​ពួកគេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះជាម្ចាស់ ហើយ​ក៏​ប្រព្រឹត្ត​ដោយ​ឆ្មើង‌ឆ្មៃ នៅ​ចំពោះ​ព្រះជាម្ចាស់​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តាដែរ 26 ពួកមនុស្សអាក្រក់បានរត់ទៅ​ទាស់​នឹង​ព្រះ‌អង្គ ហើយ​មាន​ខែល​បាំង​យ៉ាង​ក្រាស់។ 27 ជាការពិតណាស់ ទោះបីមុខរបស់ពួកគេ​បាំងទៅដោយសាច់​​ធាត់​ពេញ ហើយ​បាន​ឡើង​សាច់​ចង្កេះផង 28 ពួកគេ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ស្ងាត់​ឈឹង ក្នុង​ផ្ទះ​ឥត​មាន​មនុស្ស​នៅ ដែល​ហៀប​នឹង​រលំ​ហើយ។ 29 គេ​នឹង​មិន​អាចទៅ​ជា​អ្នក​មានទេ ហើយ​ទ្រព្យ‌សម្បត្តិ​គេ​ក៏​មិន​គង់​នៅ​ដែរ ​នឹង​មិន​ចម្រុង‌ចម្រើន​នៅលើ​ផែនដី​ដែរ។ 30 គេ​នឹងមិនអាច​ចេញ​ពី​ទី​ងងឹតនោះបានទេ អណ្ដាត​ភ្លើង​នឹង​ធ្វើ​ឲ្យ​ដើមស្វិត​ក្រៀម​ ​ដោយ​សារ​ខ្យល់នៃព្រះជាម្ចាស់គេនឹងផាត់ទៅបាត់ដែរ។ 31 កុំ​ឲ្យ​គេ​បញ្ឆោត​ខ្លួន ដោយ​ទុក​ចិត្ត​នឹងការឥតប្រយោជន៍ឡើយ ដ្បិតសេចក្ដី​នោះ គឺ​ជា​រង្វាន់​ដល់​ពួកគេវិញ។ 32 ការ​នោះ​នឹង​បាន​សម្រេច មុន​ពេល​ស្លាប់របស់ពួកគេ ហើយ​មែករបស់​គេ​នឹង​មិន​ខៀវ​ស្រស់​ទៀត​ទេ។ 33 គេ​នឹង​រលាស់​ជម្រុះ​ផ្លែ​ខ្ចី​របស់​ខ្លួន​អស់​ទៅ ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​ឲ្យ​ផ្កា​ខ្លួន​ជ្រុះ​ចុះ ដូច​ជា​ដើម​អូលីវ​ដែរ។ 34 ដ្បិត​ពួក​មនុស្ស​ទមិឡ​ល្មើស នឹង​មិនអាចកើត​ផល​​បានោះទេ ហើយ​ភ្លើង​នឹង​ឆេះ​បន្សុស​ទី​លំនៅរបស់ពួកគេដែរ។ 35 ពួកគេ​មាន​គភ៌​បង្កើត​ជា​សេចក្ដី​អាក្រក់ ហើយ​ក៏​សម្រាល​ចេញ​មក​ជា​អំពើ​ទុច្ចរិត និងការបោកប្រាស់»។