ជំពូក ១២

1 ពេល​នោះ លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖ 2 «គ្មាន​ផ្លូវ​សង្ស័យ​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ទេ​ដែល​ជា​មនុស្ស ហើយ​ប្រាជ្ញា​នឹង​ស្លាប់ទៅ ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ។ 3 ប៉ុន្តែ ខ្ញុំ​ក៏​យល់ដូច​ជា​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​មិន​អន់​ជាង​អ្នក​រាល់​គ្នា​ទេ។ តើ​នរណា​មិន​ស្គាល់​សេចក្ដី​នេះទៅ? 4 ខ្ញុំ​ជា​ទី​សើច​ចំអក​ដល់​មិត្ត​សម្លាញ់​ខ្ញុំ ជា​អ្នក​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះជាម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប គឺ​ជា​មនុស្ស​សុចរិត​ត្រឹម​ត្រូវ ដែល​ត្រូវ​គេ​សើច​ចំអក​ឲ្យ។ 5 ក្នុង​គំនិត​របស់​អ្នក​ដែល​មាន​សេចក្ដី​សុខ តែង​មើល‌ងាយ​ចំពោះ​អ្នក​វេទនា សេចក្ដី​នោះ​ប្រុង‌ប្រៀប​សម្រាប់​អ្នក​ណា ដែល​ភ្លាត់​ជើង។ 6 ទី​លំនៅ​របស់​ពួក​ចោរ​ចេះ​តែ​ចម្រើន ហើយ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ ថ្នាំង‌ថ្នាក់​ព្រះ‌ហឫ‌ទ័យ ក៏​តែង​មាន​សេចក្ដី​សុខ គឺ​ជា​ពួក​អ្នក​ដែល​ទទួល​តែ​អំណាច របស់​ខ្លួន​ទុក​ជា​ព្រះជាម្ចាស់។ 7 ប៉ុន្តែ សួរ​សត្វ​តិរច្ឆាន​ឥឡូវ​ចុះ វា​នឹង​បង្រៀន​អ្នក ហើយ​សត្វ​ស្លាប ដែល​ហើរ​លើ​អាកាស វា​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង។ 8 ឬ​សួរ​ទៅ​រុក្ខជាតិ​នៅ​លើ​ផែន​ដី​ចុះ វា​នឹង​បង្រៀន​អ្នក​ដែរ ហើយ​សួរ​ត្រី​នៅ​សមុទ្រ​នឹង​ប្រកាស​ប្រាប់​អ្នក។ 9 ក្នុង​ពួក​សព្វទាំង​នោះ តើ​មាន​​មួយ​ណាដែល​មិន​ដឹង​ថា ព្រះ‌ហស្ថនៃ​ព្រះ‌អម្ចាស់​បាន​បង្កើត​ទាំង​អស់? 10 ដែល​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ថ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ខ្យល់​ដង្ហើម​របស់​មនុស្ស​ផង​។ 11 ​ត្រចៀក តើ​មិន​ស្តាប់​យល់​ពាក្យ​សម្ដី ដូច​ជា​មាត់​ភ្លក់​ឲ្យ​ដឹង​រស​អាហារ​ដែរ​ទេ​ឬ? 12 មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា ហើយ​មនុស្ស​មាន​អាយុ​យឺនយូ ទើប​មាន​យោបល់។ 13 នៅជាមួយ​ព្រះជាម្ចាស់ ​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិ‌ឫទ្ធិ​ផង ព្រះ‌អង្គ​ក៏​មាន​ព្រះ‌តម្រិះ និង​ការយល់ដឹង។ 14 មើល! ព្រះ‌អង្គ​រំលំ ហើយ​គេ​នឹង​សង់​ឡើង​វិញ​មិន​បាន ប្រសិន​បើ​ព្រះ‌អង្គ​ឃុំ​អ្នក​ណា​ទុក​ហើយ គ្មាន​អ្នក​ណា​អាច​នឹងដោះ​បាន​ឡើយ។ 15 មើល! ប្រសិន‌បើ​ព្រះ‌អង្គ​ទប់​ទឹក នោះ​ទាំង​អស់​ក៏​រីង​ស្ងួត​ទៅ ប្រសិន‌បើ​ព្រះ‌អង្គ​បើក នោះ​ក៏​លិច​លង់​ផែនដី​អស់។ 16 ក្នុងព្រះ‌អង្គ​មាន​កម្លាំង​ឫទ្ធិ និង​ប្រាជ្ញា មនុស្ស​ដែល​គេឆ​បោក និង​មនុស្ស​ឆ​បោក​គេ សុទ្ធ​តែ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។ 17 ព្រះ‌អង្គ​ដឹក‌នាំ​ពួក​អ្នក​ជួយ​គំនិត​ទៅ​ខ្លួន​ទទេ ហើយ​ប្រគល់​ពួក​ចៅ‌ក្រម​ទៅ​ក្នុង​សេចក្ដី​ល្ងី‌ល្ងើ។ 18 ព្រះ‌អង្គ​រំលាយ​អំណាច​នៃ​ពួក​ស្តេច ហើយ​ចង​ខ្សែ​ភ្ជាប់​នៅ​ចង្កេះ​ផង។ 19 ព្រះ‌អង្គ​ដឹក‌នាំ​ពួក​សង្ឃ​ទៅ​តែ​ខ្លួន​ទទេ ហើយ​ទម្លាក់​ងារ​ពួក​មាន​អំណាចចុះ។ 20 ព្រះ‌អង្គ​ដក​ពាក្យ​សម្ដី​ពី​ពួក​អ្នក ដែល​គួរ​ទុក​ចិត្ត​បាន ហើយ​ក៏​ដក​យក​យោបល់​ពី​ពួក​ចាស់​ទុំ​ចេញ។ 21 ព្រះ‌អង្គ​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​ដែលមានទ្រព្យ ក៏​បន្ធូរ​ខ្សែ​ក្រវាត់​នៃ​ពួក​ខ្លាំង​ពូកែ។ 22 ព្រះ‌អង្គ​បើក​អស់​ទាំង​សេចក្ដី​ជ្រៅ‌ជ្រះ ចេញ​ពី​ងងឹត​មក ក៏​នាំ​យក​សេចក្ដី​ស្លាប់​ចេញ​មក ដាក់​នៅ​ពន្លឺ​ដែរ។ 23 ព្រះ‌អង្គ​ចម្រើន​ជនជាតិ​ទាំង​ប៉ុន្មាន ហើយ​ក៏​បំផ្លាញ​គេ​វិញ ព្រះ‌អង្គ​ពង្រីក​ឲ្យ​គេ​ធំ​ឡើង រួច​ក៏​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ។ 24 ព្រះ‌អង្គ​ដក​ប្រាជ្ញា​ចេញពី​ពួក​អ្នក​ដឹកនាំ នៃ​ប្រជា​ជាតិនានានៅ​លើផែនដី​ដែរ ហើយ​ព្រះអង្គបណ្ដាល​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់ នៅ​ទី​រហោ‌ស្ថាន​ដែល​ឥត​មាន​ផ្លូវ​សោះ។ 25 ពួកគេ​ដើរ​​ក្នុង​ទី​ងងឹត​ឥត​មាន​ពន្លឺ​សោះ ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​គេ​ដើរ​ទ្រេត‌ទ្រោត ដូច​ជា​មនុស្ស​ស្រវឹង។